​សំឡេង​ចេញពី​អន្លង់វែង​ជុំវិញ​ថ្ងៃទី​១៧ មេសា ១៩៧៥

1854

ដោយ លី សុខ​ឃាង និង សួត វិចិត្រ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ដែល​បង្កើតឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

​ថ្ងៃទី​«១៧ មេសា ១៩៧៥» បានក្លាយ​ជា​កាល​បរិ​ចេ្ឆ​ទ​មួយ ដែល​ត្រូវបាន​ពណ៌នា​ជាទូទៅ​បំផុត​ថា​ជា​ថ្ងៃ​នៃ​ចំណុច​របត់​សង្គម​នយោបាយ​របស់​ប្រទេស​កម្ពុជា​ប្រកបដោយ​សោកនាដកម្ម ឆ្ពោះទៅកាន់​របប​គ្រប់គ្រង​របស់​ខ្មែរក្រហម ឬ​ឈ្មោះ​ជា​ផ្លូវការ​ថា «​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»​។ នៅពេល​និយាយ​អំពី​កាលបរិច្ឆេទ​នេះ ប្រជាជន​កម្ពុជា​ភាគច្រើន​សម្តែង​នូវ​អារម្មណ៍​សោកសៅ​បំផុត​ចំពោះ​ការមកដល់​នៃ​យោធា​ខ្មែរក្រហម​នៅក្នុង​ទីក្រុង​ភ្នំពេញ ខណៈ​អ្នក​ខ្លះទៀត​ក៏​អបអរ​ជាមួយនឹង ជ័យជម្នះ​នេះដែរ និង​សង្ឃឹមថា​សង្គ្រាម​បាន​ផុតរលត់​ទៅ ហើយ​ប្រទេសជាតិ​នឹងមាន​សន្តិភាព ដែល​ប្រជាជន​រង់ចាំ​អស់​រយៈពេល​ជា​យូរ​មកហើយ​។ កាលបរិច្ឆេទ​នេះ ក៏ត្រូវ​បាន​ចងចាំ​ថា​ជា​ថ្ងៃ​ដែល​ចាប់ផ្តើម​ជម្លៀស​ប្រជាជន​កម្ពុជា​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​នានា​។ ភាពចលាចល និង​ភាពភ័យខ្លាច​ចំពោះ​វត្តមាន​យោធា​ខ្មែរក្រហម​បាន​កើតមាន​ចំពោះ​ប្រជាជន​នៅក្នុង​ទីក្រុង​។ សំណួរ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ត្រូវបាន​លើកឡើង គឺថា​តើ​នៅពេលនោះ អតីត​យោធា​ខ្មែរក្រហម​ខ្លួនឯង មានការ​យល់ឃើញ​យ៉ាងដូចម្តេច​ដែរ​ចំពោះ​ថ្ងៃ​១៧ មេសា ១៩៧៥​នេះ​?

កង​យោធា​ខ្មែរក្រហម​ចូលមក​ក្រុងភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥

​ដើម្បី​ស្វែងយល់​និង​ឆ្លុះបញ្ចាំង​ទៅលើ​កាលបរិច្ឆេទ​ខាងលើ អត្ថបទ​នេះ​សូម​លើកយក​ទស្សនៈ​របស់​ប្រជាជន​អន្លង់វែង ដែល​ភាគច្រើន​ជា​អតីត​យោធា និង​សមាជិក​នៃ​ចលនា​ខ្មែរក្រហម​។ គោលបំណង​ចម្បង​គឺ​ចង់ដឹងថា​តើ​អតីត​យោធា​ខ្មែរក្រហម​មាន​ទឹកចិត្ត និង​សេចក្តី​រំពឹង​បែបណា​ចំពោះ​ជ័យជម្នះ​ទាំងស្រុង ហើយ​ថា​តើន​រណា​គួរ​ត្រូវ​បន្ទោស​ចំពោះ​ដំណើរ​វិ​វដ្ត​ឆ្ពោះទៅរក​សោកនាដកម្ម​ដែល​ប្រជាជន​កម្ពុជា​ជិត​ពីរលាន​នាក់​បាន​បាត់បង់​ជិវិត​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​។ សេចក្តី​ដកស្រង់​សម្តី​ដើម​មាន​ដូចតទៅ​៖

​លោក ជាម ទ្រី​ម អាយុ​៦០​ឆ្នាំ នៃ​ស្រុក​អន្លង់វែង​៖ «​ថ្ងៃទី​១៧ មេសា ១៩៧៥ គឺ​ថ្ងៃ​ដែល​យើង​វាយ​រំដោះ​ភ្នំពេញ​។ ជាធម្មតា យើង​ចង់​ចប់​សង្គ្រាម​។ យើង​អត់​ចង់​ទេ​ក្នុងការ​ធ្វើសង្គ្រាម​ហ្នឹង​។ ប៉ុន្តែ នៅពេល​វាយ​រំដោះ​បានឈ្នះ​ហើយ គឺ​យើង​ត្រេកអរ​ណាស់​មួយ​ពេលនោះ ព្រោះ​តួនាទី​យើង​ជា​អ្នកធ្វើ​សង្គ្រាម ពេល​ឈ្នះ យើង​ត្រេកអរ​។ តែ​ក្រោយពី​ការឡើង​កាន់អំណាច​រប​ស់​ខ្មែរក្រហម​ហើយ​វា​បែរជា​មានការ​លំបាក​ជាង​ពេល​យើង​ធ្វើសង្គ្រាម​ជាមួយ លន់ នល់ ទៅវិញ គឺ​លំបាក​តាំងពី​ជីវភាព​រស់នៅ​លំបាក​ទាំង​របប​នយោបាយ​គាបសង្កត់​ទាំង​យោធា និង ប្រជាជន​ធម្មតា​។​»

​លោក ជួប សួរ អាយុ ៦៥​ឆ្នាំ នៃ​ស្រុក​អន្លង់វែង​៖ «​ថ្ងៃទី ១៧ មេសា ១៩៧៥​គឺជា​ថ្ងៃ​ដែល​ខ្មែរក្រហម​បាន​វាយ​រំដោះ​ទីក្រុង​ភ្នំពេញ​។ ខ្ញុំ​ផ្ទាល់​បាន​ចូល​វាយ​រំដោះ​ក្នុង​ចលនា​ហ្នឹង​ដែរ​។ យើង​វាយ​ដាច់​មកពី​ខាងលិច​ភ្នំពេញ​រហូត​ចូល​មកដល់​ពោធិ៍ចិនតុង​។ នៅពេលដែល​យើង​ទទួលបាន​ជ័យជម្នះ​ដោយ​ផ្ដួលរំលំ​របប លន់ នល់ ដែល​គាំទ្រ​ដោយ​អាមេរិក​រួចហើយ​។ អារម្មណ៍​របស់ខ្ញុំ​នៅពេលនោះ​គឺ​រំភើប​និង ត្រេកអរ​យ៉ាងខ្លាំង ដោយ​សង្ឃឹមថា ខ្ញុំ​នឹង​អាច​ទៅលេង​ផ្ទះសម្បែង រួមទាំង​ក្រុមគ្រួសារ​នៅឯ​ស្រុក​ទៀតផង​។ ជាពិសេស​គឺ​សម្រាប់​សង្គម​ខ្មែរ​យើង​ទាំងមូល​នឹង​ឈានទៅរក​សន្ដិភាព​ចាប់ពីពេលនោះ​ហើយ​មើលទៅ​។ តែ​វា​ផ្ទុយស្រឡះ​ពីអ្វី​ដែល​ខ្ញុំ​គិតតែ​ម្ដង​។​»

​លោកស្រី សឹម ធី​ម អាយុ​៦១​ឆ្នាំ នៃ​ស្រុក​អន្លង់វែង​៖ «​នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​វាយ​បាន​ទីក្រុង​ភ្នំពេញ ដោយ​ផ្ដួលរំលំ លន់ នល់ ដែលមាន​អាមេរិក​ជា​អ្នកគាំទ្រ​។ នៅពេល​ហ្នឹង ខ្ញុំ​មានចិត្ត​រំភើប​រីករាយ​យ៉ាងខ្លាំង ដោយ​គិតថា​សង្គ្រាម​នៅ​ខ្មែរ​ត្រូវបាន​បញ្ចប់ ហើយ​ឈានទៅរក​សនិ្ដ​ភាព​មួយ​ដ៏​ល្អប្រសើរ​។ តែ​ក្រោយមក ខ្ញុំ​គិតថា​សម័យ​ដែល​ខ្មែរក្រហម​ដឹកនាំ មាន​លក្ខណៈ​តឹងតែង និង​ធ្វើ​ឲ្យ​មានការ​បែកបាក់ ម៉ែឪ បងប្អូន ហើយ​ត្រូវ​ហូប​រួម​ទៀត​។​»

​លោកស្រី ណុប រី​ម អាយុ​៦០​ឆ្នាំ នៃ​ស្រុក​អន្លង់វែង​៖ «​សម្រាប់​ខ្ញុំ ថ្ងៃទី​១៧ មេសា ១៩៧៥ គឺថា​នៅពេលដែល​ខ្មែរក្រហម​បាន​ដឹកនាំ​ប្រជាជន និង​កងទ័ព​ប្រឆាំងនឹង​របប លន់ នល់​។ ខ្ញុំ​គិតថា​ការផ្ដួលរំលំ​របស់រប​ប លន់ នល់ ហើយ​ការឡើង​កាន់អំណាច​រប​ស់​ខ្មែរក្រហម គឺ​ល្អ​ខ្លាំងណាស់​សម្រាប់​សង្គមជាតិ​ខ្មែរ​។ ខ្ញុំ​តែងតែ​គិត​ទៀតថា ខ្លួន​នឹង​បាន​ទៅលេង​ស្រុកកំណើត​វិញ​ដោយ​សប្បាយរីករាយ ជួបជុំ​នឹង​គ្រួសារ​។ ជាពិសេស​សម្រាប់​សង្គម​ជាតិ​អាច​ឈានទៅរក​សុខសន្ដិភាព​តែម្ដង​។ ផ្ទុយទៅវិញ អារម្មណ៍​នៃ​ការគិត​ទាំង​ហ្នឹង​ត្រូវ​រលាយ​សាបសូន្យ ដោយសារ​ប្រទេសជាតិ​រឹតតែ​មាន​ភាព​តឹងតែង​ឡើងៗ​។​»

​លោក មិន រី​ម អាយុ​៥៩​ឆ្នាំ នៃ​ស្រុក​អន្លង់វែង​៖ «​ពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច​ថ្ងៃទី​១៧ មេសា ១៩៧៥ ខ្ញុំ​គិតថា វា​ជា​ថ្ងៃ​ដែល​ល្អ​មួយ​នៃ​ការដណ្ដើម​ជ័យជំនះ​របស់​ខ្មែរក្រហម​ដែល​បាន​ផ្ដួលរំលំ​របប លន់ នល់ ដែល​គាំទ្រ​ដោយ​អាមេរិក​។ នៅពេលនោះ ខ្ញុំ​តែងតែ​សង្ឃឹមថា យើង​អាច​រស់នៅក្នុង​រប​បស​ង្គ​ម​មួយ​ថ្មី និង​ប្រសើរ​ជាង​មុន​។​»

​លោក ហេង កេង អាយុ ៥៩ ឆ្នាំ នៃ​ស្រុក​អន្លង់វែង​៖ «​ខ្ញុំ​យល់ថា ថ្ងៃទី​១៧ មេសា ១៩៧៥ គឺជា​ថ្ងៃមួយ​ដែល​ខ្មែរក្រហម​បាន​រំដោះប្រទេស​ខ្មែរ​ពីរ​បប​គ្រប់គ្រង​របស់​លន់ នល់ ដែលមាន​អាមេរិក​ជា​អ្នក​ដាក់​នឹម​ត្រួតត្រា និង​ជា​មា្ច​ស់​ជំនួយ ពីព្រោះ​រាល់​គ្រឿង​សម្ភារ​ទាំងអស់ គឺ​អាមេរិក​ជា​អ្នកផ្ដល់ជំនួយ​ទាំងស្រុង​។ នៅពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច អារម្មណ៍​ខ្ញុំ​នៅពេលនោះ​គឺមាន​ការរំភើប និង​ត្រេកអរ​ខ្លាំងណាស់​ពីព្រោះ​ខ្មែរក្រហម​បាន​រំដោះប្រទេស​ឲ្យ​រួច​ផុតពី​ការត្រួតត្រា​របស់​អាមេរិក​។ ខ្ញុំ​គិតថា យើង​បានរស់នៅ​ក្នុង​រប​បស​ង្គ​ម​មួយ​ថ្មី​។​»

​លោក អុក រ៉ា អាយុ ៦០​ឆ្នាំ នៃ​ស្រុក​អន្លង់វែង​៖ «​ខ្ញុំ​យល់ឃើញថា ថ្ងៃទី​១៧ មេសា​ជា​ថ្ងៃ​ដែល​ខ្មែរក្រហម​វាយ​រំដោះ​បាន​ទីក្រុង​ភ្នំពេញ​ពីរ​បប​គ្រប់គ្រង​របស់ លន់ នល់ ដែលមាន​អាមេរិក​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​។ ចំពោះ​ខ្ញុំ​នៅពេលនោះ គឺមាន​ការ​ត្រេកអរ​យ៉ាងខ្លាំង​ក្នុង​មួយពេល​នោះ ដោយ​ពុំ​បានគិត​ឲ្យ​ជ្រៅ​ថា​ទៅ​ថ្ងៃមុខ​ទៀត​វា​ទៅជា​យ៉ាងណា​នោះទេ​។​»

​លោកស្រី ឡា​ច ខន អាយុ ៦៤​ឆ្នាំ នៃ​ស្រុក​អន្លង់វែង​៖ «​ទស្សនៈ​របស់ខ្ញុំ​ជុំវិញ​ថ្ងៃទី​១៧ មេសា​គឺថា នៅពេលនោះ ខ្មែរក្រហម​បាន​រំដោះប្រទេស​ជាតិ​ពី​ការគ្រប់គ្រង​របស់ លន់ នល់ និង​អាមេរិក​។ ខ្ញុំ​មានចិត្ត​រំភើប និង​ត្រេកអរ​យ៉ាងខ្លាំង ដោយ​គិតថា​ប្រទេសជាតិ​និង​ទទួលបាន​សន្ដិភាព បាន​ជួបជុំ​ក្រុម គ្រួសារ និង​មាន​ពេល​រកស៊ី​។ តែ​ទីបញ្ចប់ វា​ខុសពី​ការពិត​ទាំងស្រុង​។​»

អតីត​យោធា​ខ្មែរក្រហម​នៅ​តំបន់​អន្លង់វែង​ធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រដ្ឋាភិបាល​នៅ​ឆ្នាំ​១៩៩៨​។​

​លោកស្រី ឆាំ ឡុង អាយុ​៦២​ឆ្នាំ នៃ​ស្រុក​អន្លង់វែង​៖ «​ទស្សនៈ​របស់ខ្ញុំ​ជុំវិញ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ គឺ​នៅពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច​ភ្លាម ចិ​ត្ដរបស់​ខ្ញុំ​មានការ​រំភើប​យ៉ាងខ្លាំង​។ យើង​បាន​រួចផុត​ពីរ​បប លន់ នល់​។ តែ​ក្រោយមក ក្រោម​ការដឹកនាំ​របស់​ខ្មែរក្រហម ច្បាប់​វិន័យ​សម្រាប់​អប់រំ​មនុស្ស​កុំ​ឲ្យ​មានការ​ឆក់ លួច ប្លន់ គឺមាន​។ ប៉ុន្ដែ​បើ​ច្បាប់​ទៅលើ​ការកាត់ទោស​វិញ​គឺ​ស្ថិតនៅលើ​មាត់​មនុស្ស គឺមាន​លក្ខណៈ​អនាធិបតេយ្យ ដោយ​អាស្រ័យទៅលើ​គំនុំ​បុគ្គល​ម្នាក់ៗ ហើយ​ណាមួយ​រឿង​ដែល​មិនធំ​ដុំ ក៏​ធ្វើ​ឲ្យ​មានការ​សម្លាប់​ងាយៗ គឺមាន​ការខ្វះចន្លោះ​ត្រង់​ហ្នឹងឯង​។ ហើយ​បើ​រឿង​ហូបចុក​វិញ ជាធម្មតា​មនុស្សរ​ស់ដោ​យ​សារ​ហូប តែ​ជំនាន់​ហ្នឹង​វា​មាន​លក្ខណៈ​តឹងតែង​ត្រង់​ថា គេ​ចង់​ឲ្យ​ហួ​ប​ចុក​រួមគ្នា ដោយ​សមូហភាព​។ អ្វីៗ​ក៏​រួម​គា្ន​។ ជាធម្មតា មនុស្ស​ក្រពះ​ខុសគ្នា​គឺ​ឃ្លាន​ហើយ​។ បើ​សម្រាប់​ខ្ញុំ​គឺ​មិនបាន​ជួបប្រទះ​ខ្លាំង​ដូច​គេ​ទេ​ព្រោះ​តំបន់​ខ្ញុំ​ដែល​ស្ថិតនៅ​ទីតាំង​ភូមិ​ទឹក​ជុំ​សព្វថ្ងៃនេះ​គឺ​វា​មិន​តឹងរឹង​ដូច​តំបន់​ដទៃ​ទេ​ដោយមាន​ការយោគយល់​គ្នា​ដែរ​ដូច​ថា​យើង​អាច​គាស់​ដំឡូង​មក​ដុត​ហូប​ក្រៅ​គឺ​បាន តែបើ​កន្លែង​ផ្សេងៗ បើ​គេ​ដឺ​ង​គឺ​គេ​យកទៅ​សម្លាប់ចោល​តែម្ដង ហើយ​បើ​និយាយ​រួម នៅក្នុង​សង្គមជាតិ​ទាំងមូល​ពេល​ហ្នឹង​គឺ​វា​ពិបាក​ដោយ​កន្លែងៗ​ដែរ វា​មិន​ទាំងស្រុង​នោះទេ​។​»

​លោក ទិ​ត្យ មន អាយុ ៧៣ ឆ្នាំ នៃ​ស្រុក​អន្លង់វែង​៖ «​នៅពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច​នៅ​ថ្ងៃទី​១៧ មេសា ១៩៧៥ ខ្ញុំ​គិតថា កាល​ហ្នឹង​នយោបាយ​តម្រូវ​ឲ្យ​យើង​ចូល​ព្រៃ​ដើម្បី​ដណ្ដើម​អំណាច​មកវិញ​ឲ្យ សម្តេចព្រះ ន​រោ​ត្ដម សីហនុ​។ តែ​ទីបញ្ចប់ នៅពេលដែល​យើង​វាយ​ឈ្នះ លន់ នល់ ហើយ​បែរជា​លេចចេញ​អ្នកផ្សេង​មកកាន់​អំណាច​ទៅវិញ​។ នៅពេលនោះ ខ្ញុំ​មិនដែល​ស្គាល់ ប៉ុល ពត ជា​អ្នកណា​ផង ហើយ​ខ្ញុំ​ក៏​មិនដែល​ឮឈ្មោះ ប៉ុល ពត ទៅទៀត​។ តែ​បែរជា​គាត់​ក្លាយទៅជា​អ្នកដឹកនាំ​ប្រទេស​។ រឿងនេះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រ​ងាកចិត្ដ​ខ្លាំងណាស់ តែ​មិនដឹង​ធ្វើ​អ្វី​កើត បើ​យើង​នៅក្រោម​ការគ្រប់គ្រង​រប​ស់​របប​នោះ​ទៅហើយ​។​»​ ​

​អតីត​យោធា​ខ្មែរក្រហម និង​ប្រជាជន​កម្ពុជា​ជាច្រើន ធ្លាប់មាន​សេចក្តីសង្ឃឹម​ស្រដៀង​គ្នា​ដែរ​ចំពោះ​ថ្ងៃទី​១៧ មេសា ១៩៧៥ ដោយ​គិតថា​សង្គ្រាម​បានបញ្ចប់ ហើយ​សន្តិភាព​នឹង​កើតមានឡើង​ចំពោះ​ប្រទេសជាតិ​របស់ខ្លួន​។ ជាពិសេស ខ្លួន​អាច​នឹង​វិលត្រឡប់​ទៅកាន់​ភូមិកំណើត​របស់ខ្លួន​និង​ជួបជុំ​ក្រុមគ្រួសារ​វិញ​។ នេះ​ជាការ​តស៊ូ និង​ការលះបង់​រួមគ្នា​របស់​ប្រជាជន​កម្ពុជា ដើម្បី​បុព្វហេតុ​ជាតិ​និង​មាតុភូមិ​។ ក៏ប៉ុន្តែ ដូចដែល​ប្រវត្តិសាស្ត្រ​បានបង្ហាញ​រួចហើយ របប​ខ្មែរក្រហម​បានប្រែក្លាយ​ទៅជា​ការគ្រប់គ្រង​ប្រកបដោយ​មហន្តរាយ​ទៅវិញ​ចាប់ពី​ថ្ងៃទី​១៧ មេសា ១៩៧៥៕