“​សំបុត្រ​អត្តឃាត​” របស់​ហ៊ី​ត្លែរ ត្រូវបាន​ដាក់លក់​នៅ​សហរដ្ឋអាមេរិក​

629
ចែករម្លែក

ប្រធាន​ក្រុមហ៊ុន​លក់​ដេញថ្លៃ​មួយ ដែល​បច្ចុប្បន្នកំពុង​លក់​សំបុត្រ​អត្តឃាត​របស់​ហ៊ី​ត្លែរ បាន​សង្កេតឃើញ​នៅក្នុង​សំបុត្រ​នោះ​ថា មេដឹកនាំ​បក្ស​ណា​ស៊ី​រូបនេះ​បាន​ព្យាយាម​បង្ហាញ​ខ្លួនឯង​ជា​មេដឹកនាំ​ដ៏​អង់អាច​ក្លាហាន​របស់​ប្រជាជន​គាត់​រហូតដល់​ទីបញ្ចប់ ខណៈ​ការពិត​ជាក់ស្តែង ជម្រើស​នៃ​ការស្លាប់​របស់គាត់​ដូចជា​មិន​ក្លាហាន​ដូច​ការនិយាយ​នោះទេ​។​

​ទូរលេខ​មួយ​ដែល​ផ្ញើ​ដោយ​អា​ដូ​ហ្វ ហ៊ី​ត្លែរ​នៅ​ខែមេសា​ឆ្នាំ ១៩៤៥ ទៅ​មេបញ្ជាការ​ម្នាក់​របស់គាត់ ដោយ​ប្រាប់​មេបញ្ជាការ​រូបនោះ​ថា មេដឹកនាំ​បក្ស​ណា​ស៊ី​មានបំណង​បន្ត​ស្នាក់​នៅក្នុង​ទីក្រុង​បែរ​ឡាំង​នៅ​ចំពោះ​មុខការ​រុលចូល​របស់​កងទ័ព​សូ​វៀត ឥឡូវនេះ​កំពុង​ត្រូវបាន​ដាក់លក់​ដេញថ្លៃ​ដោយ​ក្រុមហ៊ុន Alexander Historical Auctions ក្នុង​រដ្ឋ​ម៉ា​រី​លែ​ន​។

​ហ៊ី​ត្លែរ​បាន​សរសេរ​ទៅឱ្យ​សេនាប្រមុខ ហ្វើ​ឌី​ណាន់ សូ​ន័​រ (Ferdinand Schorner) ថា “​ខ្ញុំ​នឹង​បន្ត​ស្នាក់នៅ​បែរ​ឡាំង​ដើម្បី​ចូលរួម​បង្ហាញ​ពី​កិត្តិយស​ក្នុង​សមរភូមិ​សម្រេចសេចក្តី​សម្រាប់​អាល្លឺម៉ង់​និង​ដើម្បី​ធ្វើជា​គំរូ​ល្អ​ដល់​អ្នក​ទាំងឡាយ ដែល​នៅ​សេសសល់​។ ខ្ញុំ​ជឿជាក់ថា​តាមរបៀប​នេះ​ខ្ញុំ​នឹង​បម្រើ​ដល់​អាល្លឺម៉ង់​អស់ពី​សមត្ថភាព​។ សម្រាប់​អ្នក​ទាំងឡាយ​ដែល​នៅ​សេសសល់ រាល់​ការប្រឹងប្រែង​ត្រូវតែ​ធ្វើឡើង​ដើម្បី​ឈ្នះ​ការតស៊ូ​ដើម្បី​ទីក្រុង​បែរ​ឡាំង​។ អ្នក​អាចជួយ​អស់ពី​សមត្ថភាព​នៅ​ទីនោះ ដោយ​ការ​រុល​ទៅ​ទិស​ខាងជើង​ឱ្យបាន​លឿន​តាម​ដែល​អាច​ធ្វើបាន​”​។​

​ដូចដែល​ប្រធាន​ក្រុមហ៊ុន​លក់​ដេញថ្លៃ​លោក​ប៊ី​ល ប៉ា​ណា​ហ្គោ​ផូ​ឡូ​ស បាន​ពន្យល់​ចឹ​ង ទូរលេខ​នេះ​ជា​បំណែក​ភស្តុតាង​ជា​លាយលក្ខណ៍អក្សរ​ដ៏​ពិសេស​បំផុត​ដែល​បញ្ជាក់​ពី​ចេតនា​របស់លោក​ហ៊ី​ត្លែរ​ដើម្បី​បន្ត​និង​ស្លាប់​នៅក្នុង​រដ្ឋធានី​អាល្លឺម៉ង់ ដោយ​ធ្វើឱ្យ​វា​ក្លាយជា “​សំបុត្រ​អត្តឃាត​” ។​

​លោកប៉ា​ណា​ហ្គោ​ផូ​ឡូ​ស បាន​កត់សម្គាល់ថា “​នៅក្នុង​សំបុត្រ​នោះ គាត់​ព្យាយាម​បង្ហាញ​ខ្លួនឯង​ជា​មេដឹកនាំ​ដ៏​អង់អាច​ក្លាហាន​របស់​ប្រជាជន​គាត់​រហូតដល់​ទីបញ្ចប់ ដែល​តាមពិត​ជាក់ស្តែង​គាត់​បាន​ចូលទៅក្នុង​បន្ទប់ដេក​របស់គាត់​ហើយ​ដក​កាំភ្លើង​បាញ់​ក្បាល​របស់គាត់​”​។​

​នៅ​ថ្ងៃទី ៣០ ខែមេសា​ឆ្នាំ ១៩៤៥ អា​ដូ​ហ្វ ហ៊ី​ត្លែរ និង​ដៃគូ​របស់គាត់​ឈ្មោះ​អ៊ី​វ៉ា ប្រូ​ន បានធ្វើ​អត្តឃាត​ក្នុង​លេណដ្ឋាន​របស់លោក​នៅ​ទីក្រុង​បែរ​ឡាំង​។​

​ទោះយ៉ាងណា សំណុំ​ឯកសារ​សម្ងាត់​របស់ FBI បាន​បង្ហាញថា នៅ​ឆ្នាំ ១៩៤៥ ទីភ្នាក់ងារ​ចារកម្ម​នេះ​បាន​ស៊ើបអង្កេត​លើ​ការអះអាង​នានា​ថា​លោក​ហ៊ី​ត្លែរ​បាន​ភៀសខ្លួន​ចេញពី​អាល្លឺម៉ង់​តាម​នាវាមុជទឹក​និង​ស្វែងរក​ការ​ជ្រកកោន​នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន​៕ ដោយ៖ កញ្ញាដាលីស

សំបុត្រ​អត្តឃាត​របស់​ហ៊ី​ត្លែរ​កំពុង​ដាក់លក់​នៅ​អាមេរិក