​សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

574
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​អ្នកនាំពាក្យ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​សម្តែង​សេចក្តីសោកស្តាយ​យ៉ាងខ្លាំង​ដោយ​នាពេល​ថ្មីៗ​នេះ​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ទើបបាន​អនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៩​។​ដែលជា​ថ្មី​ម្តងទៀត​បង្ហាញឱ្យឃើញ​ជាក់ស្តែង​នូវ​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ​អធិបតេយ្យ​សន្តិភាព​អព្យាក្រឹត​អចិន្ត្រៃយ៍​មិន​ចូលបក្ស​សម្ព័ន្ធ​។​

តាំងពី​ឆ្នាំ​១៩៩៣​មក​ការបោះឆ្នោត​ទាំងឡាយ​នៅ​កម្ពុជា​តែង​ប្រព្រឹត្ត​ទៅដោយ​ទៀងទាត់​តាម​ពេលវេលា​កំណត់ ដោយមាន​គណបក្ស​ច្រើន​ចូលរួម ហើយ​ស្ថិតក្រោម​ភ្នែក​របស់​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​។ ការបោះឆ្នោត​ទាំងនោះ សុទ្ធតែ​ត្រូវបាន​ទទួលស្គាល់ថា សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ទទួលយកបាន​ទាំងអស់គ្នា​។​

​ព្រះរាជាណាចក្រ​កម្ពុជា អនុវត្ត​ដោយ​ខ្ជាប់ខ្ជួន​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ​។ ព្រះរាជាណាចក្រ​កម្ពុ​ជាទ​ទួល​ស្គាល់​និង​គោរព​សិទ្ធិមនុស្ស​ដូច​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​សេចក្តីប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស​និង​កតិកាសញ្ញា​ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅនឹង​សិទ្ធិមនុស្ស សិទ្ធិនារី និង​សិទ្ធិ​កុមារ​។​

​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវការពារ​នីត្យានុកូលភាព ធានា​សណ្តាប់ធ្នាប់ និង​សន្តិ​-​សុខ​សាធារណៈ ហើយ​ប្រឆាំង​ដាច់ខាត​ការជ្រៀតជ្រែក​ពី​បរទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ទោះបី​ក្រោមរូបភាព​ណាក៏ដោយ​។​ព្រឹទ្ធសភា​សូម​វាយតម្លៃ​ខ្ពស់​និង​គាំទ្រ​ការខិតខំ​ជា​អតិបរមា​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែលជា​និច្ចកាល​យកចិត្ត​ទុកដាក់​ជា​អាទិភាព​។​

​ចំពោះ​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​ឱ្យ​ទទួលបាន​សមិទ្ធផល​កាន់តែ​ល្អប្រសើរ​ថែមទៀត​ដើម្បី​លើកតម្កើង​ជីវភាព​រស់នៅ​និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​អនុវត្ត​គោលនយោបាយ​ការបរទេស​យ៉ាង​ឈ្លាសវៃ​ដើម្បី​រួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជាមួយ​ប្រទេសជិតខាង​និង​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​។​

​ព្រឹទ្ធសភា​សូម​គាំទ្រ​ការខិតខំ​របស់​ប្រជាជន​និង​ប្រទេស​ទាំងពីរ​កម្ពុជា​-​អាមេរិក​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដោយ​ផ្អែកលើ​ផលប្រយោជន៍​រួម​និង​ការគោរព​គ្នា​ទៅវិញទៅមក​៕S/

​ ​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣
​ ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩