​ស្លាក​ឈ្មោះ​ប្រាសាទ​ចំនួន​១១៨​ផ្ទាំង​កំពុង​ដំឡើង​ក្នុង​រមណីយដ្ឋាន​អង្គរ​

319
ចែករម្លែក
  • 30
    Shares

​ដោយ​បាយ័ន​/​សៀមរាបៈ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងដំណើរការ​ដាក់​ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​ដែលមាន​ទាំង​អក្សរ​ខ្មែរ​និង​អក្សរ​អង់គ្លេស​ធ្វើ​ពី​ថ្មភក់​ប្រមាណ​១១៨​ផ្ទាំង​ដាក់​នៅតាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​ឱ្យ​រួចរាល់​ក្នុង​រយៈពេល​២​ខែ​។ នេះ​ជា​បញ្ជាក់​ឱ្យដឹង​នៃ​អជ្ញាធរ​ជាតិ​អប្ប​រា​នៅ​ថ្ងែ​ទី​១២ ខែមេសា​នេះ​។​

​ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ​មាន​ព័ត៌មាន​សំខាន់ៗ​ដូចជា​ឈ្មោះ​ប្រាសាទ​អាយុកាល​សាងសង់​ប្រាសាទ ទិស​ច្រកចូល​ប្រាសាទ​ស្លាក​អាជ្ញាធរ​ជាតិ​អប្សរា​ស្លាក​អង្គការ​យូណេស្កូ​ស្លាក​បេតិកភណ្ឌ​ពិភពលោក និង​ស្លាក​អនុសញ្ញា​ក្រុងឡាអេ​ឆ្នាំ​១៩៥៤​សម្រាប់​ការការពារ​សម្បត្តិ​វប្បធម៌​ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់អាវុធ​។​

លោក​សុខ​សង្វារ​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​ទទួលបន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​បានឱ្យដឹងថា ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​ទាំង​១១៨​នេះ​មាន​បី​ទំហំ​ផ្សេងគ្នា គឺ​ធំ មធ្យម និង​តូច ដែល​នឹងត្រូវ​យកទៅដាក់​នៅតាម​ប្រាសាទ​តែ​មិនបាន​ដំឡើង​គ្រប់​ប្រាសាទ​ទាំងអស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឡើយ​។ ដោយហេតុថា ប្រាសាទ​ខ្លះ​នៅ​ជ្រៅ​ក្នុងព្រៃ​មិនមាន​ទីតាំង​ដាក់​បាន ហើយ​ក្នុង​មួយ​ប្រាសាទ​អាចមាន​មួយ ពីរ ឬ​បួន​ទៅតាម​ទំហំ​ប្រាសាទ​។

ចំពោះ​ទីតាំង​ដែល​ដំឡើង​ស្លាក​ឈ្មោះ​ប្រាសាទ​វិញ ក្រុមការងារ​បានគិត​ទៅលើ​ចំណុច​៣​គឺ នៅក្បែរ​ច្រកចូល​ទស្សនា​ប្រាសាទ ទីតាំង​ងាយ​មើលឃើញ​របស់​ភ្ញៀវទេសចរ និង​ទីតាំង​ដែល​មិន​ប៉ះពាល់​ដល់​ទិដ្ឋភាព​ប្រាសាទ​ទាំងមូល ដូច​ករណី​នៅ​ប្រាសាទអង្គរវត្ត​ស្រាប់​។

​លោក​បាន​បន្ថែមថា​ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​ទាំងអស់​នឹង​ជួយផ្ដល់​ភាពងាយស្រួល​និង​បទពិសោធន៍​ល្អ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ក្នុងការ​ទស្សនា​តំបន់​អង្គរ​ដែល​គ្មាន​ម​គ្គុ​ទ្ទេស​ក៏​អាច​ស្គាល់ឈ្មោះ​ប្រាសាទ​បាន​ច្រើន​ដោយ​ខ្លួនឯង​ហើយ​ទទួលបាន​នូវ​ព័ត៌មាន​មួយចំនួន​ដែល​ធ្វើឱ្យ​ដំណើរ​កម្សាន្ត​កាន់តែ​សប្បាយ និង​ច្បាស់លាស់​ថែមទៀត​។​

​ជា​លើក​ទី​១​ដែល​បានមក​ទស្សនា​ប្រាសាទ​នៅ​តំបន់​អង្គរ កញ្ញា សូ​លីន​ដា មកពី​ខេត្តកំពង់ស្ពឺ បាន​និយាយថា «​សម្រាប់​អ្នក​មកពី​ឆ្ងាយ​និង​លើកដំបូង​ដូច​ខ្ញុំ មិនសូវ​ស្គាល់​ប្រាសាទ​ច្រើន​ទេ តែ​ពេល​មាន​ស្លាក​ប្រាប់​ឈ្មោះ​ប្រាសាទ​អ៊ីចឹង ធ្វើឱ្យ​ខ្ញុំ​បាន​ស្គាល់​ទាំង​ឈ្មោះ​ប្រាសាទ​ច្បាស់​ហើយ ដឹង​ទាំង​ឆ្នាំ​កសាង​ទៀត ពិសេស​ងាយស្រួល​ដឹងថា​ខ្ញុំ​នៅ​ទីតាំង​ណា​ផង​»​។​

​មគ្គុទ្ទេសក៍​ភាសា​ចិន​លោក​ជា​សុរ៉ា​បាន​ចាប់អារម្មណ៍​ចំពោះ​ការដាក់​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ​ថា​នៅ​សៀមរាប​មាន​ប្រាសាទ​ច្រើនណាស់ មគ្គុទ្ទេសក៍​ខ្លះ​ស្គាល់​តែ​ប្រាសាទ​ដែល​នាំ​ភ្ញៀវ​ទៅដល់​ប៉ុណ្ណោះ ឯ​ប្រាសាទតូចៗ ឬ​នៅ​ក្នុងព្រៃ ឬ​កន្លែង​ដែល​មិន​ធ្លាប់​នាំ​ភ្ញៀវ​ទៅ គឺ​មិន​ស្គាល់​ទេ​។

ដូច្នេះ​វា​ជា​សញ្ញាណ​ល្អ​ណាស់​សម្រាប់​មគ្គុទ្ទេសក៍​បាន​ស្គាល់​បន្ថែមទៀត​។​លើសពីនោះ​ភ្ញៀវ​ខ្លះ​ក៏​គាត់​មិន​ស្តាប់​តែ​មគ្គុទ្ទេសក៍​ដែរ​ដូច្នេះ​ស្លាក​ឈ្មោះ​នេះ​នឹង​ជួយ​ឱ្យ​ពួកគេ​អាច​ស្វែងរក​ទិន្នន័យ​ពី​ប្រាសាទ​បាន​កាន់តែច្បាស់​នៅ​ទីតាំង​ផ្ទាល់​និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ រីឯ​ភ្ញៀវ​ជាតិ គាត់​ក៏​ដឹង​ច្រើន ស្គាល់​ច្រើន ក្រៅពី​ប្រាសាទអង្គរវត្ត តា​ព្រហ្ម និង​បា​យ័ន្ត​ជាដើម​។​

​ក្នុងនាម​ជា​អ្នក​ឆ្លាក់​អក្សរ កាត់​ផ្ទាំង​ស្លាក និង​រៀបចំ​ដំឡើង​ស្លាក​ឈ្មោះ​ប្រាសាទ លោក ហាក់ ហេង ជា​បុគ្គលិក​សិប្បករ​អង្គរ​មាន​លំនៅ​ក្នុងភូមិ​ត្រពាំង​សេស​បាន​សម្តែង​ក្តីសប្បាយ​រីក​រយ​ដែល​បានរួម​ចំណែក​កសាង​ស្លាក​សញ្ញា​ឈ្មោះ​តាម​ប្រាសាទ​ដើម្បី​ឲ្យ​កូន​ខ្មែរ​និង​បរទេស​ងាយស្រួល​ចំណាំ​ប្រាសាទ​និង​ស្គាល់ឈ្មោះ​ប្រាសាទ​ច្បាស់​៕S/

​រូបភាពៈ​ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​ចំនួន​១១៨​ផ្ទាំង​
​កំពុង​ដំឡើង​ក្នុង​រមណីយដ្ឋាន​អង្គរ​(​រូប​ថ​តៈ​អប្ប​រា​)​