​សុខ សុវណ្ណ និង អេ​លី​ត សាន់ ស្វាគមន៍​ភ្ញៀវ​ថៃ​

607
ចែករម្លែក
  • 44
    Shares

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: លើស​ង្វៀន Wurkz នា​រសៀល​ថ្ងៃទី​៧ មេសា អ្នក​ប្រដាល់​កម្ពុជា ២ រូប គឺ អេ​លី​ត សាន់ ក្លិប​ឆ្មា ស សែន​សុខ និង សុខ សុវណ្ណ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ក្រសួងការពារជាតិ នឹង​ចាំ​ស្វាគមន៍ អ្នក​ប្រដាល់​ថៃ ចំនួន ២ រូប ។​

​អេ​លី​ត សាន់ នឹង​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ យ៉​ត ថា​ណុង (Yorth Thanong) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ អេ​លី​ត សាន់ ទើបតែ​ចាញ់​ក្រោម​ទម្ងន់​ជើង របស់​អ្នក​ប្រដាល់ វ័យ​ចំណាស់​ថៃ រ៉េ ដា (Re Da) កាលពីពេល​ថ្មីៗ​នេះ ហើយ​ពេលនេះ គេ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ មួយរូប​ផ្សេងទៀត ដែលមាន​កំណត់ត្រា ប្រកួត​មិន​អន់​នោះទេ ។​

​អេ​លី​ត សាន់ វ៉ៃ​បានល្អ ជាមួយ​អ្នក​ប្រដាល់ រួម​ជាតិ​ឯង តែ​ពេល​ប្រកួត​ជាមួយ អ្នក​ប្រដាល់​បរទេស គេ​ហាក់ដូចជា វ៉ៃ​ចេញ​មិន​រួច​ទៅវិញ ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៥២​ដង ឈ្នះ​៣៣​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ យ៉​ត ថា​ណុង វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦២​ដង ឈ្នះ​៥៥​ដង ចាញ់​៧​ដង ។ ជំនួប​មួយ​នេះ ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ អ្នក​ប្រដាល់​កម្ពុជា ឬ អ្នក​ប្រដាល់​ថៃ ?​។​

អេ​លី​ត សាន់ និង​យ៉​ត ថា​ណុង​

​ចំពោះ សុខ សុវណ្ណ វិញ គេ​ត្រូវ​ជួប​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ឈ្មោះ ឆាន​លឿន ឡាប (Chanleun Larp) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​ដែរ ។ សុវណ្ណ ជា​អ្នក​ប្រដាល់​ជើងចាស់ មួយរូប ដែលមាន​ប្រវត្តិ​ប្រកួត មិនធម្មតា​ឡើយ ។ តែ​ពេលនេះ គេ​មាន​វ័យ​ច្រើន​បន្តិច ឯ​កម្លាំង ក៏​ស្រុត​បន្តិច​ដែរ តែ​មិន​ដល់​ថ្នាក់​ឈរ ឲ្យ​គូប្រកួត ចិញ្ច្រាំ​បាន តាម​អំពើ​ចិត្ត​នោះឡើយ ។ គេ​នៅ​អាច​វ៉ៃ​បាន ៥ ទឹក​ពេញ ។​

​ចំពោះ អ្នក​ប្រដាល់​ថៃ ឆាន លឿន​ឡាប វិញ បើតាម​ការអះអាង ពី​លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ អ្នក​ប្រដាល់​ថៃ មក​ប្រកួត​នៅ​សង្វៀន អាស៊ីអាគ្នេយ៍​នោះ​ថា ក៏​មិន​អន់​ដែរ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៥១​ដង ឈ្នះ​៤០​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ ចំពោះ​សុខ សុវណ្ណ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៩​ដង ឈ្នះ​៧០​ដង ចាញ់​១៧​ដង ស្មើ​ពិន្ទុ​២​ដង ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ នរណា ឈ្នះ ?​។​

សុខ សុវណ្ណ និង ឆាន​លឿន ឡាប​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ មាឃ វណ្ណា​រ៉ា ក្លិប​ខេត្ត​រតនគីរី ប្រកួត​ជាមួយ សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ឃឹម ពេជ្រ​ចិន្ដា ក្លិប​កុលបុត្រ​គុន​ខ្មែរ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ៕v