​សេង សុខុម ជា​នីរសារ កងពល​៨០១

(​ដកស្រង់​ចេញពី​ឯកសារ​ចម្លើយសារភាព​J00589)

2553
ចែករម្លែក
  • 5
    Shares

​ដោយ​៖ ទ្រី សុជាតា និស្សិត​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ខ្ញុំ​ឈ្មោះ សេង សុខុម អាយុ​២៥​ឆ្នាំ ជា​នីរសារ កងពល​៨០១ កើត​នៅ​ភូមិ​កង​សៅ សង្កាត់​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ ខ្ញុំ​បាន​ចូលរៀន​នៅ​បឋមសិក្សា​បំពេញវិជ្ជា​កំពង់ថ្ម នៅ​អាយុ​៧​ឆ្នាំ​។ នៅ​ឆ្នាំ​១៩៦៩ ខ្ញុំ​ចូល​វិទ្យាល័យ​កំពង់ថ្ម​។ ក្នុងអំឡុងពេល​សិក្សា​នៅ​ទីនោះ​ហើយ​ដែល​ខ្ញុំ​បាន​ស្គាល់ ឱ​ង ទួង និង​គ្រូ​ម្នាក់​ឈ្មោះ ហៀក​។​

​តាំងពី​បាន​ស្គាល់គ្នា​ស្និទ្ធស្នាល​ជាមួយ​អ្នក​ទាំងពីរ​ខាងលើ យើង​ទាំង​បីនាក់​ទុក្ខ​ចិត្ត​គ្នា​ខ្លាំងណាស់ រហូតដល់ ហៀក បាន​អប់រំ​ឲ្យ​ខ្ញុំ​ធ្វើជា​គិញ​។ ក្រៅពី​ខ្ញុំ គឺមាន​មនុស្ស​៤​នាក់​ទៀត​ដែល​ទទួលបាន​ការអប់រំ​ពី ហៀក​។ ក្នុងនោះ​មាន ផៃ ជ្រា​សួ​, ធឹង លាង​ឃុន​, លន់ សុខ​ហៀ​ង និង ប្រាក់ សៀង​ជូ ដែល​សុទ្ធតែជា​អតីត​សិស្ស​។

​ខ្លឹមសារ​អប់រំ​ដែល​ខ្ញុំ​បានទទួល​៖
​ហៀក បាន​បង្រៀន​ឲ្យ​ខ្ញុំ​យល់​ពី​លិ​ទ្ធិ​និង​ភាព​រីកចម្រើន​របស់លោក​សេរី ហើយ​គេ​បាន​ពន្យល់​ទៀតថា លិ​ទ្ធិ​លោក​សេរី ជា​លិ​ទ្ធិ​ដែល​មិន​ប្រឆាំងនឹង​អ្វី​ទាំងអស់ គឺ​ជន​ម្នាក់ៗ មាន​សេរីភាព​គ្រប់គ្រាន់​ធ្វើ​អ្វី​គ្រប់យ៉ាង មិន​ប្រឆាំងនឹង​សាសនា​និង​អ​បិ​យ​ជំនឿ​របស់​ប្រជាជន​ទេ​។ ហៀក ក៏បាន​លើកយក​វប្បធម៌​និង​ភាព​រីកចម្រើន​របស់​អា​មេ​រិ​ក មក​ធ្វើជា​ឧទាហរណ៍​។​
​ហៀក បានលើកឡើង​ពី​លិ​ទ្ធិ​ក្រហម​ថា ជា​លិ​ទ្ធិ​ផ្តាច់ការ ប្រឆាំង​អ​បិ​យ​ជំនឿ និង​សាសនា​របស់​ប្រជាជន បំបិទ​សេរីភាព​ប្រជាជន​គ្រប់បែបយ៉ាង​។ ហៀក ក៏បាន​លើកយក​ឧទាហរណ៍​ពី​បញ្ហា​រស់នៅ បញ្ហា​ស៊ីចុក បញ្ហា​ការងារ និង​ភាពអន់ថយ​របស់​សង្គម​ផ្តាច់ការ មក​ពន្យល់​ណែនាំ​ដែរ​។
​ហៀក បាន​និយាយទៀតថា ផលប្រយោជន៍​ដែល​រាស្ត្រ​ធ្វើបាន​ដោយ​បង្ហូរញើស​បង្ហូរឈាម ត្រូវបាន​ពួក​លិ​ទ្ធិ​ក្រហម​ប្រមូល​ទុក ដោយ​បោក​បញ្ឆោត​ថា ប្រមូល​ដាក់​ក្នុង​ជង្រុក​រួម​ទុក​ឲ្យ​ប្រជាជន ហើយ​បំបិទ​មិន​ឲ្យ​ប្រជាជន​លក់ដូរ​ដោយ​ខ្លួនឯង​ជាដាច់ខាត​។ ឯការ​ស៊ីចុក​និង​ស្លៀកពាក់ ក៏មាន​សភាព​តឹងរ៉ឹង​បំផុត​។ អ្នក​នៅក្រោម​លិ​ទ្ធិ​ក្រហម​នេះ គ្មាន​សិទ្ធ​គ្រប់គ្រង​អ្វី​បាន​ទាំងអស់ ដូច្នេះ​បញ្ហា​ជីវភាព​របស់​ប្រជាជន កាន់តែ​ដុនដាប​ទៅជា​លំដាប់​។ ចំពោះ​ផ្នែក​វប្បធម៌​វិញ លទ្ធិ​ក្រហម​បំបាត់ចោល និង​មិន​ឲ្យ​ប្រជាជន​សប្បាយរីករាយ​ដូច​សង្គម​សេរី​ឡើយ​។​
​លុះ​មកដល់​ចុងឆ្នាំ​១៩៦៩ ខ្ញុំ​បាន​យល់​នូវ​បញ្ហា​នៃ​ការវិវត្តន៍​របស់​សង្គម​នីមួយៗ​កាន់តែច្បាស់​មួយកម្រិត​ទៀត រហូតដល់ ហៀក ទុកចិត្ត​ខ្ញុំ និង​ចាត់តាំង​ខ្ញុំ​ធ្វើជា​គិញ​។ ក្រោយ​ការអប់រំ និង​ចាត់តាំង ហៀក បាន​ហៅ​ខ្ញុំ​ទៅ​ចូលរួម​ប្រជុំ​ទទួល​ផែនការ​។ ការប្រជុំ​មាន​អ្នកចូលរួម ៖ ១) ឈ្មោះ ឱ​ង ទួង ២) ឈ្មោះ ផៃ ជ្រា​សួ ៣) ឈ្មោះ ធឹង លាង​ឃុន ៤) ឈ្មោះ លន់ សុខ​ហៀ​ង ៥) ឈ្មោះ ប្រាក់ សៀង​ថូ និង ៦) រូបខ្ញុំ​។​

​ខ្លឹមសារ​នៃ​ការប្រជុំ​៖
+ បំបះបំបោរ​ប្រជាជន​ឲ្យ​ស្អប់​ខ្មែរក្រហម​
+ ដើរ​ស៊ើប​រកមុខ​ប្រជាជន​ដែល​ផ្តល់​ស្បៀង​ឲ្យ​ខ្មែរក្រហម​
+ ដើរ​អប់រំ កសាង​កម្លាំង​គិញ​បន្ថែមទៀត​។​
​ក្រោយ​ការប្រជុំ ហៀក បាន​ប្រាប់​ឲ្យ​យើង​ឲ្យ​ទាក់ទង​គ្នា​ឲ្យ​ជាប់ ដោយមាន ឈ្មោះ ឱ​ង ទួង ជា​អ្នកទទួលខុសត្រូវ​លើ​យើង​ទាំង​ប្រាំ​នាក់​។

​ក្រោយមកទៀត ហៀក​បាន​ណែនាំ​ខ្សែ​គិញ​ថែម​៣​នាក់​ទៀត គឺ​៖
១) ប្រាក់ ហម (​អតីត​សិស្ស​)
២) ហ៊ាន ជាលី (​អតីត​សិស្ស ) បច្ចុប្បន្ន​ជា​ឈ្លប​នៅ​សង្កាត់​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ​
៣) ប្រាក់ សុខុម (​អតីត​សិស្ស ) បច្ចុប្បន្ន​ចូល​បដិវត្ត ជា​កម្មាភិបាល​សង្កាត់ នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ
​ក្រោយពី​បាន​ស្គាល់​អ្នក​ទាំងបី ខ្ញុំ​ក៏បាន​ដើរ​ពិនិត្យ​សកម្មភាព​ប្រជាជន​នៅ​ភូមិ​ជិតខាង​។

​នៅ​ខែមីនា ១៩៧០ ស្រប​នឹង​ពេល​មាន​រដ្ឋប្រហារ គ្នា​ខ្ញុំ​១០​នាក់ (​ដែល​បាន​រៀបរាប់​ខាងលើ​) ដោយមាន​គ្រូ ហៀក ជា​អ្នកដឹកនាំ បាន​បំបះបំបោរ​សិស្ស​នៅ​វិទ្យាល័យ​កំពង់ថ្ម ឲ្យ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ខ្មែរក្រហម ។​

​ក្រោយមក ខ្ញុំ​បាន​ទៅ​ទំនាក់​ទ​នង​ជិតស្និទ្ធ​ជាមួយ​មនុស្ស​ពីរ​នាក់​ដែល​ខ្ញុំ​ចង់​អប់រំ​ឲ្យ​ចូលរួម​សកម្មភាព​ធ្វើជា​គិញ​ដែរ​៖
១) ស ស៊ីថា (​អតីត​សិស្ស ) បច្ចុប្បន្ន​ជា​ប្រជាជន​ថ្មី​នៅ ភូមិ​កង​សៅ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក កំពង់ធំ​
២) ហង់ ជា (​អតីត​សិស្ស )

​ខ្លឹមសារ​ដែល​ខ្ញុំ​បាន​អប់រំ​អ្នក​ទាំងពីរ គឺ​ដូច​ទៅនឹង​អ្វីដែល​ឈ្មោះ ហៀក បាន​បង្រៀន​ខ្ញុំ​ដែរ​។ ខ្ញុំ​បាន​ប្រាប់​ពី​ភាពអន់ថយ គ្មាន​ការរីកចម្រើន ហើយ​យក​សង្គម​ទាំងពីរ​មក​ប្រៀបធៀប​ប្រាប់​អ្នក​ទាំងពីរ រហូតដល់​អ្នក​ទាំងពី​រ​សុខចិត្ត​ធ្វើ​សកម្មភាព​ជាមួយ​ខ្ញុំ​។​

​មកដល់​ឆ្នាំ​១៩៧១ ឈ្មោះ ឱ​ង ទួង បាន​ហៅ ផៃ ជ្រា​សួ​, ធឹង លាង​ឃុន​, ឈ្មោះ លន់ សុខ​ហៀ​ង​, ប្រាក់ សៀង​ថូ​, និង ខ្ញុំ ទៅ​ប្រជុំ​នៅ​វិទ្យាល័យ​កំពង់ថ្ម ដើម្បី​ទទួល​ផែនការ​ពី​ឈ្មោះ ហៀក​។ ខ្លឹមសារ​នៃ​ការប្រជុំ​ដូច​ការប្រជុំ​លើក​មុន​ដែរ គឺ​រកមុខ​អ្នក​ដឹក​ស្បៀង​ឲ្យ​ខ្មែរក្រហម បំផុសបំផុល​ឲ្យ​ប្រជាជន​ប្រឆាំងនឹង​ខ្មែរក្រហម និង កសាង​កម្លាំង​គិញ​បន្ថែម​។

​ក្រោយ​ការប្រជុំ ខ្ញុំ​ចាប់​ផ្តើមធ្វើ​សកម្មភាព​ដើរ​ញុះញង់​ប្រជាជន​ឲ្យ​ប្រឆាំងនឹង​ខ្មែរក្រហម ដោយ​អប់រំ​អ្នក​ទាំងនោះ​ថា ពួក​ក្រហម ឃោរឃៅ​ណាស់ បំផ្លាញ​ព្រះពុទ្ធសាសនា រឹតត្បិត​ប្រជាជន និង​ជា​អ្នកកាន់អំណាច​ហ្វា​ស៊ី​ស​ផ្តាច់ការ​។

​មកដល់​ចុងឆ្នាំ​១៩៧១ ក្នុងស្រុក​សន្ទុក​ទាំងមូល​ត្រូវបាន​រំដោះ​ជាទូទៅ នាំ​ឲ្យ​ការទាក់ទង​ខ្សែ​គិញ​ត្រូវ​រដាច់រដោច​ខ្លះ ព្រោះ​ឈ្មោះ ហៀក ត្រូវ​រត់​ចូល​ក្រុងភ្នំពេញ​។ ចំណែក​ឈ្មោះ ស ស៊ីថា និង ហង់ ជា បាន​ចូល​ធ្វើជា​ទាហាន ខណៈ​ខ្សែ​ឯទៀត​ដាច់​ការទាក់ទង​គ្នា​អស់ហើយ ព្រោះ​ពេល​រំដោះ​ភ្លាម អ្នក​ទាំងនេះ​ជម្លៀស​ខ្លួន​ទៅ​នៅ​កន្លែង​ដទៃ​។ សរុបមក ខ្សែ​គិញ នៅសល់តែ​រូបខ្ញុំ និង ឈ្មោះ ឱ​ង ទួង តែប៉ុណ្ណោះ​។​

​មកដល់​ឆ្នាំ​១៩៧២ យើង​ទាំងពីរ​នាក់​បាន​បន្លំ​ខ្លួន​ចូល​ជួរ​បដិវត្តន៍ ដោយសារ​ខ្លាច​លេចឮ​សកម្មភាព​ដែល​ធ្លាប់ធ្វើ និង​ចង់​ចូល​ស៊ើប​រាវរក​ខ្សែ​គិញ​បន្ត​ទៀតផង​។​

​ក្រោយមក ខ្ញុំ​និង ឱ​ង ទួង បាន​ទាក់ទង​ជាមួយ​ខ្សែ​ម្នាក់​ឈ្មោះ ហង់ (​ហៅ សៅ​) ជា​អតីត​គ្រូបង្រៀន​នៅ​វិទ្យាល័យ​កំពង់ចាម បច្ចុប្បន្ន​នៅ​ក្រសួងពាណិជ្ជកម្ម​រដ្ឋ​។ ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំ​បាន​ស្គាល់ឈ្មោះ ហង់ តាមរយៈ ឱ​ង ទួង ព្រោះ ឱ​ង ទួង និង ហៀក មាន​ទំនាក់ទំនង​ជាមួយ ហង់ តាំងពី​ឆ្នាំ​១៩៦៩ ម្ល៉េះ គឺ​តាំងពី ហង់ នៅ​ធ្វើជា​លេខា​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។​

​ក្រោយពី​បាន​ទាក់ទង​ស្គាល់គ្នា​ហើយ ឈ្មោះ ហង់ នេះ បានប្រគល់​ខ្ញុំ និង ឱ​ង ទួង ឲ្យ​ទៅ​ឈ្មោះ សារឹម មាន​នាទី​ជា​សមាជិក​ស្រុក​សន្ទុក និង​ឈ្មោះ សុទ្ធ (​បច្ចុប្បន្ន​ស្លាប់​)​។ ដូច្នេះ ក្នុង​ឆ្នាំ ១៩៧២ ខ្ញុំ​បានទទួល​ការអប់រំ​ពី សុទ្ធ និង​សារឹម​។ ខ្លឹមសារ​អប់រំ សុទ្ធ បាន​ប្រាប់​ពី​គោលបំណង​របស់​បដិវត្ត​ន៍​ដែល​ចង់​បំបាត់​ជំនឿ និង​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​មានបំណង​កសាង របប​កុម្មុយនីស្ត​ដែលជា​លិ​ទ្ធិ​ផ្តាច់ការ ចាំតែ​កៀប​យក​ភោគផល​របស់​ប្រជាជន​។ សុទ្ធ បាន​លើក​ពី​លិ​ទ្ធិ​សេរី ថា​ប្រកាន់​នូវ​វប្បធម៌​ជឿនលឿន មិន​ប្រកាន់ពូជសាសន៍ ប្រជាជនមាន​សិទ្ធិសេរីភាព​ពេញលេញ និង​អាច​គ្រប់គ្រង​អ្វីដែល​ខ្លួន​មាន​។​

​ក្រោយពី​ទទួលបាន​ការអប់រំ​ពី សុទ្ធ និង សារឹម អ្នក​ទាំងពីរ​បានដាក់​បញ្ចូល​ខ្ញុំ​ជា សេ​.​អ៊ី​.​អា នៅ​ភូមិ​ទឹក​អណ្តូង សង្កាត់​តាំង​ក្រ​សៅ ស្រុក​សន្ទុក ខេត្តកំពង់ធំ ដោយមាន​ឈ្មោះ ហង់ ជា​អ្នកទទួល​ស្គាល់​។​

​បន្ទាប់មក សុទ្ធ និង សារឹម បាន​ឲ្យ​ខ្ញុំ​ទាក់ទង​ជាមួយ​ខ្សែ សេ​.​អ៊ី​.​អា ដទៃទៀត មានឈ្មោះ ៖
១) ឈ្មោះ ហុន ហៅ បុល បច្ចុប្បន្ន​មាន​នាទី​ជា​កម្មាភិបាល ជំនួយ​នៅតាម​សង្កាត់ ក្នុងស្រុក​សន្ទុក
២) ឈ្មោះ ម៉េង បច្ចុប្បន្ន​មាន​នាទី​ជា​កម្មាភិបាល ជំនួយ​នៅតាម​សង្កាត់ ក្នុងស្រុក​សន្ទុក
៣) ឈ្មោះ ហន បច្ចុប្បន្ន​ជា​ប្រធាន​អនុ​សេនា​តូច ស្រុក​សន្ទុក​
៤) ឈ្មោះ សារុន បច្ចុប្បន្ន​ជា​ប្រធាន​យោធា​ប្រចាំ​ស្រុក​សន្ទុក​
​ក្រោយពី​ស្គាល់​អ្នក​ទាំង​៤​នេះហើយ សុទ្ធ និង សារឹម បាន​ហៅ​ខ្ញុំ​ទៅ​ប្រជុំ ទទួល​ផែនការ​ពី​ឈ្មោះ ហង់ នៅ​ភូមិ​ឈើទាល​។ អ្នកចូលរួម​ប្រជុំ​មាន ឱ​ង ទួង​, ខ្ញុំ​, ហន​, ហុន​, សារុន​, ម៉េង​, សុទ្ធ និង សារឹម​។ ខ្លឹមសារ​នៃ​ការប្រជុំ គឺ​ចង់​បំផ្លិចបំផ្លាញ​សម្ភារ​ទូទៅ​តាម​លទ្ធភាព ហើយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​ជំនឿ​លើ​បដិវត្តន៍​ខ្លាំងពេក និង​ព្យាយាម​ពង្រីក​ខ្សែ សេ​.​អ៊ី​.​អា បន្ថែម​។​

​នៅក្នុង​ឆ្នាំ​ដដែល ខ្ញុំ​បានធ្វើ​សកម្មភាព​បំផ្លាញ​ថ្នាំពេទ្យ​ចំនួន​៤​ឡាំង ដោយ​យកទៅដាក់​ក្នុង​ត្រង់​សេ​ពេល​ភ្លៀង ហើយ​ចំហ​រមាត់​ត្រង់​សេ​។ ថ្នាំ​គ្រាប់​ខ្លះ​ត្រូវ​ទឹក ក៏​រលាយ ចំណែក​ដប​ថ្នាំ​ជ័រ​និង​អំពូល ត្រូវ​កប់​ក្នុង​ភក់​អស់​ខ្លះ​។ ក្រៅពីនេះ ខ្ញុំ​បាន​យក​គ្រឿងបន្លាស់​កង់ ម៉ូតូ ប្រហែលជា​២​ឡាំង និង កាំបិត ចប ពូថៅ ព្រមទាំង​កៅស៊ូ​ភ្លៀង ទៅ​ដាក់​ចោល​ហាលថ្ងៃ ហាលភ្លៀង កប់​ភក់ ឡើង​ច្រេះ​ចាប់ និង​ដាច់​រហែក​ខូច​អស់​។ ខ្ញុំ​ក៏បាន​បំផុស​យុទ្ធជន​នៅក្នុង​មន្ទីរ​ឲ្យ​សេរី ខ្ជិល​ធ្វើ​ការងារ ដោយ​ប្រាប់ថា យើង​ជា​យុទ្ធជន​នៅ​ជាមួយ​កម្មាភិបាល នៅ​ជិត​ឃ្លាំង​សេដ្ឋកិច្ច​ស្រាប់ មិនបាច់​ធ្វើ​អ្វី​ច្រើន​ទេ ចង់បាន​អី ចង់ស៊ី​អី របស់​មាននៅ​ក្នុង​ឃ្លាំង​។​

​ពេល​អង្គការ​បញ្ជារ​ឲ្យ​នាំសារ​ឆ្លង​ស្រុក ខ្ញុំ​បាន​យកសារ​ទៅ​ជ្រលក់​ក្នុង​ទឹក​ឲ្យ​ដាម​អក្សរ មើល​មិន​យល់ ហើយ​យក​លេស​រាយការណ៍​ថា យន្តហោះ​ដេញ​បាញ់ ឯកសារ​ជ្រុះ​បាត់​ពេល​រត់​ពួន​។ បើ​មិន​ធ្វើបែបនេះ​ទេ ខ្ញុំ​ភូតកុហក​អង្គការ​ថា ឈឺ​ពុំបាន​ទៅ​។ រឿង​មួយទៀត ខ្ញុំ​, ឱ​ង ទួង​, ហន និង សារុន បាន​យក​បាវ​អង្ករ​ទៅ​ដាក់​ផ្ទាល់​នឹង​ដី​សើម ធ្វើ​ឲ្យ​ខូច​អស់​ប្រហែល​៣០​គីឡូ​។ លើសពីនេះ យើង​ទាំងបី​នាក់​បាន លួច​យក​គ្រាប់កាំភ្លើង​AK ទៅ​ដាក់​ក្នុង​ត្រង់​សេ​ពេល​ភ្លៀង ឲ្យ​ច្រេះ​ខូច​អស់​។ នៅមាន​គ្រាប់​M30 គ្រាប់​ការ​ប៊ី​ន គ្រាប់​AR15+12.7 ដែលជា​ជ័យ​ភណ្ឌ ទៅ​ទម្លាក់ចោល​ក្នុង​ទឹក​អណ្តូង និង​បាញ់បោះ​សេរី​តាម​អំពើ​ចិត្ត​។​

​លុះ​មកដល់​ខែ​១១ ឆ្នាំ​១៩៧២ សុទ្ធ បាន​ហៅ​ខ្ញុំ​ទៅ​ប្រជុំ​ម្តងទៀត​នៅ​ភូមិ​ឈើទាល​។ អ្នក​ដែលមាន​មុខមក​ប្រជុំ​មាន សុទ្ធ​, សារឹម​, ឱ​ង ទួង​, ខ្ញុំ និង ស៊ុយ ជា​ប្រធាន​មន្ទីរ​នីរសារ​តំបន់​កំពង់ធំ​។ ប្រជុំ​លើក​នេះ​ជាការ​ចាត់តាំង​ឲ្យ ខ្ញុំ​, ឱ​ង ទួង និង ស៊ុយ ទៅ​បង្កប់ខ្លួន​ក្នុង​អង្គភាព​យោធា​។ ហង់ ជា​អ្នក​ដែល​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់ ស៊ុយ​។​

​ក្រោយពេល​បង្កប់ខ្លួន​ក្នុង​អង្គភាព​យោធា​មិនបាន​ប៉ុន្មាន ការប្រជុំ​មួយទៀត​ត្រូវបាន​គេ​ធ្វើឡើង​ក្នុងភូមិ​ទឹក​អណ្តូង មាន​សមាជិក​ដដែល​ដូច​លើក​មុន ហើយ​សម្រេច​ឲ្យ ស៊ុយ ទទួលខុសត្រូវ​លើ ខ្ញុំ និង ឱ​ង ទួង និង​ណែនាំ​យើង​ឲ្យ​ស្គាល់​សមាជិក សេ​.​អ៊ី​.​អា ដែល ស៊ុយ ស្គាល់​ពីមុន​។

​ពេលមកដល់​អង្គភាព​យោធា ស៊ុយ បាន​ណែនាំ ខ្ញុំ និង ទួង ឲ្យ​ស្គាល់​មនុស្ស​បួន​នាក់​ទៀត​ដែលជា​ខ្សែ​សេ អ៊ី អា បង្កប់ខ្លួន​ជា​កម្មាភិបាល​ជំនួយ​ខាង​បច្ចេកទេស​យោធា ប្រចាំ​សាលា​យោធា គ​៩២​។ អ្នក​ទាំង​៤​នោះ​មាន​៖
១) ឌៀ​ន បច្ចុប្បន្ន​មាន​នាទី​ជា​សមាជិក​វរ​សេនា​តូច​៨៣១ វរ​សេនា​ធំ​៨៨៣ និង​កងពល​៨០១
២) តុល បច្ចុប្បន្ន​មាន​នាទី​ជា​សមាជិក​កងអនុសេនាធំ វរ​សេនា​តូច​៨៣១ វរ​សេនា​ធំ​៨៨៣ និង​កងពល​៨០១
៣) សួ បច្ចុប្បន្ន​មាន​នាទី​ជា​បញ្ជាការ​កងអនុសេនាធំ វរ​សេនា​តូច​៨៨៣ វរ​សេនា​ធំ​៨៨៣ និង​កងពល​៨០១
៤) គីន បច្ចុប្បន្ន​មាន​នាទី​ជា​លេខា​អនុ​សេនា​ធំ វរ​សេនា​តូច​៨៣២ វរ​សេនា​ធំ​៨៨៣ និង​កងពល​៨០១

​ពេលនេះ អង្គភាព​យោធា​វរ​សេនា​២០១ ប្រចាំការ​នៅ​តំបន់​សៀមរាប កំពុង​ហាត់រៀន និង​ការពារ​អង្គរ​។ ខ្ញុំ​និង គីន បាន​ណែនាំ​យុទ្ធជន​ម្នា​ក់ថា នៅ​សមរភូមិ​មុខ​បែបនេះ​ពិបាក​ណាស់ មួយថ្ងៃ​រស់​មួយថ្ងៃ​ស្លាប់ មិន​ដូច​រស់នៅ​សមរភូមិ​ក្រោយ​ទេ រស់នៅ​ស្រួល ទៅណា​ក៏បាន​។ យើង​បញ្ចុះបញ្ចូល​យុទ្ធជន​នោះ រហូតដល់​គេ​រត់ចោល​សមរភូមិ ទៅផ្ទះ​វិញ​។​

​លុះដល់​ពាក់កណ្តាល​ឆ្នាំ ១៩៧៣ អង្គការ​បាន​ដក​កម្មាភិបាល​ជំនួយ​ខាង​បច្ចេកទេស​យោធា ដើម្បី​ឲ្យ​ទៅ​បង្ហាត់​យោធា​នៅ​ខាងក្រោយ ដូច្នេះ​ខ្សែ សេ​.​អ៊ី​.​អា នៅសល់តែ​បីនាក់​ប៉ុណ្ណោះ​គឺ ស៊ុយ​, ឱ​ង ទួង និង ខ្ញុំ​។​

​ក្រោយមកទៀត ខ្ញុំ​ជាមួយ ឱ​ង ទួង និង ស៊ុយ បាន​បំបាក់ស្មារតី​យុទ្ធជន​ម្នាក់ទៀត​ឲ្យ​លែង​ហ៊ាន​ចូល​ប្រយុទ្ធ​។ អង្គការ​បាន​ដក​យុទ្ធជន​រូបនេះ​ទៅ​នៅ​មន្ទីរ​វិញ​។​

​ក្រោយមក​អង្គភាព​ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​ទៅ​វាយ​នៅ​សមរភូមិ​ជ្រោយ​នាងនួន នៅ​ឧ​ត្ត​រ​មានជ័យ​។ ពេលនោះ ឱ​ង ទួង ត្រូវស្លាប់ ជាហេតុ​នាំ​ឲ្យ​ខ្សែ សេ​.​អ៊ី​.​អា នៅសល់តែ​ពីរ​នាក់​គឺ ខ្ញុំ​និង ស៊ុយ​។​

​ពេលមកដល់​អង្គរ ស៊ុយ ប្រាប់​ខ្ញុំ​ថា ខ្លួន​ត្រូវ​ទៅ​រាយការណ៍​ឲ្យ ហង់ បានដឹង ដើម្បី​បន្ថែម​ខ្សែ​សេ​.​អ៊ី​.​អា មកទៀត​។ ពេលនោះ ស៊ុយ បាន​រត់ចោល​អង្គភាព​រយៈ​១​អាទិត្យ ទើប​ត្រឡប់មក​អង្គភាព​វិញ​។ ស៊ុយ បាន​ប្រាប់​ខ្ញុំ​ថា ខ្សែ​ត្រូវបាន​បញ្ជូន​មកហើយ នៅ​សៀមរាប​។​

​ថ្ងៃ​ក្រោយមក ខ្សែ​ដែល ហង់ បញ្ជូនមក បាន​មកដល់​អង្គភាព​។ អ្នក​ទាំងនោះ​មាន​៖
១) ឈ្មោះ ព្រឹក បច្ចុប្បន្ន​មាន​នាទី​ជា​ប្រធាន​អនុ​សេនា​តូច វរ​សេនា​តូច ៨៣២ វរ​សេនា​ធំ​៨៨៣ និង​កងពល​៨០១
២) ឈ្មោះ ឡ​ន បច្ចុប្បន្ន​មាន​នាទី​សមាជិក​កងអនុសេនាតូច វរ​សេនា​តូច​៨៣២ វរ​សេនា​ធំ​៨៨៣ និង​កងពល​៨០១
៣) ឈ្មោះ រ៉ូ បច្ចុប្បន្ន​មាន​នាទី​សមាជិក​កងអនុសេនាតូច វរ​សេនា​តូច​៨៣២ វរ​សេនា​ធំ​៨៨៣ និង​កងពល​៨០១

​ឈ្មោះ ព្រឹក បាន​ប្រាប់ ស៊ុយ ថា ខ្សែ សេ​.​អ៊ី​.​អា ទាំងអស់​មាន​៦​នាក់ ប៉ុន្តែ​៣​នាក់​ទៀត​មិនទាន់​មកដល់​។ មិនយូរប៉ុន្មាន ព្រឹក និង ស៊ុយ ក៏​នាំ​ខ្ញុំ​ឲ្យ​ស្គាល់​ខ្សែ​បីនាក់​ទៀត មាន​៖
១) ឈ្មោះ ឆន បច្ចុប្បន្ន​មាន​នាទី​លេខា​អនុ​សេនា​ធំ វរ​សេនា​តូច ៨៣៣ វរ​សេនា​ធំ​៨៨៣ និង​កងពល​៨០១
២) ឈ្មោះ នាថ បច្ចុប្បន្ន​មាន​នាទី​សមាជិក​កងអនុសេនាធំ វរ​សេនា​តូច ៨៣១ វរ​សេនា​ធំ​៨៨៣ និង​កងពល​៨០១
៣) ឈ្មោះ មន បច្ចុប្បន្ន​មាន​នាទី​សមាជិក​កងអនុសេនាធំ វរ​សេនា​តូច ៨៣១ វរ​សេនា​ធំ​៨៨៣ និង​កងពល​៨០១

​ពេលនោះ​អង្គការ​ត្រូវ​ដក​ខ្សែ​ម្នាក់​ឈ្មោះ​ស៊ុយ ចេញពី​អង្គភាព​ទៅ​នៅ​មូលដ្ឋាន​ខាងក្រោយ​វិញ​។ ដូចនេះ ខ្សែ​ដែល​នៅសល់ មាន ព្រឹក​, រ៉ូ​, ឡ​ន​, ឆន​, មន​, នាថ និង ខ្ញុំ​។​

​លុះ​មកដល់​ខែ​១១ ឆ្នាំ​១៩៧៣ អង្គភាព​ទាំងមូល​ត្រូវ​ដកចេញ​ពី​សៀមរាប ទៅ​ដា​ក់នៅ​ភូមិភាគ​ពិសេស​វិញ ហើយក៏​ត្រូវ​ប្តូរ​ឈ្មោះ​ពី អង្គភាព​២០១ ទៅជា អង្គភាព​១៤៤​។ ក្នុង​ឆ្នាំ ១៩៧៤ ខ្ញុំ​បាន​បំផុសបំផុល​ឲ្យ​យុទ្ធជន​ពីរ​នាក់​រត់​ទៅផ្ទះ មិន​ហ៊ាន​ចូល​សមរភូមិ​។ ក្រោយមក ខ្ញុំ​និង មន​ បានរួម​សកម្មភាព​បំផុស​ឲ្យ​យុទ្ធជន​ម្នាក់​ឈ្មោះ​ជឿន​រត់​ទៅផ្ទះ​។

​ក្រោយមក អង្គភាព​វរ​សេនា​តូច ត្រូវបានចាត់តាំង​ជា​កងវរសេនាធំ​៤៥១ ក្នុង​កងពល​១៤ (​បច្ចុប្បន្ន​កងពល​៨០១)​។ នៅ​កងវរសេនាធំ​នេះ ខ្ញុំ​មាន​នាទី​ជា​អ្នក​កាន់​វិទ្យុទាក់ទង​។ មកដល់​ខែ​២ ឆ្នាំ​១៩៧៥ ខ្សែ សេ​.​អ៊ី​.​អា ដែល​អង្គភាព​បាន​ដក កាលពី​នៅ​ការពារ​តំបន់​អង្គរ បានមក​បង្កប់ខ្លួន​នៅទីនេះ​វិញ​។ អ្នក​ទាំងនោះ​មានឈ្មោះ ឌៀ​ន គីន តុល និង សួ​។​

​ឌៀ​ន បាន​ប្រាប់​ខ្ញុំ​ថា នៅមាន​ខ្សែ សេ​.​អ៊ី​.​អា ៣​នាក់​ទៀត​ក្នុង​កង​នេះ ដែល​ខ្ញុំ​មិនទាន់​ដឹង​។ អ្នក​ទាំងបី​នោះ​គឺ ១) ឈ្មោះ ឡែ​ម បច្ចុប្បន្ន​មាន​នាទី​ជា​ជំនួយការ​កងពល​៩២០ ២) ឈ្មោះ ភា បច្ចុប្បន្ន​មាន​នាទី​ជា​សមាជិក​វរ​សេនា​តូច​៨៣៣ វរ​សេនា​ធំ​៨៨៣ កងពល​៨០១ ៣) ឈ្មោះ សុ​វ៉ាន់ បច្ចុប្បន្ន​មាន​នាទី​ជា​អនុ​លេខា​វរ​សេនា​តូច ឯករាជ​១៧១ នៅ​ក្រុងភ្នំពេញ​។ ឡែ​ម ជា​អ្នកទទួលខុសត្រូវ​លើ ភា និង សុ​វ៉ាន់​។​

​បន្តម​កទៀត ឡែ​ម បាន​ហៅ​អ្នក​ទាំងអស់គ្នា​មក​ប្រជុំ​មាន សុ​វ៉ាន់ ភា ឌៀ​ន គីន សួ តុល ឆន និង ខ្ញុំ​។ ការប្រជុំ​លើក​នេះ​គឺ​ទទួល​ផែនការ​ដូចជា​៖
-​រារាំង​ការ​វាយ​សម្រុក​របស់​កងទ័ព​បដិវត្តន៍​
-​ធ្វើ​ឲ្យ​មានទំនាស់​ក្នុង​អង្គភាព និង​ចាក់រុក​ឲ្យ​យុទ្ធជន​រត់ចោល​សមរ​ភូមិ​
-​បំផ្លិចបំផ្លាញ​សម្ភារ​ទូទៅ​តាម​លទ្ធភាព​
-​ពង្រីក​កម្លាំង សេ​.​អ៊ី​.​អា បន្ថែម​

​បន្ទាប់មក​ឈ្មោះ​ឡែ​ម​បាន​ឲ្យ​ខ្ញុំ​ទាក់ទង​ជាមួយនឹង​ទាហាន​នៅ​ភ្នំ​បាសិត ដោយ​ឲ្យ​តារាង​សម្រាប់​ទាក់ទង​តាម​វិទ្យុ​សេ ២៥ ។

​មាន​ម្តង ខ្ញុំ​, សុ​វ៉ាន់ និង ឆន បាន​បញ្ជា​ឲ្យ​យុទ្ធជន​ដក​ខ្សែត្រៀម​ចេញពី​ភូមិ​ត្រពាំង​ប្រី​យ៍​។ ឡែ​ម និង​ខ្ញុំ​បាន​ទាក់ទង​ទាហាន​លើ​ភ្នំ​បាសិត​ឲ្យ​ចុះ​ធ្វើ​សកម្មភាព​វាយយក​ទីតាំង​ត្រពាំង​ត្នោត លុះដល់​ទាហាន​ចុះ​ធ្វើ​សកម្មភាព ឡែ​ម ក៏​បញ្ជា​ឲ្យ​យុទ្ធជន​នៅក្នុង​កងវរសេនាតូច​ដកថយ​នៅពេល​នោះដែរ​។ ខ្ញុំ​ជាមួយ សុ​វ៉ាន់ សួ គីន បាន​បញ្ជា​ឲ្យ​កង​យុទ្ធជន​ដក​ចេញពី​ខ្សែត្រៀម​ដោយ​គ្មាន​មូលហេតុ តែ​សុ​វ៉ាន់​បាន​កុហកថា​មាន​ខ្មាំង​ព័ទ្ធ​ពីក្រោយ ដោយសារតែ​កង​នោះ​នៅ​ត្រៀម​ខាងចុង​គេ​បំផុត​។​

​មកដល់​ថ្ងៃ​១៧ មេសា ១៩៧៥ ទំនាក់ទំនង​របស់​ខ្សែ សេ​.​អ៊ី​.​អា នៅមាន​សភាព​ដដែល​។ មកដល់​ចុងខែ​៥ ពេលដែល​អង្គភាព​ចុះទៅ​ធ្វើស្រែ​នៅ​ភូមិ​ក្រាំង​អង្ក្រង ឡែ​ម បាន​កោះប្រជុំ​ម្តងទៀត​។ អ្នកចូលរួម​មាន ខ្ញុំ​, សុ​វ៉ាន់​, ភា​, ឌៀ​ន​, គីន​, សួ​, តុល​, ឆន​, មន​, នាថ​, ឡ​ន និង រ៉ូ​។ ឯ​ខ្លឹមសារ​ប្រជុំ​ក៏​មិន​ខុសពី​លើក​មុន​ដែរ​។ បញ្ហាសំខាន់​គឺ បំផុស​ទំនាស់​នៅក្នុង​អង្គភាព​ឲ្យ​បាន​ខ្លាំងក្លា ហើយ​ត្រូវបង្កើត​ពាក្យស្លោក​ប្រឆាំង​មាគ៌ា​បដិវត្ត​។ អ្វីដែល​ខ្ញុំ​បានធ្វើ​ក្រោយមក គឺ​បំផុស​ឲ្យ​យុវជន​ម្នាក់​រត់​ទៅផ្ទះ និង​ម្នាក់ទៀត​ភ្លើតភ្លើន​ក្នុងការ​រស់នៅ​និង​បញ្ហា​ស៊ីចុក​។ ខ្ញុំ​បាន​ដើរ​ញុះញង់​យុទ្ធជន​ពី​បញ្ហា​របប​ស៊ីចុក និង​ចរិតមិនល្អ​របស់​កម្មាភិបាល​។ ពេល​ដើរចេញ​ធ្វើការ​ម្តងៗ ខ្ញុំ​ដើរ​បំផុស​យុទ្ធជន​មិន​ឲ្យ​ធ្វើការ​ច្រើន បង្កើតជា​ពាក្យស្លោក​ផ្សេងៗ​ប្រឆាំងនឹង​បដិវត្តន៍ ដូចជា តាម​ចលនា​មហាលោតផ្លោះ​មហា​អុក​ក្តិត ហើយ​បំផ្លើស​មាគ៌ា​បដិវត្តន៍​មួយទៀត​ថា ប្តេជ្ញា ដាំ ដាំ ដាំ មិន​ឲ្យ​សល់​មួយ​កំប៉ុង មិន​ឲ្យ​សល់​ដី លើផ្ទះ​ក៏​ដាំ ក្រោមផ្ទះ​ក៏​ដាំ ក្នុង​ឆ្នាំង​ក៏​ដាំ ដាំ​មិន​ឲ្យ​សល់​អី មួយ​កញ្ជើរ​មួយ​ល្អី ដាំ​ទាល់តែ​ខ្ទេច​។​

​លើសពីនេះទៅទៀត ខ្ញុំ​ក៏បាន​ជំរុញ​ឲ្យ​ក្មេងៗ​និង​យុទ្ធជន ច្រៀង​ចម្រៀង​ប្រឆាំង​បដិវត្តន៍ និង​ឲ្យ​អ្នក​ទាំងនោះ​បំផ្លាញ​ថ្នាំពេទ្យ​និង​អំបិល ប្រហុក​នៅលើផ្ទះ ដោយ​ប្រាប់ថា​ត្រូវ​បំផ្លាញចោល​កុំ​ហូប​ផ្តេសផ្ដាស ព្រោះ​កន្លងទៅ​មាន​អ្នកពុល​ច្រើន​គ្នា​ហើយ​។​

​ខ្ញុំ​ផ្ទាល់​បាន​បំផ្លាញ​វិទ្យុ​ធុន​សេ​៤៦ អស់​២​គ្រឿង ម៉ាស៊ីនភ្លើង​១៦​គ្រឿង និង ថ្នាំពេទ្យ​៦−៨​ឡាំង ព្រមទាំង​គ្រឿងបន្លាស់​ផ្សេងទៀត​។​

​ក្រោយមកទៀត អង្គភាព​ត្រូវ​ទៅ​លើក​ទំនប់​នៅ​ឧ​ត្តុ​ង តម្រូវ​ឲ្យ​ទៅ​រស់នៅ​លាយឡំ​ជាមួយ​ប្រជាជន​ទាំងចាស់ ទាំងថ្មី ដែល​កំពុង​ខ្វះខាត​។ ពេលនោះ​ខ្ញុំ​បាន​ចាក់រុក​យុទ្ធជន​ឲ្យ​សេរី​ក្នុងការ​ស៊ីចុក ស្លៀកពាក់ ប្រើប្រាស់​សម្ភារៈ​ខ្ជះខ្ជាយ និង​ណែនាំ​មិន​ឲ្យ​យុទ្ធជន​ឧបត្ថម្ភ​ប្រជាជន​ជា​ម្ហូបអាហារ​ដើម្បី​បំផ្លើស​មាគ៌ា​អង្គ​ការដែល​ចែងថា កងទ័ព​ជា​កូន​ជា​ចោ​របស់​ប្រជាជន​។ ម្យ៉ាងទៀត ធ្វើបែបនេះ​នាំ​ឲ្យ​ប្រជាជន​មានទំនាស់​និង​មិន​ជិតស្និទ្ធ​ជាមួយ​កងទ័ព​។​

​អង្គភាព​បាន​ត្រឡប់មក​ភ្នំពេញ​វិញ​នៅ​ខែ​១១ ឆ្នាំ​១៩៧៥ តែ​ត្រូវ​អង្គការ​រៀបចំ​ឲ្យ​ធ្វើដំណើរ​ទៅ​ការពារ​ព្រំដែន​នៅ​ខេត្តរតនគិរី​។ ពេលនោះ សុ​វ៉ាន់ ត្រូវ​អង្គ​ការដក​ទៅ​ដា​ក់នៅ​វរ​សេនា​តូច​ឯករាជ​លេខ​១៧១ នៅ​ភ្នំពេញ​។ ពេល​កំពុងធ្វើដំណើរ ការទាក់ទង​ខ្សែ សេ​.​អ៊ី​.​អា ដើម្បី​ធ្វើ​សកម្មភាព គឺ​លំបាក​ណាស់​។ រហូតដល់​ខែ​២ ឆ្នាំ​១៩៧៦ ការធ្វើដំណើរ​របស់​អង្គភាព​ក៏បាន​មកជួប​ជុំគ្នា​។ មួយខែ​ក្រោយមក ឌៀ​ន បាន​ហៅ​ខ្ញុំ​ទៅ​ប្រជុំ​ទទួល​ផែនការ​ពី ឡែ​ម នៅក្នុង​ព្រៃ​។ អ្នកចូលរួម​មាន ភា​, ឌៀ​ន​, គីន​, សួ​, តុល​, ព្រឹក​, រ៉ូ​, ឡ​ន​, មន​, នាថ​, ឆន និង ខ្ញុំ​។ ការប្រជុំ​លើក​នេះ​មាន​ចំណុច​ពិសេស​មួយ​ខុសពី​លើក​មុន គឺ​ការត្រៀម​លក្ខណៈសម្បត្តិ​ធ្វើ​រដ្ឋប្រហារ​រំលំ​រដ្ឋ​។ ក្រោយ​ប្រជុំ ខ្ញុំ​បាន​បំផ្លាញ​វិទ្យុទាក់ទង​សេ​២៥ មួយគ្រឿង វិទ្យុ​ធន​តូច កម្រិត​២​វ៉ា​ត់ ១ គ្រឿង​។

​ខ្ញុំ​ជាមួយនឹង​សមាជិក​ដទៃទៀត​បា​នប​ញ្ចុះ​បញ្ចូល​យុទ្ធជន​បីនាក់​ឈ្មោះ សា​រ៉ា​យ​, ឡាវ និង ម៉ៃ រត់​ទៅ​យួន​។ សកម្មភាព​បំផុស​ពាក្យស្លោក​ប្រ​ឆា​មង​នឹង​អង្គការ​នៅតែមាន​បន្តទៀត​។

​លុះ​មកដល់​ក្រោយ​ទៀត ឌៀ​ន និង ឡែ​ម បាន​ប្រាប់​ខ្ញុំ​ថា ថ្ងៃក្រោយ​គេ​នឹង​នាំ​ឲ្យ​ខ្ញុំ​ទៅទាក់ទង​ខ្សែ សេ​.​អ៊ី​.​អា នៅ​អង្គ​ភាពវរ​សេនា​តូច​៨០២ និង​អង្គភាព​ជុំវិញ​មន្ទីរ​កងពល​៨០១ ហើយ​ឡែ​ម បាន​បន្ថែមទៀតថា ខ្សែ សេ​.​អ៊ី​.​អា នៅ​កងពល​៩២០ ទុក​ឲ្យ ឌៀ​ន ទៅទាក់ទង​ខ្លួនឯង​ព្រោះ ឌៀ​ន ស្គាល់គ្នា​ស្រាប់​។​

​រហូតដល់​ចុងខែ​៦ ឆ្នាំ​១៩៧៦ ខ្ញុំ​បាន​ចាក​ចេញពី​អង្គ​ភាពវរ​សេនា​ធំ​៨៨៣ ទៅធ្វើជា​នីរសារ​បស់បង​ឡី​នៅ​មន្ទីរ​កងពល​៨០១​។​

​មួយរយៈ​ក្រោយមក គណៈ​កងពល​បាន​អញ្ជើញ​វរ​សេនា​ធំ​និង​វរ​សេនា​តូច​គ្រប់​អង្គភាព​ទៅ​ប្រជុំ ពេលនោះ​មាន ឡែ​ម និង ឌៀ​ន បាន​ចូលរួម​ប្រជុំ​ដែរ​។ ឆ្លៀត​ពេលនោះ ឡែ​ម បាន​ឲ្យ ឌៀ​ន នាំ​ខ្ញុំ​ទៅ​ស្គាល់​ខ្សែ សេ​.​អ៊ី​.​អា នៅ​វរ​សេនា​តូច​៨០២ ហើយ ឡែ​ម បាន​ប្រាប់​ខ្ញុំ​ថា ខ្សែ​នោះ​ធ្លាប់​ទាក់ទង​ជាមួយ​យួន​ទៀតផង​។ បន្ទាប់មក ឡែ​ម បាន​នាំ​ខ្ញុំ​ទៅ​អង្គភាព​៨០២ ហើយ​ចូលទៅ​ផ្ទះ​របស់​មនុស្សម្នា​ក់​ឈ្មោះ សុំ​។ ពេលនោះ​ខ្ញុំ​បាន​ស្គាល់​ខ្សែ សេ​.​អ៊ី​.​អា ពីរ​នាក់​ថែមទៀត​គឺ​៖
១) ឈ្មោះ សុំ បច្ចុប្បន្ន​មាន​នាទី​ជា​លេខា​អនុ​សេនា​ធំ វរ​សេនា​តូច​ឯករាជ​៨០២ កងពល​៨០១
២) ឈ្មោះ ឡៃ បច្ចុប្បន្ន​មាន​នាទី​ជា​ប្រធាន​អនុ​សេនា​តូច វរ​សេនា​តូច​ឯករាជ​៨០២ កងពល​៨០១​។​

​ឡែ​ម បាន​ប្រាប់​អ្នក​ទាំងពីរ​ឲ្យ​ជួយ​ណែនាំ​ខ្ញុំ​ទៅ​ខ្សែ​ដែល​នៅ​ជុំវិញ​នេះ​ផង​។ ខ្ញុំ​និង ឌៀ​ន ក៏​ត្រឡប់មក​កងពល​វិញ​។ រយៈ​ពេលដែល​ខ្ញុំ​នៅក្នុង​កងពល ខ្ញុំ​បាន​ចាក់រុក​យុទ្ធជន​ឲ្យ​បង្ក​ជា​ទំនាស់​ទាំង​ក្នុង​វរ​សេនា​ធំ និង​តូច រហូតដល់​មានការ​ប្រជុំ​ដោះស្រាយ​តែ​បញ្ហា​ទំនាស់​ទាំងនេះ​។​

​បញ្ជាក់ ក្នុង​ចន្លោះ​ខែ​៩ ឆ្នាំ​១៩៧៦ ដល់ ខែ​១ ឆ្នាំ​១៩៧៧ ការទាក់ទង​ខ្សែ សេ​.​អ៊ី​.​អា បាន​ដាច់​អស់​មួយ​ខណៈ​។​

​ខ្ញុំ​បាន​ទៅ​និយាយ​ជាមួយ ឡៃ និង សុំ ចង់​ឲ្យ​គេ​នាំទៅ​ស្គាល់​ខ្សែ​ផ្សេងៗ​នៅក្នុង​តំបន់ តែ​អ្នក​ទាំងពីរ​ប្រាប់​ខ្ញុំ​ថា ពួកគេ​ជិត​ទៅ​ព្រំដែន ហើយ​មួយទៀត​ខ្លួន​បានទទួល​ផែនការ​ពី​ឈ្មោះ ឡែ​ម និង​ឌៀ​ន ឲ្យ​ទៅទាក់ទង​ជាមួយ​យួន ដើម្បី​ឲ្យ​យួន​ក្តាប់​ខ្សែត្រៀម​របស់​កងវរសេនាតូច ៨០២ និង ៨៣៣ ដែលជា​កង​របស់ ឡែ​ម​។​

​ត្រាវ ជា​ឈ្មោះ​យួន​ដែល ឡៃ និង សុំ ធ្លាប់​ទាក់ទង​ហើយ ត្រាវ​ជា​អ្នកទទួលខុសត្រូវ​ចំ​មុខសញ្ញា​របស់​យើង​។

​លុះដល់​ខែ​២ ឆ្នាំ​១៩៧៧ ឡៃ និង សុំ ប្រាប់​ខ្ញុំ​ថា​គេ​ត្រូវ​ទៅ​ខ្សែត្រៀម​ហើយ ដើម្បី​សម្រេច​ផែនការ​ដែល​ទទួល​ពី​ឈ្មោះ ឡែ​ម គឺ នាំ​យួន​ឈ្មោះ ត្រាវ និង​គ្នា​គេ​២​នាក់​ទៀត ទៅ​ក្តាប់​ខ្សៃ​ត្រៀម​អង្គភាព​៨០២ និង ៨៣៣​។​

​ខ្ញុំ​នៅតែ​បន្តសកម្មភាព​បំផុស​ឲ្យ​មានទំនាស់​នៅក្នុង​កង រហូតដល់​ក្រោយមក ឡែ​ម ត្រូវ​អង្គ​ការដក​ចេញពី​កងពល​៨០១ ឲ្យ​ទៅធ្វើជា​ជំនួយការ​កងពល​៩២០​វិញ​។ ឯ​ការទាក់ទង​ខ្សែ​នៅក្នុង​អង្គភាព​នៅមាន​ជាប់​ជា​ដដែល រហូតដល់​អង្គការ​បា​ន​ចាប់ខ្លួន​ខ្ញុំ​នៅ​ថ្ងៃទី​៧ ខែ​៥ ឆ្នាំ​១៩៧៧​។​

​កំណត់ចំណាំ ៖ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម ដូច្នេះ យើង​មិនអាច​ស​ន្និ​ដ្នា​ន​បាន​ថា ចម្លើយ​របស់ ម៉ិ​ល ម៉ៅ ពិត​ឬ​យ៉ាងណា​នោះទេ​៕ ល​