​ស្ពាន​ជ្រោយចង្វារ​ទី​១​នឹងដាក់​ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​

580
ចែករម្លែក
  • 59
    Shares

ដោយៈ​សុផល​/​ភ្នំពេញ​៖​តាម​ប្រភពពី​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានឱ្យដឹងថា​ស្ពាន​ជ្រោយចង្វារ​ទីមួយ​នឹងដាក់​ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ដើម្បី​សម្រួល​ចរាចរណ៍​ឱ្យមាន​លក្ខណៈ​ងាយស្រួល​។​

​កាលពី​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០១៩​លោក​តូច​ចាន់​កុសល​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​នៃ​គម្រោង​ស្តារឡើងវិញ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​(​ស្ពាន​ជ្រោយចង្វារ​ទី​១)​ដើម្បី​ធានាថា​ស្ពាន​នេះ​អាច​ដាក់ឱ្យ​សាធារណៈជន​ប្រើប្រាស់​បាន​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។​ជា​លទ្ធផល​គម្រោង​នេះ​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ដោយ​សម្រេចបាន​៩៧​ភាគរយ​លឿន​ជាង​ការគ្រោងទុក​ចំនួន​១១​ភាគរយ​។​

​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក្រុមហ៊ុន​សាងសង់​និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ជប៉ុន​ប្តេជ្ញាចិត្ត​បញ្ចប់​ការងារ​ដែល​នៅ​សេសសល់​ដើម្បី​ដាក់​ស្ពាន​នេះ​ឱ្យ​ដំណើរការ​ក្នុង​គោលបំណង​សម្រួល​ដល់​ការធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ​ក្នុងកំឡុងពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​អះអាង​ផងដែរ​ថា​ដំណើរការ​ជួសជុល​ស្ពាន​អាច​នឹង​បញ្ចប់​ទាំងស្រុង​នៅ​អំឡុង​ខែមិថុនា​។​

សូមបញ្ជាក់​ស្ពាន​ជ្រោយចង្វារ​ទី​១​ត្រូវបាន​ផ្អាក​ដំណើរ​ឆ្លងកាត់​និង​ជួសជុល​ឡើងវិញ​កាលពី​កំឡុង​ខែតុលា​ឆ្នាំ​២០១៧​បន្ទាប់ពី​ស្ពាន​ដែល​សាងសង់ឡើង​ក្រោម​ជំនួយ​រដ្ឋាភិបាល​ជប៉ុន​នា​អំឡុង​ឆ្នាំ​១៩៦៦​មួយ​នេះ​មាន​សភាព​ទ្រុធ​ទ្រោម​ខ្លាំង​។​ការជួសជុល​ស្តារ​ទ្បើង​វិញ​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុង​ទឹកប្រាក់​ប្រមាណ​ជា ៣៣​លាន​ដុល្លារ​អាមេរិក​៕S/​