​សំណង់​ផែ​ឈើ​ខុសច្បាប់​នៅ​សង្កាត់​ដងទង់​រុះរើ​ចេញ​តាម​ការកំណត់​ហើយ​

1216
ចែករម្លែក

​ដោយ​៖​សុ​ផានី​តា​/​កោះកុង​៖​បញ្ហា​ទំនាស់​តវ៉ា​រឿង​លួច​សង់​ផែ​ឈើ និង​បិទ​ផ្លូវទឹក​ទូក​ចេញចូល​របស់​ប្រជា​នេសាទ​ជាង​៦០​គ្រួសារ រស់នៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ បាន​ដោះស្រាយ​បញ្ចប់​ជា​ស្ថាពរ ដោយ​ជនបង្ក​ជម្លោះ​យល់ព្រម​រុះរើ​ចេញ​តាម​កិច្ចសន្យា ដើម្បី​ផ្តល់​ភាពងាយស្រួល​ចតទូក​ដូចដើម​វិញ​។

ទោះបីជា​បញ្ហា​ត្រូវបាន​អាជ្ញាធរ​សម្របសម្រួល​ដាច់ស្រេច​ជា​ស្ថាពរ​ក្តី​ក៏​ជនបង្ក​នៅតែ​បដិសេធថា​ខ្លួន​រុះរើ​ព្រោះតែ​មិន​ចង់​កើត​មានរឿង​វែងឆ្ងាយ​បន្តទៀត​។​នៅ​ទីបំផុត​ក្រោយ​អាជ្ញាធរ​សង្កាត់​ដងទង់​ដាក់​ឱសានវាទ​រយៈពេល​២៥ គិត​ចាប់ពី​ថ្ងៃទី​២៤ ខែកុម្ភៈ ដល់​ថ្ងៃទី​២២ មីនា កាលពី​ថ្ងៃទី​២២ មីនា ថ្មីៗ​នេះ ជន​ជម្លោះ​ឈ្មោះ​ឈឹម​ស៊ី​នី​ហៅ​ធួ​ក​ជា​មន្ត្រីនគរបាល​ផ្នែក​បង្ក្រាប​បទល្មើស​នៃ​ស្នងការ​នគរបាល​ខេត្តកោះកុង បាន​រុះរើ​សំណង់​ផែ​ឈើ ដែល​ខ្លួន​បាន​សង់​រំលោភច្បាប់​បណ្តោយ​៩​ម៉ែត្រ និង​ទទឹង​៤​ម៉ែត្រ​ចេញ​ជា​ស្ថាពរ​ហើយ​។

​លោក លឹម ឌី ចៅសង្កាត់​ដងទង់ បានឱ្យដឹងថា ការសម្របសម្រួល​ដោះស្រាយ​រួមគ្នា​តាម​ប្រព័ន្ធ​ច្បាប់​នេះ ក៏​ព្រោះ តែ លោក ឈឹម ស៊ី​នី បាន​រុះរើ​ផែ​ឈើ​ដែលមាន​បណ្តោយ​៣,៦២​ម៉ែត្រ និង​ទទឹង​៣,៦០​ម៉ែត្រ​ចេញ តាម​ការសន្យា​របស់ខ្លួន​នៅ​ចំពោះមុខ​អាជ្ញាធរ​កន្លងទៅ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជា​នេសាទ​រង​ប៉ះពាល់​អាច​ចេញចូល​ទូក​ដូច​ធម្មតា​វិញ ដូច្នេះ​ពុំមាន​ទំនាស់​នឹង​គ្នា​ទៀតឡើយ​។

​លោក​ចៅសង្កាត់​ដងទង់ បន្ថែមថា ជនបង្ក​ជម្លោះ​មិនអាច​រំលោភបំពាន​លើ​កិច្ចសន្យា​ដែល​ព្រមព្រៀងគ្នា​ជា​ភាគី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​បានឡើយ ដូច្នេះ​គាត់​ត្រូវបាន​អនុវត្ត​ទៅតាម​ការកំនត់​នៃ​ឱសានវាទ​៕S/

​សំណង់​ផែ​ឈើ​ខុសច្បាប់​នៅ​សង្កាត់​ដងទង់​រុះរើ​ចេញ​តាម​ការកំណត់​ហើយ​