​សិក្សា​ស្រាវជ្រាវ​ជា​កូនសោ​ដ៏​សំខាន់​សម្រាប់​លើកកម្ពស់​ផលិតភាព​ការងារ​

362
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អភិបាលខេត្ត​កំពង់ចាម​ថ្លែងថា​”​រាជរដ្ឋាភិបាល​តាំងពីដើម​រៀងមក​ជានិច្ចកាល​តែងតែ​ចាត់ទុក​ការសិក្សា​ស្រាវជ្រាវ​ជា​វិស័យ​អាទិភាព​។​គឺជា​កូនសោ​ដ៏​សំខាន់​សម្រាប់​ការលើកកម្ពស់​ផលិតភាព​ការងារ​ដើម្បី​ធានា​នូវ​ភាពជោគជ័យ​នៃ​ដំណើរការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា​។​ក្នុង​បរិការណ៍​នៃ​សាកលភាវូបនីយកម្ម​និង​ការលូតលាស់​បច្ចេកវិជ្ជា​ព័ត៌មាន​ដ៏​ខ្លាំងក្លា​នាពេល​បច្ចុប្បន្ន​”​។​
​នេះ​ជាការ​ថ្លែង​លើកឡើង​របស់លោក​អ៊ុន​ចាន់​ដា​អភិបាល​ខេត្តកំពង់ចាម​នៅក្នុង​ពិធី​បើក​សន្និសីទ​វិទ្យាសាស្ត្រ​ថ្នាក់ជាតិ​លើក​ទី​៦​ស្តីពី​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​នៅ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម​នា​ព្រឹក​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​លោក​អ៊ុន​ចាន់​ដា​បាន​មានប្រសាសន៍ថា​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កន្លងទៅនេះ​បាន​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការវិនិយោគ​វិស័យ​«​ធនធានមនុស្ស ផ្លូវ ទឹក អគ្គិសនី​»​។ ក៏ប៉ុន្តែ​ក្នុង​យុគសម័យ​សេដ្ឋកិច្ច​និង​បច្ចេកវិជ្ជា​ព័ត៌មាន​ឧត្តមភាព​ប្រកួតប្រជែង​នេះ​ត្រូវការ​«​មូលធន​មនុស្ស​» គឺ​មនុស្ស​មានចំណេះដឹង​ទូលំទូលាយ ចេះ​ច្នៃប្រឌិត និង​មាន​ជំនាញ​ច្បាស់លាស់​។​

​លោក​អភិបាលខេត្ត​បាន​បន្ថែមថា​ក្នុងន័យនេះ​គឺ​រាជរដ្ឋាភិបាល​តាំងពីដើម​រៀងរហូត​មកជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​លើ​ការសិក្សា​ស្រាវជ្រាវ​ជា​វិស័យ​អាទិភាព​គឺជា​កូនសោ​ដ៏​សំខាន់​សម្រាប់​ការលើកកម្ពស់​ផលិតភាព​ការងារ​។​ដើម្បី​ធានា​នូវ​ភាពជោគជ័យ​នៃ​ដំណើរការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា​ក្នុង​បរិការណ៍​សកលភាវូបនីយកម្ម​និង​ការលូតលាស់​របស់​បច្ចេក​វិជ្ជា​ព័ត៌មាន​ដ៏​ខ្លាំងក្លា​នាពេល​បច្ចុប្បន្ននេះ​។​

លោក​សួន​សេរី​នាយក​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម​បាន​មានប្រសាសន៍ថា​សូម​ចូលរួម​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ទាំងអស់​អង្គកា​រ​ជាតិ​និង​អន្តរជាតិ​ដែលជា​ដៃគូ​បាន​ខិតខំ​យក​អស់​កម្លាំងកាយ​កម្លាំងចិត្ត​ក្នុងការ​បណ្តុះបណ្តាល​អភិ​វឌ្ឍន៍​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​គុណភាព​គុណធម៌​និង​សីលធម៌​។​

​លោកនាយក​វិទ្យាស្ថាន​បាន​បន្តថា​សង្ឃឹមថា​ពិធី​ដ៏​មាន​សារ​:​សំខាន់​នេះ​នឹង​ផ្តល់​ឲ្យ​សិស្ស​និស្សិត​នូវ​ចំណេះដឹង​ធនធានមនុស្ស​បែប​ថ្មី​ដែលជា​ភាំ​ព​ចាំបាច់​ក្នុងការ​រួមចំណែក​សម្រេច​ឲ្យ​បាន​នូវ​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ជនបទ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕S/​