​ស៊ី​ប៊ី​ស៊ី​និង​វិទ្យាស្ថាន​វ៉ាន់ដា​ចែករំលែក​ចំណេះដឹង​ហិរញ្ញវត្ថុ​និង​លើកកម្ពស់​ការយល់ដឹង​

237
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ការិយាល័យ​ឥណទាន​កម្ពុជា​(​ស៊ី​ប៊ី​ស៊ី​)​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​វ៉ាន់ដា​រៀបចំ​សិក្ខាសាលា​លើ​ប្រធានបទ​ស្ដីអំពី​“​ការគ្រប់គ្រង​ហានិភ័យ​ឥណទាន​តាមរយៈ​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​”​។​

សិក្ខាសាលា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ នៃ​ការិយាល័យ​ឥណទាន​កម្ពុជា និង កញ្ញា ហ៊ូ គុជ​គន្ធ​លីន​ណា​នាយិកា​រង​វិទ្យាស្ថាន​វ៉ាន់ដា​ព្រមទាំង​មានការ​ចូលរួម​ពី​លោក​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ និង​និស្សិត​ជាច្រើន​កុះករ​សរុប​ជាង​២០០​នាក់​ដែល​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​នេះ​លើ​ជំនាញ គណនេយ្យ និង ធនាគារ​។​

​គោលបំណង​នៃ​ការបង្កើតឱ្យមាន​កម្មវិធី​សិក្ខាសាលា​នេះ​គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង​ហិរញ្ញវត្ថុ និង​អាច​ផ្សាភ្ជាប់​ទ្រឹស្ដី​ដែល​ប្អូនៗ​និស្សិត​បាន​សិក្សា​នៅ​សាលា​ទៅនឹង​ការអនុវត្តន៍​ជាក់ស្ដែង​ក្នុង​ទីផ្សារ​។​លើកកម្ពស់​ការយល់ដឹង​ពី​ការគ្រប់គ្រង​ហានិភ័យ​ឥណទាន​តាមរយៈ​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​ប្រតិបត្តិការ​នៃ​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាពិសេស​ផ្ដល់​ជា​បំ​ណិ​ន​បន្ថែម​ដល់​ប្អូនៗ​និស្សិត​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​និង​រួមគ្នា​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​ក្នុងពេល​អនាគត​។​លើសពីនេះ​សិក្ខាសាលា​ក៏មាន​គោលបំណង​លើកកម្ពស់​សកម្មភាព​ជួយ​សង្គម និង​សកម្មភាព​មនុស្សធម៌ ហើយ​ចូលរួម​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា ។​ដើម្បី​បង្កើន​គុណភាព​អប់រំ​តាម​រូបភាព​នៃ​ការអប់រំ​ក្រៅ​ប្រព័ន្ធ​ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​ពង្រឹងសមត្ថភាព​និស្សិត​ដើម្បី​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ចាប់យក​ឱកាស​ការងារ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។​

​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​កំពុងតែ​ត្រូវបានគេទទួលស្គាល់​ថា​ជា​គោលដៅ​សំខាន់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។​ទាំងនេះ​គឺជា​ការឆ្លុះបញ្ចាំង​ពី​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​ក្នុងការ​ស្វែងយល់​និង​គ្រប់​គ្រង់​ហិរញ្ញវត្ថុ​របស់ខ្លួន​។​ដែលជា​រឿង​ចាំបាច់​ក្នុងការ​ធ្វើការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​សម្រេចបាន​សុខមាលភាព​ហិរញ្ញវត្ថុ​និង​ផ្តល់​អត្ថប្រយោជន៍​ទៅដល់​កំណើន​សេដ្ឋកិច្ចសង្គម​របស់​ប្រទេស​ផងដែរ​។​

​កាលពី​ខែមេសា​ឆ្នាំ​២០១៩​កន្លងទៅ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦-២០២៥ ។​ដោយ​បញ្ចូល​ចំណេះដឹង​ផ្នែក​នេះ​ទៅក្នុង​កម្មវិធីសិក្សា​ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​១២​ទៅលើ​ផ្នែក​គណិតវិទ្យា​សេដ្ឋកិច្ច​និង​ពលរដ្ឋ​វិជ្ជា​ផងដែរ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​លើ​ចំណេះដឹង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ស៊ី​ប៊ី​ស៊ី បាន​មានប្រសាសន៍ថា «​ស៊ី​ប៊ី​ស៊ី​ជឿជាក់ថា ការចែករំលែក​ចំណេះដឹង​ហិរញ្ញវត្ថុ​នឹង​ជួយ​ក្នុង​ដំណើរ​កសាង​ជីវិត​ជោគជ័យ​និង​ធ្វើឱ្យ​និស្សិត​យល់​កាន់តែច្បាស់​ពី​ការគ្រប់គ្រង​ហានិភ័យ​ឥណទាន​។​តាមរយៈ​ប្រព័ន្ធ​ចែករំលែក​ឥណទាន​ព្រមទាំង​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​របាយការណ៍​ឥណទាន​ដែល​នឹង​ជួយ​ឱ្យ​ប្អូនៗ​និស្សិត​ត្រៀមខ្លួន​រួចរាល់​និង​ធ្វើការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​មុនពេល​ស្នើសុំ​ឥណទាន​នៅពេល អនាគត »​។​

​ស៊ី​ប៊ី​ស៊ី​បាន​កំពុង​បន្ត​រៀបចំ​ធ្វើ​កម្ម​វិធិ​សិក្ខាសាលា​នៅតាម​សកល​វិទ្យាល័យ​ជាច្រើន​ទៅលើ​ប្រធានបទ​ខុសៗ​គ្នា​សម្រាប់​និស្សិត​នៅតាម​រាជធានី​ភ្នំពេញ​ក៏ដូចជា​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ដែលមាន​ដូចជា​សៀមរាប​ព្រះសីហនុ​និង​កំពង់ចាម​ជាដើម​។​លើសពីនេះ​យើង​ក៏បាន​រៀបចំ​នៅ​កម្មវិធី​សម្រាប់​សាធារណជន​ទូទៅ​រួមមាន​កម្មវិធី​ConsumerTalk​និង​កម្មវិធី​ផ្សេងៗ​ទៀត​ក្នុង​ការបង្កើន​ការយល់ដឹង​ឱ្យ​កាន់តែ​ប្រសើរឡើង​ទៅលើ​ព័ត៌មាន​ឥណទាន​ផ្សេងៗ​សម្រាប់​និស្សិត​និង​សាធារណជន​ទូទៅ​។

​ក្រៅពីនេះទៀត​ស៊ី​ប៊ី​ស៊ី​ក៏បាន​ផ្តួចផ្តើម​កម្មវិធី​ចូលរួមចំណែក​ជួយ​សង្គម​តាមរយៈ​ការឧបត្ថម្ភ​ដល់​អង្គការក្រៅរដ្ឋាភិបាល​ជាច្រើន​ដែល​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រជាជន​នៅក្នុង​សហគមន៍​ក្នុង​គោលបំណង​លើកកម្ពស់​ចំណេះដឹង​ទាំងនេះ​។​ការិយាល័យ​ឥណទាន​កម្ពុជា​ចាប់ផ្តើម​ប្រតិបត្តិការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០១២​ដោយមាន​ការគាំទ្រ​ពី​ធនាគា​ជាតិ​នៃ​កម្ពុជា​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា សមាគម​ធនាគារ​នៅ​កម្ពុជា​និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​។​

ស៊ី​ប៊ី​ស៊ី​លើកកម្ពស់​ស្ថិរភាព​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​ប្រសើរឡើង​ដោយ​ផ្តល់នូវ​ទិន្នន័យ​ទាន់ពេលវេលា​និង​ជាក់លាក់​ទៅកាន់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​និង​ស្ថាប័នហិរញ្ញវត្ថុ​ដែលជា​សមាជិក​ក្នុង​ការជួយ​ដល់​ការគ្រប់គ្រង​ទិដ្ឋភាព​ហិរញ្ញវត្ថុ​នៃ​អាជីវកម្ម​របស់​ពួកគេ​ដោយ​អនុញ្ញាតអោយ​អាជីវកម្ម​ទាំងមូល​អាច​គ្រប់គ្រង​ហានិភ័យ​ឥណទាន​ការពារ​ការ​ក្លែងបន្លំ​អត្តសញ្ញាណ និង​ធ្វើការ​សម្រេច​ចិត្តបាន​លឿន​។​

​ស៊ី​ប៊ី​ស៊ី​ក៏បានផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុង​ការត្រួត​ពិនិត្យមើល​របាយការណ៍​ឥណទាន​របស់ខ្លួន​ដើម្បី​ធានាថា​ពួកគេ​មានឱកាស​ក្នុងការ​ស្វែងរក​និង​ទទួលបាន​ប្រាក់កម្ចី​និង​ការពារ​ខ្លួន​ពី​ការលួចបន្លំ​អត្តសញ្ញាណ​ផងដែរ​។​គិត​ត្រឹម​ខែសីហា​ឆ្នាំ​២០១៩​ស៊ី​ប៊ី​ស៊ី​មាន​សមាជិក​ចំនួន​លើសពី​១៦៥​ស្ថាប័ន​ដែល​រួមមាន​ធនាគារ​គ្រឹ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រុមហ៊ុន​ភតិសន្យា​និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​៕S/

ចំណងជើង​រូបថត​៖​ការិយាល័យ​ឥណទាន​កម្ពុជា​សហការ​ជាមួយ​វិទ្យាស្ថាន​វ៉ាន់ដា​រៀបចំ​សិក្ខាសាលា​លើ​ប្រធានបទ​ស្ដីអំពី​“​ការគ្រប់គ្រង​ហានិភ័យ​ឥណទាន​តាមរយៈ​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​” នា​ព្រឹក​ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ​២០១៩(​រូបៈ​សុផល​)