​ស្នងការ​នគរបាល​ក្រុងភ្នំពេញ​មិនឱ្យ​មន្ត្រី​ណា​ម្នាក់​យាម​តាម​ក្លិប​កម្សាន្ត​ឡើយ​

492
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានដាក់​បទបញ្ជា​មិន​អនុញ្ញាតឱ្យ​មន្ត្រីនគរបាល​ណា​ម្នាក់​ទៅ​បំពេញការងារ​ផ្សេង​ក្រៅពី​ការងារ​នគរបាល​ឡើយ​។​ដោយសារ​កន្លងទៅ​មាន​មន្ត្រីនគរបាល​មួយចំនួន​តូច​បាន​ឆ្លៀត​ទៅ​បំពេញការងារ​និង​យាម​តាម​ក្លិប​កម្សាន្ត​។​ថ្លែង​ទៅកាន់​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ពេល​គោរព​ទង់ជាតិ​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ដែលមាន​មន្ត្រី​ជាង​៨០០​នាក់ ចូលរួម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​បាន​បញ្ជាក់ថា​មន្ត្រីនគរបាល​មិនត្រូវ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ហើយ​កន្លងទៅ​មាន​មន្ត្រីនគរបាល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ក៏បាន​ចាត់ការ​តាម​នីតិវិធី​ហើយ​នៅតាម​ក្លិប​កម្សាន្ត​នឹងមិន​អនុញ្ញាត​ឱ្យមាន​វត្តមាន​មន្ត្រីនគរបាល​ទៅ​យាម​ឬ​ការពារ​ក្លិប​ណាមួយ​ឡើយ​។​ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​បាន​ណែនាំ​ឱ្យកម្លាំង​នគរបាល​របស់​យើង​ត្រូវ​មក​គោរព​ទង់ជាតិ​ឱ្យបាន​ជាងនេះទៀត​ពិសេស​ត្រូវ​ស្លៀកពាក់​ឱ្យបាន​ត្រឹមត្រូវ​តាម​ឯកសណ្ឋាន​របស់​នគរ​បាល​។

​លោកស្នងការ​ក៏បាន​ណែនាំ​ឱ្យកម្លាំង​នគរបាល​ទាំងអស់​ត្រូវ​កាត់សក់​ខ្លី​ហើយ​ដំបូង​នេះ​គឺ​កម្លាំង​នគរបាល​ចរាចរណ៍ និង​កម្លាំង​នគរបាល​ទេសចរណ៍ ត្រូវ​កាត់​មុនគេ​។ ម្យ៉ាងទៀត​លោ​ក៏​បញ្ជាក់​ជាថ្មី​ទៀតថា កងកម្លាំង​នគរបាល​អន្តរាគមន៍ ត្រូវតែ​នាំគ្នា​ហាត់ប្រាណ​ជាប្រចាំ នៅពេល​ល្ងាច ដើម្បី​សុខភាព​ផង និង​ដើម្បីឱ្យ​រាងកាយ​មាំមួន​ផង​៕S/​