​ស្នើ​ស៊ើបអង្កេត​គ្លីនិក​ឯកជន​ដែល​អូសទាញ​អ្នកជំងឺ​ពី​សេវា​មន្ទីរពេទ្យ​រដ្ឋ​មករក​សេវា​របស់ខ្លួន​វិញ​

209
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បានស្នើ​ឱ្យ​មន្ត្រីនគរបាល​និង​មន្ត្រី​សុខាភិបាល​សហការ​ស៊ើបអង្កេត​សេវា​ឯកជន​ជា​សម្ភព​និង​គ្លីនិក​មួយចំនួន​ដែល​សកម្ម​ខាង​ប្រើ​រូបភាព​បញ្ចុះបញ្ចូល​អ្នកជំងឺ​។​ក្នុងនោះ​មានបំណង​ស្វែ​ករក​សេវា​ព្យាបាល​សាធារណ​:​នៅ​មន្ទីរពេទ្យ​រដ្ឋ​ឱ្យទៅ​កាន់​កន្លែង​ព្យាបាល​សេវា​ឯកជន​របស់ខ្លួន​វិញ​។​នេះ​ជា​សេវា​ប្រឆាំងនឹង​សេវា​រដ្ឋបាល​របស់​រដ្ឋ​គឺ​ប៉ះពាល់​ដល់​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​។​

​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​កាលពីដើម​សប្តាហ៍​នេះ​លោក​អ៊ុន​ចាន់​ដា​អភិបាល​ខេត្តកំពង់ចាម​បាន​មានប្រសាសន៍ថា ដើម្បី​ឆ្លើយតប​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​បានលើកឡើង​ដោយ​លោក ខ្លូត​ផន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ជុំ​ករណី​ខ្លឹមសារ​នៃ​បណ្តឹង​ថា​មាន​ក្រុម​ម៉ូតូឌុប​បាន​នៅ​រង់ចាំ​តាម​ចំណ​រថយន្ត​។​

លោក​អ៊ុន​ចាន់​ដា​បាន​ថ្លែងថា​ដើម្បី​បំណង​ពួកគេ​(​ម៉ូតូឌុប​)​ធ្វើ​សកម្មភាព​ស្ទាក់​និយាយ​អូសទាញ​បញ្ចុះបញ្ចូល​អ្នកជំងឺ​ដែលមាន​បំណង​ទៅរក​ការព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ខេត្តកំពង់ចាម​ឱ្យទៅ​តាម​ខ្លួន​ជា​ម៉ូតូឌុប​។​គឺ​ដើម្បី​ខ្លួន​ទទួលបាន​កម្រៃជើងសារ​ពី​មន្ទីរសម្ភព​និង​គ្លីនិក​ដែល​បាន​និយាយ​ត្រូវ​រូ​វ​គ្នា​រួចហើយនោះ​។ ដូច្នេះ​វិធានការ​ចំពោះមុខ​នេះ​សូម​ស្នើឱ្យ​ខាង​ស្នងការ​នគរបាល និង​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត សហការគ្នា​ត្រួតពិនិត្យ និង​ស៊ើបអង្កេត​តាម​ចំណតរថយន្ត និង​សម្ភព ឬ​គ្លីនិក​ឯកជន​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែង​ឱ្យដឹងទៀតថា យើង​នឹង​ចាត់វិធានការ​អប់រំ​ដល់​ម៉ូតូឌុប និង​លោកគ្រូ អ្នកគ្រូ​ពេទ្យ​ណា​ជា​ម្ចាស់​មន្ទីរសម្ភព​ឬក៏​គ្លីនិក​ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​បង្កើត​សេវា​នេះ​ឡើង​។​ការបង្កើត​សេវា​នេះ​ឡើង​គឺជា​សេវា​ប្រឆាំងនឹង​សេវា​ព្យាបាល​រដ្ឋបាល​របស់​រដ្ឋ​ប៉ះពាល់​ដល់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​។​ពិសេស​ប៉ះពាល់​ដល់​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​។​

លោក គឹម​សួរ ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​បានឱ្យដឹង​នៅ​ថ្ងៃទី ២៣ សីហា​ថា ពិត​ជាមាន​សកម្មភាព​សេវា​ព្យាបាល​អនាធិបតេយ្យ​នេះ​កើតឡើង​មែន​និង​បាន​កើតឡើង​ច្រើន​ឆ្នាំ​ហើយ​។​ប៉ុន្តែ​ជា​ទង្វើ​ឬ​សកម្មភាព​របស់​បុគ្គល​ជា​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​មួយចំនួន​ប៉ុណ្ណោះ​។​ដោយ​កន្លងមក​យើង​ធ្លាប់បាន​អប់រំ​ណែនាំ​ជាទូទៅ​ដល់​មន្ត្រី​សុខាភិបាល​ទូទាំង​ខេត្ត​ច្រើនលើក​ហើយ​គឺ​នៅតែ​លេចចេញ​ព័ត៌មាន​សេវា​ព្យាបាល​អនាធិបតេយ្យ​កើតឡើង​បន្តទៀត​ដដែល​។​

​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា​ជាមួយ​នោះ​យើង​បាន​ប្រាប់​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​ដែល​ជាប់ជំពាក់​នឹង​ការបង្កើត​សេវា​នេះ​ឲ្យ​ដកខ្លួន​ពី​ក្រុម​ម៉ូតូឌុប​។​ហាម​មិន​ឲ្យ​មាន​សកម្មភាព​អូសទាញ​អ្នកជំងឺ​ពី​មន្ទីរពេទ្យ​របស់​រដ្ឋ​ទៅកាន់​កន្លែង​ព្យាបាល​ឯកជន​របស់ខ្លួន​។​មិនឱ្យ​លួច​ម៉ោង​របស់​រដ្ឋ​ទៅ​ប្រកបការងារ​ឯកជនរ​បស់​ខ្លួន​ទេ និង​គោរព​ក្រមសីលធម៌ វិជ្ជាជីវ​: គឺ​ធ្វើយ៉ាងណា​ផ្តល់​សេវា​ថែទាំ​ឲ្យ​មាន​ប្រសិទ្ធិភាព និង​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​លោក​ភិ​រុណ​បាន​បន្តថា​ជុំវិញ​ករណីនេះ​យើង​សូម​ប្រកាសជូន​សាធារណជន​ទូទៅ​ថា​ប្រសិនបើ​រកឃើញ ឬ​មាន​ភស្តុតាង​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​រូប​ណា​ប្រព្រឹត្ត​នឹង​វិជ្ជាជីវ​:​គឺ​សូម​ប្រគល់​ទាំង​ភស្តុតាង​និង​ទាំង​ឈ្មោះ​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​នោះមក​ខាង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​ដើម្បី​យើង​ចាត់វិធានការ​លើ​ពួកគាត់​នោះ​៕S/​

#