​ស្រា​បៀរ​កម្ពុជា ទទួលបាន​មេដាយ​អន្តរជាតិ​បញ្ជាក់​គុណភាព​ចំនួន​បួន​ក្នុង​ឆ្នាំ​២០១៨

1736
ចែករម្លែក
  • 8
    Shares

​ដោយ​: គឹម ប៊ុន / ភ្នំពេញ​: ផលិតផល​បួន​ប្រភេទ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក្នុង​ឆ្នាំ ២០១៨​នេះ ទទួលបាន​មេដាយមាស និង​មាស​កំពូល Monde Selection Award ដែលជា​មេដាយ​ធានា​គុណភាព​ទទួលស្គាល់​ដោយ​អន្តរជាតិ​។

​លោក​លាង ពៅ (​ភី​ធើរ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៨​នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​ថា ស្រា​បៀរ​កម្ពុជា​ដែល​ធ្លាប់​ទទួលបាន​មេដាយ Monde Selection Award ចំនួន​បួន​រួចមកហើយ​នោះ ទទួលបាន​មេដាយមាស​នេះ​ថ្មី​មួយទៀត​ក្នុងឆ្នាំនេះ​។ ភេសជ្ជៈ​ថ្មី​ពីរ​របស់​ក្រុមហ៊ុន គឺ​អា​យស៍​កូ​ឡា និង​វើក ក៏​ទទួលបាន​មេដាយមាស Gold Monde Selection Award ផងដែរ​។ ដោយឡែក ភេសជ្ជៈ​អាយ​ស៍​ឡេ​មិន ទទួលបាន​មេដាយមាស​កំពូល Grand Gold Monde Selection Award​។​
​លោក​ពៅ បន្តថា «​នេះ​ជា​មោទនៈភាព​មួយ​របស់​កូន​ខ្មែរ​យើង ដែល​ផលិតផល​របស់​ខ្មែរ​យើង គឺ​ស្រា​បៀរ​កម្ពុជា​នៅតែ​បន្ត​ទទួលបាន​មេដាយមាស​អន្តរជាតិ​នេះ ហើយ​អ្វីដែល​ពិសេស​នោះ គឺ​ផលិតផល​របស់​យើង​បី​ផ្សេងទៀត ដែល​ទើប​តែមាន​វត្តមាន​នៅលើ​ទីផ្សារ​កម្ពុជា​អាច​ទទួលបាន​មេដាយមាស និង​មាស​កំពូល​លំដាប់​អន្តរជាតិ​នេះ​»​។​

​គួរបញ្ជាក់​ផងដែរ​ថា មេដាយ Monde Selection Award ជា​មេដាយ​ធានា​គុណភាព​ភេសជ្ជៈ និង​ចំណីអាហារ ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ ចាប់តាំងពី​ឆ្នាំ ១៩៦១​មកម្ល៉េះ​។ អ្នកជំនាញ​ផ្នែក​ភេសជ្ជៈ និង​ចំណីអាហារ​៨០​នាក់​មកពី​ប្រទេស​ផ្សេងៗ​គ្នា នឹង​វាយតម្លៃ​គុណភាព​ផលិតផល​នីមួយៗ​រៀងៗ​ខ្លូន តាមរយៈ​ការ​ភ្លក់​រសជាតិ ការវាយតម្លៃ​វត្ថុធាតុដើម ការត្រួតពិនិត្យ​ការ​វេច​ខ្ចប់ និង​ការធ្វើ​តេស្ត​សារធាតុ​គីមី​ក្នុង​មន្ទីរពិសោធន៍​។ ផលិតផល​ណា ដែល​ទទួលបាន​ការវាយតម្លៃ​គុណភាព​ខ្ពស់ នឹង​ទទួលបាន​មេដាយមាស ឬ​មាស​កំពូល ដូច​ផលិតផល​ទាំង​បួន​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​៕