​សូត្រ ប៊ុន​ធី និង ចាន់ សំអាត ជួប​សំណាងល្អ ឬ​អាក្រក់ ?

614
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍​ខ្សែក្រវាត់​ខា​រ៉ា​បាវ លើស​ង្វៀន​អាស៊ីអាគ្នេយ៍ សម្រាប់​រសៀល ថ្ងៃទី​២២ មិថុនា មិនទាន់​ដឹងថា អ្នក​ប្រដាល់​កម្ពុជា ចាន់ សំអាត ក្លិប​អប់រំ​កាយ ស្រុក​អន្លង់វែង និង សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ជួប​សំណាងល្អ ឬ​ជួប​រឿង​អាក្រក់​ឡើយ​។​

​សំអាត ត្រូវ​ជួប​ជាមួយ អ្នក​ប្រដាល់​ថៃ ឈ្មោះ ខាន់ ថេប (Khan Thep) ។ ២ ប្រកួត​របស់ សំអាត ឈ្នះ​បាន​មួយ​ប្រកួត និង​ចាញ់​មួយ​ប្រកួត រីឯ​អ្នក​ប្រដាល់​ថៃ ខាន់ ថេប វិញ ២ ប្រកួត​របស់គេ ចាញ់​ទាំង​២​ប្រកួត ។ សម្រាប់​ការប្រកួត​មួយ​នេះ ទាំងសងខាង សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែ​មានឱកាស ដើម្បី​ឈ្នះ​ដូចគ្នា តែបើ​នរណា ព្រហើន​ហ៊ាន​មើលស្រាល គូប្រកួត​នោះ អាច​នឹង​សន្លប់ មុន​ទឹក​ទី​៥ ក៏​ថា​បានដែរ ។​

ចាន់ សំអាត និង ខាន់ ថេប​

​ខាន់ ថេប មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៥​ដង ឈ្នះ​៥៤​ដង ចាញ់​១១​ដង ។ ចំពោះ​អ្នក​ប្រដាល់​កម្ពុជា ចាន់ សំអាត វិញ​នោះ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៩​ដង ឈ្នះ​៥៩​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ សំអាត អាច​បង្កើន​ស្ថិតិ​ឈ្នះ ក្នុង​កំណត់ត្រា​ប្រកួត​របស់ខ្លួន បាន​ឬទេ ចុះ ខាន់ ថេប អាច​ស្វែងរក​ជ័យជំនះ លើកដំបូង​របស់ខ្លួន ក្នុង​ព្រឹត្តិការណ៍​នេះ បាន​ឬទេ ?.

​ចំពោះ សូត្រ ប៊ុន​ធី វិញ ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ភុ​ត ផេ​តណ​យ (Phut Phatnoy) ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ២ ប្រកួត​របស់​ពួកគេ ឈ្នះ​មួយ​ប្រកួត និង​ចាញ់​មួយ​ប្រកួត​ដូចគ្នា ។​

សូត្រ ប៊ុន​ធី និង ភុ​ត ផេ​តណ​យ​

​ពួកគេ​សុទ្ធតែ​ត្រូវការ​ឈ្នះ ដើម្បី​ប្រជែង​រក​កៅអី សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដូចគ្នា ។ សម្រាប់​ការប្រកួត​មួយ​នេះ ទាំងសងខាង សុទ្ធតែ​ចាត់ទុកថា ជាការ​ងារ​ធ្ងន់​ដូចគ្នា ។ ប៊ុន​ធី អាវុធ​ពិសេស​របស់គេ ដើម្បី​ផ្ដួល​គូប្រកួត​នោះ​គឺ កែង និង ជង្គង់ ។ ចំពោះ ផុត ផេ​តណ​យ ជង្គង់​ក៏​ល្អ កណ្ដាប់ដៃ​រហ័ស ពិសេស​គេ​ការពារ បាន​រឹងមាំ​ណាស់ ។​

​ប៊ុន​ធី មាន​ប្រវត្តិ​ប្រកួត ចំនួន​១០៦​ដង ឈ្នះ​៧៩​ដង ចាញ់​២៣​ដង និង​ស្មើ​ពិន្ទុ​៤​ដង ។ ចំពោះ ភុ​ត ផេ​តណ​យ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៨​ដង ឈ្នះ​៦០​ដង ចាញ់​៧​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ ជំនួប​មួយ​នេះ នរណា​បង្កើន​ស្ថិតិ​ឈ្នះ នៅក្នុង​កំណត់ត្រា​ប្រកួត​របស់ខ្លួន ?៕v