​ស៊ីម សឿង​

533
ចែករម្លែក

ដោយៈ ផេង ពង្ស​រ៉ាស៊ី​
​សាលាក្តី​ខ្មែរក្រហម​ដែល​បានចាប់ផ្តើម​ក្នុង​ឆ្នាំ​២០០៦​បាន​ថមថយ​ទៅៗ​នៅក្នុង​ឆ្នាំ​២០១៩​នេះ និង​ឈានទៅរក​ការបញ្ចប់​ទាំងស្រុង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។ ស្ថាប័ន​និង​ការិយាល័យ​ច្បាប់​មួយចំនួន ត្រូវបាន​បិទ​បញ្ចប់​កិច្ចការ​របស់ខ្លួន ហើយ​បុគ្គលិក​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់ ក៏ត្រូវ​បាន​រំសាយ​។ ជាមួយគ្នានេះដែរ ដើម​បណ្តឹងរដ្ឋប្បវេណី និង​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​ខ្លះ អស់កម្លាំង​ក្នុង​ការបន្ត​តាមដាន​ដំណើរការ​នេះ​តទៅទៀត​។ សន្ទុះ​នៃ​ការចង់បាន​ភាពយុត្តិធម៌​របស់​អ្នក​រស់រានមានជីវិត​ក្រោយ​របប​ខ្មែរក្រហម ជាពិសេស​អ្នក​ដែល​រស់​នៅតាម​ទីជនបទ​ដាច់ស្រយាល ក៏ត្រូវ​រសាត់​កាន់តែ​ឆ្ងាយ​ទៅៗ​ពី​ផ្នត់គំនិត​របស់ខ្លួន និង​អាចជា​សញ្ញា​មួយ​ដែល​បង្ហាញ​ពី​ភាព​អស់សង្ឃឹម​ដែល​គ្មាន​រំពឹងថា​នឹង​អាច​ត្រឡប់មកវិញ បន្ទាប់ពី​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​មួយ​នេះ នឹងត្រូវ​បិទ​បញ្ចប់​។ ថ្មីៗ​នេះ នួន ជា អតីត​បងធំ​ទី​២ អនុ​លេខា​ប​ក្យ​កុម្មុយនីស្ត​កម្ពុជា និង​ប្រធានសភា​តំណាង​ប្រជាជន​កម្ពុជា​ក្នុង​របប​ខ្មែរក្រហម បាន​ស្លាប់បាត់​បង់ជីវិត​ទាំង​បណ្តឹង​សារទុក្ខ​ប្រឆាំងនឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង​របស់ខ្លួន មិនទាន់​ត្រូវបាន​កាត់សេចក្តី​។

អ៊ុន សុដាវី អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត របស់មជ្ឈមណ្ឌលឯកសរកម្ពុជា កំពុងសម្ភាស ស៊ីម សឿង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩

​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​អ្នក​រស់រានមានជីវិត​ទាំងនោះ ជាពិសេស​អ្នក​ដែល​ធ្លាប់បាន​ដាក់ពាក្យ​បណ្តឹង​សុំ​តាំងខ្លួន​ជាដើម​បណ្តឹងរដ្ឋប្បវេណី ត្រូវបាន​ត​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ និង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្នុងការ​ចូលរួម​កសាង​នូវ​យន្តការ «​យុត្តិធម៌​អន្តរកាល​» មួយ​នាពេលខាងមុខ​។​

​សឿង ធ្លាប់បាន​ស្នើសុំ​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​កាលពី​ឆ្នាំ​២០០៩ តាមរយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ធ្វើ​ជាដើម​បណ្តឹងរដ្ឋប្បវេណី​ក្នុង​ដំណើរការ​សវនាការ​កាត់ទោស​មេដឹកនាំ​កំពូល​ខ្មែរក្រហម និង​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​ដែល​ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ដោយ​សាលាក្តី​ខ្មែរក្រហម​។ សឿង ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​តាមដាន​អង្គ​សវនាការ​ជាមួយ​អ្នក​ឯទៀត​។ ១០​ឆ្នាំក្រោយ​ការដាក់​ពាក្យបណ្តឹង សឿង លែង​រវីរវល់ និង​យកចិត្តទុកដាក់​ពី​រឿង​កាត់ក្តី​តទៅទៀត​ហើយ ព្រោះ​គាត់​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​ខ្លួនឯង ក្រុមគ្រួសារ និង​ប្រជាជន​រស់នៅ​ក្នុងភូមិ​គាត់​។​

​យើង​បាន​មកជួប សឿង នៅផ្ទះ​របស់គាត់​បន្ទាប់​ពី​រយៈពេល​១០​ឆ្នាំ​នៃ​ការជួប​គាត់​គ្រា​ដំបូង​ក្នុង​ឆ្នាំ​២០០៩ ដើម្បី​សួរសុខទុក្ខ និង​ចង់ដឹង​ពី​ការគិត​របស់គាត់​ពី​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម និង​ការស្វែងរក​យុត្តិធម៌​របស់​សាលាក្តី​ខ្មែរក្រហម ព្រមទាំង​ការយល់ដឹង​ពី​យន្តការ​នៃ​ការកសាង «​យុត្តិធម៌​អន្តរកាល​» នៅក្នុង​កម្រិត​មូលដ្ឋាន​។​

​កំពុងស្ថិត​ក្នុងស្ថានភាព​ជំងឺ​បេះដូង​យូរ​ឆ្នាំ សឿង ដែលមាន​សភាព​ពិបាក​ក្នុងការ​ដកដង្ហើម និង​មិនសូវ​និយាយស្តី​ច្រើន ត្រូវ​បន្ត​លេបថ្នាំ និង​ទទួល​ការព្យាបាល​ជាប្រចាំ​ពី​គ្រូពេទ្យ​ជំនាញ​បេះដូង​នៅ​រាជធានី​ភ្នំពេញ​។ ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​ជំងឺ​ប្រចាំកាយ​យ៉ាង​ដូច្នេះ​ក៏ដោយ ក៏ សឿង នៅតែ​បន្ត​កិច្ច​ការជួយ​រៀបចំ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាជន​ទាំងអស់​ដែល​កំពុង​រស់នៅ​ក្នុងភូមិ​មានជ័យ​ជាធម្មតា ហើយ​គាត់​ក៏​ទទួលបាន​ការគោរព​ស្រឡាញ់​ពី​អ្នកភូមិ​ជា​យូរ​ឆ្នាំ​កន្លងមកហើយ​ដែរ​។

​សឿង គឺជា​ប្រធានភូមិ​មានជ័យ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង នាពេល​បច្ចុប្បន្ន​។ សឿង តែងតែ​ចូលរួម​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សាឃុំ​មិនដែល​អាក់ខាន​ម្តងណា​ឡើយ លើកលែងតែ​ចំ​ថ្ងៃ​ដែល​គាត់​ត្រូវ​ចេញទៅ​ព្យាបាល​ជំងឺ តាម​កាលកំណត់​របស់​គ្រូពេទ្យ​។ សឿង បាន​ទិញ​រថយន្ត​គ្រួសារ​មួយគ្រឿង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់គាត់​មក​ព្យាបាល​ជំងឺ​នៅ​ភ្នំពេញ​។ នៅក្រោម​ផ្ទះ​ឈើ​បី​ខ្នង​របស់គាត់ សឿង មាន​ម៉ាស៊ីន​ច្រូតស្រូវ​មួយគ្រឿង និង​ឧបករណ៍​ធ្វើស្រែ​មួយចំនួនទៀត ដែល​អាច​បញ្ជាក់បាន​ថា ក្រុមគ្រួសារ​របស់គាត់​អាច​រកប្រាក់​ចំណូល​បាន​មួយផ្នែក​ពី​គ្រឿងយន្ត​កសិកម្ម​ទាំងនេះ​។​

​យើង​បាន​រំឭក​គាត់​ពី​ជំនួប​កាលពី​១០​ឆ្នាំមុន និង​បាន​សួរនាំ​បន្ថែម​ពីបទ​ពិសោធន៍​របស់គាត់​ឆ្លងកាត់​របប​ខ្មែរក្រហម ដើម្បី​ថែរក្សា​ការចងចាំ​របស់គាត់​។ មិន​ដូច​មុន​ឡើយ សឿង និយាយប្រាប់​យើង មួយៗ យឺតៗ ខ្យល់​ដង្ហើម​ថប់ៗ និង​ខំ​ទប់ខ្លួន​ស្ទើរ​មិនបាន​។ ឆ្នាំនេះ សឿង មាន​អាយុ​៦៧​ឆ្នាំ​។ គាត់​ហាក់​មានការ​ភ្លេចភ្លាំង​ច្រើន​នូវ​រឿងរ៉ាវ​ដែល​បាន​កើតមាន​ក្នុង​ជីវិត​របស់គាត់ ជាពិសេស​រឿងរ៉ាវ​ឆ្លងកាត់​របប​ខ្មែរក្រហម​។ មិនយូរប៉ុន្មាន សឿង បាន​ប្រាប់​យើង​ថា គាត់​ពិបាក​និយាយ​និង​ចង់​ស្ទះ​ម្តងៗ​។ ឮ​ដូ​ច្ចេះ យើង​បាន​ផ្អាក​ការសន្ទនា​មួយ​រំពេច ហើយក៏​មិន​សួរដេញដោល​គាត់​ច្រើន​តទៅទៀត​ទេ​។ យើង​បានបញ្ចប់​ការសួរនាំ​គាត់​ត្រឹម​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បន្ទាប់ពី​គាត់​បាន​និយាយ​នូវ​ឃ្លា​ដ៏​ខ្លី​មួយ​ថា «…​ប្រជាពលរដ្ឋ​ផ្សេង​គេ​ពិបាក​ណាស់ តែ​ខ្ញុំ​មិនសូវ​ពិបាក​ដូច​គេ​ទេ​»​។​
​យើង​បានបញ្ចប់​ការ​សួ​នាំ​ទាំង​ក្តី​សោកស្តាយ ព្រោះថា​មិនបាន​សួរ​បញ្ជាក់​គាត់​ពី​ឫសគល់ និង​អត្ថន័យ​នៃ​ឃ្លា​ចុងក្រោយ​របស់គាត់​។ ពាក្យសម្តី​មួយ​ឃ្លា​នេះ បានក្លាយ​ជាការ​ចាប់អារម្មណ៍ និង​ចោទ​ជា​សំណួរ​ថា តើ សឿង ជា​នរណា ហើយ​មាន​តួនាទី​ជា​អ្វី​កាលពី​អំឡុងពេល​នៃ​របប​ខ្មែរក្រហម​?

​សឿង បាន​ងើប​ចេញពី​កៅអី​ជ័រ​ប្លា​ស្ទិ​ក​ពណ៌​ខៀវចាស់ រួច​ដើរ​ទ្រោមៗ​ទៅកាន់​កៅអី​ឈើប្រណិត​ហង្ស​ទេរ​ស្ថិតនៅលើ​គ្រែឈើ​ក្បែរ​នោះ រួច​ក៏​សម្រួល​ខ្លួន​គាត់​នៅលើ​គ្រែ​នោះ​។ ប៉ុន្មាន​នាទី​ក្រោយមក កូនប្រសារ​ប្រុស​របស់ សឿង បាន​យក​ថ្នាំ​មក​បញ្ចុក​គាត់ រួច​ក៏​ទម្រេត​ខ្លួន​ម្តងទៀត​នៅលើ​កៅអី​នោះ ក្នុងស្ថានភាព​រហិតរ​ហៃ និង​អស់កម្លាំង​។​

​មិន​បង្អង់​យូរ ក្រុមការងារ​យើង​បាន​ចាក​ចេញពីផ្ទះ សឿង ឆ្ពោះទៅកាន់​ផ្ទះ​កូនស្រី​គាត់​ដែលមាន​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ ក្នុង​គោលបំណង​ចង់​សួរ​ព័ត៌មាន​បន្ថែម​ពី​ឪពុក​គាត់​។ ប៉ុន្តែ​យើង​មិនបាន​សម្រេច​បំណង​នេះ​ទេ​។ កូនស្រី និង​កូនប្រសារ​ប្រុស​មួយគូរ​ទៀត​របស់ សឿង ហាក់​ជជែក​មិន​ស៊ីសង្វាក់​គ្នា​ទាល់តែសោះ​ពី​បញ្ហា​ផ្សេងៗ​ក្នុង​គ្រួសារ ជាហេតុ​ធ្វើ​ឲ្យ​យើង​សម្រេចចិត្ត​ចាកចេញ​ម្តងទៀត ហើយ​ធ្វើដំណើរ​ទៅកាន់​ភូមិ​ផ្សេង​ដែលជា​ភូមិ​គោលដៅ​បន្ទាប់​។ យើង​បានធ្វើ​ដំណើរ​តាម​ផ្លូវលំ​ប្រប​មាត់​ព្រែ​កមួយ ដែលមាន​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពីគ្នា​។

ស៊ីម សឿង អាយុ៦៧ឆ្នាំ ប្រធានភូមិមានជ័យ ឃុំទឹកថ្លា
ធ្លាប់ដាក់ពាក្យបណ្តឹងទៅកាន់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីឆ្នាំ២០០៩។ រូបថត ២០១៩។

​ហៀបនឹង​ទៅដល់​ភូមិ​ព្រៃទទឹង​ដែលជា​គោលដៅ​ទៅហើយ យើង​បាន​សម្រាក​ហូប​អាហារ​ថ្ងៃត្រង់​នៅក្នុង​បរិវេណ​វត្ត​មួយ​។ នៅ​ទីនោះ យើង​បាន​ជួប​ជាមួយ​ជំទប់​ឃុំ​ទឹកថ្លា​ម្នាក់ គណៈកម្មការ​វត្ត​បី​បួន​នាក់ និង​ព្រះសង្ឃ​វ័យ​ចំណាស់​មួយអង្គ​។ យើងទាំងអស់គ្នា បាន​ជជែក​គ្នា​លេង​ពីនេះ​ពី​នោះ​តាម​ទម្លាប់​របស់​យើង​។ ហូប​អាហារ​ថ្ងៃត្រង់​បណ្តើរ និយាយ​បណ្តើរ ឆ្លៀត​សួរនាំ​ពីបទ​ពិសោធន៍​ឆ្លងកាត់​របប​ខ្មែរក្រហម បណ្តើរ​។ ការសន្ទនា​បាន​ឈានដល់​ការសម្រិតសម្រាំង​ចំណុច​សំខាន់ៗ និង​បាន​ផ្តោត​ចំៗ​លើ​ជីវិត​ក្រោម​របប​ខ្មែរក្រហម​។ ព័ត៌មាន​បន្ថែម​ពី សឿង ក៏ត្រូវ​បានដឹង​បន្ថែមទៀត​ដែរ ប៉ុន្តែ​មិន​ច្រើន​ប៉ុន្មាន​ទេ ហើយក៏​មិន​ស៊ីជម្រៅ​ពេក​ដែរ​។​

​កំពុងស្ថិត​នៅក្នុង​សាលាឆាន់​ប្រក់​ស័ង្កសី​ចាស់​មួយ ហ៊ឹម សួន ដែល​កំពុង​ពិសារ​អាហារ​ថ្ងៃត្រង់​នៅលើ​គ្រែ​រនាបឫស្សី គឺជា​ជំទប់​ទី​២​ឃុំ​ទឹកថ្លា​។ អ៊ុំ​ប្រុស​ម្នាក់ទៀត (​មិន​ស្គាល់ឈ្មោះ​) ដែល​កំពុង​អង្គុយ​លើ​គ្រែឈើ​ចាស់​មួយ​ក្បែរ​គ្នា​នឹង សួន គឺជា​គណៈកម្មការ​វត្ត​។ អ៊ុំ​ស្រីៗ​ពីរ​បីនាក់​ទៀត គឺជា​អ្នកថែរក្សា​ទីធ្លា​វត្ត និង​មើល​ការខុសត្រូវ​ម្ហូបអាហារ​ក្នុង​វត្ត​។ សួន និង​ព្រះសង្ឃ​វ័យ​ចំណាស់ បាន​រៀបរាប់​ប្រាប់​យើង​ត្រួសៗ​ពី​ប្រវត្តិ​របស់ខ្លួន និង​បង្ហើប​ឲ្យ​ដឹង​ពី សឿង ថា​ធ្លាប់​បម្រើការ​ជា​គណៈ​ភូមិ (​ប្រធានភូមិ​) មានជ័យ និង​ក្រោយ​មកជា​ប្រធាន​សហករណ៍​មានជ័យ​។​

​សឿង មាន​បងប្អូន​បង្កើត​២​នាក់​។ បងស្រី​របស់គាត់​បាន​ស្លាប់​ក្នុងសម័យ​សង្គមរាស្ត្រនិយម​។ សឿង ធ្លាប់​ចូលរួម​ក្នុង​ចលនា​ខ្មែរ​រំដោះ មុន​ឆ្នាំ​១៩៧៥ និង​មាន​វត្តមាន​ក្នុង​ចលនា​បះបោរ​ដែល​មិន​ទទួលបាន​ជោគជ័យ​ក្នុង​ចុងឆ្នាំ​១៩៧៨ នៅក្នុង​ទឹកដី​ឃុំ​ទឹកថ្លា ស្រុក​ព្រៃវែង (​បច្ចុប្បន្ន​ស្រុក​ស្វាយ​អ​ន្ទ​រ​)​។ ប្រជាជន​ទាំងអស់​បាន​ហៅ​ព្រឹត្តិការណ៍​នោះ​ថា ជា​បាតុកម្ម​ប្រឆាំងនឹង​ក្រុមខ្មែរក្រហម​មកពី​ភូមិភាគ​នីរ​តី ដែល​ចូលមក​គ្រប់គ្រង​ភូមិភាគ​បូព៌ា​ក្នុង​ឆ្នាំ​១៩៧៨​។ ភាពបរាជ័យ​នេះ បាន​បង្ក​ឲ្យ​មានការ​ជម្លៀស​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ឃុំ​ទឹកថ្លា​។ ប្រជាជន និង​អតីត​កម្មាភិបាល​ខ្មែរក្រហម​ភូមិភាគ​បូព៌ា​ភាគច្រើន ត្រូវបាន​ជម្លៀស​ទៅកាន់​ខេត្តកំពង់ឆ្នាំង​, ពោធិ៍សាត់ និង​បាត់ដំបង ជា​កន្លែង​ដែល​សមាជិកគ្រួសារ​ស្ទើរតែ​ទាំងអស់ ត្រូវបាន​សម្លាប់ ស្លាប់ និង​បាត់​ខ្លួន​រហូតដល់​សព្វថ្ងៃ​។ អ្នក​ដែល​នៅ​សេសសល់ ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​រស់នៅក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ​, ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេសាង និង​ឃុំ​សំរោង ស្រុក​ព្រៃវែង​។ សឿង ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ដែល​ត្រូវបញ្ជូន​ទៅកាន់​តំបន់​ដី​ខ្លាញ់​ដូច​អ្នក​ឯទៀត​។ ប៉ុន្តែ​គាត់​មិនបាន​ទៅដល់​គោលដៅ​តាម​ការកំណត់​ឡើយ ព្រោះ​កងទ័ព​វៀតណាម និង​កងកម្លាំង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ចូល​មកដល់​ប្រទេស​កម្ពុជា និង​បាន​វាយ​ដណ្តើម​កាន់កាប់​បាន​ខេត្តស្វាយរៀង និង​ព្រៃវែង​។ សឿង បាន​ត្រឡប់​មកកាន់​ភូមិកំណើត​វិញ និង​បាន​ក្លាយជា​មេភូមិ​តាំងពី​ពេលនោះ​រហូតមកដល់​សព្វ​ថ្ងៃ​។ គោលបំណង​តែមួយគត់​របស់ សឿង នាពេល​បច្ចុប្បន្ននេះ គឺ​ធ្វើយ៉ាងណា​ឲ្យ​ក្រុមគ្រួសារ​របស់គាត់​អាច​រស់​នៅបាន​ស្រួល មាន​ស្រូវ​អង្ករ​ហូបចុក​គ្រប់គ្រាន់ និង​មាន​មធ្យោបាយ​ធ្វើដំណើរ​សមរម្យ​៕ ល​