ដោយ: អ៊ន វណ្ណារ៉ា / ភ្នំពេញ: នៅក្នុងដំណើរការសិក្សាស្រាវជ្រាវ ដែលមានការសហការវាងមជ្ឈមណ្ឌលឯកសារកម្ពុជា ជាមួយក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច យើងនឹងផ្តោតទៅលើបំណែកតូចនៃការពិតចេញពីប្រវត្តិសាស្ត្រដ៏ស្មុគស្មាញនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលប្រជាជនទូទៅ ហៅថា របប ប៉ុល ពត ឬ របបខ្មែរក្រហម រវាងពីឆ្នាំ១៩៧៥ ដល់១៩៧៩ ដែលបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ប្រមាណជាង២លាននាក់។
ដំបូងមាននិស្សិតចំនួន១៤ក្រុម បានជ្រើសរើស និងសិក្សាស្រាវជ្រាវពីប្រធានបទផ្សេងៗគ្នា។ នៅដំណាក់កាលចុងក្រោយ មានក្រុមនិស្សិតចំនួន៦ក្រុមប៉ុណ្ណោះក្នុងចំណោម១៤ក្រុម ត្រូវបានជ្រើសរើសដើម្បីធ្វើកិច្ចការសិក្សាស្រាវជ្រាវ ក្នុងខេត្តចំនួនប្រាំមួយជុំវិញប្រទេសកម្ពុជា។ នៅក្នុងដំណើរការសិក្សាស្រាវជ្រាវក្រុមនិស្សិត ត្រូវស្វែងយល់នូវរឿងរ៉ាវប្រវត្តិសាស្ត្រផ្សេងៗគ្នា ដើម្បីឆ្លើយទៅនឹងសំណួរជាច្រើនទាក់ទងរបបខ្មែរក្រហម ដែលបានបន្សល់ទុកនូវសង្គមមួយដែលបែកបាក់ ព្រមទាំងបានបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត អាគារ និងធនធានមនុស្សស្ទើរតែទាំងស្រុង។
ទាំងអស់នេះ ជាស្លាកស្នាមនៃរបបខ្មែរក្រហមដែលបានបន្សល់ទុកឲ្យក្មេងជំនាន់ក្រោយ។
ទោះបីការងារស្រាវជ្រាវទាំងនេះជួបការលំបាក ដែលត្រូវប្រឈមជាមួយនឹងសោកនាដកម្មអំពើ នៃប្រល័យពូជសាសន៍ដែលបានដិតដាមជាមួយជនរងគ្រោះ និងសាច់ញាតិរបស់ជនរងគ្រោះដែលក្រុមនិស្សិតត្រូវចុះទៅជួបក៏ដោយ ក៏លទ្ធផលរំពឹងទុកនៃកិច្ចការស្រាវជ្រាវទាំងនេះនឹងជួយដល់ដំណើរការផ្សះផ្សាផ្លូវចិត្តរបស់ជនរងគ្រោះ និងជំរុញឲ្យមានសន្តិភាពនៅក្នុងប្រទេសកម្ពុជាដែរ។ ក្រៅពីប្រទេសកម្ពុជា ក៏មានប្រទេសមួយចំនួនដែលធ្លាប់មានការសម្លាប់រង្គាល ការប្រកាន់ពូជសាសន៍ ទទួលរងឥទ្ធិពលមនោគមន៍វិជ្ជាសេរី និងកុម្មុយនីស្តដែរ ដូចជា ប្រទេសសេរ៉ាឡេអូន រ្វ៉ាន់ដា និងអាល្លឺម៉ង់ ដែលទាមទារឲ្យមានការសិក្សាស្រាវជ្រាវដែរ។ ការសិក្សាស្រាវជ្រាវពីរបបប្រល័យពូជសាសន៍ នឹងជំរុញឲ្យមានការពិភាក្សាគ្នារវាងមនុស្សពីជំនាន់មួយទៅជំនាន់មួយដើម្បីទប់ស្កាត់កុំឲ្យកើតមានការសម្លាប់រង្គាលម្តងទៀត។ យើងមិនអាចត្រឡប់ទៅអតីតកាល ដើម្បីដោះស្រាយបញ្ហាដ៏ជូរចត់នោះ ដូច្នេះការអប់រំប្រជាពលរដ្ឋអំពីការសិក្សាប្រវត្តិសាស្ត្ររបស់ខ្លួនមានសារសំខាន់ណាស់ ពីព្រោះវាជាផ្នែកមួយនៃការសះស្បើយ។ នៅពីក្រោយនៃស្នាមញញឹមរបស់ប្រជាជនខ្មែរ គឺមានស្លាកស្នាមនៃសោកនាដកម្មកើតលើប្រជាជនគ្រប់រូបដែលបានបាត់បង់សមាជិកគ្រួសាររបស់ខ្លួន។ ការបាត់បង់ទាំងអស់នេះគួរត្រូវបាននិយាយពិភាក្សាគ្នាពីជំនាន់មនុស្សមួយទៅមនុស្សមួយជំនាន់ទៀត ហើយសំណួរដដែលៗក៏ត្រូវលើកឡើងដែរដូចជាហេតុអ្វីមេដឹកនាំខ្មែរក្រហមសម្លាប់ជនជាតិខ្មែរគ្នាឯង? តើមេដឹកនាំខ្មែរក្រហមឡើងកាន់អំណាចដោយរបៀបណា? គ្រប់មេដឹកនាំប្រទេស តែងនឹកស្រមៃដល់សង្គមមួយដ៏ល្អឥតខ្ចោះ គ្មានការជិះជាន់ គ្មានវណ្ណៈ ប៉ុន្តែទាំងអស់នេះគ្រាន់តែជាការនឹកស្រមៃមួយប៉ុណ្ណោះពីព្រោះមនុស្សតែងតែមានមហិច្ឆិតា និងក្តីស្រមៃរៀងៗខ្លួន។ ឧទាហរណ៍ទៅក្នុងសៀវភៅមួយរបស់ ចច អូវែល បោះពុម្ពក្នុងឆ្នាំ១៩៤៥ បានសរសេរពី “កសិដ្នានសត្វ” មួយដែលសត្វទាំងអស់ធ្វើការប្រឆាំង និងឡើងកាន់អំណាចដោយខ្លួនឯង ដោយសារមានការជិះជាន់ពីមនុស្សដែលជាម្ចាស់របស់ខ្លួន។ សត្វទាំងនោះ ស្រមៃឃើញការបង្កើតនៅសង្គមថ្មីដែលសត្វទាំងអស់មានសិទិ្ធសេរីភាពស្មើគ្នា។ សត្វទាំងនោះក៏បានធ្វើការបះបោរ ដេញម្ចាស់ចេញពីកសិដ្ឋានហើយសត្វក៏បានធើ្វជាម្ចាស់លើខ្លួនឯង។ មិនយូរប៉ុន្មានសត្វជ្រូកក៏គ្រប់គ្រង់ និងដឹកនាំនៅរកអំណាចផ្តាច់ការ ហើយបានបង្ខំសត្វទាំងអស់ធ្វើការដោយមិនមានអាហារគ្រប់គ្រាន់។
ទាំងនេះជារឿងនិទានមួយដែលឆ្លុះបញ្ចាំងពីមេដឹកនាំផ្តាច់ការក្នុងសង្គមមួយឈានឡើងកាន់អំណាច ដូចនៅប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ ដល់១៩៧៩ ដែលប្រជាជនមិននឹកស្មានថា ឈានទៅដល់ការសម្លាប់រង្គាលប្រជាជនខ្មែរ។ ដើម្បីទប់ស្កាត់កុំឲ្យមានរបបនេះកកើតឡើងវិញ ប្រជាជនខ្មែរគ្រប់រូបដែលរងការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត គួរតែមានការពិភាក្សាគ្នា និងចូលរួមចែករំលែករឿងរ៉ាវដែលខ្លួនបានឆ្លងកាត់ទៅអ្នកជំនាន់ក្រោយ។ រឿងរ៉ាវទាំងនេះ គឺជាប្រភពចំណេះដឹងដ៏ទូលំទូលាយផ្នែកប្រវត្តិសាស្ត្រដោយអាចនិយាយបានថាមេរៀនប្រវត្តិសាស្ត្រ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីបច្ចុប្បន្ន ទៅដល់អនាគត៕ ល