​សិស្ស​ក្រីក្រ​មកពី​អតីត​សំបុក​ចាបបាន​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​និង​បានទទួល​កុំព្យូទ័រ​សិក្សា​

543
ចែករម្លែក
  • 6
    Shares

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រុមសិស្ស​ក្រីក្រ​មកពី​សហគម​ជាច្រើន​ពិសេស​អ្នក​អតីត​រស់នៅ​សំបុកចាប សព្វថ្ងៃ​ស្ថិតនៅ​ភូមិ​អណ្តូង​ថ្មី​ក្នុង​សង្កាត់​គោក​រកា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​បានទទួល​អំណោយ​ជា​កុំព្យូទ័រ​ពី​ជំនួយ​ឧបត្ថម្ភ​ជនជាតិ​កូរ៉េ​សម្រាប់​សិក្សា​រៀនសូត្រ​មុខជំនាញ​បន្ថែម​ដើម្បី​ងាយ​រក​ទីផ្សារការងារ​ធ្វើ នា​ថ្ងៃ​អនាគត​។​

​ពិធី​ប្រគល់​កុំព្យូទ័រ​ដែល​ធ្វើឡើង​ដោយ ក្រុមហ៊ុន អាកាសចរណ៍ ASANA Arline និង​អង្គការ BYSO nanummau បានរៀបចំ​ឡើង​នៅ​សាលា​អន្តរជាតិ​នៃ​ក្ដីសង្ឃឹម (Hope International School) ស្ថិតនៅ សង្កាត់ គោក​រកា កាលពី​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៩​កន្លងមក​។​

​លោក​សួង​សុខុម​នាយករង​សាលារៀន​អន្តរជាតិ​នៃ​ក្តីសង្ឃឹម​បានឱ្យដឹងថា​សាលារៀន​មួយកន្លែង​នេះ​នាពេល​បច្ចុប្បន្ន​មាន​សិស្ស​ក្រីក្រ​ចំនួន​៤២០​នាក់​កំពុង​សិក្សា​ចាប់​តាំងតែ​ពី​ថ្នាក់​បឋម​ថ្នាក់​អនុវិទ្យាល័យ​និង​វិទ្យាល័យ​។​សិស្ស​ទាំងអស់​សុទ្ធសឹង​ជា​សិស្ស​ក្រីក្រ​ក្នុង​សហគម​អណ្តូង​ថ្មី​ហើយក៏​ជា​អតីត​ពលរដ្ឋ​ក្រីក្រ​ធ្លាប់​រស់នៅ​តំបន់​សំបុកចាប​កាលពីមុន​ផងដែរ​។​

ទាក់ទិន​ទៅនឹង​សាលារៀន​សម្រាប់​សិស្ស​ក្រីក្រ​នេះ​លោក​បាន​បន្ត​ឱ្យដឹងថា​សាលារៀន​មួយ​នេះ​បាន​កសាងឡើង​ចាប់ពី​ឆ្នាំ​២០០៣​ដោយ ជនជាតិ​កូរ៉េ​២​នាក់ ប្ដី​ប្រពន្ធ​បាន​លះបង់​ធនធាន​ផ្ទាល់ខ្លួន និង​ស្វែងរក​ជំនួយ​យ៉ាងច្រើន​កន្លងមក ហើយ​ក្នុងនេះ​បាន​ប្រមូល​កុមារ​ក្រីក្រ​ជាច្រើន​រយ​នាក់ មក​អប់រំ​បណ្ដុះបណ្ដាល​ចំណេះដឹង​ទូទៅ និង​ភាសាបរទេស​ផ្សេងៗ តាំងពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី​១២ ។​

លោក​បានឱ្យដឹង​ដែរ​ថា “​ជនជាតិ​កូរ៉េ​ទាំងពីរ​នាក់​នោះ ប្ដី​មានឈ្មោះ លី ម៉ាន​ហូ និង​ប្រពន្ធ​ឈ្មោះ គីម យ៉ុង​ស៊ុន​។​គាត់​ជា​អ្នកបង្កើត​និង​រក​ជំនួយ​ជួយ​ដល់​កុមារ​ក្រីក្រ​តំបន់​នេះ​រហូត​រីកចម្រើន​មកទល់​សព្វថ្ងៃ​”​។​ដោយឡែក​លោក Kang Sangyong នាយក​ក្រុមហ៊ុន​អាកាសចរណ៍ ASIANA Airline បានឱ្យដឹងថា ដោយសារ​មើលឃើញ​ពី​កង្វះខាត​នេះ​ទើប​លោក​នាំយក​សម្ភារៈ​សិក្សា​និង​កុំព្យូទ័រ​ទាំងនេះ​មកជួយ​ដល់​ការអប់រំ​និង​បណ្ដុះបណ្ដាល​ដល់​សិស្សានុសិស្ស​ក្រីក្រ​នៅ​កម្ពុជា​នេះ​។​ជាមួយគ្នា​លោក​សប្បាយចិត្ត​ចំពោះ​ការដែល​បាន​ជួយ​ដល់​សិស្ស​ក្រីក្រ​ដើម្បី​ពួកគេ​មាន​អនាគត​ភ្លឺស្វាង​ដូច​កុមារ​ដទៃទៀត​។​

​លោក​ថា ក្រុមហ៊ុន​អាកាសចរណ៍ ASIANA Airline ក៏​ធ្លាប់បាន​ជួយ​សាលា​ឈូក​វ៉ា​ម្ដង​រួចមកហើយ កាលពី​ឆ្នាំ​២០១៨​ហើយ​លោក​នឹង​ដឹកនាំ​សកម្មភាព​សប្បុរសធម៌​នេះ​នៅ​កម្ពុជា​បន្តទៀត​នៅ​ថ្ងៃ​ខាងមុខ​។​

គួរ​បញ្ជាក់ថា​ពលរដ្ឋ​រស់នៅ​សហគមន៍​អណ្តូង​ថ្មី​មួយ​ភាគ​ធំ​សុទ្ធសឹងតែ​ផ្លាស់​ពី​ទីលំនៅ​មិនមាន​របៀបរៀបរយ​នៅក្នុង​សង្កាត់​ទន្លេបាសាក់​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ខែមិថុនា​ឆ្នាំ​២០០៦​កន្លងមក​៕S/

​ក្រុមសិស្ស​ក្រីក្រ​មកពី​សហគម​ជាច្រើន​ពិសេស​អ្នក​អតីត​រស់នៅ​សំបុកចាប​ទទួល​អំណោយ​កុំព្យូទ័រ​៤០​គ្រឿង​និង​សម្ភារៈ​សិក្សា​មួយចំនួនទៀត​ពី​ក្រុមហ៊ុន អាកាសចរណ៍ ASANA Arline និង​អង្គការ BYSO nanummau​កាលពី​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៩ (​រូប​៖​ដេប៉ូ​)​