​សិស្ស​ប៊ែ​ល​ធី​ជាង​បួន​ពាន់​នាក់​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​

240
ចែករម្លែក

ដោយ​: តា​អំ​
​ភ្នំពេញ​:
សាលា​ប៊ែ​ល​ធី​អន្តរជាតិ បានរៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​ទី​៧ និង​ថ្នាក់​ទី​១១ ទាំង​២០​សាខា​សរុប​ចំនួន ៤.២១៩​នាក់ ទៅកាន់​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​។ ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៤​ដល់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​។​

សិស្ស​ប៊ែ​ល​ធី​ជាង​បួន​ពាន់​នាក់​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​(​រូបថត​សាលា​)

​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ គឺ​ដើម្បី​បណ្ដុះ​ស្មារតី​សិស្សានុសិស្ស​ដែល ជា​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ស្រឡាញ់​ជាតិ​មាតុភូមិ ស្រឡាញ់​សន្តិភាព និង​ចេះ​សាមគ្គី គ្នា​ជា​ធ្លុង​មួយ​នៅ​គ្រប់​កាលៈទេសៈ ជាពិសេស​ស្គាល់​ច្បាស់​ពី​ប្រវត្តិ សាស្ត្រ​ដ៏​ជូរចត់​ដែល បាន​កើតឡើង​ចំពោះ ប្រជាជន​កម្ពុជា​នៅក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែលជា​យុគសម័យ​ដ៏​ខ្មៅ​ងងឹត នៃ​ការកាប់សម្លាប់​ប្រជាជន បង្អត់អាហារ ធ្វើ​ទារុណ កម្ម​យ៉ាង​ព្រៃផ្សៃ បំផ្លាញ​សាសនា ហេដ្ឋារចនាសម្ព័ន្ធ​ខ្ទេចខ្ទី​នៅ​ទូទាំងប្រទេស ដែលជា​ហេតុ​ធ្វើឱ្យ​ប្រទេសជាតិ​ស្ទើរ​លាយ​សាបសូន្យ និង​ស្លាប់​ប្រជាជន​អស់​រាប់លាន​នាក់​។​

​ទន្ទឹម​នោះ​កម្មវិធី​ទស្សនកិច្ច​សិក្សា នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធីសិក្សា​បន្ថែម​ទី​៣ ក្នុងចំណោម​កម្មវិធីសិក្សា បន្ថែម​ធំៗ​ទាំង​៨​របស់​សាលា ប៊ែ​ល​ធី អន្តរជាតិ​ក្នុងនោះ​៖ ១-​កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ ២-​កម្មវិធី​ពង្រឹងស្មារតី ៣-​កម្មវិធី​ទស្សនកិច្ច​សិក្សា ៤-​កម្មវិធីសិក្សា​តាម​ទូរទស្សន៍ ៥-​កម្មវិធី​ប្រឡង សំណេរ ៦-​កម្មវិធី​ប្រកួតប្រជែង​គណិតវិទ្យា ៧-​កម្មវិធី​ប្រកួតប្រជែង​ទេ​ព្យ​កោសល្យ និង ៨-​កម្មវិធី​កីឡា​។

​បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​សិក្សា សិស្សានុសិស្ស​ទាំងអស់​ត្រូវ​សរសេរ​របាយការណ៍ (Writing Report) ស្តីពី​អ្វីដែល​ខ្លួន​បានឃើញ បាន​ចាប់អារម្មណ៍ និង​បាន​សិក្សា ដោយ​ក្នុង នោះ​សិស្ស​ថ្នាក់​ចំណេះ​ទូទៅ ត្រូវ​សរសេរ​ជា​ភាសា​ខ្មែរ និង​សិស្ស​ថ្នាក់​ភាសា​អង់គ្លេស​ទូទៅ ត្រូវ​សរសេរ​ជា​ភាសា​អង់គ្លេស​៕