​ស​.​ស​.​ស​.​ក ផ្តួចផ្តើម​បង្កើត​គណៈកម្មាធិការ​ក​ម្ពុ​ជា​វាយតម្លៃ​សេរីភាព​សារព័ត៌មាន​

629
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​បាន​ផ្តួចផ្តើម​បង្កើត​«​គណៈកម្មាធិការ​កម្ពុជា វាយតម្លៃ​សេរីភាព​សារព័ត៌មាន​» ហៅ​កាត់​ថា (​ស៊ី​ម៉ា​) មានឈ្មោះ​ជា​ភាសា​អង់គ្លេស The Cambodian Committee for Media Assessment(CCMA)​។​ដើម្បី​ជា​យន្តការ​ថ្មី​មួយ​ដើរតួនាទី​សរសេរ​
​របាយការណ៍​វាយតម្លៃ​អំពី​ស្ថានភាព​និង​លំហរ​សេរីភាព​សារព័ត៌​មាននៅ​ប្រទេស​កម្ពុជា​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​កាលពី​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៩​។​

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​បាន​បន្តថា​គណៈកម្មាធិកា​រ​កម្ពុជា​វាយតម្លៃ​សេរីភាព​សារព័ត៌មាន ផ្តើមចេញពី​លទ្ធផល​សមាជ​លើក​ទី​២​រប​ស់ស​.​ស​.​ស​.​ក នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩​។ នេះ​គឺជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​វិស័យ​សារព័ត៌​មាននៅ​ប្រទេស​កម្ពុជា​ដែល​យើង​រៀបចំ​យន្តការ​វាយតម្លៃ​ខ្លួនឯង​ឆ្លុះបញ្ចាំង​ពី​ខ្លួនឯង​ហ៊ាន​ទទួលស្គាល់​ការពិត​។​

​ដើម្បី​កែលម្អ​ក៏ដូចជា​ស្នើសុំ​ផ្នែក​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​កែលម្អរ​ទាំងអស់គ្នា​ដើម្បី​ធ្វើ​ឲ្យ​គុណភាព​សារព័ត៌មាន​កាន់តែ​ប្រសើរឡើង​ដើម្បី​ធ្វើ​ឲ្យ​លំហរ​សេរីភាព​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ទូលំទូលាយ​ធ្វើ​ឲ្យ​សារព័ត៌មាន​មាន​តួនាទី​កាន់តែ​សំខាន់​នៅក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​និង​រួមចំណែក​អភិវឌ្ឍ​សង្គមជាតិ​មួយ​មាន​វិបុលភាព សុខដុមរមនា និង​ចីរភាព​។

យើង​ជា​អ្នកសារព័ត៌មាន​និង​ជា​ពលរដ្ឋ​របស់​ប្រជាជាតិ​មួយ​យើង​មិនគួរ​នៅ​ស្ងៀម​បន្ត​ស្តាប់​និង​អាន​តែ​របាយការណ៍​របស់​ភ្នាក់ងារ​បរទេស​វាយតម្លៃ​ពី​ខាងក្រៅ​អំពី​គុណ​តម្លៃ​សារព័ត៌​មាននៅ​កម្ពុជា​នោះឡើយ​។​យើង​ត្រូវតែ​ឈរលើ​ការពិត​ឆ្លុះបញ្ចាំង​ចេញពី​ខ្លួន​យើង​ជាមុន​ដើម្បី​យក​ជា​មូលដ្ឋាន​ប្រៀបធៀប​ជាមួយនឹង​របាយការណ៍​បរទេស​ដើម្បី​រក​ឲ្យ​ឃើញ​នូវ​សុច្ចរិត​ភាព​នៃ​របាយការណ៍​នីមួយៗ​ហើយ​យកមក​កែលម្អ​។

យើង​ទទួលស្គាល់ថា​៖​តួនាទី​សារព័ត៌មាន​ដែលមាន​គុណភាព​សេរី​និង​ប្រកបដោយ​វិជ្ជាជីវៈ​គឺមាន​គុណ​តម្លៃ​រួមចំណែក​ជួយ​ដល់​សង្គម​មួយ​មាន​អភិបាលកិច្ច​ល្អ​និង​ធ្វើ​ឲ្យ​លំហរ​ប្រជាធិបតេយ្យ​កាន់តែ​ទូលំទូលាយ​។​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​បិទ​សមាជ​លើក​ទី​២​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​លោក​ខៀវ​កាញារិទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែង​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ​។​

​លោក​មានប្រសាសន៍​បន្ថែ​ម​ថា​«​បរទេស​ដែល​សរសេរ​របាយការណ៍​អំពី​សេរីភាព​សារព័ត៌មាន​គឺ​មួយចំនួន​មិនមែនជា​អ្នកកាសែត​ឬ​អ្នកសារព័ត៌មាន​ផង​ទេ​។​ចង់ឱ្យ​តួនាទី​សារព័ត៌មាន​ចូលរួមចំណែក​លើក​កិត្តិយស​ជាតិ​គឺ​ត្រូវ​ចាប់ផ្តើម​ពី​ការលើក​កិត្តិយស​អ្នកសារព័ត៌មាន​ជាមុន​»​។

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​សេចក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា​អ្នកសារព័ត៌មាន​កម្ពុជា​នឹងចូលរួម​ជាមួយ​បេសកកម្ម​នេះ​។​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ក្នុងនាម​ជា​អនុប្រធាន​វេទិកាព័ត៌មាន​ICAPP​ក៏មាន​ក្តីសង្ឃឹម​ដែរ​ថា​៖​នៅ​អនាគត​ដ៏​ឆាប់​គណៈកម្មាធិការ​នេះ​នឹង​អាច​ពង្រឹង​ខ្លួន​ជាមួយ​ដៃ​កាន់​ទង់ជាតិ​កម្ពុជា​ចូល​ទៅជា​សមាជិក អ្នកសង្កេតការណ៍​ក្នុង​យន្តការ សហភាព​អន្តរ​សភា IPU និង​ជា​អ្នកសង្កេតការណ៍​ក្នុង​យន្តការ​ព័ត៌មាន​របស់ អង្គការសហប្រជាជាតិ (UN)​។

​គណៈកម្មាធិការ​កម្ពុជា​វាយតម្លៃ​សេរីភាព​សារព័ត៌មាន​ហៅ​កាត់​ថា​(​ស៊ី​ម៉ា​)​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ហៅថា Cambodian Committee for Media Assessment (CCMA) គឺ​បង្កើតឡើង​នៅ​កម្ពុជា ក្នុង​គោលបំណង​រួមគ្នា​៖​ដើម្បី​រួមចំណែក​ពង្រឹងគុណភាព​វិជ្ជាជីវៈ​សារព័ត៌មាន​ដើម្បី​ចូលរួម​លើកកម្ពស់​តួនាទី​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាន​។​នៅក្នុង​ដំណើរ​ប្រជាធិបតេយ្យ​ដើម្បី​ចូលរួម​កសាង​សង្គម​មួយ​លើក​តម្លៃ​វប្បធម៌​សន្ទនា​ការផ្លាស់ប្តូ​រមតិ​និង​ទទួលយក​ពហុ​គំនិត​និង​ដើម្បី​រួមចំណែក​ដល់​សង្គម​កម្ពុ​ជាមាន​ភាព​រីកចម្រើន​ប្រកបដោយ​ភាពសុខដុមរមនា និង​ចីរភាព​។​

​បេសកកម្ម​/MISSION៖​សរសេរ​របាយការណ៍​ពិត​វាយតម្លៃ​ពី​ស្ថានភាព​នៃ​លំហរ​សិទ្ធិសេរីភាព​សារព័ត៌មាន​និង​សិទ្ធិសេរីភាព​បញ្ចេញមតិ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​សមាជិកភាព​/MEMBERSHIP៖​សហភាព​សហព័ន្ធ​សារព័ត៌មាន​ក្លឹប​សារព័ត៌មាន​សម្ព័ន្ធ​សារព័ត៌មាន​សហជីព​សារព័ត៌មាន​សមាគម​សារព័ត៌មាន​ប្រធាន​អង្គភាព​សារព័ត៌មាន​និពន្ធ​នាយក​គ្រូបង្រៀន​សារព័ត៌មាន​ព្រឹទ្ធាចារ្យ​សារព័ត៌មាន​និង​នីតិបុគ្គល​ជា​អ្នកសារព័ត៌មាន​អាច​ស្ម័គ្រចិត្ត​ចូលរួម​ជា​សមាជិក​។

​គណៈកម្មាធិការ​កម្ពុ​ជា​វាយតម្លៃ​សេរីភាព​សារព័ត៌មាន​ក្រោម​ទម្រង់​នៃ​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​រួមមួយ​ដើម្បី​ចង​ជា​សម្ព័ន្ធភាព​ហើយ​ចាប់ផ្តើម​បំពេញការងារ​។​សមាជិក​ថ្មីៗ​អាច​បន្ត​បញ្ចូល​បន្ថែម​តាម​ភាពជាក់ស្តែង​។​

​សមាជិក​នីមួយៗ​នឹង​ជួយ​ធ្វើ​របាយការណ៍​តាម​ជំពូក​វិស័យ​ពិនិត្យ​ខ្លឹមសារ​របាយការណ៍​រួម​និង​ចុះហត្ថលេខា​រួមគ្នា​លើ​របាយការណ៍​ចុងក្រោយ​នៅមុន​ពេលចេញ​ផ្សព្វផ្សាយ​របាយការណ៍​ផ្លូវការ​។​យន្តការ​នៃ​ការធ្វើ​របាយការណ៍​វាយតម្លៃ​/ SCOPE៖ គណៈកម្មាធិការ​កម្ពុជា​វាយតម្លៃ​សេរីភាព​សារព័ត៌មាន នឹងធ្វើ​របាយការណ៍​ប្រចាំឆ្នាំ​ជា​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស​។​ដោយ​សរុប​ស្ថានភាព​រួម​និង​អំពី​លំហរ​សេរីភាព​សារព័ត៌​មាននៅ​ប្រទេស​កម្ពុជា​ដោយមាន​ការប្រៀបធៀប​ខ្លះ​ជាមួយ​ស្ថានភាព​ជាក់ស្តែង​នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក​។​

​គណៈកម្មាធិការ​កម្ពុជា​វាយតម្លៃ​សេរីភាព​សារព័ត៌មាន​នឹង​ចេញផ្សាយ​របាយការណ៍​ពេញ​ទាំងស្រុង​ប្រចាំឆ្នាំ​ជា​រៀងរាល់​ចុងខែ​មេសា​នៃ​ឆ្នាំ​នីមួយៗ​នៅមុន​ទិវា​សេរីភាព​សារព័ត៌មាន​អន្តរជាតិ​៣​ឧសភា​។​ទម្រង់​របាយការណ៍​/FORM៖​របាយការណ៍​ប្រចាំឆ្នាំ​គឺ​បានមកពី​ការប្រមូល​ច្រង​ក្រង​ទិន្នន័យ​ព័ត៌មាន​ជា​រៀងរាល់ថ្ងៃ​រាល់​ខែ​ទាក់ទិន​នឹង​វិស័យ​សារព័ត៌មាន​ក្នុងនោះ​មាន​មាតិកា​ដូចតទៅ​៖១.​ផ្តល់​ទិដ្ឋភាព​រួម​នូវ​ស្ថានភាព​សារព័ត៌មាន​ក្នុង​តំបន់ និង​ពិភពលោក​។​

២.​ចំនួន​ការចុះបញ្ជី​ថ្មីៗ​និង​វឌ្ឍនភាព​នៃ​អង្គភាព​ព័ត៌មាន​ក្នុង​ឆ្នាំ​នីមួយៗ​រួមមាន​៖​ទូរទស្សន៍​វិទ្យុ​កាសែត ទស្សនា​វ​ដ្តី​គេហទំព័រ​សារព័ត៌មាន​អេឡិចត្រូនិក​និង​អន​ឡាញ​ការបង្កើត​សមាគម​ថ្មីៗ​ព្រមទាំង​ចំនួន​ការទាមទារ​កែតម្រូវ​ឬ​បណ្តឹង​លើ​ខ្លឹមសារ​ផ្សាយ​របស់​សារព័ត៌មាន​។​ក៏ដូចជា​ចំនួន​អ្នកសារព័ត៌មាន​បរទេស​ចូលមក​បំពេញការងារ​នៅ​កម្ពុជា​ទាំង​រយៈពេល​ខ្លី​និង​រយៈពេល​វែង​។​៣.​ចរិត​ខ្លឹមសារ​និង​ទម្រង់​នៃ​ការផ្សព្វផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​នីមួយៗ​។​

៤.​ការបណ្តុះបណ្តាល​អភិវឌ្ឍ​គុណ​វុ​ឌ្ឍ​អ្នកសារព័ត៌មាន ទាំង​នៅ​គ្រឹះស្ថាន​ផ្លូវការ នៅតាម​សមាគម វគ្គ​ខ្លីៗ​វគ្គ​សិក្ខាសាលា​វេទិកា​ពិគ្រោះ​យោបល់​និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស​។​៥.​ពាក្យបណ្តឹង​ទាក់ទង​នឹង​អ្នកសារព័ត៌មាន សំណុំរឿង​នៅ​តុលាការ ការដោះស្រាយ​វិវាទ និង​ចរិតលក្ខណៈ​នៃ​បណ្តឹង​នីមួយៗ​។​៦.​ការបង្ករ​អំពើហិង្សា​លើ​អ្នកសារព័ត៌មាន​និង​ការគំរាមកំហែង​លើ​អ្នកសារព័ត៌មាន​ទាំង​លើ​រូបរាងកាយ​និង​ពាក្យសម្តី​។​

៧.​សិទ្ធិ​ទទួល​ព័ត៌មាន​និង​ស្ថានភាព​ទំនាក់ទំនង​រវាង​អ្នកសារព័ត៌មាន​និង​អ្នកនាំពាក្យ​។​៨.​សិទ្ធិ​ការងារ​បៀរ​វត្សរ៍​និង​ស្ថានភាព​ជីវភាព​អ្នកសារព័ត៌មាន​កម្ពុជា​។​៩.​ការធ្វើ​បទ​បញ្ញា​ត្តិ​និង​ច្បាប់​នានា​ពាក់ព័ន្ធ​វិស័យ​សារព័ត៌មាន​។​១០.​ប្រៀបធៀប​ចំណុច​ខុសគ្នា​រវាង​សារព័ត៌មាន​កម្ពុជា​និង​សារព័ត៌មាន​ក្នុង​តំបន់​និង​ពិភពលោក​។​

១១.​ធ្វើ​សេចក្តីសន្និដ្ឋាន​ក្នុង​របាយការណ៍​ដោយ​សង្កត់ធ្ងន់​ចំណុច​ជា​គំរូ​កង្វល់​និង​សំណូមពរ​។​១២.​ធ្វើ​សេចក្តីសន្និដ្ឋាន​ទៅលើ​ស្ថានភាព​ព័ត៌មាន​ក្លែងក្លាយ​ការផ្សាយ​រូបភាព​ហិង្សា​ភាសា​អសុរ​ស​នៅលើ​បណ្តាញសារព័ត៌មាន​និង​បណ្តាញ​សង្គម​ទាំង​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស​។​១៣.​ផ្តល់​អនុសាសន៍​ទៅលើ​សារព័ត៌មាន​ដែល​នៅមាន​កង្វះខាត​៕S/