​ស្ថានទូត​បារាំង​មាន​ដើមឈើ​៥០​ប្រភេទ​ជាង​២០០​ដើម​កំពុង​ដុះ​ត្រឈឹងត្រឈៃ​ក្នុង​ឧទ្យាន​ទំហំ​៤,៥​ហិកតា​

348
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​យោងតាម​ការចុះបញ្ជី​រុក្ខជាតិ​ធ្វើឡើង​ដោយ​អ្នកជំនាញ​ផ្នែក​ក្សេត្រសាស្ត្រ​បារាំង​និង​មន្ត្រី​ជំនាញ​ព្រៃឈើ​ខ្មែរ​ស្ថានទូត​បារាំង​មាន​ដើមឈើ​ជាង​២០០​ដើម​ត្រូវ​ជាជាង​៥០​ប្រភេទ​ផ្សេងៗ​គ្នា​ដែល​កំពុង​ដុះ​ត្រឈឹងត្រឈៃ​ក្នុង​ឧទ្យាន​ទំហំ​៤,៥​ហិកតា​។​

​បន្ថែម​ពីលើ​នេះ​មាន​ដើមឈើ​ជាង​៥០​ដើម​ផ្សេងទៀត​ដែល​ក្រសួងបរិស្ថាន​កម្ពុជា​បានផ្តល់​ឱ្យ​ស្ថានទូត​ដើម្បី​ដាំ​បំពេញបន្ថែម​ក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង​លើកស្ទួយ​តម្លៃ​រុក្ខជាតិ​ចម្រុះ​នៅក្នុង​ឧទ្យាន​ស្ថានទូត​។​ម្យ៉ាងទៀត​ស្លាក​ពន្យល់​ក៏ត្រូវ​បានរៀបចំ​ឡើង​ផងដែរ​ដើម្បី​បង្ហាញ​ពី​ប្រភេទ​ដើមឈើ​គួរឱ្យកត់សម្គាល់​មួយចំនួន ។

សូមជម្រាបថា​ដូច​បណ្តា​ឆ្នាំ​កន្លងទៅ​ដែរ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​នឹង​បើកទ្វារ​ស្វាគមន៍​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី​នៅ​ថ្ងៃ​សៅរ៍ ទី​២១​ខែកញ្ញា​ឆ្នាំ​២០១៩​ខាងមុខ​ក្នុងឱកាស​នៃ​ទិវា​បេតិកភណ្ឌ​។ ស្ថិតក្រោម​ប្រធានបទ​«​ដំណើរ​កម្សាន្ត​តាម​ព្រៃព្រឹក្សា​»​ព្រឹត្តិការណ៍​ពិសេស​ឆ្នាំនេះ​នឹង​អនុញ្ញាតឱ្យ​អ្នកទស្សនា​អាច​គយគន់​និង​ស្វែងយល់​ពី​ឧទ្យាន​ដ៏​ស្រស់ស្អាត​របស់​ស្ថានទូត​ដែលជា​សួន​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ​ដែលមាន​ដើមឈើ ផ្កា​និង​រុក្ខជាតិ​នានា​ចម្រុះ​ជាច្រើន​ប្រភេទ​។

​ដំណើរ​កម្សាន្ត​ក្នុង​ឧទ្យាន​ក៏​ជា​ឱកាស​មួយ​សម្រាប់​សាធារណជន​គយគន់​ស្នាដៃ​គំនូរ​រុក្ខជាតិ​លើ​ជញ្ជាំង​របស់​សិល្ប​ករបា​រាំង​នូ​ប្លា និង​វត្ថុ​សិល្ប​:​មួយចំនួន​ដែល​រចនា​ដោយ​សិល្បករ​កម្ពុជា អ៊ូ វណ្ណឌី​។ ក្នុង​ទិវា​បេតិកភណ្ឌ​នេះ​ស្ថានទូត​នឹង​បើកទ្វារ​ពេញ​មួយថ្ងៃ​ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៤​រសៀល​(​រួមទាំង​ពេល​ថ្ងៃត្រង់​ពី​ម៉ោង​១២​ដល់​ម៉ោង​២​រសៀល​ផងដែរ​)​។​សាធារណជន​អាច​ចូល​ទស្សនា​ដោយ​សេរី​ដោយ​មិនចាំបាច់​ចុះឈ្មោះ​ជាមុន​ប៉ុន្តែ​មិន​អនុញ្ញាតឱ្យ​យក​ចំណីអាហារ​ភេសជ្ជៈ​(​លើកលែង​ទឹក​)​និង​កាបូប​ធំៗ​ចូល​នោះទេ​។​

​ឧទ្យាន​ស្ថានទូត​បារាំង​គឺជា​លំហ​បៃតង​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ​ដែល​បើក​ជូន​សាធារណជន​ចូល​ទស្សនា​ជាច្រើនលើក​ក្នុង​មួយឆ្នាំៗ​ក្នុងឱកាស​ផ្សេងៗ​គ្នា​។​ផ្តួចផ្តើមឡើង​ដោយ​ប្រទេស​បារាំង​ទិវា​បេតិកភណ្ឌ​បច្ចុប្បន្ន​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅតាម​បណ្តា​ប្រទេស​នានា​ជាង​៥០​ប្រទេស​។​នៅ​កម្ពុជា​អគារ​ដ៏​ស្រស់ស្អាត​ផ្សេងទៀត​ក៏​នឹង​បើកទ្វារ​ទទួល​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី​ផងដែរ​។​

​ក្នុងនោះ​មាន​៖​សាលា​រាជធានី​ភ្នំពេញ​និវេសនដ្ឋាន​,​ឯកអគ្គរាជទូត​អង់គ្លេស​,​ការិយាល័យ​អង្គការ​យូណេស្កូ​,​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​,​សាលា​បារាំង​ដេ​កាត​,​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​,​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​នៅ​ភ្នំពេញ​,​និង​អភិរក្ស​អង្គរ​នៅ​សៀមរាប​។​ម៉ោង​ពេល​និង​បែបបទ​នៃ​ការ​ទស្សនា​ត្រូវបាន​កំណត់ដោយ​ស្ថាប័ន​នីមួយៗ​។​លោកអ្នក​អាច​ស្វែងយល់​ព័ត៌មាន​បន្ថែម​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថាប័ន​ចូលរួម ឬ​នៅលើ​ទំព័រ www.facebook.com/HeritageDayKH ៕S/