​ហេតុការណ៍​ដ៏​ឃោរឃៅ​នៅតែ​ដិតដាម​នៅក្នុង​អារម្មណ៍​របស់ខ្ញុំ​

1349
ចែករម្លែក

ដោយ​: អោក លី​ណា និស្សិត​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​
​ភ្នំពេញ​: ខ្ញុំ​ឈ្មោះ បឿ​ក ប៊ីត អាយុ​៦៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​គោក​ចាស់ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ ខ្ញុំ​បាន​រៀបការ​ជាមួយ​ប្រពន្ធ​ឈ្មោះ អ៊ុច សាត នៅ​ខែ​ពិសាខ ឆ្នាំ​១៩៧៥ មួយខែ​ក្រោយ​ពេលដែល​ខ្មែរក្រហម​កាន់កាប់​ទីក្រុង​ភ្នំពេញ​។ ពេលនោះ ខ្ញុំ​មាន​អាយុ​២៤​ឆ្នាំ ចំណែក​ប្រពន្ធ​របស់ខ្ញុំ​មាន​អាយុ​២២​ឆ្នាំ​។ ខ្ញុំ​មានកូន​១២​នាក់ ប្រុស​៤​នាក់ ស្រី​៨​នាក់​។ កូនស្រី​២​នាក់​និង​កូនប្រុស​ម្នាក់​របស់ ខ្ញុំ​បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​របប​ខ្មែរក្រហម​ដោយសារ​កើត​ជំងឺ​ក​ញ្ជ្រិ​ល និង​មិនមាន​ទឹកដោះ​បៅ​គ្រប់គ្រាន់​។ សព្វថ្ងៃនេះ ខ្ញុំ​រស់នៅ​ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ប្រក​បរបរ​ធ្វើស្រែ ដាំដំឡូង​មី និង​នេសាទ​ត្រី​។​

បឿ​ក ប៊ីត

​នៅមុន​របប​ប្រជាធិបតេយ្យ ខ្ញុំ​រស់នៅ​ស្រុកកំណើត​នៅក្នុង​ខេត្តសៀមរាប ដោយ​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​ជាមួយ​ឪពុក និង​បងប្អូន​។ បើទោះបីជា​ខ្មែរក្រហម​បាន​ឡើង​គ្រប់គ្រង​អំណាច​អស់​រយៈពេល​១​ខែ​មកហើយ​ក៏ដោយ ក៏ ខ្ញុំ​នៅ​ប្រកប​របរ​រកស៊ី​ជាធម្មតា​នៅក្នុង​ភូមិ​ដដែល​។ ក្រោយមក ទើប​កម្មាភិបាល​ខ្មែរក្រហម​ចាប់ផ្តើម​ជម្លៀស​ខ្ញុំ​ចេញពី​ប្រពន្ធ និង​ឪពុកម្តាយ​ឲ្យ​ទៅធ្វើ​ការ​តាម​ការដ្ឋាន​។​

​ជា​រៀងរាល់ថ្ងៃ ខ្ញុំ​ត្រូវ​ក្រោក​ពី​ព្រលឹម ងូតទឹក រៀបចំខ្លួន​ដើម្បី​ទៅធ្វើ​ការ​តាម​ការបង្គាប់បញ្ជា​រប​ស់​ប្រធាន​កង​។ ខ្ញុំ​ត្រូវ​ចេញទៅ​ធ្វើការ​ចាប់ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​១១​ថ្ងៃត្រង់​។ បន្ទាប់ពី​សម្រាក​ហូប​អាហារ​ថ្ងៃត្រង់ ខ្ញុំ​បានចាប់ផ្តើម​ចូលធ្វើការ​នៅ​ម៉ោង​១​រសៀល រហូតដល់​ម៉ោង​៥​រសៀល ទើប​ឈប់​។ ការងារ​ដែល​ខ្ញុំ​ធ្វើជា​ប្រចាំថ្ងៃ មានដូចជា ជីក​ប្រឡាយ លើកភ្លឺស្រែ និង​ដក​ស្ទូង​។ ជាធម្មតា ប្រធាន​កង​តម្រូវ​ឲ្យ​កងចល័ត​ម្នាក់​លើកភ្លឺស្រែ​ឲ្យ​បាន​២០​ម៉ែត្រ​ក្នុង​មួយថ្ងៃ​។ ប្រសិនបើ​នរណាម្នាក់​លើកភ្លឺស្រែ​រួចរាល់​មុនពេល​នៅ​ម៉ោង​២​ឬ​៣​រសៀល នៅ​ថ្ងៃ​បន្ទាប់​ប្រធាន​កង​នឹង​បន្ថែម​ឲ្យ​អ្នកនោះ​លើកភ្លឺស្រែ​១០​ម៉ែត្រ​បន្ថែមទៀត ដែល​សរុប​ទាំងអស់​៣០​ម៉ែត្រ​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​ប្រសិនបើ​កងចល័ត​លើកភ្លឺស្រែ​២០​ម៉ែត្រ រួច​នៅ​ម៉ោង ៤៖០០ ឬ ៤៖៣០​នាទី​រសៀល នោះ​ប្រធាន​មិន​បន្ថែម​ការងារ​ឲ្យ​ឡើយ​។ ដោយសារតែ​នៅ ភូមិ​គោក​ចាស់ ស្រុក​ក្រឡាញ់ មិនសូវមាន​ដីស្រែ​ច្រើន ប្រធាន​កង​បាន​ចាត់តាំង​ខ្ញុំ ព្រមទាំង​សមាជិក​កងចល័ត​ដទៃទៀត​ឲ្យ​ទៅ​ដាំ​បន្លែ​នៅឯ​ឃុំ​កំពង់​ថ្កូវ​វិញ​។ នៅ​រដូវវស្សា ពេលដែល​ទឹក​ជន់​លិច​ភូមិ​កំពង់​ថ្កូវ អង្គការ​ក៏​ចល័ត​ខ្ញុំ​ទៅ​ភូមិ​សំរោង ឃុំ​ស្នួល ស្រុក​ក្រឡាញ់ ដើម្បី​ដាំ​បន្លែ​វិញ​។ អង្គការ​បាន​ចែក​មនុស្ស​២០​នាក់​ឲ្យ​ដាំ​បន្លែ​ក្នុង​ទំហំ​ដី​មួយ​ហិច​តា​។ ខ្ញុំ​មិនបាន​ចាំ​ថា អង្គការ​កំណត់​ទិន្នផល​បន្លែ​ឲ្យ​បាន​ប៉ុន្មាន​នោះទេ គ្រាន់តែ​ចាំ​ថា​ត្រូវ​ធ្វើយ៉ាងណា​ដំណាំ​ឲ្យ​បាន​ផល​ច្រើន​។ កាលនោះ មាន​កង​ដាំ​បន្លែរ​មួយ​កង បាន​ដាំ​ដំណាំ​បាន​ទិន្នផល​តិច​ដោយសារ​ដី​ពុំ​សូវ​មាន​ជីវជាតិ ហើយ​ទោះបីជា​ប្រធាន និង​សមាជិក​កង​ដាំ​បន្លែ​នោះ​ខិតខំ​ពន្យល់​យ៉ាងណា ក៏​កម្មាភិបាល​ខ្មែរក្រហម​មិន​ស្តាប់​ដែរ ថែមទាំង​ស្តីបន្ទោស និង​បង្អត់បាយ​កង​ដាំ​បន្លែ​មួយថ្ងៃ​ទៀតផង​។ បន្ទាប់មក អង្គការ​បាន​ចល័ត​កង​ដាំ​ដំណាំ​នោះ​ឲ្យ​ទៅ​ដាំ​បន្លែ​នៅ​ឃុំ​ផ្សេងទៀត ដោយ​មិន​ឲ្យ​សម្រាក​ឡើយ ថែមទាំង​កំណត់​ឲ្យ​ដាំ​ដំណាំ​ក្នុង​ផ្ទៃដី​ទំហំ​៥​ហិច​តា ឲ្យ​ហើយ​ក្នុង​១​សប្តាហ៍​។ ខ្ញុំ​អាណិត​សមាជិក​កង​ដាំ​ណាំ​ទាំងនោះ​ខ្លាំងណាស់ ប៉ុន្តែ​ខ្ញុំ​មិន​អាចជួយ​ពួកគេ​បាន​។ ដោយបាន​ឃើញ​រឿង​បែប​នោះ​ហើយ​ទើប​ខ្ញុំ​ខិតខំ​ប្រឹងប្រែង​ធ្វើការ ទោះជា​នឿយហត់ ឬ​លំបាក​យ៉ាងណា ក៏​ខ្ញុំ​មិន​ទម្រន់ និង​ត្អូញត្អែរ​ដែរ ពីព្រោះ​ខ្ញុំ​ដឹងថា ខ្មែរក្រហម​តែងតែ​ចាត់​ឈ្លប​ឲ្យ​ឃ្លាំមើល​ខ្ញុំ និង​សមាជិក​កង​គ្រប់ពេល​។ ប្រសិនបើ ខ្មែរ​ក​ក្រហម​ដឹងថា​នរណាម្នាក់​ហ៊ាន​ត្អូញត្អែរ អង្គការ​នឹង យក​អ្នក​ទាំងនោះ​ទៅ​រៀនសូត្រ​ភ្លាមៗ​។​

​ក្រៅពី​ដាំ​បន្លែ លើកភ្លឺស្រែ ជីក​ប្រឡាយ និង​ដង​ស្ទូង «​ខ្ញុំ​ធ្លាប់បាន​ខ្មែរក្រហម​ចាត់​ឲ្យ​ទៅ​កាប់​ឧស ដោយ​អង្គការ​តម្រូវ​ឲ្យ ខ្ញុំ​ទៅ​កាប់​ឧស​ជា​ក្រុម​ដែលមាន​សមាជិក​៤​នាក់ ជាមួយនឹង​រទេះគោ​៤​គ្រឿង សម្រាប់​ដឹកឧស​ត្រឡប់មក​សហករណ៍​វិញ​។ ការកាប់​ឧស​នោះ អង្គការ​តម្រូវ​ឲ្យ​ខ្ញុំ​កាប់​ឲ្យ​បាន​ពេញ​មួយ​រទេះ ទើប​អាច​ត្រឡប់មក​សហករណ៍​បាន​»​។ ពេញ​មួយ​ថ្ងៃនោះ ខ្ញុំ​មិនបាន​សម្រាក​សូម្បីតែ​ពេល​ហូបបាយ​ពីព្រោះ​ព្រៃ​ក្រាស់ សម្បូរ​សត្វ​សាហាវ ដូច្នេះ​កង​របស់ខ្ញុំ​ទាំង​៤​នាក់ ខំប្រឹង​ធ្វើការ​យ៉ាងណា​កាប់​ឧស​ឲ្យ​បាន​ពេញ​រទេះ​រៀងៗ​ខ្លួន រួចហើយ​រួត​រះ​ដាំបាយហូប និង​ត្រូវ​ត្រឡប់មក សហករណ៍​វិញ​នៅវេលា​ម៉ោង​ប្រហែលជា​៧​យប់​។ បន្ទាប់ពី​មកដល់​សហករណ៍ កម្មាភិបាល ក៏​ដើរមក​បញ្ជា​ឲ្យ​កង​របស់ខ្ញុំ​ជញ្ជូន​ឧស​ចេញពី​រទេះ​ទាល់តែ​អស់ ទើប​អនុញ្ញាត​ឲ្យ​ទៅ​សម្រាក​។ រីឯ​ការហូបចុក ខ្មែរក្រហម​បានកំណត់​ឲ្យ​សមាជិក​កង​ហូប​តែ​ពីរ​ពេល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ គឺ​នៅពេល​ថ្ងៃត្រង និង​ពេល​ល្ងាច​។ អាហារ​នោះ​គឺ​គ្មានអ្វី​ក្រៅពី​បបរស​ពីរ​វែក ដែល​មានតែ​ទឹក​លាយ​ជាមួយ​អង្ករ​ប្រហែល​២០​គ្រាប់​ប៉ុណ្ណោះ​។ ដោយហេតុតែ​ស្រេកឃ្លាន​ពេក នៅពេល​យប់ ខ្ញុំ​បាន​ទៅ​លបលួច​បេះ​ត្រកួន និង​ព្រលិត​យកមក​បបរ​ជាមួយ​ស្រូវ​ដើម្បី​ហូប​ចម្អែត​ក្រពះ​។ ការ​លួច​អាហារ​ហូប​នេះ គឺ​ខ្ញុំ​លួចបាន​តែម្តងទៅ​២​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍ និង​ពេលខ្លះ​ខ្ញុំ​មិនបាន​ទៅ​លួច ព្រោះ​ខ្មែរក្រហម​បាន​ចាត់​ឲ្យ​កងឈ្លប​តាម​ស៊ើបអង្កេត​រក​អ្នក​លួច​អាហារ​។​

អោក លី​ណា និស្សិត​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​

​ខ្ញុំ​បានរស់នៅ​ក្នុង​ភាពភ័យខ្លាច តក់ស្លុត​គ្រប់ពេលវេលា ដូច​ចាស់ៗ​តែង​និយាយ​ពេល​ព្រលឹមរ​ស់បាន​មួយ​យប់ ពេល​ព្រលប់រ​ស់បាន​មួយថ្ងៃ​។ ម្យ៉ាងទៀត រឿងរ៉ាវ​តក់ស្លុត​ដែល​តែងតែ​នៅ​វិលវល់ ដិតដាម​ជាប់​នៅក្នុង​ចិត្ត​ខ្ញុំ​រហូតមកដល់​សព្វថ្ងៃ​នេះ គឺ​ការសម្លាប់​រង្គៀល​របស់​ខ្មែរក្រហម​ទៅលើ​ប្រជាជន នៅ​បត់​ត្រង់ គោក​ស្នាយ និង​ភូមិ​ស្នូល ស្រុក​ក្រឡាញ់​។ ខ្ញុំ​បានឃើញ​ខ្មែរក្រហម​ហៅ​ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​ទាំងនោះ​យកទៅ​កសាង (​រៀនសូត្រ​) ម្ដង​១០០​គ្រួសារ តាមពិត​ខ្មែរក្រហម​យក​អ្នក​ទាំងនោះ​ទៅ​សម្លាប់ចោល​ទាំងអស់​។ ខ្មែ​ក្រហម​បាន​ចង​អ្នក​ទាំងនេះ​ជាមួយ​ខ្សែ​ស្ដើង​ជាប់​គ្នា ដោយមាន​កម្មាភិបាល​តូចៗ​ពីរ​នាក់​ស្ពាយ​កាំភ្លើង​អូស​ដី​បណ្តើរ​យកទៅ​វាយ​សម្លាប់ចោល​ដោយ​ចោទប្រកាន់​ប្រជាជន​ទាំងនោះ​ថា​សុទ្ធតែជា​ជន​ក្បត់​។ ខ្មែរក្រហម​បាន​វាយ​សម្លាប់​ប្រជាជន​ទាំងនោះ​ម្តងម្នាក់ រួច​រុញ​ទម្លាក់​ទៅក្នុង​រណ្ដៅ​ដែលមាន​អង្កាម​នៅ​ខាងក្រោម បន្ទាប់មក​ខ្មែរក្រហម​ដុត​សាកសព​អ្នក​ទាំងនោះ ដែល​អ្នកខ្លះ​នៅមាន​ដង្ហើម​នៅឡើយ​។ ពេលនោះ​ខ្ញុំ​បានឮ​ប្រជាជន​ខ្លះ​បាន​ស្រែក​ទ្រហោយំ​កងរំពង​ដោយ​សេចក្ដី​ឈឺចាប់​ខ្លោចផ្សា ធ្វើ​ឲ្យ​ខ្ញុំ​ភ័យខ្លាច​រយៈពេល​៣​យប់​។ នៅពេល​ខ្លះ​ខ្ញុំ​ធ្វើការ​បណ្ដើរ​ហូរ​ទឹកភ្នែក​បណ្ដើរ ដោយ​អាណិតអាសូរ​ជនរងគ្រោះ​ទាំងនោះ​។ ហេតុការណ៍​ដ៏​សែន​តក់ស្លុត និង​ព្រៃផ្សៃ​នេះ​នៅតែ​ជាប់​ដិតដាម​នៅក្នុង​អារម្មណ៍​របស់ខ្ញុំ​មកដល់​សព្វថ្ងៃ​។​

​ខ្ញុំ​ត្រូវបាន​កងទ័ព​រណសិរ្ស​ដែល​គាំទ្រ​ដោយ​វៀតណាម​ចូលមក​រំដោះ នៅ​ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧៩ រួមទាំង​ប្រជាជន​កម្ពុជា​ផ្សេងទៀត​។ ខ្ញុំ​ត្រេកអរ​យ៉ាងខ្លាំង និង​មាន​អារ​ម្ម​ណ៏​ថា បានកើត​ជាថ្មី​។ ខ្ញុំ​បាន​រត់តាម​ប្រជាជន​ដ៏ទៃទៀត​ត្រឡប់​ទៅរក​ក្រុមគ្រួសារ​ជាទី​ស្រឡាញ់​របស់ខ្ញុំ និង​បាន​កសាង​ជីវិត​គ្រួសារ​ជាថ្មី​ឡើងវិញ​។ រយៈពេល​២៣​ឆ្នាំ​ក្រោយមក ទើប​ខ្ញុំ ព្រមទាំង​ក្រុមគ្រួសារ​បានសម្រេច​ចិត្ត​ផ្លាស់ប្ដូរ​ទីលំនៅ​មក​រស់នៅ​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​មានជ័យ ដោយសារ​គ្រួសារ​ខ្ញុំ​មាន​សមាជិក​ច្រើន បូករួម​ទាំង ស្ថានភាព​នៅ​អន្លង់វែង​អំណោយផល​ដល់​ការប្រកប​របរ​រកស៊ី និង​ធ្វើ​សម្រែ​ចម្ការ​ដើម្បី​ចិញ្ចឹមជីវិត​។ ខ្ញុំ​សូម​ផ្ដាំផ្ញើ​ទៅ​ក្មេងជំនាន់ក្រោយ​ត្រូវខិតខំ​រៀនសូត្រ ឲ្យ​មានចំណេះដឹង​ជ្រៅជ្រះ ចូលរួម​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីកចម្រើន ព្រមទាំង​មាន​ឆន្ទៈ​ស្នេហា​ប្រទេសជាតិ ការពារ​កុំ​ឲ្យ​ប្រទេសជាតិ​យើង​ជួប​សង្គ្រាម​ដ៏​ជូរចត់ និង​ជួប​អំពើ​ឃោ​ឃៅ​យង់ឃ្នង​ដូច​ក្នុង​របប​ខ្មែរក្រហម​ម្ដងទៀត​៕ ល​