​សេដ្ឋកិច្ច​ឆ្នាំ​២០១៨​កើនឡើង​៧.៣​ភាគរយ​មាន​សញ្ញា​វិជ្ជមាន​ច្រើន​ធៀប​និង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ

614
ចែករម្លែក

​ដោយ​៖​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖​យោងតាម​លទ្ធផល​បូក​សរុប​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្ហាញថា​កំណើនសេដ្ឋកិច្ច​បាន​កើនឡើង​៧.៣​ភាគរយ​នៅ​ដើមឆ្នាំ​២០១៩​នេះ​។​កំណើន​នេះ​មាន​ផល​វិជ្ជមាន​ច្រើន​បើ​ធៀប​និង​លទ្ធផល​បូកសរុប​ឆ្នាំមុនៗ កាលពីពេល​កន្លងមក​។

​ថ្លែង​ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩​នៅ​សាលសន្និសីទ​ចតុមុខ​កា​លពី​ព្រឹក​ថ្ងៃទី​២៥​មករា​២០១៩​លោក​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា​«​ក្នុង​ឆ្នាំ​២០១៨​សេដ្ឋកិច្ចពិភពលោក​ក៏មាន​កំណើន​ល្អ​ប្រហាក់ប្រហែល​ឆ្នាំ​២០១៧​ដែរ​ទោះបី​ជាមាន​បញ្ហា​ប្រឈម​មួយចំនួន​ក្ដី​»​។​

​លោក​បន្តថា​ជាមួយគ្នានេះ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុ​ជាមាន​លំនឹង​ល្អប្រសើរ​ដោយ​អត្រា​អតិផរណា​មាន​កម្រិត​ទាប​អត្រា​ប្ដូរប្រាក់​មាន​ស្ថិរភាព​តាម​ការគ្រោងទុក​។​ទុនបម្រុង​អន្ដរជាតិ​ក៏បាន​កើត​ឡើងជា​លំដាប់ និង​ស្ថិតក្នុង​កម្រិត​ខ្ពស់​ស្មើនឹង​៥​ខែ នៃ​ការ​នាំចូល​ទំនិញ និង​សេវា​នៅ​ឆ្នាំ​បន្ទាប់​។​

​លោក​បន្ថែមថា​កំណើនសេដ្ឋកិច្ច​នេះ​គាំទ្រ​ដោយ​ការបន្ត​ហូរ​ចូល​នៃ​វិនិយោគ​ផ្ទាល់​បរទេស​កំណើន​ខ្ពស់​នៃ​ការនាំចេញ និង​ភាពរឹងមាំ​នៃ​តម្រូវការ ក្នុងស្រុក​គួបផ្សំ​នឹង​ការអនុវត្ត គោលនយោបាយ​សមស្រប​របស់​រាជរដ្ឋាភិបាល ក្នុង​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ជំរុញ​កំណើន​ព្រមទាំង​ភាពអំណោយ​ផល​នៃ បរិយាកាស​សេដ្ឋកិច្ចពិភពលោក និង​តំបន់​។​

​ជាមួយនឹង​សន្និបាត​ប្រចាំ​ឆ្នាំនេះ ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​រៀបចំ​ពិធី​ផ្តល់​រង្វាន់​ដល់​មន្ត្រី​-​បុគ្គលិក ដែលមាន​អតីតភាព​ការងារ​ដល់​៣០​ឆ្នាំ និង​ពិធី​ចែក​សញ្ញាបត្រ ព្រមទាំង​ផ្តល់រ​ង្វាន់​ជូន​មន្ត្រី​ប្រឡង​ជាប់ កម្មវិធី​បណ្តុះបណ្តាល​ឯកទេសកម្ម ពិសេស​ជំនាញ​ត្រួតពិនិត្យ​ធនាគារ NBC-FSI Connect និង​ជំនាញ CFA, CIA និង​FPP ផងដែរ​៕S/

​ ​