​សំណង់​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​សង់​ប៊ិះ​រួច​ទើប​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ចុះ​ផ្អាក​

1341
ចែករម្លែក

​ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ដឹកនាំ​មន្ត្រី​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន ចុះទៅ​ធ្វើការ​ហាមឃាត់​ការសាងសង់​សំណង់​មួយកន្លែង​យ៉ាង​ធំ​ស្កឹមស្កៃ ដែល​លួច​សាងសង់ ទាំង​គ្មាន​លិខិតអនុញាត​រយៈពេល​៣​ទៅ​៤​ខែ​ស្មើ​៧០​ភាគរយ​ហើយ​។​

វីឡា​នោះ របស់​អ្នកមាន​ស្ដុកស្ដម្ភ​ម្នាក់​ឈ្មោះ លាស់ ប៊ី​សេ​រ៉ា ភេទ​ប្រុស ជនជាតិខ្មែរ​អ៊ីស្លាម រហូត​ឈានដល់​ការដកហូត​សម្ភារៈ មួយចំនួន​មក​រក្សាទុក ក្រោយពី​ហាមឃាត់​មិន​ព្រមស្ដាប់​ជាច្រើនលើក នៅ​ល្ងាច​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅជាប់​ផ្លូវ​បេតុង ក្នុងភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌឫស្សីកែវ ។​

​លោក ស៊ូ សារ៉ាត់ នាយករង​រដ្ឋបាល​ខ​ណ្ឌ បានបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​ទទួល​បទបញ្ជា​ពី​លោក ស៊ូ សោ​គន្ធ អភិបាលរងខណ្ឌ​ឫស្សីកែវ តំណាង​លោក ជា ពិសី អភិបាលខណ្ឌ ឲ្យ​ចុះ​ផ្អាក​ការសាងសង់​សំណង់​ធំៗ ដែល​គ្មាន​លិខិតអនុញ្ញាត ត្រូវបានធ្វើ​ឡើងជា​បន្ត​បន្ទាប់ គឺ​ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ទៅតាម​អនុក្រឹត្យ​លេខ​៨៦ អនក្រ​.​បក ចុះ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​១៩៩៧ របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ស្ដីពី​លិខិតអនុញ្ញាត​សាងសង់ និង​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ រួម​និង​បទដ្ឋាន​របស់​ស្ថាប័ន​ជំនាញ រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​របស់លោក​-​លោកស្រី​ជា​ម្ចាស់​សំណង់ ឬ​ជាងសំណង់ ត្រូវ​ផ្អាក​ការសាងសង់​ជា​បណ្ដោះអាសន្ន ហើយ​បំពេញបែបបទ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឬ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ ហើយ​រង់ចាំ​រហូត​ទទួលបាន​លិខិតអនុញ្ញាត និង​លិខិត​បើក​ការដ្ឋាន ទើប​អាច​បន្ត​ការសាងសង់​តទៅទៀតបាន​។​

​ជាមួយគ្នា​នោះ លោក លឹម សាម៉ឺឌី ប្រធានការិយាល័យ​អន្តរ​វិស័យ​ខណ្ឌ បាន​ឲ្យ​ដឹងផង​ដែរ​ថា ចំពោះ​សំណង់​ដ៍​ធំ​ស្កឹមស្កៃ របស់លោក លាស់ ប៊ី​សេ​រ៉ា ចាំបាច់​ត្រូវតែមាន​លិខិតអនុញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ទើប​អនុញាត​ឲ្យ​សាងសង់​បន្តទៅទៀត​បាន ។​

ជាពិសេស​កូនប្រុស​របស់លោក លាស់ ប៊ី​សេ​រ៉ា ជា​អ្នកមើលការខុសត្រូវ​លោក លាស់ យូរ៉ូ​ម៉ាឬជាងសំណង់នៅតែបន្តការសាងសង់ទាំងមិនមានលិខិតអនុញ្ញាត​នោះ រដ្ឋបាល​ខណ្ឌ នឹង​ចាត់វិធានការ​រដ្ឋបាល​ឃាដក​ហូត​យក​សម្ភារៈ ឧបករណ៍​សំណង់​មក​រក្សាទុក ជា​បណ្ដោះអាសន្ន។ ដោយ​មិន​ទទួល ខុសត្រូវ​លើ​ការខូចខាត ឬ​បាត់បង់​អ្វី​ឡើយ និង​រាល់​ហានិភ័យ​ដែល​កើតឡើង ដោយ​គ្រោះថ្នាក់​ពលកម្ម ការបាក់​ស្រុត ដួលរលំ​សំណង់ អាច​បង្ក​ជា​គ្រោះថ្នាក់​ផ្សេងៗ ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ នោះ​លោក​-​លោកស្រី ជា​ម្ចាស់​សំណង់ ឬ​ជាងសំណង់ ដាច់ខាត​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​ច្បាប់ ជា​ធរមាន​៕S/

​សំណង់​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​សង់​ប៊ិះ​រួច​ទើប​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ចុះ​ផ្អាក​