​សំណង់​ខុសច្បាប់​និង​រោង​អនាធិបតេយ្យ​ចំនួន​៤៩​ត្រូវបាន​រុះរើ​

300
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​សំណង់​ខុសច្បាប់​ដែល​ទើបតែ​សាងសង់​ថ្មីៗ​និង​រោង​អនាធិបតេយ្យ​គ្មាន​មនុស្ស​រស់នៅ​ចំនួន​៤៩​ខ្នង​ត្រូវបាន​រុះរើ​កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​ចេញពី​តាម​ដងផ្លូវ​ឡើងទៅ​ជើងភ្នំ​គូលែន​ដែលជា​តំបន់​គម្រប​ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​និង​ជា​ដី​សាធារណៈ​របស់​រដ្ឋ​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី​។​

​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​និយាយថា​ទោះបីជា​មានការ​ជូនដំណឹង​លើក​ទី​១ កាលពី​ថ្ងៃទី​២៤​តុលា​២០១៩​កន្លងទៅ​នេះហើយ​ក៏ដោយ ថែមទាំង​មានការ​ពន្យារពេល​ឱសានវាទ ការហៅ​តំណាង​មក​បំភ្លឺ​ពិភាក្សា​ការចុះទៅ​ជួប​ផ្ទាល់​ចំនួន​២​ដង​។​ក្រោយ​មានការ​សន្យា​ជា​សាធារណៈ​ថា​នឹង​រុះរើ​ដោយ​ស្ម័គ្រចិត្ត​ក៏​នៅតែមាន​បងប្អូន​មួយចំនួន​បានទទួល​ការ​ញុះញុង​ឱ្យនៅ​បន្ត​រក្សាទុក​សំណង់​ខុសច្បាប់​ទាំងនោះ​ហើយ​ថែមទាំង​មានការ​បំផុសបំផុល​ឱ្យមាន​ការ​លួច​សាងសង់​បន្ថែម​ថ្មី​ទៀត​។

​លោក​បាន​បន្តថា​ក្រោយពី​មានការ​ចុះទៅ​ផ្អាក​ការសាងសង់​សំណង់​ខុសច្បាប់​ថ្មី​ទាំងនោះ​ចំនួន​២​លើក​បន្ថែមទៀត រដ្ឋបាល​ស្រុក​បានសម្រេច​ចុះ​ប្រតិបត្តិ​ការរុះរើ ក្រោម​ការដឹកនាំ​របស់​លោក រៀម ចន្ទ​មុនី ព្រះរាជអាជ្ញារង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​ដោយមាន​ការសហការ​រ​វាង​កំលាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក និង​កំលាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​។​

​លោក​អភិបាលស្រុក​បន្ទាយស្រី​បានបញ្ជាក់​ទៀតថា​ច្បាប់​គឺជា​ច្បាប់​!​រាល់​ការរំលោភបំពាន​ទន្ទ្រាន​វាតទី​ខុសច្បាប់​ទាំងឡាយ ដាច់ខាត​ត្រូវតែ​បង្ក្រាប ទោះបីជា​វា​ធ្វើឡើង​ដោយ​បុគ្គល​ណាក៏ដោយ​។ ការ​កែន​គ្នា​យក​ចំនួន​មនុស្ស​ច្រើន​មក​តវ៉ា​មិនអាច​ធ្វើអោយ​ភាពខុស​ច្បាប់​ក្លាយជា​ទៅ​ត្រូវ​ច្បាប់​បានឡើយ ហើយ​បុគ្គល​ទាំងនោះ​នឹងត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​។ រដ្ឋបាល​ស្រុក​បន្ទាយស្រី​នឹង​បន្ត​រក​ចំណាត់ការ​ណាមួយ​សមស្រប​ចំពោះ​ប្រជាជន​ដែលមាន​លំនៅដ្ឋាន​ពិតប្រាកដ​នៅ​ទីនោះ​ប៉ុន្តែ​រាល់​ការធ្វើ​របង​ហ៊ុម​ព​ទ្ធ័​ទន្ទ្រាន​វាតទី​សាងសង់​ថ្មី​និង​សង់​បន្ថែម​ទាំងឡាយ​ត្រូវបាន​ហាមឃាត់​ជាដាច់ខាត​។​

​អាជ្ញាធរ​ស្រុក​បន្ទាយស្រី​បាន​បញ្ជាក់ថា​ការរុះរើ​នេះ​គឺ​មិនបាន​ប៉ះពាល់​លំនៅដ្ឋាន​ពិតប្រាកដ​របស់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ការរុះ​រើ​នេះឡើយ​ហើយក៏​មិនដែល​បណ្តោយអោយ​ប្រជាជន​ណា​គ្មាន​ទី​ជំរក​ដែរ​។​រាល់​សំណង់​ដែល​បាន​រុះរើ​សុទ្ធសឹងតែ​ជា​សំណង់​លួច​ធ្វើ​ខុសច្បាប់​លក្ខណៈ​បំភ័ន្ត​ភ្នែក​និង​អាច​ក្លាយទៅជា​លំនៅដ្ឋាន​រឹងមាំ ប្រសិនបើ​មិនមាន​វិធានការ​ទប់​ស្តា​ត់​ទាន់ពេលវេលា​។

​រដ្ឋបាល​ស្រុក​កំពុងធ្វើការ​ស្វែង​រកស​កម្ម​ជន​មួយក្រុម​តូច​ដែល​បាន​បំផុសបំផុល​ញុះញុង​អោយមាន​ចលនា​តវ៉ា​ក្រោមលេស​ថា​មានការ​រុះរើ​លំនៅដ្ឋាន​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ថែមទាំង​ជំរុញ​មិនអោយ​មានការ​រុះរើ​ដោយ​ស្ម័គ្រចិត្ត​និង​សាងសង់​បន្ថែម ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕S/

​រូបភាព​:​សំណង់​ខុសច្បាប់​និង​រោង​អនាធិបតេយ្យ​ចំនួន​៤៩​ខ្នង​ត្រូវបាន​រុះរើ​នៅ​ស្រុក​បន្ទាយស្រី​៕(​រូបថត​សមត្ថកិច្ច​)​