​សៀវភៅ​«​សៀមរាប​»​នឹង​ជួយ​ឱ្យ​ពិភពលោក​ស្គាល់​សៀមរាប​កាន់តែច្រើន​

258
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​សៀវភៅ​ដែលមាន​ចំណងជើង​ថា​«​សៀមរាប​»​នឹង​លេចចេញ​រូបរាង​នៅពេល​ឆាប់ៗ​ខាងមុខ​។​ជាមួយ​សៀវភៅ​នេះ​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​នឹង​រឹតតែ​ស្គាល់​សៀមរាប​កាន់តែច្បាស់ និង​ឃើញ​មុខមាត់​ថ្មី​របស់​ខេត្ត​តំបន់​ទេសចរណ៍​ដ៏​សំខាន់​នេះ​។​

​សៀវភៅ​«​សៀមរាប​»​ដែលមាន​ជាង​២០០​ទំព័រ​នេះ​ប្រៀប​បានជា​សៀវភៅ​ម​គ្គុ​ទ្ទេសចរណ៍​មួយ​បង្ហាញផ្លូវ​ពី​កន្លែង​កម្សាន្ត កន្លែង​ស្នាក់នៅ កន្លែង​ហូបចុក កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​និង​ហាង​លក់ទំនិញ ជាង​៣០​កន្លែង​ដែល​នេះ​ការបន្ថែម​ជម្រើស​កាន់តែច្រើន​សម្រាប់​អ្នកទេសចរ​។​កន្លែង​ដែលមាន​នៅក្នុង​សៀវភៅ​ចងក្រង​ដោយ​ស្នាដៃ​កូន​ខ្មែរ​នេះ​ធានាថា​មិនសូវមាន​អ្នក​ស្គាល់​តែ​សុទ្ធតែជា​កន្លែង​ល្អៗ​មិន​ថា​កន្លែង​គេង​អាហារ​កន្លែង​កម្សាន្ត​ពោរពេញ​ដោយ​ធម្មជាតិ​ស្រស់បំព្រង​។​

​សៀ​ភៅ​នេះ​ត្រូវបាន​ចងក្រង​ឡើង​ដោយ​អ្នក​រចនា​ម៉ូដ​និង​ថតរូប​ឆ្នើម​កញ្ញា​លី ណា​តា​លី (Nataly Lee) ជា​អាណិកជន​អូស្ត្រាលី​និង​ស្ថាបត្យករ​ល្បីល្បាញ​លោក​កាំ​ង​ហុក​។​នៅក្នុង​កម្មវិធី​Christmas@Raintree​ដែលជា​កម្មវិធី​ប្រចាំឆ្នាំ​ដ៏​សំខាន់​និង​អធិកអធម​បំផុត​ដែលមាន​ការចូលរួម​ពី​សំណាក់​សិប្បករ​និង​សហគ្រិន​ដែលមាន​ទេពកោសល្យ​ខ្ពស់​កាលពីពេល​ថ្មីៗ​នៅ អគារ Raintree នាពេល​ថ្មីៗ​កន្លងទៅនេះ លោក​កាំ​ង​ហុក​ដែលជា​អ្នកនិពន្ធ​សៀវភៅ​«​សៀមរាប​»​បានឱ្យ​សារព័ត៌មាន​រស្មី​កម្ពុជា​ដឹងថា​៖​សៀវភៅ​នេះ​មាន​ចំណងជើង​ថា​“SiemReap:ADesigner’sPerspective”​។​

​សៀវភៅ​មាន​២០២​ទំព័រ​និយាយ​ពីមុខ​មាត់​ថ្មី​នៅ​ខេត្តសៀមរាប​និង​បង្ហាញ​ពី​កន្លែង​ស្នាក់នៅ​ល្អៗ កន្លែង​សិល្បៈ​និង​សិប្បកម្ម​កន្លែង​ហូបចុក​និង​កន្លែង​ដើរ​កម្សាន្ត​។​កន្លែង​ទាំងអស់នេះ​ធានាថា​មិនសូវមាន​អ្នក​ស្គាល់​តែ​សុទ្ធតែ​កន្លែង​ល្អ​ប្រណីត​។​សៀវភៅ​នេះ​បង្ហាញ​អំពី​វប្បធម៌​សហ​សម័យ​គ្រប់​ទម្រង់​ទាំងអស់​របស់​កម្ពុ​ជារួម​មាន​សិល្ប​:​ក្បាច់រចនា​សិប្បកម្ម​ស្ថាបត្យកម្ម​ភោជនីយដ្ឋាន​និង​មុខ​ម្អូ​ប​វិចិត្រ​បំផុត​នៅ​ខេត្តសៀមរាប​។​
​ ​អ្នកនិពន្ធ​វ័យក្មេង​អាយុ​៣៥​ឆ្នាំ​រូបនេះ​បាន​បង្ហើប​ឱ្យដឹងពី​កន្លែង​ហូប​អាហារ​មួយ​នៅក្នុង​សៀវភៅ​នេះ គឺ ភោជនីយដ្ឋាន​«Cuisine​វត្ត​ដំណាក់​»​ដែលមាន​បម្រើ​ម្ហូប​ខ្មែរ​ឆ្ងាញ់​។​បើ​ចង់​ហូប​សុទ្ធតែ​កក់​កន្លែង​មុន​១​សប្តាហ៍​ឯណោះ​។​ចំណែក​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​វិញ​គឺ​ហាង​ឡ​យូ​យូ​ដែលជា​សិប្បកម្ម​ធ្វើ​ដោយ​ដៃ​មាន​រចនាបទ​ស្អាតៗ​។​

​ទាក់ទង​នឹង​ការបោះពុម្ពផ្សាយ​សៀវភៅ​នេះ​លោក​កាំ​ង​ហុក​បានឱ្យដឹងថា​សៀវភៅ​«​សៀមរាប​»​នឹង​ចេញលក់​នៅ​ចុងខែ​កុម្ភៈ​ឆ្នាំ​២០២០​បន្ទាប់ពី​ចងក្រង​រយៈពេល​ជាង​១​ឆ្នាំ​។​ការបោះ​ពុ​ម្ភ​លើក​ទី​១​ប្រមាណ​ជិត​៣.០០០​ក្បាល​។​បច្ចុប្បន្ន​មាន​ជា​ភាសា​អង់គ្លេស​តែ​នៅពេល​ខាងមុខ​នឹង​បកប្រែ​ជា​ភាសា​ខ្មែរ​។​អតិថិជន​គោលដៅ គឺ​ពលរដ្ឋ​ខ្មែរ​និង​បរទេស​។​សៀវភៅ នឹងដាក់​លក់​តាម​សណ្ឋាគារ ភោជនីយដ្ឋាន​និង បណ្ណាគារ​។​
​លោក​បាន​បន្តថា បើ​មានការ​គាំទ្រ​សៀវភៅ​នេះ​ច្រើន​លោក​នឹង​និពន្ធ​សៀវភៅ​មួយ​ក្បាល​ទៀត​ដាក់ថា «​ភ្នំពេញ​» ដែល​និយាយ​ពីមុខ​មាត់​ថ្មី​របស់​រាជធានី​ភ្នំពេញ និង​អាប់​ឡូត​(Upload)​ទៅក្នុង​អ៊ី​ន​ធើ​ណិ​ត​។​

ទាក់ទង​នឹង​គោលបំណង​និង​មូលហេតុ​នៃ​ការបង្កើត​សៀវភៅ​នេះ​លោក​កាំ​ង​ហុក​ដែលជា​សហគ្រិន​ដែរ​នោះបាន​លើកឡើងថា​“​គំនិត​ក្នុងការ​ចងក្រង​សៀវភៅ​នេះ​កើតចេញពី​ការសន្ទនា​របស់ខ្ញុំ ជាមួយ កញ្ញា​NatalyLee​ដែលជា​មិត្ត​ល្អ​និង​ជា​សហ​និពន្ធ​សៀវភៅ​នេះ​ផងដែរ​។​យើង​ទាំងពីរ​នាក់​ស្រលាញ់​ចូល​ចិ​ត្ដ​និង​ស្ញប់ស្ញែង​ខេត្តសៀមរាប​ដូចគ្នា​ដូច្នេះហើយ​ទើប​យើង​តែងតែ​គិត​រក​វិធី​ដើម្បី​ចូលរួម​ជា​ចំណែក​ក្នុងការ​បង្ហាញ​ទៅកាន់​ពិភពលោក​ខាងក្រៅ​ឲ្យ​ដឹង​អំពី​ចំណុច​ល្អៗ​របស់​ក្រុង​ដ៏​អស្ចារ្យ​មួយ​នេះ​”​។

​លោក ហុក បាន​បន្ថែមទៀតថា​៖​ការបង្កើត​សៀវភៅ​នេះ​ឡើង​មិនមែន​ដើម្បី​ប្រាក់ចំណេញ​នោះទេ គឺ​ចង់ឱ្យ​ពិភពលោក​បាន​ស្គាល់​ខេត្តសៀមរាប​កាន់តែច្រើន​ហើយ​ផ្តល់​ជម្រើស​កាន់តែច្រើន​ដល់​ទេសចរ​ជាតិ​និង​អន្តរជាតិ​បន្ថែម​ពីលើ​អ្វីដែល​សៀមរាប​កំពុង​តែមាន​។​ជាពិសេស​គឺ​ចង់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​នៃ​ខេត្តសៀមរាប​។​ចំណែក កញ្ញា Nataly បាន​និយាយថា​៖ “​ខ្ញុំ នឹង លោក ហុក គិតថា​យើង​គួរតែ​ធ្វើឱ្យ​មនុស្សម្នា​ស្គា​ល់ពី​ខេត្តសៀមរាប​ឱ្យបាន​ច្រើន ជាពិសេស​ខាង​ផ្នែក​សិល្បៈ និង​ការ​រចនា​។

ជាមួយគ្នានេះដែរ យើង​ចង់​បង្ហាញថា ប្រទេស​កម្ពុជា​មិនមែន​មាន តែ​ប្រាង្គ​ប្រាសាទ និង​វាលពិឃាដ​នោះទេ​។ មាន​មនុស្ស​ពូកែៗ​ជាច្រើន​ដែល​កំពុងតែ​ធ្វើ​រឿង​អស្ចារ្យ​នៅ កម្ពុជា​។ សៀវភៅ​នេះ គឺជា​ទិដ្ឋភាព​នៃ​ទីក្រុង​សៀមរាប​និង​ការបង្ហាញ​ពី​កន្លែង​ដែល​យើង​ចូលចិត្ត​បរិភោគ គេង ទិញ​ទំនិញ និង​រុករក​អ្វី​ថ្មីៗ​”​។

​គួរឱ្យ​ដឹងផង​ដែរ​ថា​៖​បន្ទាប់ពី​ទទួលបាន​ការសិក្សា​លើ​មុខជំនាញ​ចំនួន​ពីរ​គឺ​ផ្នែក​ស្ថាបត្យកម្ម​និង​ជា​សហគ្រិន​នៅ​សកល​វិទ្យាល័យ Washington University ក្នុង​សហរដ្ឋអាមេរិក​រួច លោក កាំ​ង ហុក បាន​ត្រលប់​មកកាន់​មាតុភូមិ​វិញ​នៅក្នុង​ឆ្នាំ ២០០៩ ប្រកបដោយ​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​ក្នុង​ការជួយ​ស្តា និង​លើកកម្ពស់​ប្រទេសជាតិ​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ថែម​មួយកំរិត​ទៀត​។​

​ដោយមាន​ជំនាញ​ខាង​រចនា​ស្រា​ប់លោក​ក៏បាន​ធ្វើការ​សហការ​ជាមួយ​បងប្អូន​ជីដូនមួយ​ប្រាំ​នាក់​របស់គាត់​ក្នុងការ​បង្កើតជា​ហាង​កា​ហ្វា​ដ៏​ល្បីល្បាញ​មួយ​នៅ​កម្ពុជា​គឺ​BrownCoffee​។​បន្ទាប់មកទៀត​ក្នុង​ឆ្នាំ​២០១៣​លោក​កាំ​ង​ហុក​ក៏បាន​បញ្ចេញ​គំរូ​ស្ថាបត្យកម្ម​របស់ខ្លួន​ក្នុង​វិស័យ​អចលនទ្រព្យ​វិញ​ម្តង​ជាមួយនិង​ការបង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ឈ្មោះថា​Urbanland​និង​ទទួលបាន​ពានរង្វាន់​ជា​ក្រុមហ៊ុន​ឆ្នើម​នៅ​កម្ពុជា​ផងដែរ​។​

​កាលពី​ខែវិច្ឆិកា​គម្រោង​ដ៏​ធំ​ចុងក្រោយបង្អស់​របស់លោក​កាំ​ង​ហុក​នោះ​គឺ​ការ​រចនា​ឱ្យ​រី​សត​មួយ​ស្ថិតនៅក្នុង​ខេត្តសៀមរាប​ដែលមាន​ឈ្មោះថា​TreelineUrbanResort​ហើយ​នេះ​គឺជា​អ្វីដែល​លោក​ស្រលាញ់​បំផុត​ព្រោះ​វា​គឺជា​ការ​រចនា​ដែលមាន​ការប្រកួតប្រជែង​ខ្លាំងជាងគេ​៕S/

​ចំណងជើង​រូបថត​៖​លោក កាំ​ង ហុក​និង​កញ្ញា​លី ណា​តា​លី​អ្នកនិពន្ធ​សៀ​ភៅ​«​សៀមរាប​»(​រូប​៖​សុផល​)