​សំណង់​រឹងមាំ​អត់​ច្បាប់​មួយកន្លែង​អាជ្ញាធរ​ចេះតែ​ឃាត់​ម្ចាស់​សំណង់​ចេះតែធ្វើ​បន្ត​

1200
ចែករម្លែក

​ដោយៈ​ចាន់ថន​ព្រៃវែងៈ​ផ្ទះល្វែង​មួយកន្លែង​ត្រូវបាន​គេ​សាងសង់​រំលោភ​មកលើ​ដី​ចំណីផ្លូវ​ជាតិ​ស្ទើ​ទាំងស្រុង​ខណៈ​អាជ្ញាធរ​ចេះតែ​ឃាត់​ម្ចាស់​សំណង់​ចេះតែ​បន្តធ្វើ​មិន​ឈប់​។​ផ្ទះល្វែង​ដែល​កំពុង​សាងសង់​នេះ​ស្ថិតនៅ​ចិញ្ចើម​ខាងត្បូង​ផ្លូវជាតិ​លេខ​៨ ចំណុច​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង​។​

​មន្ត្រី​នៅ​ស្រុក​ពារាំង ម្នាក់​បាន​បង្ហើប​ប្រាប់​រស្មី​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៨ នេះ​ថា​សំណង់​នៅ​ចំណុច​ខាងលើ​គឺ​ធ្វើ​ដោយ​គ្មាន​ច្បាប់ទម្លាប់​អ្វី​ទេ​។​អាជ្ញាធរ​ស្រុក​ឃុំ​បាន​ចុះ​ហាមឃាត់ ជាច្រើនលើក​ច្រើនសារ​ម​ក​ហើយ​។​ប៉ុន្តែ​ម្ចាស់​សំណង់​មិន​ព្រមស្ដាប់​គេ​នៅតែ​បន្តធ្វើ​រហូត ឃាត់​ថ្ងៃនេះ​ធ្វើ​ថ្ងៃស្អែក ឃាត់​ស្អែក​ធ្វើ​ខានស្អែក​។​

​ទោះបីជា​យ៉ាងណា​ពលរដ្ឋ​ដែល​រស់​នៅក្បែ​នោះបាន​ឲ្យ​ដឹងថា ផ្ទះល្វែង​នេះ​គេ​ធ្វើ​សម្រាប់​ជួល ។​កន្លងមក​ឃើញតែ​មនុស្ស​មករក​ជួល ប៉ុន្តែ​ម្ចាស់​មិនទាន់​ដាក់​ថ្លៃ​ថា ជួល​១​ខែ​តម្លៃ​ប៉ុន្មាន​នោះទេ បើ​គិត​ចំណីផ្លូវ​វិញ​ដល់​ពាក់កណ្ដាល​ផ្ទះ​ឯណោះ​។​ពលរដ្ឋ​បន្តថា​ផ្ទះល្វែង​នេះ​ធ្វើ​រំលោភ​ដី​ចំណីផ្លូវ​ហើយ​ថែមទាំង​ធ្វើ​សំ​យ៉ាប​ដែក​លយ​ចេញ​វែង​មក​ខាងមុខ​ទៀត​។​មួយរយៈ​មុន​គាត់​ឃើញ​អាជ្ញាធរ​ឮ​ចុះ​ឃាត់​ដល់​ទៅ​២​លើក​មិន​ឲ្យ​ម្ចាស់​សំណង់​សាងសង់​ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច​ទើប​គេ​ធ្វើ​រហូត​។​

​ដោយឡែក​ក្រុម​ជាង​ដែល​កំពុង​សាងសង់​ទីនោះ​បាន​ប្រាប់ថា​សំណង់​រឹងមាំ​មួយ​នេះ​មាន​ចំនួន​សរុប​១៦​ល្វែង​ក្នុង​១​ល្វែង​មាន​ទំហំ​ទទឹង​៥​ម៉ែត្រ​ជម្រៅ​១២​ម៉ែត្រ​មាន​បន្ទប់ទឹក​និង​ឡៅតឿ​មួយ​កំណាត់​ផ្ទះ​ខាងក្រោយ​ធ្វើ​អំពី​ដែក​សម្រាប់​ដេក​ពេលយប់​។

ក្នុងនោះ ថៅកែ​បានកំណត់​ដាក់​ជួល មួយខែ​ចាប់ពី​១៥០​ដុល្លារ ទៅ​២០០​ដុល្លារ​។​ហើយ​សំណង់​មួយ​នេះ​ចាប់ធ្វើ​តាំងពី​ខែមីនា​ឆ្នាំ​២០១៨​មក​ម្លេះ​រហូតដល់​ពេលនេះ​សម្រេចបាន​៨០​ភាគរយ​ហើយ​។​​ឆ្លើយតប​និង​ការលើកឡើង​ខាងលើនេះ ភ្នាក់ងារ​យើង​មិន​អា​សុំ​ការបំភ្លឺ​ពី​ម្ចាស់​សំណង់​បានទេ​។​

​ប៉ុន្តែ​លោក​កែវ​ឈួន​មេឃុំ​ព្រៃ​ព្នៅ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២២​ខែឧសភា​នេះ​ថា​សំណង់​នៅ​ចំណុច​នោះ​លោក​បានធ្វើ​ការហាមឃាត់​មួយ​លើក​ជា​ពីរលើក​។​ប៉ុន្តែ​គេ​មិន​ស្ដាប់​នៅ​បន្តធ្វើ​ដដែល​ព្រោះនេះ​ជា​សំណង់​អត់​ច្បាប់​៕S/

​សំណង់​រឹងមាំ​អត់​ច្បាប់​មួយកន្លែង​អាជ្ញាធរ​ចេះតែ​ឃាត់​ម្ចាស់​សំណង់​ចេះតែធ្វើ​បន្ត​