​ហេតុផល​ទឹកស្អាត​សម្រាប់​ប្រើ​នៅ​ភ្នំពេញ​ខ្សោយ​នៅ​តំបន់​ខ្លះ​

360
ចែករម្លែក
  • 106
    Shares

ដោយៈ ប​.​ខុន / ភ្នំពេញៈ សម្ពាធ​ទឹកស្អាត​សម្រាប់​ការប្រើប្រាស់​នៅក្នុង​ទីក្រុង​ភ្នំពេញ បាន​ធ្លាក់ចុះ​នៅក្នុងពេល ម៉ោង​មាន​តម្រូវការ​ប្រើប្រាស់​ខ្ពស់ ជាពិសេស​នៅពេល​ព្រឹក និង​ពេល​ល្ងាច​ដោយសារ​ត្រូវ ការ ប្រើប្រាស់​បាន​កើន​ដល់​ប្រមាណ​៦០០​ពាន់​ម៉ែត្រគូប ក្នុងពេលដែល​រដ្ឋាករ​ទឹក​ស្វយ័ត​ភ្នំពេញ មាន​សមត្ថភាព​ផលិត​បានត្រឹមតែ​ប្រមាណ​៥៧០​ពាន់​ម៉ែត្រគូប​។​

​សម្ពាធ​ទឹកស្អាត​ដែល​ផ្គត់ផ្គង់​ដោយ​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង ក្រោយ ពោលគឺ​គ្រាន់តែ​ផុត​រដូវវស្សា​បញ្ហា​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់​កើតមានឡើង​សម្រាប់​លំនៅ ដ្ឋា​ន​ចាប់ពី​ជាន់​ទី​១​ឡើង នៅពេល​ព្រឹក​ព្រលឹម​មុន​ចេញទៅ​ធ្វើការ​និង​ពេល​ព្រលប់ ។​ជាពិសេស នៅ​តំបន់​មិន​ចំ​កណ្តាល​ក្រុង​។

​លោក ម៉ា ណូ​រ៉ា​វិ​ន អគ្គនាយករង​រដ្ឋាក​រ​ទឹក​ស្វយ័ត​ភ្នំពេញ​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០១៩​ថា បញ្ហា​ខ្វះ​ទឹកស្អាត​នៅក្នុង​ទីក្រុង​ភ្នំពេញ​ពិតជា​ខ្វះ តែ​មិនមែន​អត់​នោះទេ គ្រាន់តែ​សម្ពាធ​ខ្សោយ​នៅពេល​ម៉ោង​មាន​តម្រូវការ​ខ្ពស់​សម្រាប់​តំបន់​ជាយក្រុង ដែល​កំពុងមាន​ការអភិវឌ្ឍ​ន៍​ខ្លាំង​។​

​លោក​អគ្គនាយករង​ទទួលបន្ទុក​ផ្នែក​ផលិត​កម្មនេះ​បាន​បញ្ជាក់ថា រដ្ឋាករទឹក​ស្វយ័ត ភ្នំពេញ​សព្វថ្ងៃ មាន​សមត្ថភាព​ផលិត​ទឹកស្អាត​សម្រាប់​ផ្គត់ផ្គង់​បាន​ប្រមាណ​៥៧០​ពាន់​ម៉ែត្រគូប​។ តែ​តម្រូវការ​ជាក់ស្តែង​មាន​រហូតដល់​៦០០​ពាន់​ម៉ែត្រគូប ជាហេតុ​នាំ​ឲ្យ​សម្ពាធ​ទឹក​ថយចុះ​នៅក្នុងពេល​មាន​តម្រូវការ​ប្រើប្រាស់​ច្រើន​។ ដូចជា​នៅពេល​ព្រឹក​និង​ពេល​ល្ងាច​ហើយ​ដល់​រដូវក្តៅ​បញ្ហា​ខ្វះ​ទឹក​អាចមាន​ច្រើន​ជាងនេះទៀត​។​

​លោក​ម៉ា ណូ​រ៉ា​វិ​ន បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា​បញ្ហា​ខ្វះ​ទឹក​កើតឡើង​ដោយសារ​កំណើន​អតិថិជន​ថ្មី​បាន​កើនឡើង​រាល់​ខែ ដោយ​ជា​មធ្យម​២.០០០​អតិថិជន​ក្នុង​មួយខែ ដែល​មកដល់ពេលនេះ​អតិថិជន​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ​បាន​កើន​ដល់​ប្រមាណ ៣៤០​ពាន់​នាក់​ហើយ​។​

​នៅក្នុងពេល​បញ្ហា​ខ្វះ​ទឹក​កំពុង​កើតមាន​នេះ លោក​ម៉ា ណូ​រ៉ា​វិ​ន និយាយថា​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ កំពុងតែ​ជំរុញ​ការសាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​បន្ថែម​ដូចជា​នៅ​រោងចក្រ​ផលិត​ទឹក​ចំការមន ពី​មាន​សមត្ថភាព​ផលិត​ទឹកបាន​ត្រឹម​២០.០០០​ម៉ែត្រគូប​ទៅដល់​៥២.០០០​ម៉ែត្រ​គូ ប​នៅ​ចុងឆ្នាំ​២០១៩​នេះ និង គម្រោង​សាងសង់​រោងចក្រ​ថ្មី​មួយទៀត​នៅ​បាក់​ខែង កំពុងដំណើរការ​ចរចា​ថ្លៃ​ដោយមាន​សមត្ថភាព​ផលិត​ទឹកស្អាត​ជំហាន​ទី​១ បាន​ប្រមាណ​ជា​២០០​ពាន់​ម៉ែត្រគូប ដែល​តាម​គម្រោង​ត្រូវ​សាងសង់​ឲ្យ​រួច​នៅក្នុង​ឆ្នាំ​២០២២​។​

​បញ្ហា​ខ្វះ​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​នៅក្នុង​រដូវ​ត្រជាក់ ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​រាជធានី​ភ្នំពេញ​នាពេលនេះ កំពុង​ត្រូវបាន​គេ​ដាក់​កា​រស​ង្ស​យ័​ទៅលើ​ការបាត់បង់​ទឹក​តាមរយៈ​ការ​ធ្លុះធ្លាយ​បំពង់ ឬ​ការគ្រប់គ្រង​មិនបាន​ត្រឹមត្រូវ ចាប់តាំងពី​ការសុំ​កែសម្រួល​យក​ថ្លៃ​ទឹក​តាម​រូបភាព​ថ្មី​ដោយ​អង្គភាព​មួយ​នេះ ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មិន​យល់ស្រប​រួចមក​៕ ល​