​ស្រុក​ដក​គ្រឿងចក្រ​ចេញ​ពេល​ខេត្ត​ទប់ស្កាត់​មិនឱ្យ​ធ្វើ​ផ្លូវ​តែ​ពេលនេះ​បាន​បន្តធ្វើ​វិញ​ហើយ​

506
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ដោយ​មានការ​រិះគន់ថា​ការ​ឈូសឆាយ​ធ្វើ​ផ្លូវ​មួយ​ខ្សែរ​របស់​អភិបាលស្រុក​អូ​រាំង​និង​មានការ​ទប់ស្កាត់​បន្ទាន់​ពី​សំណាក់​អភិបាលខេត្ត​មណ្ឌលគិរី​ព្រោះ​វា​មិន​ស្របច្បាប់​និង​បាន​បំផ្លាញ​ព្រៃ​ធម្មជាតិ​និង​ព្រៃ​ស្រល់​។​មកដល់ពេលនេះ​ផ្លូវ​ខាងលើ​បាន​ចាប់ដំណើរការ​ស្ថាបនា​ពេញមុខ ពេញមាត់​វិញ​ហើយ​។​

​ក្រោយ​ការបញ្ឈប់​សកម្មភាព​ឈូសឆាយ​ភ្លាមៗ​នោះ​កាលពី​រសៀល​ថ្ងៃទី​១៦​ខែសីហា​កន្លងទៅ​រដ្ឋបាល​សាលាស្រុក​អូររាំង​បានចេញ​លិខិត​បំភ្លឺ​មួយ​ជូន​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​សារព័ត៌មាន​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។​ព្រមទាំង​សាធារណៈជន​ទាំងអស់​ជ្រាបថា​កាលពី​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៩​កន្លងមកនេះ មាន​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងស្រុក បាន​ចុះផ្សាយ​ពាក់ព័ន្ធ​ក្នុងករណី​រឿង​ការ​ឈូសឆាយ ធ្វើ​ផ្លូវ​មួយ​ខ្សែ​។​

ស្ថិតនៅ​ក្នុងភូមិ​ពូ​រ៉ាង​ឃុំ​សែន​មនោ​រម្យ​ស្រុក​អូររាំង​ខេត្តមណ្ឌលគិរី​ដែល​រដ្ឋបាល​សាលាស្រុក​រៀបចំ​ផែនការ​ត្រាស់​សេ​បើក​ការដ្ឋាន​ស្ថាបនា​វា​ពេលខាងមុខ​។​ចំពោះ​ការ​ឈូសឆាយ​ដើម​ស្រល់​មួយចំនួន​គឺ​ដើម្បី​មើល​ស្ថានភាព​ដី​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ឲ្យ​រដ្ឋបាល​ស្រុក​ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​ជាមួយ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រួច​ផងដែរ​។

​មុន​ការ​ឈូសឆាយ​ផ្លូវ​រដ្ឋអំនាច​ស្រុក​មួយ​នេះ បាន​បញ្ជាក់ថា​ក៏មាន​ការស្នើសុំ​ទៅ​ក្រុមហ៊ុន​ហ្វូ​ជី​សាន ដែលជា​ក្រុមហ៊ុន​ស្រល់​ក្នុងន័យ​ស្ថាបនា​ផ្លូវ​និង​ដើម្បី​អភិវឌ្ឍន៍​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​របស់​រដ្ឋ​បាល​ស្រុក​ថែម​ទៀតផង​។​ក្រោយពី​បាន​បកស្រាយ​របស់​រដ្ឋ​បាល​សាលាស្រុក​អូ​រាំង​នោះ​កំណាត់​ផ្លូវ​១​ខ្សែ​មាន​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​ដែល​ត​ភ្ជាប់​ពី​ឃុំ​ដាក់​ដាំ​ទៅ​ឃុំ​សែន​មនោ​រម្យ​ស្រុក​អូររាំង​ត្រូវបាន​អាជ្ញាធរ​ស្រុក​បើក​ការដ្ឋាន​ឈូសឆាយ​ពង្រីក​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។​

​ប្រជាពលរដ្ឋ​បានឱ្យ​និយាយថា ការតភ្ជាប់​ផ្លូវ​ថ្មី​នេះ​នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ងាយស្រួល​ជាង​មុន ក្នុង​ការធ្វើ ដំណើរ​ទៅរក​សេវាសាធារណៈ​ផ្សេងៗ នៅ​សាលាស្រុក​អូររាំង មណ្ឌល​សុខភាព និង​ទីប្រជុំជន​ជាដើម​។​ព្រោះ​សព្វថ្ងៃ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដាក់​ដាំ​ដែលមាន​ភារកិច្ច​ទៅ​ទីតាំង​រដ្ឋបាល​សាលាស្រុក​អូររាំង​ក្នុង​ឃុំ​សែន​មនោ​រម្យ​ត្រូវ​ចំណាយពេល​ច្រើន​ដោយ​ត្រូវធ្វើ​ដំណើរ​វាង​ឆ្ងាយ​តាមផ្លូវ​ផ្សេង ហើយ​ប្រសិន​ផ្លូវ​មួយ​ខ្សែ​នេះ​ស្ថាបនា​រួចរាល់​ពួកគាត់​នឹង​ងាយ​ធ្វើដំណើរ​ទៅមក​ជាង​មុន ។​

​លោក​សៀក​មុន្នី​អភិបាលស្រុក​អូររាំង​បានឱ្យដឹងថា​ប្រជាពលរដ្ឋ​ទាំង​២​ឃុំ​ដែល​អាស្រ័យ​ផ្លូវ​ខាងលើនេះ មាន​ដល់​ទៅ​ជាង​១.០០០​គ្រួសារ​និង​ពលរដ្ឋ​ដែល​ចាំបាច់​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​មាន​ជាង​២០០​គ្រួសារ​។ លោ​កថា​ក្រោយ​ធ្វើ​ផ្លូវ​ថ្មី​នេះ​រួច​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​ពលរ​ដ្ឋ​ព្រោះ​កន្លងមក​ពួកគាត់​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​មួយទៀត ដែល​ឆ្ងាយ​ជាង​ផ្លូវ​កំពុង​ស្ថាបនា រហូតដល់​ទៅជា​ង​៣០​គីឡូម៉ែត្រ ។

​លោក​អភិបាលស្រុក​អូររាំង​ក៏​សូម​បកស្រាយ​ថា​ផ្លូវ​ថ្មី​នេះ​គឺធ្វើឡើង​ដើម្បី​តែ​បម្រើ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ មិន​ដូច​មតិ​មួយចំនួន​យល់ច្រឡំ​ថា​ផ្លូវ​នេះ​ស្ថាបនា​ព្រោះ​តម្រូវការ បុគ្គល​នោះទេ​។​លោក សៀក មុន្នី បញ្ជាក់ទៀតថា​ផ្លូវ​ដែល​កំពុង​ជួសជុល​ពង្រីក​នេះ​មាន​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​ទទឹង​៣០​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​ក្រួស​ក្រហម​ហើយ​ជា​កញ្ចប់​ថវិកា​ដែល​លោក​ប្រមូលបាន​ពី​សប្បុរសជន​នានា​មាន​ខ្លះ​ឧបត្ថម្ភ​ជា​សាច់ប្រាក់​បាន​ជាង​១​ម៉ឺន​ដុល្លារ​សប្បុរសជន​ខ្លះទៀត​ឧបត្ថម្ភ​គ្រឿងចក្រ​សម្រាប់​ស្ថាបនា​និង​ឧបត្ថម្ភ​ជា​ប្រេង​ម៉ា​ស៊ូ្ស​ត​ជាដើម​។

​លោក​បន្តថា​មិនយូរ​ទេ​ផ្លូវ​ខាងលើ​នឹង​កែសម្រួល​រួចរាល់​អាចឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​បាន​យ៉ាង​ងាយស្រួល​។​ឆ្លៀត​ក្នុងឱកាស​នោះ​លោក​អភិបាលស្រុក​ក៏បាន​នាំយក​អាវ​ភ្លៀង​រប​ស់ប្បុរសជន​នានា​ពី​ភ្នំពេញ​ដើម្បី​ចែកជូន​ដល់​បងប្អូន​ជនជាតិដើម​ភាគតិច​ចំនួន​១០០​នាក់​។​

​ទោះជា​យ៉ាងណា​ករណី​ខាងលើ​នៅមាន​ការងឿងឆ្ងល់​ថា​ហេតុអ្វី​លោក​អភិបាលខេត្ត​បាន​បញ្ជា​អោយ​ទប់ស្កាត់​ភ្លាមៗ​ថែមទាំង​បាន​ចាត់តាំង​មន្ត្រី​ចុះ​ស៊ើបអង្កេត​ចំពោះ​ការស្ថាបនា​ផ្លូវ​នេះ​។​មកដល់​ថ្ងៃទី​២០​សីហា​នេះ​រស្មី​កម្ពុជា​ពុំ​អាច​ស្វែងរក​ការបញ្ជាក់​ពី​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី​បាន​នោះទេ​។​

​ជាការ​កត់សម្គាល់​កំឡុង​ពេលដែល​មានការ​រិះគន់​ដល់​លោក​អភិបាលស្រុក​អូ​រាំង​នោះ​មានការ​លើកឡើងថា​ធ្វើ​ផ្លូវ​ម្តេច​មិន​ជូនដំណឹង​ទៅ​ថ្នាក់លើ​ឬ​ជំនាញ​ពាក់ព័ន្ធ​,​ខ្លះ​ថា​ធ្វើ​ផ្លូវ​នេះ​ដើម្បី​តំរង់​ទៅរក​ដី​អ្នកមាន​ឬ​ដី​របស់​ចៅហ្វាយស្រុក​ផ្ទាល់​,​ធ្វើ​ផ្លូវ​ដើម្បី​បង្កើន​តម្លៃ​ដីធ្លី​ក្នុង​តំបន់​នោះ​ជាដើម​។​អ្វីដែល​ជាការ​ត្រេកអរ​នោះ គឺមាន​ផ្លូវ​គឺមាន​មនុស្ស​ដើរ​ហើយ​៕S/​