​សូត នៅ វេជ្ជបណ្ឌិត​

2163
ចែករម្លែក
  • 72
    Shares

ដោយ​: អត្ថបទ និង​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា / ភ្នំពេញ​: កូនស្រី​របស់គាត់ គឹម សុ​ផានី បាន​និយាយ​រៀបរាប់​ប្រាប់ថា​នៅក្នុង​ចំណោម​ឪពុកម្តាយ​របស់​យើង និង​បងប្អូន​ប្រុស​ស្រី ១៣​នាក់ មានតែ​យើង​ពីរ​នាក់​គត់​នៅមាន​ជីវិត​រស់នៅ ក្រោយ​របប​ខ្មែរក្រហម​។ សមាជិកគ្រួសារ​ស្ទើរតែ​ទាំងអស់ បាន​ស្លាប់​នៅ​ឆ្នាំ​១៩៧៧ ដោយសារ​ការអត់ឃ្លាន​និង​ជំងឺ​។ ឪពុក​របស់ខ្ញុំ​ជាម​នុស្ស ម៉ឺងម៉ាត់ និង​មានការ​ទទួលខុសត្រូវ គាត់​មិន​និយាយស្តី​ច្រើន​ទេ​។ គាត់​កើត​នៅក្នុង​គ្រួសារ​ក្រីក្រ​មួយ​មានកូន​ច្រើន ហើយ​បាន​រស់នៅក្នុង​វត្ត​នៅពេលដែល​គាត់​ធំ​ដឹងក្តី​។​

​ម្តាយ​របស់គាត់​ឈឺ​ជា​ញឹកញាប់ ហើយ​គាត់​មានការ​ពិបាក​ខ្លាំងណាស់ ព្រោះ​គាត់​តែងតែ​ខ្ចីប្រាក់​អ្នកដទៃ​យកទៅ​ព្យាបាល​ម្តាយ​របស់គាត់​។ ដូច្នេះ​គាត់​បានសម្រេច​ចិត្ត​រៀន​វេជ្ជសាស្ត្រ ជា​មុខវិជ្ជា​ដែល​គាត់​ស្រឡាញ់​។ គាត់​ជា​និស្សិត​ឆ្នើម​ម្នាក់ ទាំងពីរ​មុខវិជ្ជា ទាំង​វិទ្យាសាស្ត្រ និង​ភាសា​បារាំង​។​

សូត នៅ វេជ្ជបណ្ឌិត​

​ឪពុក​របស់ខ្ញុំ ខំប្រឹង​ធ្វើការ​យ៉ាងខ្លាំង ដើម្បី​ផ្គត់ផ្គង់​កូន​១៤​នាក់​របស់គាត់ ហើយ​បាន​ឡើង​ឋាន​:​ជា​ញឹកញាប់​។ យើង​រស់នៅ​ក្នុងផ្ទះ​ធំ​មួយ ព្រោះ​គាត់​សន្សំ​ប្រា​ក់បាន​ច្រើន​។ បន្ថែម​ពីលើ​ការងារ​នៅ​មន្ទីរពេទ្យ​សុខភាព​ចិត្តសាស្ត្រ​នៅ​ព្រែក​ត្នោត គាត់​មាន​គ្លីនិក​ឯកជន​មួយ​ដែល​អាច​រក​ចំណូល​ក្រៅ​បន្ថែម​បាន​។ ម្តាយ​របស់ខ្ញុំ​ដាំ​បន្លែ​ខ្លះៗ​នៅផ្ទះ និង​លក់​បន្លែ​នោះ​នៅ​ផ្សារ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​។​

​ការជម្លៀស​នៅ​ឆ្នាំ​១៩៧៥ បាន​ជិត​មកដល់ នៅ​ទីនោះ​មានការ​បាញ់កាំភ្លើង​និង​គ្រាប់បែក​ផ្ទុះ​រាល់​យប់ ដែល​ធ្វើ​ឲ្យ​ឪពុក​ខ្ញុំ​មិនអាច​សម្រាន្ត​បាន​។ ជា​ញឹកញាប់ គាត់​បាន​ស្នាក់​នៅផ្ទះ​ប្អូនស្រី​ពៅ​របស់ខ្ញុំ​នៅ​ក្រុងភ្នំពេញ ខណ​:​ម្តាយ​របស់ខ្ញុំ​រស់នៅ​ជាមួយ​បងស្រី​ខ្ញុំ​នៅ​ខេត្តកណ្តាល​។ ឪពុក​ខ្ញុំ​បាន​ចាក​ចេញពីផ្ទះ​នៅ​ថ្ងៃ​១៧ មេសា​។​
​ពេលដែល​គាត់​បានមក​ដល់ ម្តាយ​ខ្ញុំ​និង​ប្អូនប្រុស​ស្រី​ផ្សេងទៀត​បានចេញ​ផុត​ទៅហើយ​។ ឪពុក​ខ្ញុំ​ដឹងថា ម្តាយ​ខ្ញុំ​បាន​នាំ​កូនៗ​ទាំងអស់​ទៅ​ស្រុកកំណើត​របស់គាត់​នៅ​ស្រុក​ស្អាង ហើយ​បាន​ជួបជុំគ្នា​នៅ​ទីនោះ​។​

​បន្ទាប់មក​គ្រួសារ​របស់​យើង​ត្រូវបាន​បញ្ជូនទៅ​ខេត្តកំពង់ឆ្នាំង​។ ឪពុក​ខ្ញុំ​ត្រូវ​ធ្វើការ​យ៉ាងខ្លាំង ដោយ​មិនមាន​អាហារ​គ្រប់គ្រាន់​។ គាត់​ចាស់​ហើយ ដូច្នេះ​គាត់​មិនអាច​ស៊ូទ្រាំ​នឹង​ការពិបាក​ខ្លាំង​ដែល​គាត់​បាន​ប្រឈម​ទេ​។ យប់​មួយ​នោះ​គាត់​បានសម្រេច​ចិត្ត​ទៅ​លួច​បេះ​ស្វាយ​ទុំ​នៅ​ខាងក្រោយ​មន្ទីរ​យោធា​ខ្មែរក្រហម​។ ខ្ញុំ​ព្យាយាម​បញ្ឈប់​គាត់ ប៉ុន្តែ​គាត់​មិន ស្តាប់​ខ្ញុំ​ឡើយ​។ គាត់​មានសំណាង​មែន ពេលនោះ​មេឃងងឹត​និង​មាន​ភ្លៀង​ធំ គាត់​មិន​ត្រូវបាន​ចាប់ខ្លួន​ឡើយ​។ គាត់​យក​ស្វាយ​ទុំ​១០​ផ្លែ​ឲ្យ​កូនៗ​ដែល​រស់នៅ​ជាមួយ​គាត់​។ បងប្អូន​ប្រុស​ស្រី​របស់ខ្ញុំ​៥​នាក់​ធ្វើការ​នៅក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ អត់ឃ្លាន​រហូតដល់​ស្លា​ប់ម្នាក់​ម្តងៗ​ជា​បន្តបន្ទាប់​។​

​ប្រជាជន​ជាច្រើន​នៅក្នុង​ភូមិ បានចាប់ផ្តើម​ស្លាប់​ដោយសារ​អត់ឃ្លាន​នៅ​ឆ្នាំ​១៩៧៦​។ នៅ​ឆ្នាំ​១៩៧៧ ស្បៀង​ក៏បាន​ខើច ហើយ​អង្គការ​មិនបាន​ផ្ត​ល់អ​ង្ករ​ឲ្យ​យើង​ចំនួន​បី​ថ្ងៃ​។ ម្តាយ​របស់ខ្ញុំ​បាន​ដូរ​គ្រឿងអលង្ការ​របស់​គាត់​យក​ជា​អង្ករ ត្រី និង​ប្រហុក​។ នៅពេលដែល​គ្រឿងអលង្ការ​របស់គាត់​អស់​ទៅ ឪពុក​របស់ខ្ញុំ​បាន​ស្លាប់​ដោយសារ​ការអត់ឃ្លាន​។ បងស្រី​ខ្ញុំ​បាន​សរសេរ​ឈ្មោះ​របស់​ឪពុក​ខ្ញុំ​នៅលើ​ក្រដាស​មួយ​សន្លឹក ហើយ​ដាក់ចូល​ទៅក្នុង​ដប​មួយ យើង​បាន​កប់​ដប​នោះ​ជាមួយនិង​គាត់​។ បងស្រី​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ប្រាកដថា ប្រសិនបើ​មាន​អ្នកណាម្នាក់​ក្នុងចំណោម​យើង​បាន​រស់ យើង​អាច​រកឃើញ​ឆ្អឹង​របស់គាត់​នៅ​ថ្ងៃមួយ​ហើយ​ធ្វើបុណ្យ​ជូន​គាត់​។ មួយខែ​ក្រោយមក ម្តាយ​ខ្ញុំ​បាន​ស្លាប់​ដោយសារ​គាំងបេះដូង​។​

​នៅ​ចុងឆ្នាំ​១៩៧៨ អ្នកភូមិ​មួយចំនួន​បាន​ស្តាប់​វិទ្យុ​ផ្សាយ​ថា ទាហាន​វៀតណាម​បាន​រំដោះប្រទេស​កម្ពុជា​។ អង្គការ​បានបញ្ជាក​ង​ចល័ត​របស់ខ្ញុំ​ឲ្យ​ជីក​រូង​មួយ​ដើម្បី​រក្សាទុក អង្ករ ត្រីងៀត និង​អំបិល​។ ប្រជាជន​ដែល​បានធ្វើការ​នៅក្នុង​កងចល័ត​ពីមុន ត្រូវបាន​បាញ់សម្លាប់​បន្ទាប់ពី​បានបញ្ចប់​ការងារ​របស់ខ្លួន​។ ដូច្នេះ​បន្ទាប់ពី​បាន​ជីក​រូង​រួច យើង​បាន​រត់​ចេញពី​ទីនោះ​។​

​ខ្ញុំ​បានធ្វើ​ដំណើរ​កាត់​ព្រៃស្រោង​ជាច្រើន​ថ្ងៃ រហូត​ខ្ញុំ​បាន​ទៅដល់​ខេត្តកំពង់ឆ្នាំង​។ ខ្ញុំ​បាន​សុំ​រថយន្ត​ជិះ​ជាមួយ​កងទ័ព​វៀតណាម​។ បន្ទាប់ពី​បានរស់នៅ​ជាមួយ​ម្តាយមីង​ពីរ​នាក់​របស់ខ្ញុំ​ប្រហែលជា​មួយឆ្នាំ ខ្ញុំ​បាន​ត្រឡប់​ទៅ​ខេត្តកណ្តាល ហើយ​បានឃើញ​បងស្រី​បង្អស់​របស់ខ្ញុំ គាត់​ទើបតែ​ចេញ​មកពី​ព្រៃស្រោង​។​

​បងស្រី​ខ្ញុំ និង​ខ្ញុំ​នៅតែ​មិនអាច​រកឃើញ​ឆ្អឹង​របស់​ឪពុក​ខ្ញុំ ដោយសារ​មាន​រណ្តៅ​សាកសព​ច្រើន​នៅក្នុង​បរិវេណ​នោះ​៕