​សំណង់​កាត់​ស្ទឹង​សិរី​មង្គល​សាងសង់​សម្រេចបាន​៦០​ភាគរយ​ហើយ

555
ចែករម្លែក

​ដោយៈ បា​យ៉ង់​/​ភ្នំពេញៈ​បន្ទាប់ពី​បាន​ដឹកនាំ​ដាក់​វិធានការ និង​បែងចែក​ភារកិច្ច​ការទទួលខុសត្រូវ​ដល់ ក្រុមការងារ​ទប់ទល់ និង​ជំនន់​ស្ទឹង​សង្កែ រួចមក​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​បន្តដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ទំនប់​កាត់​ស្ទឹង ស្ថិតនៅក្នុង ឃុំ​គយ​ម៉ែង ស្រុក​មង្គលបុរី ខេត្ត​បន្ទាយ មានជ័យ​។ សំណង់​កាត់​ស្ទឹង​នេះ​ត្រូវបាន​សាងសង់ឡើង​ត្រង់ចំណុច​ប្រសព្វ​រវាង ស្ទឹង​មង្គលបុរី និង ស្ទឹង​សិរីសោភ័ណ​។​

​យោង​លើ​ឈ្មោះ​របស់​ស្ទឹង​ទាំងពីរ​គឺ ស្ទឹង​សិរីសោភ័ណ និង ស្ទឹង​មង្គលបុរី ព្រមទាំង​ទីតាំង​ដែល​កំពុង​សាងសង់​លោក លឹម គានហោ នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​ការងារ​នា ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ នេះ​បាន​ប្រសិទ្ធ​នាម​សំណង់​កាត់​ស្ទឹង​នេះ​ថា​”​សំណង់​សិរី​មង្គល​”​។

​ក្នុងឱកាស​ចុះ​ពិនិត្យ​ការងារ​នេះ​លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​អ្នកអនុវត្ត​គម្រោង​ឲ្យ​កែសម្រួល​នូវ​បច្ចេកទេស​សំណង់​មួយចំនួន​ដើម្បី​ធានាបាន​នូវ​ភាពរឹងមាំ​នៃ​សំណង់​ទប់​ទល់នឹង​កម្លាំង​ហូរ​បុក​របស់​ទឹក​(Water Jump)​។ ការងារ​ដែល​បាន​អនុវត្ត​សំខាន់ៗ​រួមមាន​សាងសង់​សំណង់​ទ្វារ​ទឹក​ស្វ័យប្រវត្តិ​សិរី​មង្គល​មួយកន្លែង និង​ជីក​ស្តារ​ស្ទឹង មង្គលបុរី (​ដែល​គោក​រាក់​ស្ទើរ​ស្មើនឹង​ស្រែ​)​ប្រវែង​២.៥០០​ម៉ែត្រ​។​

​ការសាងសង់​សំណង់​កាត់​ស្ទឹង “​សិរី​មង្គល​” គឺ​ក្នុង​គោលបំណង​ដើម្បី​ទាញយក​សក្តានុពល​ទឹក​របស់​ស្ទឹង​ទាំងពីរ​ខាងលើ​មកប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​កុំ​ឲ្យ​ហូរ​ចូលទៅ បឹង​ទន្លេសាប​ដោយ​ឥតប្រយោជន៍​។ សំណង់​នេះ​នឹង​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​តម្កល់​ទឹក​ទុក​នៅក្នុង​តួ​ស្ទឹង​ទាំងពីរ ឲ្យ​បាន​យ៉ាងតិច​៥០​លាន​ម៉ែត្រគូប (​នៅ​រដូវប្រាំង​) សម្រាប់​បម្រើ​ឲ្យ​ការស្រោចស្រព​ពិសេស គឺ​ដោះស្រាយ​ទឹក​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​បងប្អូន​ពល​រដ្ឋ​រស់នៅក្នុង ក្រុង​សិរីសោភ័ណ និង ស្រុក​មង្គលបុរី ខេត្ត បន្ទាយមានជ័យ កុំ​ឲ្យ​មានការ​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ដូច​ពេលកន្លងមក​៕ Tp