​ស៊ុយអែត​ផ្តល់​ថវិកា​គាំទ្រ​ដល់​វិស័យ​បដិសណ្ឋារកិច្ច​

1462
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៨​នេះ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់​ថវិកា​គាំទ្រ​ដល់​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​សម្រាប់​ការបណ្តុះបណ្តាល​យុវជន​លើ​មុខម្ហូប​ចំអិន​អាហារ និង​លើកស្ទួយ​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា​។​

​គម្រោង​ដែល​ចុះ​MOU​នាពេលនេះ​មាន​រយៈពេល​៣​ឆ្នាំ​ក្នុង​ទឹកប្រាក់​ប្រមាណ​២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​លោក​PierreTami​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​បាន​មានប្រសាសន៍ថា​ការ​កើន​យ៉ាង​លឿន​នៃ​ចំនួន​យុវជន​កម្ពុជា​បាន​ចូលរួម​ក្នុង​ទីផ្សារការងារ​កំពុង​ជួបប្រទះ​លំបាក​ក្នុងការ​ទទួល​នៅ​ការងារ​ល្អៗ ។

​ដោយសារតែ​ពួកគេ​ខ្វះមុខ​ជំនាញ​សមស្រប​។​និយោជក​ជាច្រើន​នាក់​នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច​នេះ​កំពុងតែ​ងាក​ទៅ​ស្វែងរក​កម្មករ​ដែលមាន​ជំនាញ​មកពី​ក្រៅប្រទេស​ក្នុង​តំបន់​ដើម្បី​បំពេញ​កង្វះខាត​នេះ​។​

​ភាព​ចន្លោះប្រហោង​នៃ​ជំនាញ​ក្នុងចំណោម​កម្មករ​ខ្មែរ​ឆ្លុះបញ្ចាំង​អំពី​កង្វះខាត​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​ទេស​ប្រកបដោយ​គុណភាព​ខ្ពស់​។​លោក​Tami​បន្តថា​គោលបំណង​សំខាន់​របស់​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​គឺ​រួមចំណែក​ក្នុងការ​កសាង​ជំនាញ​និង​បង្កើត​ឱកាស​ការងារ​សំរាប់​យុវជន​តាមរយៈ​ការបង្កើត​វិទ្យាស្ថាន​មាន​កម្មវិធីសិក្សា​ផ្នែក​បដិសណ្ឋារកិច្ច​សមស្រប​តាម​ស្តង់ដារ​អាស៊ាន​និង​ការអប់រំ​តាម​ស្តង់ដារ​ប្រទេស​ស្វី​ស​។​

​កម្ពុជា​ប្រឈម​ការប្រកួតប្រជែង​ខ្លាំង​ជាង​មុន​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​នៅលើ​សកលលោក​នៅក្នុង​វិស័យ​ទេសចរណ៍​។​តម្រូវការ​ធនធានមនុស្ស​ដែលមាន​ជំនាញ​ផ្នែក​ចំអិន​ម្ហូបអាហារ​និង​បដិសណ្ឋារកិច្ច​កំពុងតែ​កើនឡើង​ខណៈ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​មានការ​កើនឡើង​នៅ​ឆ្នាំ​២០១៧​។​ការអភិវឌ្ឍន៍​ថ្មី​នៅក្នុង​វិស័យ​សណ្ឋាគារ​កំពុងតែ​ដំណើរការ​ផងដែរ​នៅ​ឆ្នាំ​២០១៨​។​

​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​គឺជា​វិទ្យាស្ថាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ថ្មី​នៅក្នុង​វិស័យ​សណ្ឋាគារ​ដែល​ត្រូវ​បង្កើតឡើង​ដោយ​សហប្រតិបត្តិ​រួមគ្នា​រវាង​ស្ថាប​ន័​រដ្ឋ​និង​ឯកជន​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ខ្ពស់​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​។​វា​ជា​វិទ្យាស្ថាន​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែលមាន​កម្មវិធី​បដិសណ្ឋារកិច្ច​លំដាប់​អន្តរជាតិ​អនុលោម​តាម​បទដ្ឋាន​ស្តង់ដារ​អាស៊ាន​នឹង​ស្វី​ស​ផងដែរ​។​

​លោក​SamuelHurtig​ប្រធាន​កិច្ច​សហប្រតិបត្តិ​អភិវឌ្ឍ​អន្តរជាតិ​របស់​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា​បាន​និយាយថា​ការទទួលបាន​ការអប់រំ​គឺជា​ការយកចិត្តទុកដាក់​ចំបង​មួយ​សំរាប់​ជំនួយ​របស់​ស៊ុយអែត​នៅក្នុង​ប្រទេស​កម្ពុជា​។

​ការអភិវឌ្ឍ​ជំនាញ​នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច​ពិតជា​មាន​សារសំខាន់​សំរាប់​ការរីកចំរើន​ពេលអនាគត​និង​សុខមាលភាព​របស់​កម្ពុ​ជា​។​លោក​Hurtig​បានបញ្ជាក់​ថា​យើង​ពិតជា​រីករាយ​នូវ​ការគាំទ្រ​ដល់​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ដើម្បី​បណ្តុះបណ្តាល​យុវជន​អំពី​ជំនាញ​និង​ចំណេះដឹង​ផ្សេងៗ​នៅក្នុង​វិស័យ​ប​ដិ​ស​ណ្ឋ​រ​កិច្ច​៕S/​

​ស៊ុយអែត​ផ្តល់​ថវិកា​គាំទ្រ​ដល់​វិស័យ​បដិសណ្ឋារកិច្ច​

យុវជនកំពុងរៀនធ្វើម្ហូបចំអិនអាហារ។មូលសម្បត្តិ។