​ហា ឆ្លាម បង្ហាញមុខ​មកវិញ​

258
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
អ្នក​ប្រដាល់​ថៃ ហា ឆ្លាម (Ha Chhlam) ដែល​បាត់​មុខ​ពី​ស្រុក​ខ្មែរ មួយរយៈ​នោះ បានបង្ហាញ​មុខ​មកវិញ ដោយ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​កម្ពុជា អេ​លី​ត សាន ក្លិប​ឆ្មា ស សែន​សុខ លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ នៅ​រសៀល​ថ្ងៃទី​២៤ សីហា ខាងមុខនេះ ។​

​អេ​លី​ត សាន់ ជា​អ្នក​ប្រដាល់​មួយរូប ដែល​ពេលខ្លះ វ៉ៃ​បានល្អ​ឥត​ខ្ជោះ តែ​ពេលខ្លះ គេ​វ៉ៃ​អន់​តែម្ដង ។ សម្រាប់​លើក​នេះ គ្រូបង្វឹក​របស់គេ​គឺ លោក​ស៊ន អេ​លី​ត បាន​និយាយថា គេ​ត្រៀមខ្លួន​បានល្អ មិនតែប៉ុណ្ណោះ គេ​ហ្វឹកហាត់ មិនដែល​លស់​ពេក​នោះទេ ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៥​ដង ឈ្នះ​៤៦​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ​២​ដង ។​

អេ​លី​ត សាន់ និង ហា ឆ្លាម​

​ចំពោះ ហា ឆ្លាម គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង មួយរូប​ដែរ តែ​គេ​ខាន​ឡើងមក​ប្រកួត នៅ​ស្រុក​ខ្មែរ មួយរយៈ​ដែរ​ហើយ ។ មាន​អ្នក​ប្រដាល់​កម្ពុជា មិនតិច​នាក់​ទេ ដែល​បរាជ័យ ដោយសារ​កណ្ដាប់ដៃ អ្នក​ប្រដាល់​ថៃ​រូបនេះ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៦​ដង ឈ្នះ​៦០​ដង ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ​១​ដង​។ នេះ​ជា​លើកដំបូង​ហើយ ដែល​ពួកគេ ជួប​ប្រកួត​គ្នា នរណា​ជា​អ្នកឈ្នះ ?​។​

​វេ​ង សុភ័ក្ត្រ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ឆាង ស៊ើ​ក (Chang Soek) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​ឆាង ស៊ើ​ក ជា​អ្នក​ប្រដាល់​មួយរូប ដែលមាន​ស្នៀត​ទាត់​ល្អ និង រហ័ស​ណាស់ រីឯ​កណ្ដាប់ដៃ និង​កែង​របស់គេ ក៏​មិន​ស្រួល​ទប់ទល់​ដែរ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ ចុងក្រោយ គឺ​ទាត់​អ្នក​ប្រដាល់ កូយ ឡាយ ដែលជា​មិត្ត​រួម​ក្លិប​របស់ វេ​ង សុភ័ក្ត្រ ឲ្យ​សន្លប់ នៅមុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​៣ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន ៧៧​ដង ឈ្នះ​៥៩​ដង ចាញ់​១៨​ដង ។​

​វេ​ង សុភ័ក្ត្រ និង ឆាង ស៊ើ​ក​

​ចំពោះ សុភ័ក្ត្រ​វិញ ក៏​ជា​អ្នកខ្លាំង​មួយរូប​ដែរ តែមួយ​រយៈ​នេះ ការប្រកួត​របស់គេ ជាមួយ​បរទេស គេ​មិនសូវ​ជា​ជួប​សំណាងល្អ​ឡើយ​។ សុភ័ក្ត្រ ដែលមាន​ប្រវត្តិ​ប្រកួត ចំនួន​៩៣​ដង ឈ្នះ​៧៩​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ​១​ដង នោះ គេ​មាន​កាតព្វកិច្ច​សងសឹក ជូន​មិត្ត​រួម​ក្លិប​របស់គេ​។​

​ការសង​សឹក​មួយ​នេះ មិនជា​ងាយស្រួល​ប៉ុន្មាន​ទេ វា​ជា​ការងារ​ធ្ងន់​មួយ សម្រាប់​សុភ័ក្ត្រ ។ សងសឹក​បានសម្រេច ឬក៏​មក​រួម​ចាញ់ ជាមួយ​មិត្ត​រួម​ក្លិប ? សង្ឃឹមថា វេ​ង សុភ័ក្ត្រ ធ្វើបាន​សម្រេច​ទៅ​ចុះ ។​

​ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា

​ជំនួប​រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ ឡុង សុភា ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ស៊ឹម ប៊ុនឆៃ ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ធន ស៊ី​ហុង ក្លិប​កង​យោពល​ខេមរភូមិន្ទ ប្រកួត​ជាមួយ ឡុង សុវណ្ណ ក្លិប​សាល​វ័​ន្ដ​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។​

​លីន វីរៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ អេ​លី​ត កែវ​ឡុង ក្លិប​ឆ្មា ស សែន​សុខ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v

#