​ស្រុក​ចំនួន​៦​បាន​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ខណៈ​៤​ស្រុក​កំពុង​ជួប​គ្រោះរាំងស្ងួត​

710
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​បច្ចុប្បន្ននេះ​ជា​រដូវវស្សា​ទឹកទន្លេ​បន្ត​ហក់​ឡើង​ឥត​ឈប់​បណ្ដាល​ឲ្យ​តំបន់​ខ្លះ​នៅ​ខេត្តព្រៃវែង កំពុង​ជួប​គ្រោះទឹកជំនន់​លិចលង់​ផ្លូវថ្នល់ វត្ត​អារាម សាលារៀន មន្ទីរពេទ្យ​និង​កសិផល​ស្រូវ ជាច្រើន​ហិកតា​។​ស្រប​ពេលនេះ​ក៏មាន​តំបន់​ខ្លះ​កំពុង​ជួប​គ្រោះរាំងស្ងួត​មេឃ​អត់​ភ្លៀង​ស្កក​ស្រូវ​ខូចខាត​ស្ទើ​ទាំងស្រុង​។​

​តាម​របាយការណ៍​គណៈកម្មការ​គ្រោះមហន្តរាយ​ខេត្តព្រៃវែង​បានឱ្យដឹងថា​គិត​មកដល់​ត្រឹម​ដើមខែ​សីហា នេះ​ទឹកជំនន់​បាន​បង្ក​ផលប៉ះពាល់​ទៅលើ​ស្រុក​ចំនួន​៦​ក្នុង​ខេត្តព្រៃវែង​ធ្វើឱ្យ​ផ្លូវ សាលារៀន ផ្ទះសម្បែង និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ រាប់រយ​ហិកតា ជន់​លិច​និង​ខូចខាត​។​

​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់ថា ស្រុក​ដែល​រង​ផលប៉ះពាល់​នោះ​រួមមាន ស្រុក​ពាម​រក៍ ប៉ះពាល់​ចំនួន​៨​ឃុំ​។​ស្រុក​ស៊ីធរ​កណ្តាល ប៉ះពាល់​១០​ឃុំ​,​ស្រុក​ព្រះស្តេច ប៉ះពាល់​១​ឃុំ​, ស្រុក​កំចាយមារ ប៉ះពាល់​៤​ឃុំ​,​ស្រុក​ពារាំង​ប៉ះពាល់​៥​ឃុំ​, និង​ស្រុក​ពោ​ធ៌​រៀង ប៉ះពាល់​៤​ឃុំ​,​។

​ក្នុងនោះ​ទឹកបាន​លិច​ចូល​ក្រោមផ្ទះ​អ្នកស្រុក​ចំនួន​៤៥៨​ខ្នង ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​១​គ្រួសារ ប៉ះពាល់​ផ្លូវ​ប្រវែង​២៨.៥៦៦​ម៉ែត្រ​។ លិច​ចូល​សាលារៀន​ចំនួន​១១​កន្លែង មណ្ឌល​សុខភាព​១​កន្លែង វត្ត​១​កន្លែង​ប៉ះពាល់​ស្រូវ​ចំនួន​៦៧.១៣៥​ហិកតា​ដំណាំ​ផ្សេងៗ​ចំនួន​១៧​ហិកតា​និង​ជម្លៀស​សត្វ​គោក្របី​ទៅរក​ទីទួល​សុវត្ថិភាព​ចំនួន​៦៨​ក្បាល​។​

​បញ្ហា​ទឹកជំនន់​នេះ​អាជ្ញាធរខេត្ត​និង​អាជ្ញាធរ​ស្រុក​និ​មួយៗ​បាន​ចុះ​ពិនិត្យ​និង​តាមដាន​ពី​ស្ថានភាព​ជាប់​ជាប្រចាំ​និង​បាន​ចុះជួយ​អន្តរា​គម​ជា​បន្តបន្ទាប់​។​ដូច​ជាការ​ចុះជួយ​ទប់​ទំនប់​ការ​ទប់​និង​ជួសជុល​ផ្លូវ​ដែល​ទឹក​ហូរ​ដាច់​ព្រមទាំង​ត្រៀម​ស្បៀង​បង្កា​សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ដែល​ខ្វះខាត​ស្បៀង​។​ដោយឡែក​ក្រុមមន្ត្រី​ជំនាញ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ​នៅតាម​ភូមិ​ឃុំ​ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ជាពិសេស​គឺ​ពេទ្យ​មនុស្ស និង​ពេទ្យសត្វ​។​

​ស្របពេល​ជាមួយគ្នានេះដែរ នៅក្នុង​ស្រុក​ចំនួន​៤​ផ្សេងទៀត​នៃ​ខេត្តព្រៃវែង គឺ​ស្រុក​កំពង់ត្របែក ស្រុក​ស្វាយ​អ​ន្ទ​រ ស្រុក​ព្រះស្តេច និង​ស្រុក​បាភ្នំ បែរជា​កំពង់​ជួបប្រទះ​នូវ​គ្រោះរាំងស្ងួត​ជាខ្លាំង​។ ​ដោយបាន​ធ្វើឱ្យ​ស្រែ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ សរុប​ចំនួន​១២.៥៧៣​ហិកតា កំពុង​ប្រឈម​និង​បញ្ហា​ស្វិត​ងាប់ ដោយសារ​ខ្វះ​ទឹក​ស្រោចស្រប់​។​បច្ចុប្បន្ននេះ​អាជ្ញាធរខេត្ត បាន​សហការ​ជាមួយ​អង្គភាព​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ចុះជួយ​អន្តរាគមន៍​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​ទាំងអស់នោះ​ជា​បណ្ដើៗ​៕S/​

​ស្រុក​ចំនួន​៦​បាន​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ខណៈ​៤​ស្រុក​កំពុង​ជួប​គ្រោះរាំងស្ងួត​

#