​ស្ពានឈើ​ប្រវែង​១៨៣​ម៉ែត្រ​នៅ​ប្រាសាទបេង​មាលា​កំពុង​ជួសជុល​ឡើងវិញ​

1134
ចែករម្លែក
  • 41
    Shares

​ដោយៈ​គូលែន​/​សៀមរាបៈ​ប្រាសាទបេង​មាលា​បើទោះបី​ស្ថិតនៅ​ឆ្ងាយ​ពី​តំបន់​អង្គ​រហើយ​មានការ​បែកបាក់​ច្រើន​។​ក៏ប៉ុន្តែ​នូវ​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​លើ​ស្ថាបត្យកម្ម​សំណង់ ទេសភាព ពិសេស​ស្ពានឈើ​សម្រាប់​ដើរ​ទស្សនា​ប្រាសាទ​។​

​ដោយសារ​កត្តា​អាយុកាល អាកាសធាតុ បានធ្វើឱ្យ​ស្ពានឈើ​ដែល​សង់​ឡើង​កាលពី​ឆ្នាំ​២០០២ រង​នូវ​ការ​ពុកផុយ​ដោយ​អន្លើរ​អាច​បង្ក​ឱ្យ​គ្រោះថ្នាក់​។​ស្ថានភាព​ស្ពាន​តូចចង្អៀត​ពិបាក​ទេសចរ​ធ្វើដំណើរ​និង​ដើរ​ជៀស​គ្នា​ផង​នោះអាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ក្រុមហ៊ុន​ខាំ​សុមេធ​បាន​រុះ​ស្ពាន​ចាស់​ធ្វើ​ថ្មី​ទាំងស្រុង​មាន​ទំហំ​ធំ​ជាង​មុន​និង​ប្រវែង​១៨៣​ម៉ែត្រ​ក្នុង​ប្រវែង​ស្ពាន​សរុប​២៦៣​ម៉ែត្រ​។​

​លោក​បណ្ឌិត​ឈាន​រដ្ឋា​ប្រធានស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា​ដំណើរការ​ជួសជុល​ស្ពានឈើ​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​១០​ខែកញ្ញា​។​ស្ពាន​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ជា​អ្នកទទួលខុសត្រូវ​លើ​បច្ចេកទេស​ជួសជុល​។​រីឯ​ក្រុមហ៊ុន​ខាំ​សុមេធ​ជា​អ្នកផ្តល់​ថវិកា​ទិញ​សម្ភារៈ​។​

​ក្នុងការ​ជួសជុល​យើង​ប្រើ​ឈើ​អស់​ចំនួន​ជាង​៨០​ម៉ែត្រគូប​មាន​ឈើ​បី​ប្រភេទ​គឺ​ផ្ចឹក​គគីរ​និង​រាំង​ដែល​ធន់​នឹង​អាកាសធាតុ​ហើយ​ធានា​គុណភាព​បានយូរ​ឆ្នាំ​។​លោក​បាន​បន្តទៀតថា​ការជួសជុល​នេះ​ធ្វើឡើង​ក្នុង​បំណង​ការពារ​សុវត្ថិភាព​អ្នកទស្សនា​ដែល​កើន​ឡើងជា​លំដាប់​ការពារ​មិនឱ្យ​ទេសចរ​ចុះ​ជាន់​លើ​ថ្ម​នាំឱ្យ​រអិល​ឬ​ធ្លាក់​នាំ​គ្រោះថ្នាក់​ដល់​ខ្លួន​ហើយ​ប៉ះពាល់​ដល់​ថ្ម​ប្រាសាទ​សម្រួលការ​ធ្វើដំណើ​រ​ជៀស​គ្នា​ថែមទៀត​។​

​ចំពោះ​ការសាងសង់​វិញ​ក្រុមការងារ​បុរាណ​វិទូ​និង​ស្ថាបត្យករ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​យកចិត្តទុកដាក់​ខ្ពស់​និង​សិក្សា​យ៉ាង​ល្អិតល្អន់​ទាំង​ប្លង់​រួមទាំង​បញ្ជៀ​ស​ហានិភ័យ​ផ្សេងៗ​ដល់​ថ្ម​ប្រាសាទ​។​គឺ​ការមិន​ជីកដី​ដាំសសរ​បើ​កន្លែង​ប៉ះ​ថ្ម​គឺ​ប្រើ​សំបក​កង់ឡាន​ទ្រាប់​ពីលើ​ជៀសវាង​ការ​កកិត​។​ដោយឡែក​សម្រាប់​ស្ពាន​ចាស់​ដែលមាន​ទំហំ​សមល្មម​និង​មាន​ភាព​មាំទាំ​នៅឡើយ​ក៏​ក្រុមការងារ​បន្ត​ការយកចិត្តទុកដាក់​ថែទាំ​ពង្រឹង​បន្ថែមទៀត​ដែរ​។​

​សូមបញ្ជាក់ថា​ស្ពានឈើ​ដែលជា​សោភ័ណភាព​មួយ​នៃ​ប្រាសាទបេង​មាលា​នេះ​កើតឡើង​នៅ​ឆ្នាំ​២០០២​ដោយ​ក្រុមហ៊ុន​ភាពយន្ត​ហូលីវូដ​បាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ធ្វើ​ស្ពានឈើ​ចូលទៅក្នុង​ប្រាសាទ​សម្រាប់​ជញ្ជូន​សម្ភារៈ​ក្នុង​ការថត​ភាពយន្ត​និង​ជួយ​ផ្សព្វផ្សាយ​ដល់​ទេសចរ​ឱ្យ​ស្គា​ល់ពី​ប្រាសាទបេង​មាលា​ផង​។

​ក្រោយមក​ដោយ​កំណើន​ភ្ញៀវទេសចរ​កាន់តែ​កើនឡើង ធ្វើឱ្យ​ភ្ញៀវ​ខ្លះ​ជាន់​ថ្ម​ប្រាសាទ​ពេល​ដើរ​ទស្សនា ហើយ​មើលឃើញ​ពី​ប្រយោជន៍​នៃ​ស្ពានឈើ​នេះ​អាច​សង្គ្រោះ​ដល់​ប្រាសាទ​ផង​នោះ​។​អាជា្ញធរ​ជាតិ​អប្សរា​ក៏បាន​បន្ត​ពង្រីក​ធ្វើ​ស្ពានឈើ​នេះ​ជា​បន្ត​ភ្ជាប់​ជាមួយ​ស្ពាន​ចាស់​រហូតមក​សព្វថ្ងៃ​៕S/

​រូបភាពៈ ស្ពានឈើ​ប្រវែង​១៨៣​ម៉ែត្រ​នៅ​ប្រាសាទបេង​មាលា​កំពុង​ជួសជុល​ឡើងវិញ​។​

#