​សាស្ត្រាចារ្យ​១០០​នាក់​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​ប្រវត្តិសាស្ត្រ​ត្រូវ​ចងចាំ​ពី​របប​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥-១៩៧៩»

1279
ចែករម្លែក
  • 10
    Shares
លោកស្រី ទន់សា​អ៊ី​ម​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​(​រូបៈ​ដេប៉ូ​)

ភ្នំពេញ​៖ សាស្ត្រាចារ្យ​មកពី​សកល​វិទ្យាល័យ​ផ្សេងៗ​គ្នា​ចំនួន​១០០​នាក់ បាន​ចូលរៀន​វគ្គ​បណ្តុះបណ្តាល រយៈពេល​ខ្លី​ស្តីពី ការបង្រៀន​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដើម្បី​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​អាច​យកទៅ​បង្ហាត់បង្រៀន​ដល់​សិស្ស​និស្សិត​ងាយ​ស្រួ​ស ក្នុង​សិក្សា​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ ដែល​កើតឡើង​នៅ​ប្រទេស​កម្ពុជា នាពេល​កន្លងទៅ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​លើក​ទី​ពីរ​ហើយ ដែល​បាន​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដោយបាន​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែកក្កដា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​រាជធានី​ភ្នំពេញ​។ ក្នុង​វគ្គ​បណ្តុះបណ្តាល​កម្រិត​សាកលវិទ្យាល័យ​នេះដែរ បានធ្វើ​ឡើង​ក្រោម​កិច្ចសហការ​រវាង មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ជាពិសេស​ការគាំទ្រ​ដ៏​សប្បុរស​ពី សហភាព​អឺរ៉ុប (EU) តាមរយៈ​ការិយាល័យ​សហប្រជាជាតិ​សម្រាប់​សេវាកម្ម​គម្រោង (UNOPS)​។

​ថ្លែង​នៅក្នុង​ពិធី​នេះ​លោក វ៉ាន់​ថា​ន់ ពៅ​ដា​រ៉ា នាយករង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ​២០០៩​មក គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍ បានទទួល​ជោគជ័យ​ក្នុងការ​ផ្តល់ជូន​នូវ​ការបណ្តុះបណ្តាល​រយៈពេល​ខ្លី ស្តីពី​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​នេះ ទៅកាន់​គ្រូបង្រៀន​ប្រមាណ​៣.០០០​នាក់​។ គោលដៅ​ចម្បង នៃ​គម្រោង​អប់រំ​នេះ គឺ​ស្តីអំពី​របប​ប្រល័យពូជសាសន៍ មិន​ត្រឹមតែ​ជាការ​ចងក្រង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដ៏​ត្រឹមត្រូវ​មួយ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​ផ្សព្វផ្សាយ​និង​រួមបញ្ចូល​ប្រវត្តិសាស្ត្រ​នេះ ទៅក្នុង​មជ្ឈដ្ឋាន​ថ្នាក់រៀន ដើម្បី​ផ្តល់ឱកាស​ឲ្យ​សិស្សានុសិស្ស ចាប់ផ្តើម​សិក្សា​ស្វែងយល់​អំពី​ផលប៉ះពាល់​របស់​ប្រវត្តិសាស្ត្រ នេះ មកលើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ខ្លួន​។​ ​

​លោក​បាន​លើកឡើងថា តាមរយៈ​ការផ្តល់ជូន​គ្រូបង្រៀន​នូវ​ជំនាញ និង​វិធីសាស្ត្រ​បង្រៀន​សម្រាប់​ការបង្រៀន​ពី​អំពើ​ប្រល័យពូជសាសន៍​នេះ គ្រូបង្រៀន​នឹង​ទទួលបាន​ជោគជ័យ​ក្នុងការ ជំរុញ​ឲ្យ​សិស្សានុសិស្ស​ជជែក​ពិភាក្សាគ្នា អំពី​អតីតកាល​ដ៏​ស្មុគស្មាញ នៃ​ប្រទេស​របស់ខ្លួន​។ តាមរយៈ​ការឆ្លុះបញ្ចាំង និង​វិនិច្ឆ័យ​ស៊ីជម្រៅ​ស្តីពី​ប្រវត្តិសាស្ត្រ យើង​សង្ឃឹមថា​សិ​ស្សា​នុ សិស្ស​នឹង​យល់​ពី​ព្រឹ​ត្ត​ការណ៍​ដែល​ធ្វើ​ឲ្យ​របប​ដ៏​ព្រៃផ្សៃ​នេះ​កើតឡើង និង​វិធីសាស្ត្រ​ដែល ខ្លួន​អាចធ្វើ​បាន​ដើម្បី​ទប់ស្កាត់​របប​នេះ​នាពេល​អនាគត​។ ជាងនេះទៅទៀត គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុងការ​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាជន​កម្ពុជា នៅ​គ្រប់​ស្រទាប់វណ្ណៈ​សង្គម ដោយ​រាប់​ចាប់តាំងពី​ទាហាន នគរបាល និង​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម រហូតដល់​តុលាការ​។

លោក George Edgar ឯកអគ្គរដ្ឋទូត​រប​ស់ស​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​(​រូបៈ​ដេប៉ូ​)

​លោក ច​ច អេ​ដ​ហ្គា​រ​( George Edgar ) ឯកអគ្គរដ្ឋទូត​រប​ស់ស​ភាព​អឺរ៉ុប ប្រចាំ​កម្ពុជា បាន​ថ្លែងថា ការរៀបចំ​វគ្គ​បណ្តុះបណ្តាល ក៏ដូចជា​ការបង្រៀន​ដល់​គ្រូ​ទាំងអស់ គឺ​ផ្តល់​សារៈ​យ៉ាងសំខាន់ សម្រាប់​ផ្សព្វផ្សាយ​ដល់​មហាជន ដើម្បី​ជ្រួតជ្រាប​កាន់តែច្បាស់​ពីរ​បប​ប្រល័យពូជសាសន៍​នៅ​កម្ពុ​ជានា​កន្លងមក​។ ក្រៅពីនេះ វា​ការឆ្លុះបញ្ចាំង​រាល់​អំពើ​ឃោរឃៅ​ដែល​ត្រូវបាន​គេ​ជិះជាន់ និង​ធ្វើបាប​ដែល​ប្រវត្តិសាស្ត្រ​មនុស្សជាតិ គេ​មិនអាច​ទទួលយកបាន​សោះឡើយ​។​

​លោក​បាន​បន្ថែមថា សហភាព​អឺរ៉ុប​មាន​តួនាទី​យ៉ាងសំខាន់​ផងដែរ ក្នុងការ​ការផ្សព្វផ្សាយ ក៏ដូចជា​បញ្ជ្រាប​ការយល់ដឹង​ពី​ប្រវត្តិ ដែល​កើត​ឡើងជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​។ មិន​ត្រឹមតែ​នៅ​កម្ពុជា​ទេ សហភាព​អឺរ៉ុប​ក៏បាន​សហការ​បញ្ហា​នានា ដែល​កើតឡើង​ដ៏​ជូរចត់​ទៅលើ​បណ្តា​ប្រទេស​មួយចំនួន ពិសេស​អំពើ​ប្រល័យពូជសាសន៍​ដូចគ្នានេះ​ផងដែរ​។​

​លោកស្រី ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ក្នុង​ពិធី​នេះ​ឱ្យដឹងថា យើង​គ្រប់គ្នា​ត្រូវ​ស្វែងយល់​ពីរ​បប​ខ្មៅ​ងងឹត ដែល​ធ្លាប់​កើតឡើង​នៅ​ប្រទេស​កម្ពុជា​យើង ពិសេស​បណ្តា​យុវជន​ជំនាន់​ក្រោយ ដែល​មិនបាន​ឆ្លងកាត់​សម័យ​ដ៏​ឃោរឃៅ​មួយ​នេះ​។ យើង​ត្រូវតែ​កត់ត្រា​ទុក ដើម្បី​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បានដឹង និង​ក៏ដូចជា​ចូលរួម​ទប់ស្កាត់​នូវ​រាល់​របប​អំពើ​យង់ឃ្នង​នេះ មិនឱ្យ​កើត​នៅ​កម្ពុជា​សាជាថ្មី​ទៀត​។ ប្រវត្តិសាស្ត្រ​ដ៏​ឃោរឃៅ​នេះ យើង​មិនអាច​បំភ្លេច​បានឡើយ ហើយ​យើង​ត្រូវតែ​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បានដឹង ពី​ប្រវត្តិ​ដ៏​ជូរចត់​ដែល​កើតឡើង​នៅ​ប្រទេស​យើង​។​

​លោកស្រី​អនុរដ្ឋលេខាធិការ​បាន​ឱ្យដឹង​បន្ថែមថា នាពេល​បច្ចុប្បន្ននេះ ការសិក្សា​ទៅលើ​អំពើ​ប្រល័យពូជសាសន៍ គេ​មិន​ត្រឹមតែ​ធ្វើការ​សិក្សា​ស្វែងយល់​តែ​ទៅលើ​ប្រទេស​ដែល​កើតមានឡើង​នោះទេ សូម្បីតែ​ប្រទេស​ដទៃទៀត​គេ​ក៏​ចាប់អារម្មណ៍ ហើយ​បាន​បញ្ចូល​ជា​មេរៀន​ដល់​សិស្ស​និស្សិត​របស់គេ​បាន​សិក្សា​រៀង​សូត្រ​ផងដែរ​។ ដូចជា​ករណី​របប​ខ្មែរក្រហម ដែល​កើតឡើង​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​ប្រទេស​ដទៃទៀត​ក៏​គេ​ចាប់អារម្មណ៍ ហើយ​បាន​សិក្សា និង​ស្វែងយល់​ដូចគ្នា ព្រោះថា វា​ជា​កាប់សម្លាប់​មនុស្សជាតិ​គួរឱ្យ​ភ័យខ្លាច​។​

​ជាមួយគ្នានេះ លោកស្រី​ក៏បាន​លើកឡើង​ផងដែរ​ថា “​ដូចជា​នៅ​ប្រទេស​ស្ក​តលែ​ន គេ​បានដាក់​កម្មវិធី​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​រ្វ៉ា​ន់​ដា ចូលក្នុង​កម្មវិធី​រប​ស់​គេ​ផងដែរ ពីព្រោះថា​គេ​ខ្លាច​អំពើ​ប្រល័យពូជសាសន៍​នេះ​រាលដាល​ដល់​ប្រទេស​គេ​។ ក្រៅពីនេះ វា​ក៏​ជា​មេរៀន​ដែល​ជូរចត់​គេ​មិនអាច​ទទួលយក​បានដែ​រ​”​។​

​លោកស្រី​បានបញ្ជាក់​បន្ថែមថា ទន្ទឹម​ជាមួយនឹង​ការឱ្យ​សិស្សានុសិស្ស​បាន​ស្វែងយល់​ពី​អំពើ​ឃោរឃៅ ដែល​កើត​មាននៅ​ប្រទេស​យើង ហើយ​គ្រូ​ក៏មាន​តួនាទី​ដឹកនាំ​កូនសិស្ស បាន​ទៅធ្វើ​ការស្វែងយល់​ដល់ទី​កន្លែង​ដែល​កើតហេតុ​នេះ ដើម្បីឱ្យ​ពួកគេ​កាន់តែ​យល់ច្បាស់​រាល់​អំពើ​ដែល​កើត​មាននៅ​ប្រទេស​យើង នា​កន្លងមកនេះ​៕ ដោយ៖ ដេប៉ូ

#