​សិក្ខាសាលា​ស្តីអំពី ៖ ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ការផ្សះផ្សា​ជាតិ​សម្រាប់​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​រាជធានី​ភ្នំពេញ​

327
ចែករម្លែក

ដោយ​: អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញ​:
មគ្គុទ្ទេសក៍​ទេសចរណ៍ គឺជា​អ្នក​ពាំនាំ​សារ​ដ៏​សំខាន់​ទៅកាន់​មនុស្ស​ជាច្រើន​មកពី​ទីកន្លែង​ផ្សេងៗ​គ្នា​។ សម្រាប់​ប្រទេស​កម្ពុជា ដែលជា​ប្រទេសមួយ​មាន​អរិយធម៌​ដ៏​ចំណាស់​គឺ​ពិតជា​ត្រូវការ​បុគ្គល​ដែលមាន​សមត្ថភាព​ដើម្បី​ចែករំលែក​ព័ត៌មាន​ឲ្យ​បានច្បាស់លាស់​អំពី វប្បធម៌ ប្រពៃណី​ទំនៀម​ទំលាប់ កេរដំណែល​ពី​បុរាណ​ដូចជា​រឿងរ៉ាវ​ទាក់ទង​នឹង​ប្រវត្តិ​នៃ​ប្រាសាទបុរាណ ប្រវត្តិ​នៃ​តំបន់​ទេសចរណ៍​នានា ជាពិសេស​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដែល​បានសម្លាប់​មនុស្ស​ជាង​២​លាន​នាក់​យ៉ាង​សាហាវព្រៃផ្សៃ និង​ត្រូវបាន​កាត់ទោស​ដោយ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។​

មគ្គុទ្ទេសក៍​ទេសចរណ៍ ថតរូប​អនុស្សាវរីយ៍​នៅក្នុង​វិចិត្រសាល​សិល្បៈ​សហ​សម័យ​នៃ​វិទ្យាស្ថាន​ស្លឹករឹត​

​ក្រោម​កិច្ចសហការ​របស់​សមា​គម​មគ្គុទ្ទេសក៍​ទេសចរណ៍​រាជធានី​ភ្នំពេញ និង មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានរៀបចំ​ស​ក្ខា​សាលា​ស្តីអំពី ៖ របប​ខ្មែរក្រហម និង​ការផ្សះផ្សា ស្ថិតនៅក្នុង​វិចិត្រសាល​សិល្បៈ​សហ​សម័យ​នៃ​វិទ្យាស្ថាន​ស្លឹករឹត ដែលមាន​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​ចំនួន​៧០​នាក់​មកពី​សមាគម​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​រាជធានី​ភ្នំពេញ បានមក​ចូលរួម​ស្វែងយល់​អំពី​រឿងរ៉ាវ​ដែល​បានកើត​ឡើង​នៅក្នុង​របប​ខ្មែរក្រហម និង​វិធីសាស្ត្រ​នៃ​ការផ្សះផ្សា ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើងវិញ​បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ​។

​សិក្ខាសាលា​ស្តីអំពី ៖ ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ការផ្សះផ្សា​ជាតិ រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​ទទួលបាន​នូវ​ព័ត៌មាន​ពី​អ្នកជំនាញ​ផ្ទាល់​ដែលមាន​ប្រភព​ច្បាស់លាស់ និង​យល់ដឹង​អំពី​សិល្បៈ​នៃ​ការពន្យល់ ថែមទាំង​មាន​សមត្ថភាព​ឆ្លើយ​សំណួរ​ទៅកាន់​ភ្ញៀវ​របស់ខ្លួន​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​បាន ។ លោក ឈឹម ដា​វិ​ន ប្រធាន​នៃ​សមាគម​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​រាជធានី​ភ្នំពេញ បាន​និយាយថា​
​ក្នុងនាម​លោក​គឺជា​ប្រធាន​នៃ​សមាគម​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​រាជធានី​ភ្នំពេញ និង​ជា​មគ្គទ្ទេសក៍​ភាសា​អាឡឺម៉ង់​ម្នាក់ លោក​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​សិក្ខាសាលា​នេះ​និង​ចំណាយ​អស់​រយៈពេល​ប្រហែល​ជិត​២​ឆ្នាំ ដើម្បី​រៀបចំ​ឲ្យ​សិក្ខាសាលា​នេះ​កើតឡើង​បាន​ដោយ​ទទួលបាន​ការជួយជ្រោមជ្រែង និង​លើកទឹកចិត្ត​ពី​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ ដោយសារតែ​កា​រៀបចំ​សិក្ខាសាលា​នៅមានកម្រិត គឺ​លោក​បានរៀបចំ​សម្រាប់តែ​សមាជិក​របស់​សមាគម​តែប៉ុណ្ណោះ ដែលមាន​អ្នក​មក​ចុះឈ្មោះ​ចូលរួម​ចំនួន​៧០​នាក់​។ គោល​គំនិត​ចម្បង​ដែល​នាំ​ឲ្យ​លោក​បង្កើត​សិក្ខាសាលា​នេះ​ឡើង គឺ​លោក​ចង់​ឲ្យ​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​ទាំងអស់​ពាំនាំ​ពាក្យ និង​និយាយ​នូវ​អ្វី​ដែលជា​ការពិត​ទៅដល់​ភ្ញៀវ ដូចដែល​លោក​ធ្លាប់​បានដឹងថា កន្លងមក​មានការ​និយាយ​អ្វីដែល​ជាការ​ស្តាប់ឮ​តៗ​គ្នា​និង​ចេញពី​គំនិត​បុគ្គល​ដែល​ហាក់បីដូចជា​នៅមាន​ភាពស្រពិចស្រពិល​នៅឡើយ​។ លោក ឈឹម ដា​វិ​ន ចង់​ឲ្យ​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​ទាំងអស់​ប្រើប្រាស់​ព័ត៌មាន​ជា​លក្ខណៈ​ផ្លូវការ និង​ប្រភព​តែមួយ​ដូចដែល​ទទួលបាន​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ ក្នុង​វគ្គ​សិក្ខាសាលា​នេះ លោក​បាន​គិតថា វា​គឺជា​ពេលវេលា​មួយ​យ៉ាងខ្លី​បំផុត​ចំពោះ​ការពិភាក្សាគ្នា​ទៅលើ​ប្រធានបទ​នៃ​របប​ខ្មែរក្រហម ប៉ុន្តែ​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​ទាំងអស់​អាច​ទទួលបាន​ចំណេះដឹង​ថ្មី និង​អាច​ពង្រឹងសមត្ថភាពរ​បស់​ខ្លួន​បាន​ខ្លាំង​ជាង​មុន​។

សកម្មភាព​របស់​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍ ចូលរួម​សិក្ខាសាលា​ស្តីអំពី ៖ ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ការផ្សះផ្សា​ជាតិ​

​កម្មវិធី​នៃ​សិក្ខាសាលា​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ដោយមាន​កិច្ច​ស្វាគមន៍ និង​ការបើក​កម្មវិធី​ជា​ផ្លូវការ​ដែលមាន​វត្តមាន​របស់លោក បណ្ឌិត លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ជា​វាគ្មិន​កិត្តិយស​។ លោក បណ្ឌិត លី សុខ​ឃាង បានធ្វើ​បទ​បង្ហាញ​ទៅលើ​ប្រធានបទ​ចំនួន​២​គឺ បទ​បង្ហាញ​ទី​១) ស្តីអំពី​ការកើតឡើង និង​ការដួលរលំ​នៃ​របប​ខ្មែរក្រហម និង​ប្រធានបទ​ទី​២) និយាយ​អំពី​ការផ្សះផ្សា​ជាតិ​បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ ហើយក៏​មានការ​ចាក់​ប​ញ្ចាំ​ង​កុន​ឯកសារ «​គណៈប្រតិភូ​វៀតណាម​អបអរ​ជ័យជម្នះ​របស់​ខ្មែរក្រហម​ថ្ងៃទី​២៧ កក្កដា ឆ្នាំ​១៩៧៥» និង «​គុក​ទួលស្លែង ឆ្នាំ​១៩៧៩» ដែរ​។

​លោក​បណ្ឌិត​បានលើកឡើង​ថា ការសិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ធ្វើ គឺជា​កិច្ចការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដោយ​មិនបាន​យកពាក្យ​ចចាមអារ៉ាម ឬ​ការនិយាយ​តៗ​គ្នា​មក​សរសេរ​ចងក្រង​នោះទេ គឺ​ផ្អែក​សំខាន់​ទៅលើ​ឯកសារ​។ លោក​បណ្ឌិត លី សុខ​ឃាង ក៏បាន​លើកយក​កិច្ចការ​ស្រាវជ្រាវ​ចំនួន​បី​មក​ពិភាក្សា​គឺ​១) ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ២) ប្រវត្តិសាស្ត្រ​អន្លង់វែង ៣)​និង​ដំណើរការ​នៃ​ការផ្សះផ្សា​នៅក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​២០០៧ មុនពេល​នៃ​ការបង្កើត​តុលាការ​ខ្មែរក្រហម​។ លោក​បាន​និយាយថា ការនិយាយ​អំពី​របប​ខ្មែរក្រហម​គឺ​មិនមែន​និយាយ​តែ​អំពី​អតីតកាល​នោះទេ ប៉ុន្តែ​វា​គឺជា​ការនិយាយ​អំពី​បច្ចុប្បន្នកាល​។

លោកបណ្ឌិត លី សុខ​ឃាង កំពុង​ធ្វើ​បទ​បង្ហាញ​ដល់​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​អំពី​របប​ខ្មែរក្រហម​

​ក្រៅពី​ការធ្វើ​បទ​បង្ហាញ​របស់​វាយ​គ្មិ​ន ក៏មាន​វគ្គ​សំណួរ ចម្លើយ និង​ការពិភាក្សាគ្នា​ដោយ​សេរី​ដែលមាន​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​ជាច្រើន​បានលើកឡើង​នូវ​សំណួរ​ដែល​ភ្ញៀវ​ធ្លាប់បាន​សួរ និង​ចម្ងល់​របស់ខ្លួន​ផ្ទាល់​មាន​ដូចខាងក្រោម​៖
១) តើ​កងកម្លាំង​ខ្មែរក្រហម​ចាប់ពី​ឆ្នាំ​១៩៧២ មក​មាន​ចំនួន​ប៉ុន្មាន​?
២) តើ​ហេតុអ្វី​បានជា​ធ្វើ​ឲ្យ ឌុ​ច ដែលជា​បញ្ញវន្ត​ម្នាក់ គិតថា​កសិករ​អាច​ក្លាយទៅជា​អ្នកស៊ើប​ការណ៍​ឬ​ជា​ខ្មាំងសត្រូវ​?
៣) តើ​មូល​ហេតុអ្វី​បានជា​នៅក្នុង​របប​ខ្មែរក្រហម​សម្លាប់​បញ្ញវន្ត​?
៤) ហេតុអ្វី​បានជា​ខ្មែរក្រហម​មាន​ជម្លោះ​ជាមួយនឹង​វៀតណាម​?
៥) តើ​មូល​ហេតុអ្វី​បានជា​វៀតណាម​វាយ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​?
៦) តើ​យើង​គួរតែ​ប្រើពាក្យ​ថា ឈ្លានពាន ឬ ពាក្យ​ថា រំដោះ នៅពេលដែល​វៀតណាម​បាន​វាយ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​?
៧)​តើ​ហេតុអ្វី​បានជា​ក្នុងអំឡុងពេល​នៃ​របប​ខ្មែរក្រហម មិនមាន​ការអន្តរាគមន៍​ជួយ​ពី​ប្រទេស​ផ្សេងៗ​?
៨) តើ​មានការ​ជីករណ្តៅ​នៅតាម​ភូមិ​ពិតមែន​ដែរឬទេ​? ដើម្បី​អ្វី​?
៩) ហេតុអ្វី​បានជា​ខ្មែរក្រហម​សម្លាប់​ប្រជាជន​ខ្លួនឯង​?
១០)​តើ​មាន​ជនដៃដល់​ចំនួន​ប៉ុន្មាន​ដែល​ចូលរួម​ក្នុង​អំពើ​ប្រល័យពូជសាសន៍​នៃ​របប​ខ្មែរក្រហម​?
១១) តើ​ខ្មែរក្រហម​ប្រើ​វិធីសាស្ត្រ​ដូចម្តេច​ដើម្បី​កំណត់​ឲ្យ​ដឹងថា​អ្នកណា​ជា​ខ្មាំង​?
១២)​ហេតុអ្វី​បានជា​មានការ​បង្កើត​តុលាការ​ខ្មែរក្រហម​បន្ទាប់ពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម​?

វិសាល កំពុង​បង្ហាញ​អំពី​អត្ថន័យ​របស់​រូបគំនូ​រ​ទៅកាន់​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍

​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​ផ្នែក​ភាសា​បារាំង​ឈ្មោះ បូ សុភា​រី ភេទ​ស្រី មានបទពិសោធន៍​ធ្វើ​កិច្ចការងារ​ជា​អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍​ដែល​និយាយ​ភាសា​បារាំង​អស់​រយៈពេល​ប្រហែល​១១​ឆ្នាំកន្លងមក​បាន​រៀបរាប់ថា ៖
​ចំពោះ​សិក្ខាសាលា​ស្តីអំពី ៖ ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ការផ្សះផ្សា​ជាតិ គឺ​ពិត​ជាមាន​សារសំខាន់​យ៉ាងខ្លាំង​ចំពោះ​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​គ្រប់​ភាសា​ទាំងអស់ ព្រោះ​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍ ត្រូវ​និយាយ​អ្វី​ដោយ​ផ្អែកទៅលើ​ព័ត៌មាន​ផ្លូវការ និង​ច្បាស់លាស់​មួយ​ដើម្បី​ចែករំលែក​ទៅដល់​ភ្ញៀវ​គ្រប់​ជាតិ​សាសន៍​ឲ្យ​ដូចៗ​គ្នា​ដោយ​គ្មាន​ភាពលម្អៀង និង​ក្លែងបន្លំ​។ យើង​ចង់​ប្រើប្រាស់​ព័ត៌មាន​តែមួយ ដែល​យោង​ពី​ស្ថាប័ន​ស្រាវជ្រាវ​ច្បាស់លាស់​ដូចជា​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ជាដើម​។ សិក្ខាសាលា​នេះ គឺជា​ប្រភពធនធាន​ដ៏​សំខាន់​ដែល​បានបង្ហាញ​ឲ្យ​យើង​ដឹង​អំពី​អ្វីដែល​យើង​គួរតែ​និយាយ​ទៅកាន់​ភ្ញៀវ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ ចំពោះ​បទពិសោធន៍​ខ្ញុំ​ផ្ទាល់ មុននឹង​និយាយ​ដល់​របប​ខ្មែរក្រហម​ទៅកាន់​ភ្ញៀវ ខ្ញុំ​តែងតែ​រៀបរាប់​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ចាប់តាំងពី​សម័យ​អ​ណា​និគម​និយម​បារាំង​រហូតដល់​របប​ខ្មែរក្រហម​បាន​ដួលរលំ គឺ​ខ្ញុំ​ចង់បង្ហាញ​ឲ្យ​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​។ ភ្ញៀវ​របស់ខ្ញុំ​ភាគច្រើន​ស្គាល់​ប្រទេស​កម្ពុជា គឺ​មិនមែន​ស្គាល់​តែ​ប្រាសាទអង្គរវត្ត រាជធានី​ភ្នំពេញ​និង​កន្លែង​កម្សាន្ត​នានា​នោះទេ ប៉ុន្តែ​ភ្ញៀវ​ក៏បាន​ស្គា​ល់ពី​ប្រទេស​កម្ពុជា​ដោយសារ​ពាក្យ​ថា​ខ្មែរក្រហម​ដែរ​។ សំណួរ​ដែល​ភ្ញៀវ​តែងតែ​សួរ​មកកាន់​ខ្ញុំ​នោះ​គឺ តើ​ខ្មែរក្រហម​គឺជា​នរណា​? មូលហេតុ​អ្វី​បានជា​ធ្វើ​ឲ្យ​ខ្មែរក្រហម​អាច​ឡើងកាន់​អំណាច​បាន​? តើ​របប​ខ្មែរក្រហម​ដួលរលំ​យ៉ាងដូចម្តេច​? និង​តើ​យើង​បាន​ស្តា​ប្រទេស​កម្ពុជា​តាម​វិធីសាស្ត្រ​ណា​បើ​យើង​ធ្លាប់​ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដោយសារតែ​របប​ខ្មែរក្រហម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​? ខ្ញុំ ក៏​ធ្លាប់​ជួបប្រទះ​នឹង​ភាពលំបាក​ខ្លះ​ក្នុងការ​និយាយ​ទៅកាន់​ភ្ញៀវ​អំពី​របប​ខ្មែរក្រហម​ដែរ ដូច​ច្នេះ​ហើយ​ខ្ញុំ​គិតថា​សិក្ខាសាលា​នេះ បាន​ឆ្លើយតប​ទៅនឹង​សំណួរ​ដែល​ភ្ញៀវ​តែងតែ​សួរ​មកកាន់​ខ្ញុំ​បាន​យ៉ាងច្រើន​៕ ល​

ពិព័រណ៍​រូបគំនូរ​ដែល​កំពុង​ដាក់តាំង​ក្នុង​វិចិត្រសាល​សិល្បៈ​សហ​សម័យ​នៃ​វិទ្យាស្ថាន​ស្លឹករឹត
ពិព័រណ៍​រូបគំនូរ​ដែល​កំពុង​ដាក់តាំង​ក្នុង​វិចិត្រសាល​សិល្បៈ​សហ​សម័យ​នៃ​វិទ្យាស្ថាន​ស្លឹករឹត