​ហាង​កាហ្វេ​ចំណាស់​ជាង​១០០​ឆ្នាំ​របស់​សិង្ហ​បុរី​បើកសម្ពោធ​សាខា​ដំបូង​នៅ​កម្ពុជា​

870
ចែករម្លែក
  • 1K
    Shares

ដោយៈ​សុផល​/​ភ្នំពេញ​៖​ហាង​កាហ្វេ​ដ៏​ល្បីឈ្មោះ​ដែលមាន​ដើមកំណើត​នៅក្នុង​ប្រទេស​សិង្ហ​បុរី​តាំងពី​ឆ្នាំ​១៩១៩ ឈ្មោះ​ឃី​ល​លី​នី “Killiney Kopitiam”​បាន​បើកសម្ពោធ​សាខា​ទី​១​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​នេះ ដែលមាន​ទីតាំងនៅ​ជាន់​ផ្ទាល់​ដី​នៃ​សណ្ឋាគារ Lumiere រាជធានី​ភ្នំពេញ ។​

ហាង​កាហ្វេ​“KillineyKopitiam”​បានចាប់ផ្ដើម​ដំបូង​បំផុត​មាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​ដ៏​មមាញឹក​ឈ្មោះ​ឃី​លី​នី “Killiney” នៃ​ប្រទេស​សិង្ហ​បុរី នៅក្នុង​ឆ្នាំ​១៩១៩​។ ហាង​កាហ្វេ​បែប​ប្រពៃណី ហៃ​ណាន ល្បីឈ្មោះ ១០០​ឆ្នាំ​គឺ​ដោយសារតែ​រសជាតិ​នៃ​កាហ្វេ​និង​តែ​ឆុង​ឡើង​តាមបែប​បុរាណ​ដ៏​ឈ្ងុយឆ្ងាញ់​។​ពិសេស​ជាងនេះទៅទៀត​គឺ​នំប៉័ង​អាំង​។​ផលិតផល​ដែល​ហាង​កាហ្វេ​“KillneyKopitiam”​ផ្ដល់ជូន​បានធ្វើ​ឲ្យ​អតិថិជន​ជាប់ចិត្ត​មិនអាច​បំភ្លេចបាន​និង​ហាក់បីដូច​បាន​រំលឹក​នូវ​អនុស្សាវរីយ៍​ចាស់ៗ​ឡើងវិញ​។​

​លោក​វូ​ន​តឹក​សេង​(WoonTekSeng)​នាយក​ក្រុមហ៊ុន​KillineyInternational​និង​ជា​ស្ថាបនិក​ស្លាក​សញ្ញា​ពាណិជ្ជកម្ម “Killiney Kopitiam” បាន​លើកឡើងថា​៖ “​ខ្ញុំ​មាន​កិត្តិយស និង​សេចក្តី​រីករាយ​ជាខ្លាំង នៅពេល​ហាង​សាខា​ក្រោម​ស្លាក​សញ្ញា​ពាណិជ្ជកម្ម ដែល​ខ្ញុំ​បង្កើតឡើង បើក​ដំណើការ​ជា​បន្តបន្ទាប់ ដែល​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ មាន​ជាង ១០០​សាខា នៅក្នុង​ស្រុក និង​នៅក្នុង​ប្រទេស​ចំនួន ៦ ហើយ​នឹងមាន​ច្រើនឡើង​បន្ថែមទៀត នាពេលខាងមុខ​”​។​

​លោក​បាន​បន្ថែមថា​៖​បើសិន​ទទួលបាន​ការគាំទ្រ​ច្រើន​និង​ជោគជ័យ​លោក​នឹង​ពង្រីក​សាខា​បន្ថែមទៀត​នៅ​រាជធានី​ភ្នំពេញ និង​នៅ​បណ្តា​ខេត្ត​ធំៗ​ដូចជា​ក្រុងព្រះសីហនុ សៀមរាប ជាដើម​។​បច្ចុប្បន្ននេះ “KillineyKopitiam”​បាន​បង្កើត​ផលិតផល​និង​មុខម្ហូប​របស់ខ្លួន​ជាច្រើន​បន្ថែមទៀត​សម្រាប់​ផ្ដល់ជូន​អតិថិជន​របស់ខ្លួន គ្រប់​ស្រទាប់ និង​គ្រប់​វ័យ​ទាំងអស់​។​

​លោក​គីម​រិទ្ធី​អភិបាលរង​ខេត្តកណ្តាល​ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ហាង​កាហ្វេ​ឃី​លី​នី​នេះ​បាន​ថ្លែងថា​៖​វត្តមាន​ហាង​កាហ្វេ​ដ៏​ល្បីឈ្មោះ​របស់​សិង្ហ​បុរី​នេះ​ជា​សក្ខីភាព​មួយ​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​និង​បរទេស​ព្រមទាំង​បង្ហាញ​ពី​ការទុកចិត្ត​របស់​វិនិយោគិន​ក្រៅប្រទេស​លើ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​វិនិយោគទុន​។​លោក​បាន​បន្ថែមថា​កម្ពុ​ជា​សូម​ស្វា​គម​ចំពោះ​ការវិនិយោគ​របស់​ពាណិជ្ជករ​សិង្ហ​បុរី​ដែល​មក​បណ្តាក់ទុន​លើ​វិស័យ​កាហ្វេ ដែល​កំពុងតែ​ពេញនិយម​នៅ​កម្ពុជា​៕S/