​ហាត់​នៅ​ចិន ទើបតែ​បាន ២​ខែ តែមាន​ការរីកចម្រើន​ខ្លាំង​

1299
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: កីឡាករ​កាយសម្ព័ន្ធ អារ​ទី​ស្ទិ​ក (Artistic Gymnastic) វ័យក្មេង​កម្ពុជា វ័យ ភក្ត្រា ដែល​បាន​ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន ទើបតែ​បាន​រយៈពេល ២ ខែ​នោះ ពេលនេះ គេ​មានការ​រីកចម្រើន​ខ្លាំង​។​

​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា កាយសម្ព័ន្ធ​កម្ពុជា ដែល​ទើបតែ​ត្រឡប់ មកពី​សាកសួរ​សុខទុក្ខ ដល់​កីឡាករ​រូបនោះ បាន​អះអាងថា គេ​ពិត​ជាមាន ការរីកចម្រើន​ខ្លាំង​មែន ។

ការសាកសួរ​សុខទុក្ខកីឡាករ ដែលហ្វឹកហាត់ នៅប្រទេសចិន

វ័យ ភក្ត្រា ពេលនេះ គេ​កំពុងតែ​ហ្វឹកហាត់ នៅ​មជ្ឈមណ្ឌល​កីឡា ខេត្ត Guangdong ប្រទេស​ចិន គេ​បាន​ចាក​ចេញពី​ស្រុក​ខ្មែរ មក​ហាត់​នៅ​ប្រទេស​ចិន តាំងពី​ថ្ងៃទី​២ មេសា មកម្ល៉េះ ។ គេ​មិន​ត្រឡប់មកវិញ​ទេ គឺ​នៅពេលដែល​ស៊ី​ហ្គេម លើក​ទី​៣០ បើក​ការប្រកួត គេ​ចេញដំណើរ​ពី​ប្រទេស​ចិន ឆ្ពោះទៅកាន់ ប្រទេស​ហ្វីលីពីន តែម្ដង​។​

​ថ្មីៗ​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី បន្ថែមទៀត ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ដែល​ក្នុងនោះ មាន​កីឡាការិនី​ចំបាប់ ឌន ស្រស់​, ជា កញ្ញា​, ឌិ​ត សំណាង​, សឿន នឿន​, យុន ដា​ណេ និង​កីឡាករ​កាយសម្ព័ន្ធ អៀ សៀវ​មីង​។ ពួកគេ​ទៅ​ហ្វឹកហាត់ ក្រោម​ការជួយឧបត្ថម្ភ របស់លោក ថា​ង ហ្គោ​ដុង (Tang Gordon) អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា​។ ពួកគេ​សុទ្ធតែជា​អត្ត​ព​លិ​ក វ័យក្មេង ដែល​ត្រៀម​ស៊ី​ហ្គេម ដូចគ្នា​។​

ការសាកសួរ​សុខទុក្ខកីឡាករ ដែលហ្វឹកហាត់ នៅប្រទេសចិន

​ពួកគេ​ទាំងអស់គ្នា ត្រូវ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន រហូតដល់​ចុងខែ​វិច្ឆិកា ទើប​គេ​ចេញដំណើរ ទៅកាន់​ប្រទេស​ហ្វីលីពីន ដែលជា​កន្លែង​ប្រារព្ធ កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ តែម្ដង ។ លោក ណ​យ ផា​ណា ទោះបី​មិន​ហ៊ាន​ប្រាថ្នា ក្នុងការ​ឈ្នះ​មេដាយ​ស៊ី​ហ្គេម ក៏ពិតមែន តែ​លោក​មានជំនឿថា ពួកគេ​នឹង​ក្លាយជា​អត្ត​ព​លិ​ក ដែលមាន​ក្ដា​នុព​ល ជាង​មុន ជាមិនខាន​។​

​វ័យ ភក្ដ្រា មាន​វ័យ ១៩ ឆ្នាំ គេ​មាន​ស្រុកកំណើត នៅ​ខេត្តតាកែវ ហើយ​គេ​ចាប់ផ្ដើម​ហ្វឹកហាត់ កីឡា​កាយសម្ព័ន្ធ អារ​ទី​ស្ទិ​ក តាំងពី​ឆ្នាំ​២០១២ មកម្ល៉េះ​។ បន្ទាប់ពី​គេ​ក្លាយជា​កីឡាករ​ជម្រើសជាតិ គេ​មក​ហ្វឹកហាត់ និង​សិក្សា​នៅ​រាជធានី​ភ្នំពេញ ហើយ​ពេលនេះ គេ​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ មធ្យមសិក្សា​ទុតិយភូមិ​ហើយ ។​

​សូមបញ្ជាក់ថា សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា មាន​ទំនាក់ទំនង​ល្អ ជាមួយ​ប្រទេស​ជប៉ុន ប្រទេស​ចិន ហើយ​ប្រទេស​ទាំង​២​នេះ តែងតែ​ទទួលយក កីឡា​កាយសម្ព័ន្ធ​កម្ពុជា ឲ្យ​ទៅ​ហ្វឹកហាត់ នៅ​ទីនោះ​។ ដោយឡែក ប្រទេស​រុស្ស៊ី ក៏​តែងតែ​ផ្ដល់​សម្ភារ​ហ្វឹកហាត់ ដល់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ដែរ ៕v

ការហ្វឹកហាត់ របស់កីឡាករ នៅ​ប្រទេស​ចិន​