​សៀវ ង៉ុ​យ និង ពុទ្ធ ធា​រិន្ទ កក់​កៅអី សម្រាប់​ជុំ​ទី​២

1077
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា​ /
​ភ្នំពេញ​: លើស​ង្វៀន TV5 Boxing Knock-Out Derie by K- Cement នា​យប់​ថ្ងៃទី​១០ វិច្ឆិកា អ្នក​ប្រដាល់ សៀវ ង៉ុ​យ សមាគម​ប្រដាល់ ក្រសួងការពារជាតិ និង ពុទ្ធ ធា​រិន្ទ ក្លិប​ពុទ្ធ​សេរី​វង្ស បាន​កក់​កៅអី សម្រាប់​ឡើង​ប្រកួត​បន្ត នៅ​ជុំ​ទី​២ ជាមួយគ្នា ។​

​សៀវ ង៉ុ​យ បាន​ប្រ​កូត​ឈ្នះ អ្នក​ប្រដាល់ នួន រ៉ា​ថេ​ន ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ដោយ​ពិន្ទុ ដាច់​តែម្ដង ។ ង៉ុ​យ គេ​វ៉ៃ​ដោយ​មិន​ឆេវឆាវ និង​មាន​ផ្លែ​វ៉ៃ​ល្អ ចំពោះ រ៉ា​ថេ​ន​វិញ គេ​វ៉ៃ​ចូលចិត្ត​ប្ដូរ និង​ប្រើ​កម្លាំងកាយ តែ​មិនសូវមាន​ស្នៀត​អ្វី ច្បាស់លាស់​នោះទេ ។ ការ​វ៉ៃ​ច្រ​ង៉េ​ង​ច្រ​ង៉ាង​នេះ ជា​ញឹកញាប់ បានធ្វើ​ឲ្យ សៀវ ង៉ុ​យ ជួប​ការលំបាក ក្នុងការ​ការពារ ម្ល៉ោះហើយ​គេ ត្រូវ​បង្ខំចិត្ត លោត​ថយក្រោយ ក៏មានដែរ ។

ដោយ​ការប្រកួត​មានតែ ៣ ទឹក​នោះ បន្ទាប់ពី​បញ្ចប់​ការប្រកួត សៀវ ង៉ុ​យ បានទទួល​ជ័យជំនះ លើ​គូប្រកួត ដោយ​ពិន្ទុ ។ សៀវ ង៉ុ​យ ពេលនេះ បាន​កក់​កៅអី ដើម្បី​ឡើងទៅ​ប្រកួត​ជម្រុះ នៅ​ជុំ​ទី ២ បន្តទៀត ។ ចំពោះ​នួន រ៉ា​ថេ​ន ត្រូវ​ខ្ទាត ចេញពី​ការប្រកួត ត្រឹម​នេះហើយ ។​

​ចំពោះ ពុទ្ធ ធា​រិន្ទ វិញ គេ​ចំ​ជាមាន​សំណាងល្អ​មែន ព្រោះ​គេ​ចំណាយ​តែ មួយ​ទឹក​ប៉ុណ្ណោះ ធ្វើ​ឲ្យ​គូប្រកួត​របស់គេ គឺ​ថាំង ឌី​ណា ក្លិប​អាណាចក្រ ប្រយុទ្ធ​គុន​ខ្មែរ សន្លប់​នៅត្រឹម​ទឹក​ទី​១ ។ ធា​រិន្ទ ពិតជា​មានសំណាង​មែនទែន ព្រោះ​ការប្រកួត ដែលមាន ៣ ទឹក​នោះ នៅ​ទឹក​ទី​១ គេ​បញ្ចេញ​តែមួយ​ដៃ​ ប៉ុណ្ណោះ ធ្វើ​ឲ្យ​គូប្រកួត​របស់ខ្លួន សន្លប់​ក្រោក​លែងរួច ។ ធា​រិន្ទ មិនចាំបាច់​ហត់ និង​ឈឺ​សាច់​នោះ គេ​បាន​កៅអី សម្រាប់​ការប្រកួត​ជម្រុះ​ជុំ​ទី​២ បាន​ដោយ​ស្រួល ។ ចំពោះ ថាំង ឌី​ណា ដែល​ខំ​ស្កាត់​ពី​ខេត្តសៀមរាប មក​នោះ ខ្ទាត​ចេញពី​ការប្រកួត​ត្រឹមនេះ ។​

​ពេលនេះ មាន​អ្នក​ប្រដាល់​ចំនួន ៦ រូប​ហើយ ដែល​ខ្ទាត​ចេញពី​ការប្រកួត ហើយក៏​មាន ៦ រូប​ដែរ ដែល​បាន​កក់​កៅ អី​សម្រាប់​វគ្គ​ប្រកួត​ជម្រុះ ជុំ​ទី​២​។​

​ចំពោះ​ការប្រកួត ជា​មិត្តភាព ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ អ្នក​ប្រដាល់ លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ដែល​ទើបតែ​ដណ្ដើមបាន ពាន​ថ្មីៗ​នោះ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ ផាត ង៉ា​ម (Phat Ngam) ដោយ​ពិន្ទុ​ដាច់ ។ ក្នុងការ​ប្រកួត​ចំនួន ៥ ទឹក​នោះ រដ្ឋា ឈ្នះ ផាត ង៉ា​ម ៥ ទល់​០ គឺ​ចៅក្រម​ទាំង ៥ សុទ្ធតែ​ផ្ដល់​ពិន្ទុ ឲ្យ​លាប រដ្ឋា ឈ្នះ​ទាំង ៥ រូប ។​

​ការប្រកួត​ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​នោះ អ្នក​ប្រដាល់​ជើង​ខ្លាំង រ៉ែ​ម រាជ ក្លិប​អាណាចក្រ​ប្រយុទ្ធ ខេត្តសៀមរាប ប្រកួត​ចាញ់​ពិន្ទុ អ្នក​ប្រដាល់ ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី ខេត្តបាត់ដំបង ៕v

​សកម្មភាព​លើស​ង្វៀន ​TV5