​សិស្សានុសិស្ស​វិទ្យាល័យ​ប្រមោយ​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ (១៩៧៥ ដល់ ឆ្នាំ​១៩៧៩)

242
ចែករម្លែក

ដោយ​: សុខ វណ្ណៈ បុគ្គលិក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​
​ភ្នំពេញ​:
នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ផ្សះផ្សា​វាលវែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានរៀបចំ​វេទិកា​ថ្នាក់រៀន ស្តីពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ចំនួន​៧៣​នាក់ ប្រុស​៣៧​នាក់ និង​ស្រី​៣៦​នាក់ នៅ​វិទ្យាល័យ​ប្រមោយ​។ វិទ្យាល័យ​ប្រ​ម៉ោ​យ មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ប្រមោយ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែលជា​អតីត​តំបន់​តស៊ូ​ចុងក្រោយ​មួយ​របស់​ខ្មែរក្រហម​។ ទីតាំង​នៃ​វិទ្យាល័យ​ប្រមោយ​នេះ គឺជា​កន្លែង​សមរភូមិ​ប្រយុទ្ធ​រវាង​កងទ័ព​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​គាំទ្រ​ដោយ​វៀតណាម និង​យោធា​ខ្មែរក្រហម នៅ​អំឡុង​ទសវត្សរ៍ ឆ្នាំ​៨០ និង​ដើមឆ្នាំ​៩០​។​

វិទ្យាល័យ​ប្រ​ម៉ោ​យ ស្ថិតនៅ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​

​បើតាម​លោក ពីង សុខា នាយក​សាលា​វិទ្យាល័យ​ប្រមោយ​មានប្រសាសន៍ថា វាលវែង​គឺជា​តំបន់​ព្រៃ​ដែលមាន​ដើមឈើ​ធំៗ និង​ជា​កន្លែង​សង្គ្រាម​។ ក្រោយពី​ប្រទេស​មាន​សុខសន្តិភាព​ប្រជាជន​បាន​ចូលមក​រស់នៅក្នុង​តំបន់​នេះ កាន់តែច្រើន ហើយ​ជីវភាព​របស់​ទាំងនេះ​ក៏បាន​ធូរធា​ជា​បន្តបន្ទាប់​។ នៅ​ឆ្នាំ​២០០៣ រដ្ឋាភិបាល​បាន​បង្កើត​សាលា​នៅ​ស្រុក​វាលវែង​ដំបូង​ដោយ​ដាក់ឈ្មោះថា អនុវិទ្យាល័យ​ប្រមោយ​។ បន្ទាប់មក​នៅ​ឆ្នាំ​២០០៧ ក្រសួង​អប់រំ​យុវជន និង​កីឡា ក៏បាន​ដំឡើង​អនុវិទ្យាល័យ​ប្រមោយ ទៅជា​វិទ្យាល័យ ដោយសារតែ​ចំនួន​សិស្ស​មានការ​កើនឡើង​ជា​លំដាប់​។ រហូតមកដល់​បច្ចុប្បន្ន​វិទ្យាល័យ​ប្រ​ម៉ោ​យ​មាន​អគារ​ចំនួន​២​ខ្នង ដែល​ស្មើ​១០​បន្ទប់ សង់​លើ​ផ្ទៃដី​ទំហំ​៩​ហិកតា​។ សព្វថ្ងៃនេះ​មានកូន​សិស្ស​ចូលរៀន​ចំនួន​៥៩៤​នាក់ ក្នុងនោះ​មាន​សិស្សស្រី​២៨៧​នាក់ និង​មាន​លោកគ្រូ​អ្នកគ្រូ​សរុប​ចំនួន​២៨​នាក់ ក្នុងនោះ​មាន​ស្រី​៩​នាក់​។

​មុននឹង​ចាប់ផ្តើម​បើក​វេទិកា​ថ្នាក់រៀន លោក ពីង សុខា ក៏​មានមតិ​សំណេះសំណាល និង​ធ្វើការ​ផ្តាំផ្ញើ​ដល់​សិស្ស​ទាំងអស់​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​មុខវិជ្ជា​ប្រវត្តិសាស្ត្រ ដែល​អាចមាន​នៅក្នុង​វិញ្ញាសា​ប្រឡង​បាក់​ឌុប​ចំពោះ​មុខវិជ្ជា​ប្រវត្តិវិទ្យា​នៅក្នុង​ឆ្នាំនេះ​។ លោកនាយក​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា សិស្សានុសិស្ស​ត្រូវ​ស្គា​ល់ពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន ទោះបី​ប្រវត្តិសាស្ត្រ​នោះ​ល្អ ឬ​អាក្រក់​យ៉ាងណាក៏ដោយ ក៏​សិស្ស​ចាំបាច់​ត្រូវ​សិក្សា​ស្វែងយល់​ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន និង​ធ្វើ​ឲ្យ​ជនរងគ្រោះ និង​ជនដៃដល់​មានការ​យោគយល់ អត់ឱន​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​ដើម្បី​ឈានទៅរក​ការផ្សះផ្សា​។​

​បន្ទាប់មក​លោក ឡុង ដា​នី នាយក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​នៃ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​រៀបរាប់​ពី​គោលបំណង​នៃ​ការបង្កើត​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​ជួយ​ពង្រីក​ចំណេះដឹង​របស់​សិស្ស ក្នុងការ​យល់ដឹង​កាន់តែច្បាស់​ពី​ប្រវត្តិសាស្ត្រ នៃ​របប​ខ្មែរក្រហម​, ស្វែងយល់​បន្ថែម​ពី​អតីត​កាលដែល​បានកើត​ឡើង គឺ​ក្នុង​គោលបំណង​ដើម្បី​ផ្សះផ្សា​អត់ឱន​អធ្យាស្រ័យ និង​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​នៅ​ប្រទេស​កម្ពុជា មិន​ឲ្យ​កើតមានឡើង​សាជាថ្មី​ម្តងទៀត​នាពេល​អនាគត​។​

លោក ឡុង ដា​នី នាយ​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង កំពុង​បង្រៀន​សិស្ស​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ពី​ឆ្នាំ (១៩៧៥-១៩៧៩)

​វេទិកា​ថ្នាក់រៀន​បាន​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​ជាង​២​ម៉ោង គឺ​ចាប់ពី​ម៉ោង​៨៖៣០​នាទី​ព្រឹក ដល់​ម៉ោង ១១៖៣០​។ មុនពេល​ចាប់​ផ្ត់​ម​ធ្វើ​បទ​បង្ហាញ​ពី​មេរៀន ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ផ្សះផ្សា​វាលវែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានផ្តល់​ឱកាស​ឲ្យ​សិស្ស ទី​១) បំពេញ​សំណួរ​ស្ទាបស្ទង់​មតិ ទី​២) សិស្ស​ឡើង​សរសេរ​នូវ​អ្វីដែល​ខ្លួន​ចង់ដឹង និង​បានដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ទី​៣) ទស្សនា​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​ស្តីពី​គណៈប្រតិភូ​រណសិរ្ស​រំដោះ​វៀតណាម​ខាងត្បូង មក​ទស្ស​កិច្ច​តំបន់​រំដោះ ឆ្នាំ​១៩៧៣ និង ខ្សែភាពយន្ត​ឯកសារ​កុមារ​កម្ពុជា​។ បន្ទាប់មក លោក ឡុង ដា​នី បានធ្វើ​បទ​បង្ហាញ​ដោយ​សង្ខេប​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដល់​សិស្សានុសិស្ស​បាន​សិក្សា​ស្វែងយល់ ដែល​ទាក់ទង​នឹង ដើមកំណើត​នៃ​របប​ខែ្មរ​ក្រហម​, ការឡើង​កាន់អំណាច​, ការរៀបចំ​រចនាសម្ព័ន្ធ​រដ្ឋបាល​គ្រប់គ្រង​, ជីវភាព​របស់​ប្រជាជន​នៅតាម​តំបន់ និង​តាម​ភូមិភាគ​នីមួយៗ​, ភាពខុសប្លែក​គ្នា​រវាង​ប្រជាជន​ចាស់ និង ប្រជាជន ១៧ មេសា ដែល​រស់​នៅតាម​ស្រុកស្រែ​ចម្ការ និង​តាម​មូលដ្ឋាន​។ លោក ឡុង ដា​នី បាន​និយាយថា ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ត្រូវបាន​អង្គការ​ប្រមូលផ្តុំ និង​ចាត់តាំង​ឲ្យ​ទៅ​រស់​នៅតាម​សហករណ៍​។ អង្គការ​បាន​បែងចែក​កម្លាំង​ពលកម្ម​មនុស្ស​ចាស់​និង​ក្មេង​ឲ្យ​ធ្វើ​ការងារ​ផ្សេងគ្នា ហើយ​របប​ខ្មែរក្រហម​ក៏បាន​សម្លាប់​ប្រជាជន​ជាង​មួយ​លាន​នាក់ រួមមាន ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ​, ការបង្ខំ​ឲ្យ​ប្រជាជន​ធ្វើ​ការងារ​បាក់កម្លាំង​, ការមិន​ផ្តល់​អាហារ​ឲ្យ​ប្រជាជន​បាន​ហូបចុក​គ្រប់គ្រាន់​, ការរស់នៅ​គ្មាន​អនាម័យ និង​ការយក​ប្រជាជន​ទៅ​សម្លាប់ចោល​ដោយ​មិនមាន​ការជំនុំជម្រះ​។ លោក ឡុង ដា​នី ក៏បាន​បន្ថែមទៀតថា របប​កម្ពុជា​ប្រជាធិបតេយ្យ​ក៏មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត ដែលមាន​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា​ដែរ​។​

​បន្ទាប់ពី​ធ្វើ​បទ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​រួចមក មាន​សិស្សានុសិស្ស​បាន​បញ្ចេញមតិ​យោបល់​របស់ខ្លួន​ដូចខាងក្រោម ៖

សិស្សានុសិស្ស​កំពុង​បំពេញ​សំណួរ​ស្ទាបស្ទង់​មតិ​ទាក់ទង​នឹង​ចំណេះដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​

១. ហែម រស្មី ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​១២(A) នៃ​វិទ្យាល័យ​ប្រមោយ សព្វថ្ងៃ​រស់នៅ​ភូមិ​ក្រពើ​ពីរ​លើ ឃុំ​ភូមិ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែលមាន​ឪពុកម្តាយ​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​បាន​រត់​ភៀសខ្លួន​ពី​ខេត្តតាកែវ មក​នៅ​ជាយដែន​ខ្មែរ​-​ថៃ​ដោយសារ​តែមាន​សង្គ្រាម​ឆ្នាំ​១៩៧៩​។ រស្មី បាន​រៀបរាប់ថា ខ្ញុំ​បាន​ដឹងឮ​ពី​ឪពុកម្តាយ​និយាយ​ប្រាប់ថា នៅក្នុង​របប​ខ្មែរក្រហម​មិនមាន​អាហារ​ហូបចុក​គ្រប់គ្រាន់ ប្រជាជន​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង ពិធី​រៀបការ​អង្គការ​ជា​អ្នករៀបចំ​ឲ្យ និង​មានការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​។ បន្ទាប់​ខ្ញុំ​បាន​រៀន​ប្រវត្តិសាស្ត្រ​ស្តីពី​របប​ខ្មែរក្រហម​ពី​លោកគ្រូ​អ្នកគ្រូ​បង្រៀន តាម​កម្មវិធី​ក្រសួង​អប់រំ និង​វេទិកា​ស្តីពី​ការបង្រៀន​ប្រវត្តិសាស្ត្រ​សម័យ​ខ្មែរក្រហម​នៅថ្ងៃនេះ បានធ្វើ​ខ្ញុំ​បាន​យល់ច្បាស់​បន្ថែមទៀត​ពី​ប្រវត្តិសាស្ត្រ និង​មានគំនិត​ចង់​ចូលរួម​ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​ខ្លួនឯង​។​

២. សាត ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២(A) គឺជា​អ្នក​ចំណូល​ថ្មី មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង ដែល​សព្វថ្ងៃ​រស់នៅ​ភូមិ​អន្លង់​រាប ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិសាត់​។ កន្លងមក ខ្ញុំ​បាន​រៀនសូត្រ​ពីរ​បប​ខ្មែរក្រហម​តាមរយៈ​កម្មវិធី​ក្រសួង​អប់រំ និង​ធ្លាប់​ចូលរួម​វេទិកា​ស្តីអំពី​ការយល់ដឹង​ពី​អំពើ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​បានដឹង​បន្ថែម​ពី​ឪពុកម្តាយ​ជីដូន​ជីតា​ដែល​បាន​រៀបរាប់​ពី​ទុក្ខលំបាក​ក្នុង​របប​ខ្មែរក្រហម​។ ប៉ុន្តែ​ឪពុកម្តាយ​របស់ខ្ញុំ​បាន​ប្រាប់ថា កុំ​ឲ្យ​មានការ​រើសអើង​ចំពោះ​ជាតិ​សាសន៍ និង​សាសនា​។ ថ្ងៃនេះ​ខ្ញុំ​សប្បាយរីករាយ​ខ្លាំងណាស់​ដែល​បាន​ចូលរួម​វេទិកា​ស្តីពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​យល់ដឹង​កាន់តែច្បាស់​បន្ថែមទៀត​ពី​រឿងរ៉ាវ​ដែល​កើតមានឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​ពិតជា​សោកស្តាយ​ចំពោះ​ប្រជាជន​ខ្មែរ​ដែល​ជួបប្រទះ​ទុក្ខលំបាក​ក្នុង​របប​ខ្មែរក្រហម​។​

៣. ភូ ស្រី​និ​ត ភេទ​ស្រី រៀន​ថ្នាក់​ទី​១២ ផ្នែក​វិទ្យាសាស្ត្រ​សង្គម មាន​ស្រុកកំណើត​នៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង និង​បាន​ផ្លាស់​មក​រស់នៅ​ភូមិ​ប្រមោយ ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិសាត់ នៅ​អំឡុង​ឆ្នាំ​២០០៧ បាន​រៀបរាប់ថា កន្លងមក​ខ្ញុំ​បានដឹង​ខ្លះ​ពី​របប​ខ្មែរក្រហម​ខ្លះៗ​តាមរយៈ​ឪពុកម្តាយ តាមរយៈ​ការសិក្សា​រៀនសូត្រ ក្នុង​កម្មវិធី​របស់​ក្រសួង​អប់រំ និង​ធ្លាប់បាន​ចូល​វេទិកា​ស្តីពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ម្តង​រួម​មកហើយ​។ នេះ​គឺជា​លើក​ទី​ពីរ​ដែល​ខ្ញុំ​បាន​ចូលរួម​ថ្នាក់រៀន​ប្រវត្តិសាស្ត្រ ហើយ​ថ្នាក់​រៀង​នេះ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​បាន​យល់ច្បាស់​មួយកម្រិត​បន្ថែមទៀត និង​បានដឹង​ពី​ផែនការ​បួន​ឆ្នាំ​របស់​ខ្មែរក្រហម ដឹង​ពី​ការសម្លាប់​របស់​ខ្មែរក្រហម និង​អាច​រិះរក​វិធី​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើ​ប្រល័យពូជសាសន៍​ម្តងទៀត​។ បើ​មាន​វេទិកា​នេះ​លើក​ក្រោយ​នាង ខ្ញុំ​ចង់ដឹង​ពី​ការសួរចម្លើយ​អ្នកទោស​នៅក្នុង​គុក​ទួលស្លែង​។​

៤. អ៊ិន ចាន់​រ៉ា ភេទ​ស្រី រៀន​ថ្នាក់​ទី​១២(A) ផ្នែក​វិទ្យាសាស្ត្រ​ពិត សព្វថ្ងៃ​រស់នៅ​ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ពីមុនមក​ខ្ញុំ​ដឹង​អំពី​របប​ខ្មែរក្រហម​តាម​ចាស់ៗ​និយាយ​តៗ​គ្នា និង​បន្ទាប់មក​ខ្ញុំ​បាន​រៀនសូត្រ​ពី​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​បង្រៀន​តាម​កម្មវិធី​របស់​ក្រសួង​អប់រំ​។ ខ្ញុំ​សប្បាយចិត្ត និង​មាន​អារម្មណ៍​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​ស្តីពី​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា និង បានធ្វើ​ឲ្យ​ខ្ញុំ​បាន​យល់​ច្រើន​ពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្នុង​របប​ខ្មែរក្រហម​។ នៅពេលដែល​ខ្ញុំ​បាន​មើល​ខ្សែភាពយន្ត​ឯកសារ​ទាក់ទង​នឹង​គុក​ទួលស្លែង​រួចមក បានធ្វើ​ឲ្យ​ខ្ញុំ​បាន​យល់​អំពី​ទុក្ខវេទនា​របស់​ប្រជាជន​ខ្មែរ​។ ខ្ញុំ​គិតថា យើង​ត្រូវ​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ឲ្យ​បាន​ស៊ីជម្រៅ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​របប​ខ្មែរក្រហម​កើតមាន​ម្តងទៀត​។ យើង​រៀន​អំពី​ប្រវត្តិសាស្ត្រ​គឺ​មិនមែន​រៀន​ដើម្បី​ការសង​សឹក​គ្នា​នោះទេ ប៉ុន្តែ​យើង​រៀន​ដើម្បី​ការអត់ឱន​ឲ្យ​គ្នា និង​រៀន​ដើម្បី​ការផ្សះផ្សា​៕ ល​