​ស្វាយរៀង គឺជា​ក្រុម​ដែល​មិន​ស្គាល់​ចាញ់ ក្នុង​លី​គ​កំពូល​ជុំ​ទី​១

550
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​៖ លី​គ​កំពូល​កម្ពុជា បានបញ្ចប់​ការប្រកួត សន្សំ​ពិន្ទុ​ជើង​ទី​១​ហើយ ក្នុងខណៈដែល​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​បង្កើត​កំណត់ត្រា​ដ៏​អស្ចារ្យ ក្នុងនាម​ជា​ក្រុម​តែមួយគត់ ដែល​មិន​ស្គាល់​ចាញ់ បន្ទាប់ពី​ប្រកួត​បញ្ចប់​សប្ដាហ៍​ទី​១៣ កាលពី​យប់ ថ្ងៃទី​៣០ មិថុនា ដោយបាន​យក​ស្មើ ក្រុម​ណាហ្គា​វើ​ល​ដ៏ ០​ទល់​០ ។​

​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក លោក Conor Nestor ព្រះខ័ន​រាជ​ស្វាយរៀង បានធ្វើ​ឲ្យ​អ្នកគាំទ្រ ពេញចិត្ត​ជាខ្លាំង ចំពោះ​លទ្ធផល​ជើង​ទី​១ សូម្បី​អតីត​គ្រូបង្វឹក លោក សំ វ៉ាន់​ដេ​ត ក៏​ចូលរួម​កោតសរសើរ​ផងដែរ ពិសេស​ការប្រកួត​ជាមួយ ណាហ្គា​វើ​ល​ដ៏​យប់មិញ ទោះបី​ពួកគេ មិនអាច​បំប៉ោង​សំណាញ់​ទី ក្រុម​ភ្ញៀវ ក៏​ស្វាយរៀង បានការ​ពារ​មិន​ឲ្យ របូត​គ្រាប់​បាល់​ដែរ ។​

ការប្រកួត​បញ្ចប់​ជុំ​ទី​១

​ជា​លទ្ធផល ចប់​ជើង​ទី​១ ព្រះខ័ន​រាជ​ស្វាយរៀង បាន​ឈរ​កំពូល​តារាង និង​មាន ៣៣ ពិន្ទុ នាំមុខ​គូប្រជែង​ឈរ​លេខ​រៀង​ទី​២ គឺ​ក្រុម​របស់លោក មាស ចាន់ណា ចំនួន ៥ ពិន្ទុ ជាមួយ​លទ្ធផល ១៣ ប្រកួត ឈ្នះ​១០ និង​ស្មើ ៣ រួមមាន ស្មើ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​, ស្មើ​បឹងកេត និង​ស្មើ​ណាហ្គា​វើ​ល​ដ៏ ។​

​ចំណែក​ណាហ្គា​វើ​ល កំពុងមាន ២៨ ពិន្ទុ បន្ទាប់ពី​ឆ្លងកាត់ ១៣ ប្រកួត ឈ្នះ​៩ ស្មើ​១ និង​ចាញ់ ៣ ។ ដោយឡែក ក្រុម​ខ្លាំងៗ​មួយចំនួនទៀត ក៏​កំពុងមាន​ពិន្ទុ យ៉ាង​ប្រកៀក​ប្រកិត​គ្នា​ដែរ តួយ៉ាង​ដូចជា ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​មាន ២៧ ពិន្ទុ​, បឹងកេត​មាន ២៦ ពិន្ទុ​, វិសាខា​មាន ២៥ ពិន្ទុ​, ភ្នំពេញ​ក្រោ​ន មាន ២៤ ពិន្ទុ និង​ក្រសួងការពារជាតិ មាន ២៣ ពិន្ទុ បន្ទាប់ពី​ក្រុម​ទាំងនេះ បានទទួល​ជ័យជម្នះ រៀងៗ​ខ្លួន ក្នុងការ​ប្រកួត​បញ្ចប់​ជើង​ទី​១ កាលពី​ចុង​សប្ដាហ៍ កន្លងទៅ​។​

​ចំពោះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​យកឈ្នះ​អគ្គិសនី​កម្ពុជា ៣​ទល់​១, បឹងកេត យកឈ្នះ​គិរីវង់ ២​ទល់​១, វិសាខា ឈ្នះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៣​ទល់​១, ភ្នំពេញ​ក្រោ​ន លត់​ក្រុម​ខេត្តកំពង់ចាម ១៧​ទល់​២ និង​ក្រុម​ក្រសួងការពារជាតិ បាន​យកឈ្នះ ក្រុម​អាស៊ី​អឺរ៉ុប ៤​ទល់​១ ។ រីឯ​លទ្ធផល ១ គូ​ទៀត គឺ​ក្រុម​សូល​ទី​ឡូ​អង្គរ បាន​យកឈ្នះ​ក្រុមយុវជន សាលា​បាល់ទាត់​ជាតិ​បាទី ២​ទល់​១ ៕