​ស្រវឹងស្រា​ទៅ​ដេក​លើផ្លូវ​ដែក​ត្រូវ​រថភ្លើង​បើក​កិន​ដាច់​ប្រអប់ជើង​រមៀល​ធ្លាក់ចូល​ត្រពាំង​ឈូក​

969
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង នៅ​ធំក្លិន​ស្រា​នៅឡើយ ក្រោយពី​ផឹក​ស្រវឹង​ដើរទៅ​ដេក​ក្បែរ​ផ្លូវដែក ជើង​គង់​លើ​ផ្លូវដែក​ត្រូវបាន​រថភ្លើង​បើក​កិន​បណ្តាល​ឲ្យ​ដាច់​ប្រអប់​ជើងឆ្វេង ហើយ​រមៀល​ធ្លាក់ចូល​ក្នុង​ទឹក​ត្រពាំង​ឈូក​។ ងើប​មិន​រួច​អង្គុយ​ថ្ងូរ​ទាំង​ញ័រ​ខ្លួន​ទទ្រើក​តាំងពី​យប់ រហូតដល់​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ ទើប​បង្ក​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ប្រទះឃើញ តាមផ្លូវ​ដែក ជាប់​របង ក្រុមហ៊ុន​ខ្មែរ​ហ្វូ​ត ភូមិ​ចែង​មែ​ង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​បុរសរងគ្រោះ មិន​ស្គាល់​អត្តសញ្ញាណ ក្នុងស្ថានភាព​មិនទាន់​អស់​ជាតិ​ស្រវឹង​នៅឡើយ មាន​អាយុ​ជាង​៥០​ឆ្នាំ របួស​ដាច់​ប្រអប់​ជើងឆ្វេង ដាច់​ជាប់​នឹង​ផ្លូវដែក ។​តាម​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ផ្លូវដែក​ខ្សែ​ត្រង់ចំណុច​ខាងលើ មាន​រថភ្លើង​បើក​ឆ្លងកាត់​រាល់ថ្ងៃ ទាំងយប់​ទាំង​ថ្ងៃ ហើយក៏​មិនបាន​ចាប់អារម្មណ៍ ថា​កិន​មនុស្ស​ដាច់​ជើង​បែបនេះ​ដែរ ដោយ​ចំណុចកើតហេតុ នៅ​ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ ទើបតែ​នៅ​ព្រឹក ថ្ងៃទី​២៣ ខែមេសា នេះ​បន្ទាប់​ដើរ​ឆ្លងកាត់​ចំណុច​នោះ ប្រទះឃើញ​បំណែក​ប្រអប់ជើង​ដាច់​ជាប់​នឹង​ដែក​រ៉ៃ រថភ្លើង ទើប​ឃើញ​ជនរងគ្រោះ​នៅ​អង្គុយ​ត្រាំ​ទឹក​ត្រពាំង​ឈូក ងើប​មិន​រួច​ដោយសារ ដាច់​ប្រអប់ជើង​ម្ខាង​ទៅហើយ ។​

​ក្រោយពី​ប្រទះឃើញ​ជនរងគ្រោះ ដោយសារ​រថភ្លើង​កិន​ដាច់​ជើង ទើប​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច រួច​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។​បើតាម​ការសន្និដ្ឋាន​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​ភ្លើង​បុក​កិន​តាំងពី​យប់​មក​ម្លេះ ដោយសារ​ជនរងគ្រោះ​ស្រវឹងស្រា​ដើរទៅ​ដេក​ក្បែរ​នឹង​ផ្លូវដែក រហូតដល់​ព្រឹក​ឡើង​ទើប​ប្រទះឃើញ​តែម្តង នៅ​មិនទាន់​បាត់​ធំក្លិន​ស្រា​នៅឡើយ ៕S/​

​ស្រវឹងស្រា​ទៅ​ដេក​លើផ្លូវ​ដែក​ត្រូវ​រថភ្លើង​បើក​កិន​ដាច់​ប្រអប់ជើង​រមៀល​ធ្លាក់ចូល​ត្រពាំង​ឈូក​

#