​ហាង​កាហ្វេ​សហគមន៍​ផ្តល់ឱកាស​ការងារ​សម្រាប់​ជនពិការ​.​គ​ថ្លង់​

824
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ ហាង​កាហ្វេ​មួយ​ដែល​ជួយ​ដល់​សហគមន៍​និង​ផ្តល់​ការងារ​ជូន​ជនពិការ គ ថ្លង់ ឈ្មោះ​សូ​សល​កាហ្វេ​(SocialsCoffee)​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០១៩​បានប្រកាស​បើកសម្ពោធ​សាខា​ទី​៣​របស់ខ្លួន​ដែលមាន​ទីតាំង​នៅក្នុង​បរិវេណ​ការិយាល័យ​កណ្ដាល​របស់​ធនាគារ PPCBank នៅតាម​មហាវិថី​ព្រះ​នរោត្តម​។​

Socials Coffee ត្រូវបាន​ចាប់ផ្តើម​ឡើង​ជា​គម្រោង​សាកល្បង​ដោយមាន​ការសហការ​ជាមួយ​ធនាគារ PPCBank​ដើម្បី​ផ្តល់នូវ​ឱកាស​ការងារ​សម្រាប់​ជនពិការ​គ​ថ្លង់​។​ចាប់តាំងពី​ការបើក​ដំណើរការ​កាលពី​ឆ្នាំមុន​មក Socials Coffee បាន​ពង្រីក​សាខា​ចំនួន​បី​ទីតាំង​។ ហាង​កាហ្វេ​នេះ​ទទួល​បម្រើភ្ញៀវ​ពី​ម៉ោង ៨​ព្រឹក​រហូតដល់​ម៉ោង ៨​យប់​ជា​រៀងរាល់ថ្ងៃ​។

​គួរ​ជម្រាប​ថា Socials Coffee ត្រូវបាន​បង្កើតឡើង​ដោយ​អតីត​បុគ្គលិក​បម្រើការ​ធនាគារ លោក SwapnilDeshmukh​។​ហាង​SocialsCoffee​គឺជា​ហាង​កាហ្វេ​តែមួយគត់​ក្នុង​រាជធានី​ភ្នំពេញ​ដែល​បានតែងតាំង​ជនពិកា គ ថ្លង់​ឲ្យ​ធ្វើជា​ប្រធាន​ក្រុម​មើល​ការខុសត្រូវ​ក្នុង​ហាង​ទាំងមូល​។ Socials Coffee ត្រូវបាន​ជាប់​ចំណាត់​ជា​ហាង​កាហ្វេ​ល្អ​មួយ​ក្នុងចំណោម​ហាង​កាហ្វេ​ល្អ​ដាច់​គេ​ទាំង​៣​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយ​គេហទំព័រ​ដំណើរ​ក្សាន្ដ​ធំជាងគេ​ក្នុង​ពិភពលោក​“Tripadvisor.com” ។

​លោក​SwapnilDeshmukh​ស្ថាបនិក​របស់​SocialsCoffee​មានប្រសាសន៍ថា​៖“​ពួកយើង​ពិតជា​មាន​ភាព​សោមនស្ស​រីករាយ​ណាស់​ដែលមាន​អតិថិជន​ជាច្រើន​គាំទ្រ​ហាង​កាហ្វេ​របស់​យើង​។​អតិថិជន​បន្ដ​មកកាន់​ហាង​កាហ្វេ​យើង​ដោយសារ​ពួកគេ​ពេញចិត្ត​ជាមួយ​រសជាតិ​និង​សេវាកម្ម​របស់​ហាង​កាហ្វេ​យើង​។​ការគាំទ្រ​របស់​អតិថិជន​មកកាន់​SocialsCoffee​គឺ​មានន័យថា​អតិថិជន​គឺ​កំពុងតែ​ជួយ​គាំទ្រ​ទៅដល់​សហគមន៍​ជនពិការ គ ថ្លង់​”​។​

​លោក​បាន​បន្ថែមទៀតថា​“​យើង​ទទួលបាន​ជោគជ័យ​យ៉ាងច្រើន​ក្រៃលែង​ក្នុងដំណាក់កាល​ទីមួយ​របស់​យើង​ក្នុងការ​បង្កើត​ឲ្យ​មាន​ហាង​កាហ្វេ​មួយ​ដែល​ទទួលបាន​ការស្រឡាញ់​ច្រើន​ដែល​ត្រូវបាន​គ្រប់គ្រង​និង​មើល​ការខុសត្រូវ​ដោយ​ក្រុមការងារ​ដែលជា​ជនពិកា​គ​ថ្លង់​។​

ពេលនេះ​ពួកយើង​កំពុង​ចាប់ផ្ដើម​ជាមួយ​ដំណាក់កាល​ទី​២​នៃ​ដំណើរ​របស់​យើង​ដោយ​ការសហការ​ជាមួយ​ហាង​កាហ្វេ​ដទៃទៀត​ក្នុង​ការជួយ​បណ្ដុះបណ្ដាល​ទៅដល់​បុគ្គលិក​ជា​ជនពិកា គ ថ្លង់ និង​ការធ្វើ​អាជីវកម្ម​ហាង​កាហ្វេ​ដែល​គ្រប់គ្រង និង មើល​ការខុសត្រូវ​ដោយ​ជនពិកា គ ថ្លង់​”​។​

​ធនាគារ​PPCBank​គឺជា​ដៃគូ​សហការ​ដ៏​ចម្បង​មួយ​របស់​SocialsCoffee​ដោយ​ធនាគារ​បានផ្តល់​ជាទី​តាំង​សម្រាប់​ឲ្យ Socials Coffee បើក​ដំណើរការ ហើយ​ធនាគារ​នេះ​ក៏បាន​ដើរតួ​យ៉ាងសំខាន់​ដែល​នាំ​ឲ្យ Socials Coffee អាចមាន​លទ្ធភាព​ពង្រីក​សាខា​ទី​៣​របស់ខ្លួន​។

លោក Andrew Shin ប្រធាន​ក្រុមហ៊ុន​របស់​ធនាគារ​PPCBank​មានប្រសាសន៍ថា​“​ពួកយើង​ពិត​ជាមាន​ភាពសប្បាយ​រីករាយ​ណាស់​នៅពេល​បានឃើញ​ភាព​រីកចម្រើន​ទៅមុខ​យ៉ាង​មាន​សន្ទុះ​របស់​ហាង Socials Coffee ។

​គោល​គំនិត​នៃ​ហាង​កាហ្វេ​យើង​គឺ​បានផ្តល់​ប្រយោជន៍​ដល់​ភាគី​ទាំងអស់​រួមមាន​ស្ថាបនិក​ដ៏​មាន​ទឹកចិត្ត​ជ្រះថ្លា ចំពោះ​សមាគមន៍​ជនពិការ គ ថ្លង់ កម្ពុជា គឺ​ពួកគេ​ទទួលបាន​ឱកាស​ធ្វើ​ការងារ និង អតិថិជន​របស់​ហាង Socials Coffee ទាំងអស់​ដែល​បាន​រកឃើញ​គ្រាប់​ត្បូង​ដែលមាន​តម្លៃ​មួយ​នេះ និង​អតិថិជន​ទាំងអស់​របស់​ធនាគារ អាច​រីករាយ​ជាមួយ​កាហ្វេ​ដែលមាន​រសជាតិ​ឆ្ងាញ់ ក្នុងកំឡុងពេល​ដែល​ពួកគេ​កំពុង​ទទួល​សេវាកម្ម​ពី​ធនាគារ​យើង​។

វា​ពិតជា​រំភើប​ណាស់​សម្រាប់​ពួកយើង​ដែល​បានដឹងថា​ពួកយើង​បាន​ជួយ​ឲ្យ​គម្រោង​មួយ​នេះ​ទទួលបាន​ជោគជ័យ​។​ពួកយើង​មានការ​ជុំរុញ​ទឹកចិត្ត​ពី​SocialsCoffee​ក្នុង​ការជួយ​ឲ្យ​សង្គម​កម្ពុជា​កាន់តែ​មាន​ការរួបរួម​គ្នា​។​នៅពេលដែល​លោក​Swapnil​បានស្នើរ​សុំ​ឲ្យ​មាន​ផ្លូវ​សម្រាប់រ​ទះ​រុញ​ពួកយើង​ក៏បាន​ជួស​ជុស​ជណ្តើរ​នៅ​សាខា​កណ្ដាល​របស់​យើង​ភ្លាម​ដើម្បី​បំពេញ​តាម​ការស្នើរ​សុំ​។

ពួកយើង​នឹង​បន្ដ​ជួយ​គាំទ្រ​ទៅដល់​SocialCoffee​តាមរយះ​ការផ្តល់​កន្លែង​បន្ថែមទៀត​នៅតាម​សាខា​ផ្សេងៗ​របស់​ធនាគារ​យើង​ការជួយ​ផ្សព្វផ្សាយ​និង​ការ​ផ្ដល់ឱកាស​ឲ្យ​ពួក​អាច​ផ្ដល់​សេវា​ភេសជ្ជៈ​មកដល់​ពួកយើង​។​ខ្ញុំ​សង្ឃឹមថា​អាជីវកម្ម​ដទៃ​ទៀង​នឹង​យក​គំរូ​តាម​។​នៅតាម​សាខា​នីមួយៗ​របស់​SocialsCoffee​គឺមាន​បញ្ជីរាយនាម​ភេសជ្ជៈ​ពិសេស​មួយ​ដែល​អាច​ឲ្យ​មនុស្ស​ពិការភ្នែក​អាច​អាន​បាន​។

Socials Coffee បាន​ប្តេជ្ញាចិត្ត​ចំពោះរ​ការ​អាជីវកម្ម​ដែល​គិតគូរ​ទៅលើ​ផលប៉ះពាល់​របស់​បរិស្ថាន ដូច្នេះហើយ​ពួកគេ​ប្រើ​ទុយោ​ដែក​សម្រាប់​ភេ​ជ្ជៈ​ដែល​ភ្ញៀវ​កុម្ម៉ង់​ញ៉ាំ​នៅក្នុង​ហាង​និង​ទុយោ​ក្រដាស​សម្រាប់​ការ​ខ្ចប់​។​

SocialsCoffee​មាន​បម្រើ​ភេសជ្ជៈ​ដូចជា​ផ្លែ​ប៊័​រអេច​ស្ព្រែ​ស​សូ​កាហ្វេ​ពងមាន់​កាហ្វេ​ដូង​និង​មាន​ភេសជ្ជៈ​ផ្សេងៗ​ទៀត​សម្រាប់​សុខភាព​រួមមាន​ទឹក​ផ្លែឈើ​ស្រស់​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្បាលពោះ​និង​ថែរក្សា​ស្បែក​ផងដែរ​។​SocialsCoffee​ក៏​ចាប់អារម្មណ៍​ក្នុងការ​ពង្រីក​សាខា​របស់ខ្លួន​នៅឯ​ប្រទេសជិតខាង​ផងដែរ​ដូចជា​ប្រទេស វៀតណាម​និង​ឡា​វនា​ពាក់កណ្តាល​ឆ្នាំ​២០១៩៕S/

​ចំណងជើង​រូបថត​៖ ហាង​កាហ្វេ​Socials Coffee​ដែល​ជួយ​ដល់​សហគមន៍​និង​ផ្តល់​ការងារ​ជូន​ជនពិការ គ ថ្លង់ បើកសម្ពោធ​សាខា​ទី​៣​របស់ខ្លួន​នៅក្នុង​បរិវេណ​ការិយាល័យ​កណ្ដាល​របស់​ធនាគារ PPCBank មហាវិថី​ព្រះ​នរោត្តម​(​រូបៈ​សុផល​)