​ស្ត្រី​រងគ្រោះ​ពី​ការ​គំរាម​សម្លាប់​ដោយ​មន្ត្រីនគរបាល​ពាក់​សក្តិ​បួន​នៅតែ​បន្ត​ការភ័យខ្លាច

355
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ស្ត្រី​ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​អំពើ​គំរាម​សម្លាប់​ដោយ​អាវុធ​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ពី​សំណាក់​ជនសង្ស័យ​ជា​មន្ត្រីនគរបាល​ថ្នាក់​វរសេនីយ៍ត្រី​ម្នាក់​ចំនួន​ពីរលើក​នៅផ្ទះ​ល្វែង​ជាប់​គ្នា​ក្នុង​បុរី​ពិភពថ្មី ក្រុង​កំពង់ចាម គឺ​នៅតែ​បន្ត​ការរស់នៅ​សម្ងំ​លាក់ខ្លួន​ខាងក្រៅ​ផ្ទះ​ភ័យខ្លាច និង​បាត់បង់​ចំណូល​ប្រចាំថ្ងៃ​។​បើទោះជា​ខាង​ព្រះរាជអាជ្ញា​ចេញ​ដីកា​បញ្ជា​ឱ្យ​ជនសង្ស័យ​ចូលខ្លួន​ក្តី​។​

​បញ្ហា​ទាំងអស់នេះ​ដោយ​តែ​ពាក្យបណ្តឹង​ប្តឹង​លើក​ទី​១​កាលពី​ថ្ងៃទី​១៨​ខែកុម្ភ​:​ឆ្នាំ​២០១៩​ពីបទ​:​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​និង​គំរាមកំហែង​លើ​ជនសង្ស័យ​ដដែល​នេះ​ខាង​តុលាការ​បានចេញ​ដីកា​កោះហៅ​ជន​ម្នាក់នេះ​ចំនួន ពីរ លើក គឺ​មិន​ទៅតាម​ដីកាកោះ​ទេ​។

កាន់តែ​បារម្ភ​ខ្លាំង គឺ​នៅ​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០១៩ ជននេះ​បានធ្វើ​សកម្មភាព​សាជាថ្មី ដោយ​គំរាមកំហែង​ថា នឹង​សម្លាប់​ដោយ​ប្រើ​អាវុធ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ម្តងទៀត​។ គឺ​ខាង​ព្រះរាជអាជ្ញា​ចេញ​ដីកា​បញ្ជា​ឱ្យ​ជនសង្ស័យ​ឈ្មោះ សោ​ភ័​ណ្ឌ សិលា អាយុ ៣៣ ឆ្នាំ​ចូលខ្លួន កាលពី​ថ្ងៃទី ២ ខែសីហា ឆ្នាំ​២០១៩​។​

​អ្នកស្រី តាត ស៊ី​ណែ​ត ជា​ជនរងគ្រោះ​ក្នុងករណី​ខាងលើ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃទី ៣ សីហា​ថា អ្នកស្រី និង​កូនស្រី​អាយុ ៤ ឆ្នាំ​មិន​ហ៊ាន​រស់នៅក្នុង​ផ្ទះល្វែង​លេខ​៤ នៃ​បុរី​ពិភពថ្មី ភូមិ​ទី​៧ សង្កាត់​កំពង់ចាម​ក្រុង​កំពង់ចាម​ទេ​។​

ដោយ​ឈ្មោះ​សោ​ភ័​ណ្ឌ​សិលា​ដែល​បាន​អាង​ឪពុក​ពាក់​សក្តិ​ផ្កាយ​បី​ជា​មន្ត្រីនគរបាល​ជាន់ខ្ពស់​នេះ​បាន​ស្រែក​គំរាម​ជាមួយ​ដៃ​កាន់​កាំភ្លើងខ្លី​ចំនួន​ពីរ​ដើម​ពណ៌​ខ្មៅ​មួយ​ដើម និង​ពណ៌​ស​មួយ​ដើម​ទៀត​ដើរ​ចុះឡើង នៅលើ​ផ្លូវ​ខាងមុខផ្ទះ​កាលពី​រសៀល​ថ្ងៃទី ៣០ កក្កដា​។​

​ស្ត្រី​ជា​ជនរងគ្រោះ​វ័យ​៣២​ឆ្នាំ​រូបនេះ​បាន​ពោលថា​ឈ្មោះ​សិលា​បាន​គំរាម​ទៀត​ថាបើ​អ្នកស្រី​បន្ត​រស់នៅក្នុង​ផ្ទះល្វែង​នៅ​ជញ្ជាំង​ជាប់​គ្នា​នេះ​ទៀត​គឺ​នៅពេល​យប់​គេ​(​សិលា​)​នឹង​ប្រើ​រណា​យន្ត​កាត់​ដំបូល​បេតុង​ខាងលើ​ចុះមក​សម្លាប់​អ្នកស្រី​និង​កូន​ចោល​។

​ក្រៅពី​គំរាម​សម្លាប់​ខាងលើ​គឺ​ជននេះ​មធ្យោបាយ​ដាក់​កា​មី​រ៉ា​បង្វែរ​មុខ​មករក​ទិស​ខាងមុខផ្ទះ​អ្នកស្រី​ដើម្បី​ឃ្លាំមើល​ថត​យក​សកម្មភាព​រាល់​មនុស្ស​ចេញចូល​ផ្ទះ​អ្នកស្រី​តាំងពី​មានរឿង​លើក​ទី​១​។​

​អ្នកស្រី​ស៊ី​ណែ​ត​បាន​បន្តថា​ដូច្នេះ​សូម​ឲ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​មេត្តាជួយ​អន្តរាគមន៍​ចាត់វិធានការ​បែបណា​ឲ្យ​អ្នកស្រី​និង​កូន​បាន​ចូលទៅ​រស់នៅក្នុង​ផ្ទះល្វែង​ខាងលើ​បាន​ដោយ​សុវត្ថិភាព​ពិសេស​ដើម្បី​បាន​ប្រកប​របរ​លក់ដូរ​នៅខាងមុខ​ផ្ទះ​ទទួលបាន​ចំណូល​ប្រចាំថ្ងៃ​ឲ្យ​កូន​បាន​ចូលរៀន​សូត្រ​បាន​ដូច​ធម្មតា​ឡើងវិញ​។​

​លោក​ហួត​វុទ្ធី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​បាន​ថ្លែងថា​ករណី​ខាងលើនេះ​លោក​បានចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​គឺ​ឲ្យ​ជនសង្ស័យ​សោ​ភ័​ណ្ឌ​សិលា​ដែល​បាន​ជាប់​សង្ស័យថា​បាន​ប្រព្រឹត្ត​បទល្មើស​គំរាមកំហែង​ថា​នឹង​សម្លាប់​ដោយ​ប្រើ​អាវុធ​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ចូល​បង្ហាញខ្លួន នៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​។
​ដោយ​បង្គាប់​ឲ្យ​លោកស្នងការ​នគរបាល​ខេត្តកំពង់ចាម ត្រូវ​អនុវត្តន៍​ដីកា​នេះ​ឲ្យ​បានសម្រេច​។​

លោក​ព្រះរាជអាជ្ញា​បាន​ថ្លែងបន្តថា​ដោយឡែក​បណ្តឹង​លើក​ទី​១​ប្តឹង​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ និង​គំរាមកំហែង របស់​ជនរងគ្រោះ និង​ជនសង្ស័យ​ដដែល​នេះ គឺ​លោក​បាន​ចោទប្រកាន់ និង​ចេញ​ដី​កាប​ញ្ជួ​ន​ទៅ​ឲ្យ​ខាង​ចៅក្រម​ស៊ើបសួរ​រួចរាល់​ហើយ​។ ដោយ​ក្នុង​រឿងលើក​ទី​១​នោះ ក៏​លោក​បាន​សំណូមពរ​ឲ្យ​ខាង​ចៅក្រម​ចេញ​ដីកានាំខ្លួន​ជនជាប់ចោទ​ឈ្មោះ សោ​ភ័​ណ្ឌ សិលា ដែរ​។​

​គួរ​បញ្ជាក់ថា ឈ្មោះ សោ​ភ័​ណ្ឌ សិលា ជា​មន្ត្រីនគរបាល​ពាក់​សក្តិ​បួន​ធ្លាប់​ត្រូវ​អ្នកស្រី តាត ស៊ី​ណែ​ត ប្តឹង​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​និង​គំរាមថា​នឹង​សម្លាប់​ដោយ​ប្រើ​អាវុធ​ម្តង​ហើយ​ប្រព្រឹត្ត​ចំ​កន្លែង​ដដែល​នេះ​ផ្ទះល្វែង​បុរី​ពិភពថ្មី ភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​កាលពី​កាលពី​យប់​ថ្ងៃទី ១៧ ខែកុម្ភ​: ឆ្នាំ​២០១៩​។

​ប៉ុន្តែ​សំណុំ​រឿងលើក​នោះ​ខាង​ព្រះរាជអាជ្ញា​បានចេញ​ដី​កោះ​ចំនួន​ពីរលើក​គឺ​លោក​សោ​ភ័​ណ្ឌ​សិលា​មិន​ចូលខ្លួន​ទៅតាម​ការ​កោះ​របស់​តំណាង​អយ្យការ​ឡើយ​ហើយ​បាន​ជាប់​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ជា​លើក​ទី​២​នេះ​។​

ប៉ុន្តែ​ជុំវិញ​ករណី​ខាងលើ​នៅ​ថ្ងៃទី​៣​សីហា​២០១៩​នេះ​យើង​នៅ​ពុំ​អាច​សុំ​ការទំនាក់ទំនង​ដើម្បី​បំភ្លឺ​រឿង​មូលហេតុ​ខាង​ព្រះរាជអាជ្ញា​ចេញ​ដី​កោះ​ចំនួន ពីរ លើក​ក្នុងករណី​ទី​១ ដែល​លោក សោ​ភ័​ណ្ឌ សិលា មិន​ព្រម​ចូលខ្លួន​តាម​ដីកាកោះ​បាន​នៅឡើយ​ទេ​៕S/​