ដោយ:ពៅនិមល/ភ្នំពេញ:ក្នុងឱកាសចុះសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសំណូមពរដល់មន្ត្រីទាំងអស់ខិតខំអភិវឌ្ឍន៍សមត្ថភាព។ ដើម្បីជាទុនក្នុងការបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពសំដៅចូលរួមអនុវត្តន៍យុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលកម្ពុជា។ដើម្បីធានាបាននូវប្រសិទ្ធភាពការងារជាពិសេសការអភិវឌ្ឍវិស័យពាណិជ្ជកម្មនិងប្រទេសជាតិ
សូមបងប្អូនមន្ត្រីខិតខំពង្រឹងសមត្ថភាពថែមទៀត ព្រោះនៅពេលដែលយើងមានចំណេះដឹង និងជំនាញច្បាស់លាស់ នឹងអាចចរចាស្វែងរកទីផ្សារថ្មីៗនិងផ្តល់ការណែនាំល្អៗដល់វិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍផលិតផល និងសេវាកម្មនៅក្នុងខេត្ត។ លោករដ្ឋមន្ត្រីបញ្ជាក់។
ទន្ទឹមគ្នានេះ លោក ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនមន្ត្រីទាំងអស់ អំពីសមិទ្ធផលសំខាន់ៗ និងទិសដៅការងារថ្មីៗមួយចំនួន ដែលក្រសួងពាណិជ្ជកម្មត្រូវបំពេញ ដើម្បីធានាការអភិវឌ្ឍវិស័យពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា រួមមាន៖ ការកសាងលិខិតបទដ្ឋានគិតិយុត្តិនៅក្រោមវិស័យពាណិជ្ជកម្ម ការអភិវឌ្ឍផលិតផលហាឡាល់ ការជំរុញវត្តមានផលិតផលខ្មែរនៅតាមទីផ្សារទាំងក្នុង និងក្រៅប្រទេស និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ។
លើសពីនេះ លោកបានកោតសរសើរដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ដែលបានប្រឹងប្រែងបំពេញការងារនាពេលកន្លងមក និងបានស្នើដល់មន្ត្រីនៃអង្គភាពទាំងពីរ ពង្រឹងកិច្ចសហការគ្នាបន្តទៀត ដើម្បីបម្រើប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង តាមរយៈការបង្កើនសកម្មភាពចុះត្រួតគុណភាពទំនិញនៅតាមទីផ្សារហាងលក់ទំនិញនានា ការជំរុញបិទស្លាកតម្លៃលើទំនិញគ្រប់ប្រភេទ និងការអប់រំផ្សព្វផ្សាយជូនអាជីវករ និងពាណិជ្ជករទាំងអំពីច្បាប់ និងបទបញ្ញត្តិថ្មីៗទាក់ទងវិស័យពាណិជ្ជកម្មជាតិ។
សូមបញ្ជាក់ថា នៅក្រោយបញ្ចប់អង្គពិធី រដ្ឋមន្ត្រីពាណិជ្ជកម្មក៏បានប្រគល់នូវថវិកាមួយចំនួនដល់ថ្នាក់ដឹកនាំមន្ទីរពាណិជ្ជកម្មនិងសាខាកាំកុងត្រូលប្រចាំខេត្តបាត់ដំបងដើម្បីទុកប្រើប្រាស់សម្រាប់សោហ៊ុយចំណាយផ្សេងៗទៅតាមតម្រូវការជាក់ស្តែង៕S/
ពិធីថតរូបអនុស្សាវរីយ៍ក្រោយចប់សំណេះសំណាល (រូបថត ក្រសួង)