​ស្ថានីយ៍​ប្រេងឥន្ធនៈ នៅ​ក្រុង​បាត់ដំបង ស្ទើរ​ទាំងអស់ មិន​គ្រប់​លីត្រ និង​បន្លំ​គុណភាព

2950

ដោយៈ​គ្រញូង​/
​បាត់ដំបងៈ មន្ត្រី​កាំកុងត្រូល សាខា​ខេត្តបាត់ដំបង សហការ​ជាមួយ មន្ត្រី​មកពី អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​ចុះ​ត្រួតពិនិត្យ ស្ថានីយ៍​ប្រេងឥន្ធនៈ នៅក្នុង​ក្រុង​បាត់ដំបង តាមរយៈ​រថយន្ត ពិសោធន៍​ចល័ត របស់​អគ្គនាយកដ្ឋាន កាំកុងត្រូល ហើយ​បាន​រកឃើញ ស្ថានីយ៍​ប្រេងឥន្ធនៈ ចំនួន​៧​កន្លែង មានការ​កឹ​ប​កេង បរិមាណ​លីត្រ​មិន​គ្រប់ លក់​ទៅឱ្យ​អតិថិជន និង​បាន​រកឃើញ​មាន ការបន្លំ​គុណភាព ប្រេងសាំង​ធម្មតា ទៅជា​ប្រេងសាំង​ស៊ុប​ពែរ ជាដើម​នោះ​។​

​ការចុះ​ត្រួតពិនិត្យ​នេះ ធ្វើឡើង កាលពី​ថ្ងៃទី​២០ និង ២១ ខែមីនា ឆ្នាំ​២០១៨ នៅ​ស្ថានីយ៍​ប្រេង ជាង ១០ កន្លែង ក្នុង​ក្រុង​បាត់ដំបង និង​បន្ត​ចុះ​ធ្វើ នៅតាម​ស្រុក មួយចំនួនទៀត​។

​លោក ហាក់ សុខ​រិ​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​បញ្ជាក់ថា ការចុះ​ត្រួតពិនិត្យ ពី​សំណាក់​មន្ត្រី កាំកុងត្រូល គឺ​ដើម្បី​ធានា​ឱ្យ ការធ្វើ​អាជីវកម្ម ប្រេងឥន្ធនៈ បំរើឱ្យ​អតិថិជន មាន​ភាពត្រឹមត្រូវ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ នាំគ្នា​និយាយ​រិះគន់ និង​ចោទប្រកាន់ថា មាន​ស្ថានីយ៍​ប្រេងឥន្ធនៈ មួយចំនួន នៅ​ក្រុង​បាត់ដំបង ចាក់​កិបកេង​ប្រេងឥន្ធនៈ មិន​គ្រប់​លីត្រ និង​ប្រេង​គ្មាន​គុណភាព ឆាប់​ធ្វើ​ឳ្យ​ម៉ាស៊ីន យានយន្ត ឆាប់​ខូច​ជាដើម​។​

​លោក​បាន​ប្រាប់​ឱ្យដឹងថាៈ ក្រោយ​រកឃើញ ស្ថានីយ៍​ប្រេងឥន្ធនៈ ទាំង ៧ កន្លែង​នោះ មាន​ភាពលំអៀង ក្នុង​ការធ្វើ​អាជីវកម្ម ចាក់​ប្រេង​មិន​គ្រប់​បរិមាណ ទៅឱ្យ​អ​ថិ​ជន និង​បន្លំ​គុណភាព ប្រេងសាំង ពី​សាំង​ធម្មតា​ទៅជា​សាំង​ស៊ុប​ពែរ គឺ​មន្ត្រី​ជំនាញ បានឱ្យ​ម្ចាស់​ស្ថានីយ៍ ធ្វើ​កិច្ចសន្យា​លើក​ទី​១ ហើយ​នៅ​លើក​ទី​២ ម​ន្រី្ត​ជំនាញ រកឃើញ​ម្ចាស់​ស្ថានីយ៍ មិន​រៀងចាល និង​អនុវត្តតាម​ផ្លូវច្បាប់ ហើយ​ស្នើសុំ​ថ្នាក់លើ ដកហូត​អាជ្ញាប័ណ្ណ បញ្ឈប់​អាជីវកម្ម​តែម្តង​។​

​លោក​ប្រធាន​សុំ​មិន​ឳ្យ​ប្រាប់​ឈ្មោះ ក្នុងចំណោម​ស្ថានីយ៍ ប្រេងឥន្ធនៈ​ទាំង​៧​នោះ នៅ​កន្លែង​ណា ហើយ​មានឈ្មោះ​អ្វី​ទេ គឺ​គ្រាន់តែ​បញ្ជាក់ថា មាន​ស្ថានីយ៍​ខ្លះ ចាក់ឱ្យ​អ​ថិ​ជន ក្នុង ១០០ លីត្រ កិបកេង​ចាប់ពី​ជាង ២ លីត្រ រហូតដល់ ៥ លីត្រ​។ ហើយ​មិនតែប៉ុណ្ណោះ អប់រំ​ឱ្យ​កែសម្រួល ឡើងវិញ មិនឱ្យ​ដាក់​ស្លាក សាំង​ស៊ុប​ពែរ នោះទេ នៅពេលដែល​មន្ត្រី​ជំនាញ រកឃើញថា សាំង​ធម្មតា បែរជា​ម្ចាស់​ស្ថានីយ៍ ដាក់​សាំង​ស៊ុប​ពែរ​នោះ​៕V

ម​ន្ត្រី​កាំកុងត្រូល ​ចុះ​ត្រួតពិនិត្យ ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ ក្នុង​ក្រុង​បាត់ដំបង​