​ស្រូវ​ឡើងថ្លៃ​បន្តិច​តែ​ទិន្នផល​ថយចុះ​ជាង​ឆ្នាំមុន​អាជ្ញាធរ​ថា​មកពី​អាកាសធាតុ​ប្រែប្រួល​

372

(​ព្រៃវែង​)៖​រដូវវស្សា​ឆ្នាំនេះ​ជា​ពេលដែល​កសិករ​នៅ​ខេត្តព្រៃវែង​បានចាប់ផ្ដើម​ប្រមូល​ផល​ស្រូវ​ដែល​ពួកគាត់​ធ្វើ​លើក​ទី​២​ជា​បណ្ដើៗ​ហើយ​។​ប៉ុន្តែ​តាម​ការ​កត់សម្គាល់ឃើញ​ថា​ទិន្នផល​ឆ្នាំនេះ​បាន​ថយចុះ​ជាង​ឆ្នាំមុន​។​នៅមាន​ស្រុក​មួយចំនួន​ដែល​កសិករ​ធ្វើ​ស្រូវ​បាន​ពីរដង​ក្នុង​មួយឆ្នាំ​និង​ខ្លះ​ធ្វើបាន​តែម្ដង​ក្នុង​មួយឆ្នាំ​។​

ប៉ុន្តែ​អាជ្ញាធរ​បាន​អះអាងថា​បណ្តាល​មក​អាកាសធាតុ​ប្រែប្រួល​មិន​អំណោយផល​និង​ទឹកភ្លៀង​ច្រើនពេក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ស្រូវ​។​ក្នុងនោះ​ក៏មាន​ការប្រែប្រួល​ខ្លះ​ដែរ​ពី​តម្លៃ​ស្រូវ​បាន​កើន​ខ្ពស់​បន្តិច​ជាង​ឆ្នាំមុន​ពី​៨៥០​ទៅ​៩៥០​រៀល​ខណៈ​ឆ្នាំទៅ​តម្លៃ​៧០០​ទៅ​៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​

​ប្រជាពលរដ្ឋ​ធ្វើស្រែ​នៅ​ស្រុក​ពាម​ជ័រ​បាន​លើកឡើងថា​ស្រូវ​ដែល​ពួកគាត់​ធ្វើជា​លើក​ទី​ពីរ​នៅ​ឆ្នាំនេះ​ទិន្នផល​ថយចុះ​។​គ្រាន់តែ​តម្លៃ​ខ្ពស់ជាង​ឆ្នាំមុន​បើ​យើង​ប្រៀបធៀប​ចំណូល​ប្រចាំឆ្នាំ​ទទួលបាន​តិច​ហើយ​អ្នកខ្លះ​ខាត​ក្នុងការ​ចំណាយ​។​

លោក​ខៀវ​សារឿន​អាយុ​៣៩​ឆ្នាំ​និង​លោក​សុន​សាវង្ស​អាយុ​៥៤​ឆ្នាំ​អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ស្ពាន​ឃុំ​កោះ​ចេក​ស្រុក​ពាម​ជ័រ​ខេត្តព្រៃវែង​បានលើកឡើង​ដូចៗ​គ្នា​ថា​រដូវវស្សា​នេះ​ពួកគាត់​ចាប់ផ្ដើម​ច្រូតកាត់​ស្រូវ​ជា​បណ្ដើៗ​ហើយ​។
​ប៉ុន្តែ​បាន​ផល​តិច​ជា​ឆ្នាំមុន​គឺ​ខុសគ្នា​ឆ្ងាយ​ណាស់​។​គឺ​អ្នកភូមិ​របស់គាត់​តែងតែ​ធ្វើ​ស្រូវ​ក្នុង​មួយឆ្នាំ​ពីរដង​ហើយ​ពេលនេះ​ដែល​កំពុង​ប្រមូល​ផល​នេះ​ជា​លើក​ទី​ពីរ​។​

​លោក​បញ្ជាក់ថា​ស្រូវ​បើ​យើង​ធ្វើ​ដើមដៃ​ដំបូង​គឺ​ទីមួយ​នា​រដូវប្រាំង​នោះ​គឺ​ចាប់​ភ្ជួរ​រាស់​ក្រោយពេល​ទឹក​ស្រក​ដោយ​មួយ​ហិកតា​ជា​មធ្យម​យើង​ទទួលផល​បាន​ផល​ចាប់ពី​៦​ទៅ​៨​តោន​ជា​ប្រភេទ​ស្រូវស្រាល​។​រីឯ​ស្រូវ​ដែល​ធ្វើ​លើក​ទី​ពីរ​នេះ​គឺ​ចាប់ធ្វើការ​ភ្ជួរ​រាស់​នៅ​ខែមេសា​និង​ទទួលផល​នៅ​មិថុនា​ឬ​ខែកក្កដា​ជា​រៀងរាល់ឆ្នាំ​។​ឆ្នាំមុនៗ​ពួកគាត់​ទទួលផល​បាន​៤​ទៅ​៦​តោន​ក្នុង​មួយ​ហិកតា​។

តែ​ឆ្នាំនេះ​មួយ​ហិកតា​ទទួលផល​បានតែ​២​តោន​កន្លះ​ទៅ​៣​តោន​កន្លះ​ប៉ុណ្ណោះ​។​ប៉ុន្តែ​ម្លៃ​ស្រូវ​សព្វថ្ងៃ​ខ្ពស់ជាង​ឆ្នាំមុន​គឺ​មួយ​គីឡូក្រាម​លក់បាន​ចាប់ពី​៨៥០​រៀល​ទៅ​៩៥០​រៀល​តាម​ស្រូវ​សើម​ឬ​ស្ងួត​ខណៈ​ឆ្នាំមុន​លក់បាន​តែ​៧០០​រៀល​ទៅ​៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​

​កសិករ​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​មូល​ហេតុដែល​បណ្ដាល​ឲ្យ​ទិន្នផល​ស្រូវ​ថយចុះ​បែបនេះ​បណ្ដាលមកពី​ជំនា​ឆ្នាំ​មិន​អំណោយផល​សំបូរ​ទឹកភ្លៀង​ពេក​ធ្វើ​ឲ្យ​ស្រូវ​ផើម​ស្វិត​លុះ​ចេញមក​ខ្មៅ​គ្រាប់​មិនសូវ​ដាក់​សាច់​សំដី​ច្រើន​។​

លោក​ម៉ិ​ល​គី​រី​មេឃុំ​កោះ​ចេក​បាន​ឲ្យ​ដឹងថា​ស្រូវ​ដែល​កសិករ​ធ្វើ​លើក​ទី​ពីរ​នៅ​ឆ្នាំនេះ​មានការ​ថយចុះ​ដោយ​ជំនា​ឆ្នាំ​មិន​អំណោយទាន​និង​ទឹកភ្លៀង​ច្រើនពេក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ស្រូវ​និង​មិនសូវ​ដាក់​សាច់​រីឯ​ជំងឺ​ស្រូវ​ដូចជា​មិនមាន​បញ្ហា​អី​ទេ​ឯ​តម្លៃ​គួរ​ស​ម្យ​។​

​លោក​សៅ​ប្រ​សិ​ដ្ឋ​អភិបាលស្រុក​ពាម​ជ័រ​បាន​ឲ្យ​ដឹងថា​ទិន្នផល​ស្រូវ​ថយចុះ​នេះ​មកពី​ភ្លៀង​ច្រើន​ច្រក​គ្រាប់​ពេល​ស្រូវ​ផើម​ធ្វើ​ឲ្យ​គ្រាប់ស្រូវ​មិនសូវ​ល្អជា​ហេតុ​ធ្វើ​ឲ្យ​ទិន្នផល​ថយចុះ​។​លោក​អ៊ុក​សំណាង​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​មិនអាច​សុំ​ការពន្យល់​បានទេ​ពាន់​ព័ន្ធ​និង​ទិន្នផល​ស្រូវ​ឆ្នាំនេះ​ថយចុះ​ជាង​ឆ្នាំមុន​ព្រោះ​ទូរស័ព្ទ​ចូល​ហើយ​ពុំមាន​អ្នកទទួល​៕ ​ដោយ ៖ចាន់ ថន