​ស្ថានភាព​ទូទៅ​នៅ​សង្កាត់​កោះដាច់ និង​ការរៀបចំ​វេទិកា​ថ្នាក់រៀន ស្តីពី​សារសំខាន់ នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ នៅ​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន កោះដាច់​

365

​សង្កាត់​កោះដាច់​មាន​ទីតាំង​ស្ថិតនៅក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ កោះដាច់​មាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​តាម​ទូកដ​ពី​កំពង់ចម្លង​បាក់​ខែង​ឆ្ពោះទៅ​កោះដាច់​។ ជាទូទៅ កោះដាច់ ត្រូវបាន​អ្នកទីក្រុង​ភ្នំពេញ ជាពិសេស​យុវជន​យុវនារី ស្គាល់​ថា ជា​កន្លែង​កម្សាន្ត និង​ងូតទឹក​លេង​តាម​ឆ្នេរ​ខ្សាច់​ទន្លេមេគង្គ​នា​រដូវប្រាំង​នៅ​ចុង​សប្តាហ៍​។ អ្នកភូមិ​កោះដាច់​ភាគច្រើន​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ ត្បាញ​សូត្រ ហូល និង ផាមួង​។ តម្បាញ​នេះ មាន​លក្ខណៈ​បែប​ប្រពៃណី​ខ្មែរ ដោយ​ប្រើប្រាស់​ឧបករណ៍​បែប​បុរាណ ហើយ​ស្ត្រី​ជា​អ្នក​ត្បាញ​នៅក្រោម​ផ្ទះ​។​

​នៅក្នុង​របប​ខ្មែរក្រហម (១៩៧៥-៧៩) កោះដាច់ ស្ថិតនៅ​ក្នុងស្រុក​មុខកំពូល តំបន់​២២​នៃ​ភូមិភាគ​បូព៌ា​។ បន្ទាប់ពី​ឡើងកាន់​កាប់​អំណាច​នៅ​ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​បង្ខំ​ប្រជាជន​នៅ​កោះដាច់​ឲ្យ​ធ្វើស្រែ​ចម្ការ​ដូច​ប្រជាជន​នៅ​តំបន់​ផ្សេងៗ​ទៀត ដើម្បី​យក​ទិន្ន​-​ផល​ទៅ​ផ្គត់ផ្គង់​អង្គការ​។ នៅ​រដូវ​ប្រមូល​ផល​ម្ដងៗ ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​ប្រជាជន​ដឹក​កសិផល​យកទៅ​ប្រគល់ជូន​អង្គការ​នៅ​ត្រើយម្ខាង​ទៀត​នៃ​ទន្លេមេគង្គ​។

​នៅ​ចុងឆ្នាំ​១៩៧៧ និង​ដើមឆ្នាំ​១៩៧៨ បន្ទាប់ពី​កម្មាភិបាល​ស្រុក តំបន់ និង​ភូមិភាគ​បូព៌ា​ភាគច្រើន​ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូនទៅ​មន្ទី​សន្តិសុខ​ស​-២១ ប្រជាជន​ដែល​រស់នៅ​កោះដាច់ ក៏ដូចជា​ប្រជាជន​ដទៃ ក្នុង​តំបន់​២២ និង​តំបន់​ផ្សេងៗ​ទៀត​នៅក្នុង​ភូមិភាគ​នេះ ត្រូវបាន​ខ្មែរក្រហម​បង្ខំ​ជម្លៀស​ឲ្យ​ទៅ​ភូមិភាគ​ពាយ័ព្យ​។ ប្រជាជន​នៅ​កោះដាច់​មួយចំនួនធំ​ត្រូវបាន​សម្លាប់ និង​ស្លាប់​ដោយសារ​ជំងឺ ខណៈពេលដែល​ផ្សេងទៀត ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង និង​ធ្ងន់ធ្ងរ​នៅ​ភូមិភាគ​ពាយ័ព្យ​។ មកដល់​សព្វថ្ងៃ ប្រជាជន​នៅ​កោះដាច់​នៅតែ​ចងចាំ​ពី​ការជម្លៀស និង​ការទទួល​រងទុក្ខវេទនា​នៅក្នុង​របប​ខ្មែរក្រហម​។​

​ដើម្បី​រំ​ឮ​ក​ហេតុការណ៍​ទាំងនេះ​ឡើងវិញ និង​ដើម្បី​ជា​មេរៀន​សម្រាប់​ក្មេងជំនាន់ក្រោយ​បាន​សិក្សា​រៀនសូត្រ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា បានរៀបចំ​វេទិកា​ថ្នាក់រៀន​មួយ​ស្តីពី​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ នៅ​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន កោះដាច់ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ល្វា សង្កាត់​កោះដាច់​។

​ដំបូង​ឡើយ​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន កោះដាច់​នេះ គឺជា​អតីត​សាលាបឋមសិក្សា​កោះដាច់​ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៨៣ បន្ទាប់មក​សាលាបឋមសិក្សា​នេះ​ត្រូវបាន​ដំឡើង​ឲ្យ​ទៅជា​អនុវិទ្យាល័យ​កោះដាច់​។ នៅ​ឆ្នាំ​២០០៩ អនុវិទ្យាល័យ​កោះដាច់​នេះ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រែក្លាយ​ឲ្យ​ទៅជា​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន កោះដាច់​។ សព្វថ្ងៃ​វិទ្យាល័យ​នេះ​មាន​សិស្ស​កំពុង​សិក្សា​ចាប់ពី​ថ្នាក់​ទី​៧ រហូតដល់​ថ្នាក់​ទី​១២ ដែលមាន​ចំនួន​សរុប​១០៨០​នាក់​។​

​នៅវេលា​ម៉ោង​១.៣០​នាទី​រសៀល ថ្ងៃ​ដដែល លោក ប៉ិច ចាម នាយក​សាលា​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន កោះដាច់ បាន​មានប្រសាសន៍​ទៅកាន់​សិស្ស​ថ្នាក់​ទី​១២ ដែល​បាន​ចូលរួម​ក្នុង​វេទិកា​ថ្នាក់រៀន​ស្តីពី​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ចំនួន​សរុប​១១៦​នាក់​ថា ថ្ងៃនេះ​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន កោះដាច់​ពិតជា​មាន​កិត្តិយស​ណាស់ ដែល​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មកជួយ​បង្ហាត់បង្រៀន​ដល់​សិស្សានុសិស្ស​ទាំងអស់​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​។ លោក ប៉ិច ចាម បន្ថែមថា សិស្ស​ទាំងអស់​គួរ​យកចិត្តទុកដាក់​ស្តាប់​ការបង្រៀន​នេះ ពីព្រោះ​យើងទាំងអស់គ្នា នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ស្ដីអំពី​របប​កម្ពុជា​- ប្រជាធិបតេយ្យ ដែលជា​វិញ្ញាសារ​ធ្លាប់​បានចេញ​ពេល​ប្រឡង​ទុតិយភូមិ​កាលពី​ឆ្នាំ​សិក្សា​កន្លងមក​។ កាលពី​ឆ្នាំមុន​វិញ្ញាសារ​ប្រ​វត្ត​វិទ្យា ក៏មាន​សំណួរ​ឲ្យ​សិស្ស​ធ្វើការ​ប្រៀបធៀប រវាង​របប​សង្គមរាស្ត្រនិយម និង​របប​កម្ពុជា​ប្រជាធិបតេយ្យ ថា​តើ​វា​មាន​លក្ខណៈ​ខុសគ្នា​យ៉ាងដូចម្តេច​។ ជា​ចុងក្រោយ លោក ប៉ិច ចាម បាន​សំណូមពរ​ដល់​សិស្សានុសិស្ស​ទាំង អស់​ឲ្យ​កត់ត្រា​ទុក​នូវ​ចំណុច​សំខាន់ៗ ព្រោះ​វា​អាចជួយ​ដល់​សំណេរ​របស់ខ្លួន​នៅ​ថ្ងៃ​ប្រឡង​ទុតិយភូមិ​ខាងមុខនេះ​។

​បន្ទាប់ពី លោក ប៉ិច ចាម មានប្រសាសន៍​ចប់ លោក ឡុង ដា​នី បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​និយាយ​ពី​គោលបំណង​នៃ​ការបង្កើត​វេទិកា​ថ្នាក់រៀន​ស្តីពី​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ថា​៖ គោលបំណង​ទី​១) គឺ រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-៧៩) ជំរុញ​ឲ្យ​មានការ​ផ្សះផ្សា និង​អប់រំ​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​អត់ឱន និង​អធ្យាស្រ័យ​គ្នា​។ គោលបំណង​ទី​២) គឺ រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​របប​ប្រល័យពូជសាសន៍​កុំ​ឲ្យ​កើតឡើង​ម្តងទៀត​។

​ក្រោយពី លោក ឡុង ដា​នី និយាយ​អំពី​វត្ថុបំណង​នៃ​ការធ្វើ​វេទិការ​ថ្នាក់រៀន​ចប់ លោក ឡុង ដា​នី បានផ្តល់​ឱកាស​ឲ្យ​សិស្សានុសិស្ស​ទាំងអស់​សរ​សេរ​នូវ​អ្វីដែល​ខ្លួន​បានដឹង និង​អ្វីដែល​ខ្លួន​ចង់ដឹង​អំពី​របប​ខ្មែរក្រហម​។ បន្ទាប់ មក​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ មាន​ចំណងជើង​ថា «​កុមារ​កម្ពុជា​» ដែល​បង្ហាញ​ពី​ក្មេង​កំព្រា​ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ ឆ្នាំ​១៩៧៩​។ បន្ទាប់ពី​សិស្សានុសិស្ស​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​ចប់ លោក ឡុង ដា​នី ក៏បាន​ធ្វើ​បទ​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ និង​ឆ្លើយ​សំណួរ​ផ្សេងៗ​ដែល​សិស្សានុសិស្ស​ចង់ដឹង​ទាក់ទង​ទៅនឹង​របប​នេះ​។ តម​ក លោក ស៊ា​ង ចិន្តា ប្រធាន​វិចិត្រសាល​លិ​ស្បះ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត បានបង្ហាញ​ពី​ការតាំងពិព័រណ៍​ជម្លៀស​ដោយ​បង្ខំ​ទៅកាន់​សិស្សានុសិស្ស​ទាំងអស់ ដើម្បី​បញ្ជ្រៀប​ការយល់ដឹង​មួយផ្នែក​ទៀត នៃ​ប្រវត្តិសាស្ត្រ​ដែល​ឆ្លុះបញ្ចាំង​ពី​រឿងរ៉ាវ​នៃ​ការ​បម្លាស់​ទី​ដោយ​បង្ខំ​របស់​ប្រជាជន​កម្ពុជា​នៅក្នុង​របប​ខ្មែរក្រហម​។​

​សេត ឈូ​ហេង រៀន​ថ្នាក់​ទី​១២A នៃ​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន កោះដាច់ បាន​រៀបរាប់ថា ដំបូង​ឡើយ ឈូ​ហេង ធ្លាប់​បានឮ​សម័យ​ខ្មែរក្រហម​តាមរយៈ​ឪពុកម្តាយ​និយាយប្រាប់ ប៉ុន្តែ​កាលណោះ ឈូ​ហេង មានការ​យល់ដឹង​ពី​របប​នេះ​តិចតួច​ណាស់​។ ឈូ​ហេង បាន​បន្ថែមថា «​មុន​ខ្មែរក្រហម​កាន់អំណាច ឪពុកម្តាយ​របស់គាត់ រស់នៅ​ទីក្រុង​ភ្នំពេញ ក្រោយ ពេលដែល​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​ទូទាំងប្រទេស ឪពុកម្តាយ​របស់ គាត់​ត្រូវបាន​ខ្មែរក្រហម​បង្ខំ​ជម្លៀស​ចេញពី​ភ្នំពេញ ឲ្យ​ទៅ​ខេត្តបាត់ដំបង​។ បន្ទាប់មក​ខ្មែរក្រហម​បាន​ចាត់តាំង​ឪពុកម្តាយ​របស់គាត់​ឲ្យ​ធ្វើស្រែ និង​លើក​ទំនប់​ដោយ​គ្មាន​ពេល​ឈប់សម្រាក​ឡើយ ចំណែក​របប​អាហារ ឪពុកម្តាយ​គាត់​មិនដែល​បាន​ហូប​ឆ្អែត​ទេ​”​។

​ឈូ​ហេង បន្ថែមថា វេទិកា​ថ្នាក់រៀន​ថ្ងៃនេះ ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់ ចំពោះ​សិស្សានុសិស្ស​ដែល​ត្រូវ​ប្រឡង​ទុតិយភូមិ​ឆ្នាំនេះ ព្រោះ​មានឱកាស​ទទួលបាន​នូវ​ចំណេះដឹង​បន្ថែមទៀត​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ដែលជា​ប្រវត្តិសាស្ត្រ​ដ៏​ឃោរឃៅ​ដែល​ប្រជាជន​កម្ពុជា​មិនអាច​បំភ្លេចបាន​។ ឈូ​ហេង មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​វីដេអូ​ទាក់ទង​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្តែង​នៃ​របប​នោះ ទាំង​ការហូបចុក ការរស់នៅ និង​ធ្វើការ ជាដើម​។​

​យ៉ាន ដា​រី​កា ជា​សិស្ស​រៀន​ថ្នាក់​ទី​១២A នៃ​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន កោះដាច់ បាន​រៀបរាប់ថា «​ពីមុនមក គាត់​ធ្លាប់​បានដឹង​អំពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​តាមរយៈ​ការសិក្សា​រៀនសូត្រ និង​អ្នកភូមិ​ដែល​រស់នៅ​ក្បែរ​គ្នា ជាពិសេស​តាមរយៈ​ឪពុកម្តាយ​របស់ គាត់​និយាយប្រាប់​»​។ ដា​រី​កា បន្ថែមថា វេទិកា​ថ្នាក់រៀន​ថ្ងៃនេះ ពិតជា​ជួយ​បង្កើន​ចំណេះដឹង​របស់គាត់​បាន​ច្រើន​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ដូចជា​ការយល់ដឹង​អំពី​ទុក្ខវេទនា ការប្រើ​អំពើ​អមនុស្សធម៌ ការ​បង្អត់អាហារ ការ​ធ្វើទុក្ខបុកម្នេញ និង​ការធ្វើ​ទារុណកម្ម​មកលើ​ប្រជាជន​កម្ពុជា​។

​ជា​ចុងក្រោយ ដា​រី​កា សំណូមពរ​ចង់​ឲ្យ​មាន​វេទិកា​ថ្នាក់រៀន​បែបនេះ​ឲ្យ​បាន​ច្រើន ព្រោះ​គាត់​គិតថា ចំណេះដឹង​របស់គាត់​ទាក់ទង​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅមានកម្រិត​នៅឡើយ​។ ប្រសិនបើ គាត់​ទទួលបាន​ចំណេះដឹង​អំពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​កាន់តែច្រើន គាត់​នឹង​ចែករំលែក​ចំណេះដឹង​ទាំងនេះ​ជាមួយ​មិត្តភក្តិ​របស់គាត់​តាមរយៈ​ការសន្ទនា និង​បណ្តាញ​ព័ត៌មាន​សង្គម​៕L ដោយៈ ហូ ថុ​នា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​