​សូម្បី​ដី​ចំណី​មាត់​ស្ទឹង​ដែល​ពលរដ្ឋ​កំពុង​អាស្រ័យ​ផល ក៏​ត្រូវគេ​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​

758
ចែករម្លែក

ដោយៈ​ចាន់តូ / កំពត ៖ ដី​មាត់​ស្ទឹង​តាកែ​ន ប្រមាណ​ជាង​បី​ហិកតា ជា​ដី​ចំណី​មាត់​ស្ទឹង ទឹក​ជន់​លិច​នា​រដូវវស្សា ខែ​ទឹកសម្រក ប្រជាពលរដ្ឋ​ធ្វើស្រែ​ចំការ រៀងរាល់ឆ្នាំ អាស្រ័យ​ផល​លើដី​មាត់​ស្ទឹង បែរជា ស្ងាត់ៗ​ស្រាប់តែ​មានការ​ប្លង់ ស្របច្បាប់ ឲ្យ​ឈ្មួញ​ទៅវិញ​។​ករណីនេះ​បង្កើត​ឲ្យ​មាន​ការតវ៉ា​។​

​ដី​ដែល​កើត​ទំនាស់​ខាងលើ​ស្ថិតនៅ ភូមិ​វាល​ក្រសាំង ឃុំ​តា​កែន ស្រុក​ឈូក មាន​ទំហំ​ប្រមាណ ៣០.០០០ ម៉ែត្រការ៉េ ដែល​ប្រជាកសិករ ដាំពោត ដំណាំ អាស្រ័យ​ផល នា​រដូវ​ទឹកសម្រក តែមួយ​រយៈ​នេះ ដោយ​កក្តា​ធម្មជាតិ មិន​អំណោយផល ទឹកស្ទឹង​រីង​ហួត របរ​ស្រែចំការ ត្រូវបាន​អាក់ខាន ។​

​តាម​សម្តី​កសិករ ឈ្មោះ រិ​ន ស៊ី​ណាត ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ប្រពន្ធ​ឈ្មោះ វេ​ង ភាប់ អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ មានកូន​៤​នាក់ ក្នុងបន្ទុក រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​ឲ្យ​ដឹងថា ដី​ចំណី​មាត់​ស្ទឹង​តា​កែន ចំណុច​ខាងលើ ត្រូវបាន​គ្រួសារ​គាត់ កាន់កាប់ ប្រកប​របរ​កសិកម្ម តាំងពី​ឆ្នាំ​១៩៩៧ មកម្ល៉េះ ពោលគឺ​តាំងពី​ពលរដ្ឋ មិនទាន់​មក​តាំងទី​លំនៅ ចំណុច​ខាងលើ មានតែ​នៅ​ផ្សារ​កោះស្លា ។​

​កសិករ​ដដែល បាន​បន្តទៀតថា ដោយសារ​ការប្រកប របរ​ស្រែ ចម្ការ អស់​រយៈពេល​ច្រើន​ឆ្នាំ ណាស់​មកហើយ តាំងពី​មិនទាន់មាន​មនុស្ស រហូតដល់​មាន​មនុស្ស មក​ចាប់ រាន​ដី​ធ្វើស្រែ​ចំការ នៅ​តំបន់​ខាងលើ ទោះជា​គាត់​ស្នើសុំ​ទៅ​អាជ្ញាធរ​ស្រុក ខេត្ត ដើម្បី​សុំ​សិទ្ធិ​កាន់កាប់​ស្របច្បាប់ តែ​ត្រូវបាន​អាជ្ញាធរ​បដិសេធ ក្នុង​ហេតុផល ដី​ចំណី​ស្ទឹង ជា​របស់​រដ្ឋ តែបើ​ទម្លាប់​កសិករ ធ្លាប់ធ្វើ របរ​កសិកម្ម កន្លែង​ណា ធ្វើ​ទៅតាម​លទ្ធភាព ស្រាប់តែ​នៅពេលនេះ ផ្ទៃដី​មាត់​ស្ទឹង ទំហំ ៣០.០០០ ម៉ែត្រការ៉េ ជា​ដី​ដែល​ធ្លាប់​ដាំ​ដំណាំ អាស្រ័យ​ផល បែរជា​អាជ្ញាធរ​បានចេញ​លិខិត​កាន់កាប់ ឲ្យ​ទៅ​ឈ្មួញ ឈ្មោះ លី ហេង ទៅវិញ (​នេះ​បើតាម​ការអះអាង ពី​ប្រជាពលរដ្ឋ​ម្ចាស់​ដី )​។​

​បើតាម​លោក ស្រី ធំ មេភូមិ​កោះស្លា ក៏ដូចជា អ្នកភូមិ​ជាច្រើន​នាក់ បាន​ឲ្យ​ដឹងថា ពួកគាត់​ក៏​មិនដឹង មិន​យល់​ដែរ មិនដឹងថា​ប្លង់ ចេញ​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិ កាន់កាប់​ដី​ខាងលើ ចេញ​តាម​ច្រក​ណា​ដែរ ខណៈដែល​អ្នកភូមិ ដឹង​តែ​ដី​ខាងលើ គ្រួសារ រិ​ន ស៊ី​ណាត ប្រកប​របរ​ដាំ​ដុះ អាស្រ័យ​ផល​រាល់​ឆ្នាំ បែរជា​ស្ងាត់ៗ ថា​ដី​មាន​ម្ចាស់ ហើយ​មាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ទៀត​។​

​ពលរដ្ឋ ដាក់​ការសង្ស័យថា អាជ្ញាធរ​សមគំនិត​គ្នា ចេញ​ប្លង់ដី​ខាងលើ ឲ្យ​ឈ្មួញ ឈ្មោះ លី ហេង ទាំង​ម្ចាស់ អ្នកធ្វើ​ស្រែចំការ អត់​ដឹងខ្លួន ។ ក្រោយពេល​កើតហេតុ ការរំលោភ សូម្បី​ដី​ចំណី​មាត់​ស្ទឹង ប្រជាពលរដ្ឋ បានដាក់​ពាក្យបណ្ដឹង ទៅ​សាលាស្រុក​ឈូក នៅ​ថ្ងៃទី​៦ ឧសភា ២០១៩ ខាង​អាជ្ញាធរ​ស្រុក បញ្ជាក់ថា ចាំ​ចុះមក​មើល ព្រោះ​ដី​ហ្នឹង​មាន​ប្លង់រឹង ហើយក៏​ស្ងាត់​រហូត គ្មាន​ដំណោះស្រាយ​។​

​តែបើ​តាម​លោក ខៀវ រី​ទ្ធី​ភ័​ណ្ឌ អភិបាលស្រុក​ឈូក បាន​ប្រាប់​រស្មី​កម្ពុជា តាម​ទូរ​ស័​ព្ឌ​នៅ​ព្រឹក​ថ្ងៃទី​២០ ឧសភា​នេះ ថា ដី​ខាងលើ​មាន​ប្លង់​កម្មសិទ្ធិ តាំងពី​ឆ្នាំ​២០១៤ មកម្ល៉េះ​។ លោក​បន្តថា គឺមាន​ប្លង់​តាំងពី​ពេល​លោក​មិនទាន់​មក​ធ្វើជា​អភិបាលស្រុក​នៅទីនេះ​ម្ល៉េះ ។​លោក​បន្តថា​ដោយសារ​លោក​ជាប់​ប្រជុំ​ដូចនេះ​បើ​ចង់ដឹង​ច្បាស់​សូម​សួរ​ទៅខាង​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត​។​

​ប្រជាពលរដ្ឋ សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តាជួយ​ពួកគាត់​ផង ព្រោះ​គេ​បាន យក​ដីចម្ការ​អាស្រ័យ​ផល ជាប់មាត់​ស្ទឹង​ខាងលើ​៕ ល​