​សិស្ស​និស្សិត​ជាង​៨០០​នាក់​ចូលរួម​និង​ជួប​ផ្ទាល់​ជាមួយ​ស្ថាប័ន​អប់រំ​អូស្ត្រាលី​

1005
ចែករម្លែក

​ដោយ​:​សុផល​/​ភ្នំពេញៈ​សិស្ស​និស្សិត​កម្ពុ​ជាមាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុងការ​សិក្សា និង​ស្វែងយល់​អំពី​ឱកាស​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​។ លើសពីនេះទៅទៀត កម្មវិធី​ពិ​ព៍រ​ណ័​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី​គឺជា​កម្មវិធី​មួយ​ដែល​មិនអាច​រំលង​ឡើយ​។​​នេះ​ជាការ​លើកឡើង​របស់លោក​ឈាង​វ៉ាន់​តាក់​ប្រធាន​ផ្នែក​ទំនាក់ទំនង​សិស្ស​និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​។​

​កម្មវិធី​ពិព័រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី គឺជា​វិ​ទិ​កា​មួយ​ដ៏​ប្រសើរ​សម្រាប់​សិស្ស និស្សិត​កម្ពុជា​ដែល​កម្មវិធី​នេះ​មាន​វត្តមាន​នាក់​ចូលរួម​ជាង​៨០០​នាក់ ដែល​បាន​ជួបពិភាក្សា ផ្ទាល់​ជាមួយ​អ្នកតំណាង​ស្ថាប័ន​អប់រំ​អូ​ស្រា្ត​លី​និង​សិក្សា​អំពី​កម្មវិធីសិក្សា​ដ៏​សម្បូរបែប​របស់​ប្រទេស​អូស្ត្រាលី​ទៀតផង​។​

ជា​លើក​ទី​ពីរ​ហើយ​ក្នុងឆ្នាំនេះ​ដែល​ស្ថាប័ន​IDPEducation​ដែលជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​បាន​ប្រមូលផ្តុំ​នូវ​ស្ថាប័ន​អប់រំ​អូស្ត្រាលី​មកកាន់​ប្រទេស​កម្ពុជា​ម្តងទៀត​នៅ​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ចាប់ពី​ម៉ោង ១​សៀ​ល ដល់​៧​ល្ងាច​។​

​លោក​ឈាង​វ៉ាន់​តាក់​បានឱ្យដឹង​ទៀតថា​៖​ស្ថាប័ន​អប់រំ​អូស្ត្រាលី​ចំនួន​៣៦​ចាប់ពី​កម្រិតសិក្សា​ថ្នាក់​វិទ្យាល័យ ដល់​ថ្នាក់​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ថ្នាក់បណ្ឌិត​បាន​មាន​វត្តមាន​ក្នុងការ​ផ្តល់យោបល់​ជូន​ដល់​សិស្ស និស្សិត និង អាណាព្យាបាល អំពី​ជម្រើស​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​នៅឯ​ពិព័រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី​នេះ​។​លើសពីនេះទៅទៀត​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​ពី​វាគ្មិន​ក៏ដូចជា​អតីត​និស្សិត​អាហារូបករណ៍​ទៅ​ក្រៅប្រទេស​ដែល​បានផ្តល់​នូវ​គន្លឹះ​និង​បទពិសោធន៍​ល្អៗ​ជាច្រើន​ដល់​អ្នក​ចូល​រូ​ម​ផងដែរ​។

​ពិ​ព័​ណ៍​ការសិក្សា​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ផ្តល់​ជា​វេទិកា​ដ៏​ល្អ​បំផុត សម្រាប់ សិស្ស និស្សិត និង អាណាព្យាបាល ធ្វើ​ការជួប​ផ្ទាល់​ជាមួយ សាលា សាកលវិទ្យាល័យ និង​ស្ថាប័ន​អប់រំ​ល្បីៗ​មកពី​ទូទាំង​អូស្ត្រាលី ដែល​អាច​ផ្តល់​ការណែនាំ​អំពី​ជម្រើស​សិក្សា តម្លៃ​សិក្សា ការរស់នៅ​និង​ការដាក់​ពាក្យសុំ​ទិដ្ឋាការ​។​បន្ថែមទៀត​នោះ​ក៏មាន​វត្តមាន​របស់​ម​ន្ត្រី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ផ្នែក ទិដ្ឋាការ ក៏​នឹងចូលរួម​ពិ​ព័​ណ៍​ការសិក្សា​នេះ​ផងដែរ​។​

​ហ៊ុន រតនៈ សិស្ស​ថ្នាក់​ទី​១២ មកពី​សាលា​អន្តរទ្វីប​អាមេរិកាំង បាន​និយាយថា “​ខ្ញុំ​ពិតជា​ចង់ទៅ​សិក្សា​ថ្នាក់​បញ្ញា​ប័ត្រ​បន្ត​នៅ​ប្រទេស​អូស្ត្រាលី​ណាស់​បន្ទាប់ពី​មកកាន់​កម្មវិធី​នេះ​រួច ពីព្រោះ​កម្មវិធី​នេះ​បានធ្វើអោយ​ខ្ញុំ​យល់ឃើញថា​ប្រទេស​អូស្ត្រាលី​ជា​ប្រទេស​ដែលមាន​គុណសម្បត្តិ​ជាច្រើន​រាប់​ប​ញ្ជូ​ល​ទាំង​ប្រព័ន្ធ​សិក្សា និង​ថែមទាំង​គួរឱ្យ ចង់​រស់នៅ​ទៀតផង​”​។​

ដោយឡែក​មជ្ឈមណ្ឌល​អូ​ស្រា្ត​លី​សម្រាប់​ការបណ្តុះបណ្តាល​(ACE)​ក៏មាន​វត្តមាន​ក្នុង​កម្មវិធី​នេះដែរ​និង​បាន​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស​ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ​របស់​ស្ថាប័ន​អប់រំ​អូស្ត្រាលី ។ មន្ត្រី​មណ្ឌល​ប្រលង​IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​ចូលរួម ផ្តល់ ប្រឹក្សា​ពី ការចុះឈ្មោះ​ប្រលង និង​ការ​ត្រៀមប្រលង IELTS​។​

IDP Education គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​បាន​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ដែលមាន​ការិយាល័យ​ចំនួន​ជាង ១០០​កន្លែង ក្នុង​៣០​ប្រទេស​ជុំវិញ​ពិភពលោក ដែល​បាន​ជួយ​សិស្ស​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​អូ​ស្រា្ត​លី តាំងពី​ឆ្នាំ ១៩៩៤​។​ស្ថាប័ន​IDP Education ក៏​បញ្ជូន សិស្ស និស្សិត ទៅ​សិក្សា​នៅ កាណាដា ណូ​វេ​ហ្សេ​ឡង់ ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​ផងដែរ​។​

ការប្រឹក្សា​នឹង​ការបំពេញ​ទម្រង់​បែបបទ​សិក្សា ត្រូវបាន​ផ្តល់ជូន​ដោយ​ស្ថាប័ន IDP Education ដោយ​ឥតគិតថ្លៃ​។​IDP Education ជា​សា្ថ​ប័ន​ដែល​ចូលរួម​បង្កើតឡើង​ដោយ សាកលវិទ្យាល័យ​ទាំង ៣៨ របស់​ប្រទេស​អូ​ស្រា្ត​លី​៕S/

​ចំណងជើង​រូបថត​៖​ស្ថាប័ន​អប់រំ​អូស្ត្រាលី​ចំនួន​៣៦​តាំងពិព័រណ៍​សិក្សា​កាល​ពីថ្ងៃ​ទី ១២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ដោយមាន​អ្នកចូលរួម​ប្រមាណ​៨០០​នាក់​(​រូបៈ សុផល​)